អតីតសមណនិស្សិតខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៦០~៧០ នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, May 12, 2019

អតីតសមណនិស្សិតខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៦០~៧០ នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU)

ខ្លោងទ្វារធំនៃសាកលវិទ្យាល័យប៊ី.អេច.យូ. មើលពីលើចំពីមុខ ។

លោកវិទូ | ថ្ងៃ ១᧩៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១២ ឧសភា ២០១៩

សាកលវិទ្យាល័យហិណ្ឌូពារាណសី (Banaras Hindu University) និយមហៅកាត់ដោយខ្លីថា ប៊ី.អេច.យូ. (BHU) ជាសាកលវិទ្យាល័យសាធារណៈថ្នាក់ជាតិ ដែលមានទីតាំងនៅក្រុងពារាណសី (ក្នុងសម័យពុទ្ធកាលឈ្មោះ ដែនកាសី) រដ្ឋឧត្តរប្រទេស (យូ.ពី.) ជារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា នៅមិនឆ្ងាយប៉ុន្មានពីដងទន្លេគង្គាដ៏ពិសិដ្ឋរបស់ទីក្រុងដ៏ចំណាស់មួយនេះ ។ ប៊ី.អេច.យូ. ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩១៦ ក្នុងសម័យអាណានិគមអង់គ្លេស ដោយបណ្ឌិត មទ័ន មោហ័ន មាលវីយ៍ និងជនជាតិអង់គ្លេស អ្នកស្រី អាននី បេសាន់ ។ 

សាកលវិទ្យាល័យនេះធំណាស់ មានសិស្សនិស្សិតជាង ៣០០០០ (បីម៉ឺន) នាក់កំពុងស្នាក់នៅក្នុងបរិវេណសាលា ដែលធ្វើឲ្យប៊ី.អេច.យូ. មានឈ្មោះថា ជាសាកលវិទ្យាល័យដែលធំជាងគេបំផុត នៅក្នុងតំបន់អាស៊ី ។ វាមានបរិវេណពីរគឺ បរិវេណធំ ១ និងបរិវេណខាងត្បូង ១, គ្រាន់តែបរិវេណធំវាមួយ មានផ្ទៃក្រឡាដល់ទៅ ៥.៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ១,៣០០ អែកខ័រ, ប្រហែលធំជាងភូមិមួយនៅស្រុកខ្មែរយើងទៅទៀត ។

សាកលវិទ្យាល័យដ៏ចំណាស់ ដែលមានអាយុជាងមួយសតវត្សរ៍នេះ មានមុខវិជ្ជាសិក្សាស្ទើរគ្រប់មុខគ្រប់កម្រិត ។ ក្នុងចំណោមមុខវិជ្ជាទាំងអស់ មុខវិជ្ជាភាសាបាលី-ពុទ្ធិកសិក្សា សំស្ក្រឹត និងទស្សនវិជ្ជា គឺមានកម្រិតខ្ពស់ជ្រៅជ្រះណាស់ នៅមិនទាន់និយាយពីមុខវិជ្ជាផ្សេងទៀត ដូចជា កសិកម្ម អាយុរវេទ ច្បាប់ និងសង្គមផង ។ ប៊ី.អេច.យូ. ជាប់លំដាប់លេខ ៣ ក្នុងការវាយតម្លៃគុណភាពអប់រំថ្នាក់ជាតិ ធ្វើឡើងដោយស្ថាប័នមួយឈ្មោះ អិន.អាយ.អ័រ.អែហ្វ. (NIRF) ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់នៅឥណ្ឌា សម្រាប់ឆ្នាំ ២០១៨ កន្លងទៅ ។
បណ្ណាល័យកណ្ដាលដ៏ធំស្កឹមស្កៃ នៃសាកលវិទ្យាល័យប៊ី.អេច.យូ. ។

មានសិស្សនិស្សិតបរទេសមកពី ២៣ ប្រទេសផ្សេងគ្នា បាននិងកំពុងសិក្សានៅ ប៊ី.អេច.យូ. ។ សមណនិស្សិត/និស្សិតខ្មែរយើង ធ្លាប់បានមកសិក្សាបន្តវិជ្ជានៅទីនេះ តាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ ។ ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនាលន្ទា ក្នុងឆ្នាំ ១៩៥៩ ព្រះមហា អាំ សួន និងព្រះមហា មាស ចន ក៏បានបន្តការសិក្សានៅ សាកលវិទ្យាល័យហិណ្ឌូពារាណសីនេះទៀត (ប្រហែលថ្នាក់អនុបណ្ឌិត) និងភិក្ខុ អ៊ុន សំបេត ដែលទើបនឹងនិមន្តមកថ្មី ។ ទាំងបីអង្គទទួលបានអាហារូបករណ៍ពីជំនួយមូលនិធិអាស៊ី ក្រោមអន្តរាគមន៍របស់សមាគមមិត្តពុទ្ធិកវិទ្យាល័យ ។ ក្រៅពីនេះនៅមានព្រះសង្ឃខ្មែរផ្សេងទៀត ដូចជា ភិក្ខុ លី គីមឡុង បានបញ្ចប់ថ្នាក់បណ្ឌិត ក្នុងឆ្នាំ ១៩៦៧ និងភិក្ខុ គង់ ឈាន បានបញ្ចប់ថ្នាក់បណ្ឌិត ក្នុងឆ្នាំ ១៩៧៥ ។ 

ក្រោយលាចាកសិក្ខាបទ លោកសាស្ត្រាចារ្យ មាស ចន បានបង្រៀងនៅពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ នឹងបន្ទាប់មកចេញទៅរស់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧៤ និងធ្វើការជាអ្នកអានសារព័ត៌មាន ឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក ។ ព្រះមហា អាំ សួន បានធ្វើមាតុភូមិនិវត្តន៍វិញ ក្នុងឆ្នាំ ១៩៦១ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស ដើម្បីរកថវិកាឧតបត្ថម្ភសមាគមមិត្តពុទ្ធិកវិទ្យាល័យ ជាការតបស្នងសងគុណ ។ 

ព្រះតេជគុណបណ្ឌិត គង់ ឈាន ក៏បាននិមន្តទៅគង់នៅសហរដ្ឋអាមេរិកដែរ ក្នុងឆ្នាំ ១៩៧៩ ជាមួយនឹងជនភៀសខ្លួនខ្មែរជាច្រើនទៀត ដែលជារលកជនភៀសខ្លួនខ្មែរទី ១ ទៅជ្រោកកោននៅសហរដ្ឋមេរិក ក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម និងបានកសាងវត្តមួយនៅទីក្រុងឡងប៊ិច ឈ្មោះវត្តខេមរាពុទ្ធិការាម ។ អតីតសមណនិស្សិតបីអង្គផ្សេងទៀត ប្រហែលត្រូវបានគេធ្វើគុត ក្នុងរបបខ្មែរក្រហមទាំងអស់ ។

ចាប់ពីឆ្នាំ ២០០៥ មក សាកលវិទ្យាល័យប៊ី.អេច.យូ. គឺជាសាកលវិទ្យាល័យមួយ ដែលមានសមណនិស្សិត/និស្សិតខ្មែរ មកសិក្សាច្រើនជាងគេ ។ ក្នុងឆ្នាំសិក្សា ២០១២ មានសមណនិស្សិត/និស្សិតខ្មែរដល់ទៅជាង ៤០ អង្គ/នាក់ ។ នៅខែសីហា ឆ្នាំ២០០៩ សមណនិស្សិត/និស្សិតខ្មែរ បានរួបរួមគ្នាបង្កើតជាសមាគមសណនិស្សិតខ្មែរនៅក្រុងពារាណសី ក្រោមការផ្តួចផ្ដើមឡើងដោយភិក្ខុ ព្រះមហាសង្គ្រាម ។ បច្ចុប្បន្ន ប៊ី.អេច.យូ. នៅតែរក្សាបាននូវចំណាត់ថ្នាក់ ដែលមានខ្មែរយើងកំពុងសិក្សាច្រើនជាងនៅសាកលវិទ្យាល័យផ្សេងៗទៀតទូទាំងប្រទេសឥណ្ឌា ។

ប៊ី.អេច.យូ.ស្ថិតនៅចម្ងាយប្រមាណ ១៦ គ.ម. ពីសាន៌ាថ ដែលជាកន្លែងព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងនូវព្រះធម៌មុនដំបូងគេ ក្រោយពីព្រះអង្គបានត្រាស់ដឹង គឺធម្មចក្កប្បវត្តនសុត្ត នៅព្រៃឥសិបតនមិគទាយវ័ន ដើម្បីប្រោសបញ្ចវគ្គិយភិក្ខុទាំង ៥ អង្គ ។ ដូច្នេះហើយបានជាសម្បូរព្រះសង្ឃខ្មែរ និមន្តទៅបន្តសិក្សាវិជ្ជាជាន់ខ្ពស់នៅទីនោះ ។ 

នៅក្រុងពារាណសី ក៏មានសាកលវិទ្យាល័យមួយទៀតដែរឈ្មោះ សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី (Sampurnanand Sanskrit University, Varanasi) ដែលមានសមណនិស្សិតខ្មែរយើងល្បីៗ ធ្លាប់បាននិមន្តទៅសិក្សាដែរ ក្នុងសម័យសង្គមរាស្ត្រនិយម មានព្រះភិក្ខុអគ្គរតោ តោ អាន ជាដើម ។ លោកវិទូនឹងសរសេរឲ្យបានជ្រាបបន្ថែមនៅលើកក្រោយ ៕

© រក្សាសិទ្ធិដោយលោកវិទូ