ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា៖ មូលហេតុ ៦ យ៉ាងនៃការបាត់បង់ប្រទេសចម្ប៉ា - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, April 04, 2019

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា៖ មូលហេតុ ៦ យ៉ាងនៃការបាត់បង់ប្រទេសចម្ប៉ា

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា នៅសារមន្ទីររូបចម្លាក់ចាម នៅទីក្រុងដាណាំង, ០៣ មេសា ២០១៩ ។

លោកវិទូ | ថ្ងៃ ៥᧿៤ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ៤ មេសា ២០១៩

ប្រទេសចម្ប៉ាបានករកើតទឹកដី តាំងពីដើមសតវត្សរ៍ទី ១ នៃគ្រិស្តស័ករាជ ដូចប្រទេសកម្ពុជាយើងដែរ ។ កម្ពុជានិងចម្ប៉ា ក៏ដូចជាប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទួលយកសាសនាហិណ្ឌូ ឬព្រហ្មញ្ញសាសនា ជាទីគោរពបូជា ។ ដូច្នេះគេឃើញមានរូបចម្លាក់ ក្បាច់រចនា និងស្ថាបត្យកម្ម ដែលបានបន្សស់ទុកនៅក្នុងប្រទេសនេះ ភាគច្រើនមានរចនាបទឥណ្ឌា ។ ជាអកុសលប្រទេសចម្ប៉ាគ្រាន់តែជារឿងប្រវត្តិសាស្ត្រប៉ុណ្ណោះ និងលែងមានវត្តមានជារដ្ឋឯករាជ្យទៀតហើយ ។

គួរឲ្យកត់សម្គាល់ បើតាមកាលប្បវត្តិនៃការបាត់បង់ទឹកដីទាំងស្រុងរបស់ចម្ប៉ា បានបង្ហាញថា ប្រទេសនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយស្តេច ដាយវៀត (វៀតណាម) ក្នុងសតវត្សរ៍ទី១៩ ។ ក្នុងកំឡុងនៃសតវត្សរ៍នេះដែរ ប្រទេសកម្ពុជាយើង ក៏ស្ទើរតែបាត់បង់ពីផែនទីពិភពលោកដែរ ដោយការវាតទីរបស់ពួកសៀមនិងយួន ដែលប្រវត្តិវិទូខ្លះហៅថាខ្លានិងក្រពើ ។ តែសំណាងល្អដែលព្រះបាទនរោត្តម ទ្រង់បានដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ក្នុងឆ្នាំ១៨៦៣ ។ ប្រវត្តិសាស្ត្រជាមេរៀន ដែលយើងត្រូវតែដឹងគ្រប់គ្នា ។

តែត្រូវចំណាំថា ការបែកបាក់ផ្ទៃក្នុងជាតិ ជាមូលហេតុចម្បងនៃការចុះខ្សោយរបស់ជាតិសាសន៍ណាក៏ដោយ ដែលអាចបើកផ្លូវឲ្យបរទេស មកឈ្លានពានបានដោយជោគជ័យ ។ ខាងក្រោមនេះគឺជាការបកស្រាយដោយសង្ខេបអំពីមូលហេតុនៃការបាត់បង់ទឹកដីចម្ប៉ា របស់ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា, ព្រះព្រឹទ្ធបុរសរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងជាអតីតសមណនិស្សិតថ្នាក់បណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យដែល្លីដ៏ល្បីល្បាញបំផុតមួយ នៅប្រទេសឥណ្ឌា៖

មូលហេតុនៃការបាត់បង់ប្រទេសចម្ប៉ា


ប្រទេសចម្ប៉ាមានប្រវត្តិសាស្ត្រចាប់ផ្តើមនៅគ.ស.២៨០ ជាអាណាចក្រមួយមានវប្បធម៌ ប្រពៃណី និងអារ្យធម៌ដ៏រុងរឿង ហើយបានបន្សល់ទុកស្នាកស្នាមភស្តុតាងជាប្រាសាទបូរាណ រូបចម្លាក់ ក្បូរក្បាច់រចនា ប្រពៃណី ទំនៀមទម្លាប់ និងរបាំ រហូតមកដល់សព្វថ្ងៃ ។ ក្នុងកំឡុងប្រវត្តិសាស្ត្ររបស់ខ្លួន អាណាចក្រចម្ប៉ាបានផ្លាស់ប្តូររាជធានីជាបន្តបន្ទាប់ ពីភាគខាងជើងមកភាគកណ្តាល និងខាងត្បូង ដែលបង្ហាញពីភាពចុះខ្សោយអំណាច រហូតបាត់បង់ប្រទេសទាំងស្រុង ពីផែនទីពិភពនៅឆ្នាំ១៨៣២ ។

ឈ្មោះរាជធានីបូរាណទាំងនោះ និងទីតាំងបច្ចប្បន្នគឺ: ១. ឥន្ទ្របុរ: (ដាណាំង) ២. សិង្ហបុរ: (ស្រុកចា​គាវ ខេត្តក្វាងណាំ) ៣. វិជ័យ (គុយញ៉ុន) ៤. អារ្យរុ (ខេត្តនិញធួន) ៥. កៅថារៈ (ខេត្តញ៉ាចាង) ៦. បណ្ឌុរង្គ: (ខេត្តផាន់រ៉ាង) ។ តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក និងទៅសិក្សាស្រាវជ្រាវដល់ទីតាំងផ្ទាល់នៅវៀតណាមភាគកណ្តាលពីថ្ងៃទី៣១ ខែមីនា-០៣ ខែមេសា ឆ្នាំ២០១៩ ខ្ញុំកូណា អាត្មាភាពយល់ឃើញថា: ចម្ប៉ាបាត់បង់ប្រទេសទាំងស្រុងបណ្តាលមកពីមូលហេតុមួយចំនួនដូចខាងក្រោម៖

១. ការបែកបាក់ និងច្បាំងគ្នាឯងក្នុងចំណោមជនជាតិចម្ប៉ា (បែកជាអាណាចក្រច្រើនច្បាំងដណ្តើមគ្នា) ។
២. ភាពចុះខ្សោយនៃអំណាចកំពូល ។
៣. ការទន្ទានពីអាណាចក្រដៃវៀត ។
៤. ស្តេចចាមកាត់ទឹកដីជាបន្តបន្ទាប់ពេលរៀបការ ជាមួយព្រះអង្គម្ចាស់ក្សត្រីដៃវៀត ឧ. នៅឆ្នាំ១៣០៦ ព្រះបាទជយសិង្ហវ្ម័នទី៣ (ចេ មឹន) ពេលរៀបការជាមួយព្រះអង្គម្ចាស់ក្សត្រីដៃវៀតព្រះនាម ហ្វៀន ចឹន បានកាត់ខេត្តចាមពីរ គឺ: ខេត្តធន និងខេត្តហ៊ ទៅស្តេចដៃវៀតព្រះនាម ចឹន អាញ់តុង ។
៥. ការវាយប្រហារពីកោះជ្វាច្រើនលើកច្រើនសារ ។
៦. ស្តេចចាមច្រើនរជ្ជកាលមានការធ្វេសប្រហែសភ្លេចខ្លួន មិនបានរៀបចំពង្រឹងអាណាចក្ររបស់ខ្លួនឱ្យបានរឹងមាំ ។

សូមអញ្ជើញទស្សនាវីដេអូ ដែលព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា បានរៀបរាប់ត្រួសៗអំពីរូបចម្លាក់ចាម៖