ការណែនាំឲ្យស្គាល់លក្ខណៈខ្លះៗនៃព្រះពុទ្ធសាសនាមហាយាន - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 13, 2019

ការណែនាំឲ្យស្គាល់លក្ខណៈខ្លះៗនៃព្រះពុទ្ធសាសនាមហាយាន

ព្រះពោធិសត្វអវលោកិតេស្វរៈមានដៃប្រាំបី ស.វ.ទី ១២១៣ (បាយ័ន) ។ © វិគីភីឌា

លោកវិទូ | ថ្ងៃ ២᧪៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១៣ ឧសភា ២០១៩

គោលការណ៍គ្រឹះរបស់ពុទ្ធសាសនាមហាយាន គឺការជួយរំដោះទុក្ខសព្វសត្វទាំងពួង ។ ព្រះពោធិសត្វទាំងឡាយ ខំបំពេញបុណ្យបារមី ដើម្បីជួយស្រោចស្រង់សត្វលោកទាំងពួងដោយមិនគិតពីសេចក្តីទុក្ខផ្ទាល់ខ្លួនរបស់ព្រះអង្គឡើយ ដូច្នេះហើយ ព្រះពោធិសត្វជាតួអង្គដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនាមហាយាន ។

ក្រោយពីព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វានកន្លងទៅបាន ១០០ ឆ្នាំ ព្រះពុទ្ធសាសនាត្រូវបានបែកចែកជា ២ និកាយធំៗគឺ ថេរវាទ (ហីនយាន; The Small Vehicle) និងមហាយាន ។ ពុទ្ធបរិស័ទនិងអ្នកសិក្សាខ្មែរយើងដោយច្រើន បានដឹងបានស្គាល់ហើយថា ប្រទេសកម្ពុជាយើង (រួមទាំងថៃ ឡាវ ភូមា និងស្រីលង្កា) កំពុងគោរពប្រតិបត្តិ ព្រះពុទ្ធសាសនានិកាយអ្វី គឺនិកាយថេរវាទ ។ ដូច្នេះខ្ញុំសូមលើកយកការប្រតិបត្តិខ្លះៗ របស់ពុទ្ធសាសនាមហាយាន ប្រគេនជូនព្រះតេជគុណញាតិញោមបងប្អូនឲ្យបានដឹង តាមសំណូមពររបស់ព្រះតេជគុណ ដែលតាមដានទំព័ររបស់លោកវិទូ ។

ពុទ្ធសាសនាមហាយាន: ‘មហាយាន’ មានន័យថា ‘យានធំ’ (The Great Vehicle) ឬយានដែលផ្ទុកបានមនុស្សច្រើនគ្នា ។ នៅក្នុងមហាយាន មាននិកាយផ្សេងៗជាច្រើនដូចជា និកាយតន្ត្រៈ (ជាការបង្រៀនដ៏ស័ក្តិសិទ្ធិរបស់យោគៈ) ដែលមាននៅប្រទេសទីបេ ប៊ូតង់ និងនេប៉ាល់ជាដើម, និកាយដែនដីបរិសុទ្ធ (និកាយសុខាវតី, ឬនិកាយភូមិបរិសុទ្ធក៏បាន; អង់គ្លេសថា Pure Land Buddhism) ដែលជឿជាក់ថា ការរួចចាក់ទុក្ខអាចសម្រេចបាន តាមរយៈការជឿជាក់យ៉ាងមុតមាំ ក្នុងឥទ្ធានុភាពរបស់ព្រះពុទ្ធ អមិតាភៈ (Amitabha Buddha) (ប្រែថា ពន្លឺគ្មានទីបំផុត, ដូច្នេះ អមិតាភៈ គឺជាព្រះពុទ្ធដែលមានពន្លឺនិងជីវិតឥតគណនាក្នុងវដ្ដសង្សារ ដើម្បីជួយស្រោចស្រង់សត្វលោក) ដែលមាននៅប្រទេសចិន ជប៉ុន និងកូរ៉េ, និងនិកាយមួយដែលមាននៅប្រទេសចិននិងជប៉ុនគឺ ពុទ្ធសាសនាហ៊្សេន (Zen Buddhism) ដែលផ្តោតការគោរពប្រតិបត្តិលើវិបស្សនាសមាធិ គឺការស្វែងរកមោក្ខធម៌អំពីខាងក្នុង មិនមែនខាងក្រៅឡើយ ។ ខ្មែរយើងដំបូងឡើយក៏គោរពកាន់ពុទ្ធសាសនាមហាយានដែរ យ៉ាងហោចណាស់ក៏ចាប់ពី ស.វ.ទី ៥ ដល់ទី ១៣ មុនពេលពុទ្ធសាសនាថេរវាទបានមកដល់ ។

ពុទ្ធសាសនាមហាយាន មានជំនឿខ្លាំងលើព្រះសិអារ្យមេត្រី ជាព្រះពោធិសត្វ ដែលនឹងមកត្រាស់ក្នុងលោកនេះ ក្នុងពេលអនាគត ដើម្បីស្រោចស្រង់សត្វលោក ។ អ្នកកាន់លទ្ធិមហាយានហៅតាមសំស្ក្រឹតថា ព្រះពោធិសត្វ មៃត្រី ។ យោងតាមទ្រឹស្តីរបស់ប្រពៃណីមហាយាន ‘មហាយាន’ សំដៅដល់មាគ៌ានៃព្រះពោធិសត្វ ប្រតិបត្តិដើម្បីសម្រេចនូវសម្មាសម្ពោធិញាណ ដើម្បីជាប្រយោជន៍ដល់សព្វសត្វទាំងពួង ។ ដូច្នេះពេលខ្លះ ‘មហាយាន’ ក៏ត្រូវបានគេហៅថា ‘ពោធិសត្វយាន’ ផងដែរ ។

ចំពោះការប្រតិបត្តិរបស់ពុទ្ធបរិស័ទមហាយានវិញ ដែលប្លែកពីថេរវាទក្នុងចំណុចមួយ ក្នុងចំណោមចំណុចទាំងឡាយគឺ ការតមមិនទទួលទានអាហារមានសាច់គ្រប់ប្រភេទ ឬគេនិយមហៅថា ‘អាហារបួស’ មានតែបន្លែប៉ុណ្ណោះ ។ ចំពោះអ្នកបួសវិញមានវិន័យ មិនតឹងរឹងខ្លាំងដូចព្រះសង្ឃក្នុងពុទ្ធសាសនាថេរវាទឡើយ ។

មហាយាន ដែលមានក្នុងពេលបច្ចុប្បន្នគឺ មានប្រភពចេញពីក្រុមមហាសំឃិកៈ ។ សូមបើកវង់ក្រចកត្រង់នេះបន្តិចថា ការកើតឡើងនៃក្រុមភាគតិចមហាសំឃិកៈ គឺជាលទ្ធផលនៃការមិនព្រមព្រៀងគ្នា ផ្នែកវិន័យបិដកក្នុងជំនុំសង្ឃ ក្នុងទុតិយសង្គាយនា ដែលធ្វើឡើងនៅទីក្រុងវេសាលី (រដ្ឋប៊ីហារ) មួយសតវត្សរ៍ក្រោយព្រះពុទ្ធបរិនិព្វាន (៣៨៣ ឆ្នាំមុនគ.ស.) ។ ការមិនព្រមព្រៀងគ្នាក្នុងព្រះវិន័យ រវាងក្រុមមហាសំឃិកៈនិងថេរវាទីមាន ១០ ចំណុច ប៉ុន្តែចំណុចសំខាន់គឺទាក់ទងនឹងការទុកអំបិលក្នុងបំពង់ស្នែង ការឆាន់ឬការទទួលចង្ហាន់ក្រោយថ្ងៃត្រង់ និងការទទួលកាន់យកមាសនិងប្រាក់ជាដើម ។ នេះគឺជាការបែកបាក់គ្នាដំបូងក្នុងពុទ្ធសាសនាជាពីរនិកាយ; ថេរវាទនិង មហាយាន ។

ក្រុមមហាសំឃិកៈបានសម្រួលនូវវិន័យរបស់បព្វជិត ហើយក៏បានធ្វើបដិវត្តន៍ ក្រឹត្យក្រមពុទ្ធសាសនារបស់ព្រះសង្ឃ ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការផ្លាស់ប្តូរ ក្នុងការរៀបចំនិងការបកស្រាយ នូវគម្ពីរព្រះសូត្រនិងព្រះវិន័យទៀតផង ។ ពួកគេបានបដិសេធផ្នែកខ្លះនៃព្រះត្រៃបិដក ដែលបានព្រមព្រៀងគ្នាហើយក្នុងបឋមសង្គាយនា ។

ដូច្នេះ ពុទ្ធសាសនាមហាយានអាចហៅបានម្យ៉ាងទៀតថា ‘អាចរិយវាទ’ (វាទៈឬពាក្យរបស់អាចារ្យ) ។ ពុទ្ធសាសនាមហាយាន ប្រើភាសាសំស្ក្រឹតជាភាសាយាន ក្នុងគម្ពីរនិងការស្វាធ្យាយធម៌និងក្នុងការបង្រៀនធម៌ ។ គាថានមស្ការបួងសួងដ៏ស័ក្តិសិទ្ធិ របស់មហាយានគឺ នមោ អូ-មី-តូ ហ្វូ (NAMO O-MI-TO FWO) ឬ នមោ អមិតាភៈ ពុទ្ធៈ (Namo Amitabha Buddha), ប្រែថា “រីកិរិយានមស្ការថ្វាយ បង្គំនៃខ្ញុំចូរមានដល់ព្រះពុទ្ធអមិតាភៈ” ។ សាលាទ្រឹស្តីដ៏ល្បីល្បាញពីបុរាណរបស់មហាយានគឺ សាកលវិទ្យាល័យនាលន្ទា (ស.វ.ទី ៥~១២) បច្ចុប្បន្ននៅក្រុងរាជគ្រឹះ (មគធរដ្ឋ) នៃរដ្ឋប៊ីហារ ។

សម្គាល់៖ នេះគ្រាន់តែជាសេចក្តីណែនាំឲ្យស្គាល់ព្រះពុទ្ធសាសនាមហាយានទេ មិនអាចឲ្យចេះដឹងស៊ីជម្រៅបានទេ ។ បើលោកអ្នកសិក្សាចាប់អារម្មណ៍ ឬមានឯកទេសខាងផ្នែកនេះ គួរស្វែងរកអានបន្ថែមទៀតដោយការគួរចុះ ។ ខ្ញុំនៅសល់អត្ថបទអំពីព្រះពុទ្ធសាសនានិកាយវជ្រយាន (ទីបេត៍) មួយទៀត បើលោកអ្នកចង់អានអំពីនិកាយនេះ និងសន្តិវង្សដាឡៃឡាម៉ា ខ្ញុំនឹងបង្ហោះផ្សាយនៅទីនេះ ។ សូមអរព្រះគុណនិងអរគុណ ។



សូមអាន៖
១.ព្រះបាឡាត់សង្ឃរ័ត្ន សរ សំអ៊ាន (២០០៧), លក្ខណៈទូទៅនៃនិកាយព្រះពុទ្ធសាសនា, ខេត្តព្រៃវែង: វត្តសំរោង ។
បណ្ឌិត ឳម ណាគ្រី (២០០១), សង្គីតិកថា, ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ ។
២.ខាត់ ប៊ុនថន (២០១៧), ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, សៅការ៉ុឡៃណា: វេទិកាបោះពុម្ពឯករាជ្យ ។