ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា៖ ព្រះសង្ឃនិងពុទ្ធសាសនិកចូរ«កុំ»បួនយ៉ាងក្នុងការប្រើប្រាស់ហ្វេសប៊ុក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, December 31, 2015

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា៖ ព្រះសង្ឃនិងពុទ្ធសាសនិកចូរ«កុំ»បួនយ៉ាងក្នុងការប្រើប្រាស់ហ្វេសប៊ុក

បកប្រែពីភាសារអង់គ្លេសបង្កប់នៅលើរូបភាពខាងលើ៖ «ចូរមានសតិក្នុងការដកដង្ហើមរបស់អ្នក; ចូរប្រើប្រាស់ហ្វេសប៊ុក តែកុំឲ្យហ្វេសប៊ុកប្រើប្រាស់អ្នក!»

លោកវិទូ | ថ្ងៃ ៥᧶១ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ | ៣១ ធ្នូ ២០១៥

ក្រោយពីបានសង្កេត តាមដាន និងត្រេះរិះពិចារណាអស់រយ:ពេលយ៉ាងយូរ ខ្ញុំកូណា អាត្មាភាព យល់ឃើញថា ការប្រើប្រាស់បណ្តាញហ្វេសប៊ុក កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ។ ការប្រើប្រាស់បណ្តាញហ្វេសប៊ុកនេះ ផ្តល់ទាំងប្រយោជន៍ផង ទាំងវិបត្តិផង ជាពិសេសចំពោះព្រះពុទ្ធសាសនាខ្មែរ ។

ដោយឃើញការប្រើប្រាស់បណ្តាញហ្វេសប៊ុក កាន់តែពេញនិយមឡើងៗ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ មានជនខិលខូចទុច្ចរិតមួយចំនួន ឆក់យកឱកាសប្រើប្រាស់វេទិកានេះ វាយប្រហារមកលើព្រះពុទ្ធសាសនា និងព្រះសង្ឃពុទ្ធសាសនាខ្មែរ ដោយវិធីសាស្ត្រផ្សេងៗ ដូចជា សំណេរនិងវីដេអូខ្លីៗវាយប្រហារ ការកាត់តបង្កើតរូបភាពឬវិដេអូអសីលធម៌ អាសអាភាសអំពីព្រះសង្ឃ និងព្រះពុទ្ធសាសនា ក្នុងចេតនាបញ្ចុះតម្លៃ បន្ទាបបន្ថោកព្រះសង្ឃ និងឈានទៅបំផ្លាញព្រះពុទ្ធសានាតែម្តង ។

ដោយកុសលចិត្ត ការគោរពស្រឡាញ់ព្រះពុទ្ធសាសនា ព្រះសង្ឃ និងដោយបំណងល្អ ខ្ញុំកូណា អាត្មាភាព តាមរយ:សំណេរនេះ សូមពិតថេរដីកាព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងជម្រាបញាតិញោមបងប្អូនពុទ្ធសាសនិកទាំងអស់ បើគោរពស្រឡាញ់ព្រះពុទ្ធសាសនា សូមមេត្តាប្រើប្រាស់បណ្តាញហ្វេសប៊ុក ប្រកបដោយក្រមសីលធម៌ និងដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ជាអាទិ៍ ដោយ"កុំ"បួន៖ 

១.កុំបង្ហោះរូបថតមិនសមរម្យ មិនថ្លៃថ្នូរ រួមទាំងរូបភាពនៃការឆាន់អាហារពោរពាស ហុឺហា ឬប្រណិតៗជាដើម ទោះបីក្នុងន័យលេងសើចក៏ដោយ ព្រោះមានបុគ្គលអគតិនឹងព្រះពុទ្ធសាសនា ចាំតែឆក់ឱកាសវាយប្រហារ ។

២.កុំសរសេរបង្ហោះពាក្យពេចន៍ មិនមានប្រយោជន៍ដល់ភេទជាសង្ឃ និងដល់ព្រះពុទ្ធសាសនា ។

៣.កុំចុចឡាយក៍ (like) ឬបញ្ចេញមតិ (comment) ទៅលើរូបភាព ឬការបង្ហោះសំណេរទាំងឡាយណា ដែលមានលក្ខណ:អសីលធម៌ អាសអាភាស ឬបះពាល់ដល់ភេទអ្នកបួស និងព្រះពុទ្ធសាសនា ។

៤.កុំស្នើសុំឬទទួលជាមិត្ត (friend) ឬចូលក្រុម (group) ជាមួយជនឬក្រុមលេងហ្វេសប៊ុក ក្នុងបំណងវាយប្រហារមកលើព្រះពុទ្ធសាសនា ព្រះសង្ឃ និងសកម្មភាពបំពេញបុណ្យកុសលទាំងឡាយ ឬទំព័រចែកចាយរូបភាពអសីលធម៌ អាសអាភាស ជាដើម ។ 

សូមអរព្រះគុណ សូមអរគុណ!!! 

ពីខ្ញុំព្រះករុណា អាត្មាភាព ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ~ ៣១ ធ្នូ ២០១៥ 
ប្រភព៖ https://www.facebook.com/100008249382858/posts/1672959132989050

សូមទស្សនាវីដេអូ អំពីការបញ្ចេញទស្សនៈអប់រំ របស់បញ្ញវន្តព្រះពុទ្ធសាសនា ទាក់ទងនឹងការប្រើបណ្ដាញសង្គមរបស់ព្រះសង្ឃ


© រក្សាសិទ្ធិដោយលោកវិទូ