ព្រះភិក្ខុបណ្ឌិត គង់ ឈាន អតីតសមណនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពីរនៅឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, June 01, 2019

ព្រះភិក្ខុបណ្ឌិត គង់ ឈាន អតីតសមណនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពីរនៅឥណ្ឌា

រូបភាពខាងឆ្វេង៖ ព្រះភិក្ខុបណ្ឌិត គង់ ឈាន (ស្តាំ) ជួបជាមួយសម្តេចសង្ឃដាឡៃឡាម៉ា (ឆ្វេង) នៅក្រុងឡូសអ័ង្ជេលេស សហរដ្ឋអាមេរិក ១៩៧៩ រូបភាពខាងស្ដាំ៖ សៀវភៅគតិលោកបកប្រែជាភាសាអង់គ្លេសដោយព្រះភិក្ខុបណ្ឌិត គង់ ឈាន ជាមួយមិត្តព្រះអង្គ, ១៩៩៣ ។

លោកវិទូ | ថ្ងៃ ៧᧾៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០១ មិថុនា ២០១៩

ព្រះភិក្ខុបណ្ឌិត គង់ ឈាន ជាសមណនិស្សិតមួយអង្គ ក្នុងចំណោមសមណនិស្សិតខ្មែរទាំងឡាយ ដែលបានមកសិក្សាបន្តវិជ្ជា នៅប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០~១៩៨០ និងមិនបានឆ្លងកាត់របបប្រលៃពូជសាសន៍ ប៉ុល ពត់ ទេ ។ ក្រោយបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌា ព្រះអង្គបានបន្តគង់ នៅប្រទេសនេះរហូតឆ្នាំដល់ ១៩៧៩ ទើបព្រះអង្គនិមន្តទៅសហរដ្ឋអាមេរិក ដោយមានការនិមន្តពីពុទ្ធបរិស័ទខ្មែរនៅទីនោះ ។ នៅសហរដ្ឋអាមេរិកព្រះអង្គបានបំពេញករណីកិច្ចជាច្រើន ក្នុងការបំរើវិស័យព្រះពុទ្ធសាសនា និងសហគមន៍ខ្មែរ ។

ព្រះអង្គប្រសូតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៤៥ ។ ព្រះអង្គចូលព្រះផ្នួសបួសក្នុងព្រះពុទ្ធសាសនា តាំងពីនៅក្មេងមានអាយុ ១២ ឆ្នាំ មកម៉្លេះ។ ព្រះអង្គបានសិក្សាព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យនៅទីក្រុងភ្នំពេញ និងបានបញ្ចប់ក្នុងឆ្នាំ ១៩៦៨ ។ បន្ទាប់មកព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅប្រទេសឥណ្ឌាទៀត ដល់ទៅពីរសាកលវិទ្យាល័យ ។ ក្នុងឆ្នាំ ១៩៧២ ព្រះអង្គបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត ផ្នែកព្រះពុទ្ធសាសនានិងចិត្តវិទ្យា ពីសាកលវិទ្យាល័យប៊ីហារ ទីក្រុងមុហ្សាហ្វាបុរៈ រដ្ឋប៊ីហារ ។ បន្ទាប់មកទៀត ព្រះអង្គបានបន្តការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី ទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស (យូ.ពី.) និងបានបញ្ចប់ក្នុងឆ្នាំ ១៩៧៥ ។

ក្នុងឆ្នាំដដែលនោះដែរ ប្រទេសកម្ពុជាបានធ្លាក់ក្នុងកណ្ដាប់ដៃនៃពួកខ្មែរក្រហម ដែលអនុវត្តនយោបាយប្រឆាំងនឹងបញ្ញវន្ត ព្រះសង្ឃនិងព្រះពុទ្ធសាសនា ព្រមទាំងអ្នកដែលមានតួនាទីក្នុងជួររដ្ឋាភិបាលមុន គឺរដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ ។ ក្នុងកាលៈទេសៈដ៏វឹកវរនោះ ព្រះភិក្ខុ បណ្ឌិត គង់ ឈាន មិនអាចនិមន្តត្រឡប់ទៅប្រទេសកម្ពុជាវិញបានទេ ដោយបន្តគង់នៅប្រទេសឥណ្ឌា (ក្នុងឋានៈជាជនភៀសខ្លួន) ។ ព្រះអង្គបានគង់សម្នាក់នៅវត្តអសោក ដែលមានព្រះធម្មវីរៈ មហាថេរៈ ជាអធិបតីគ្រប់គ្រង នៅទីក្រុងញូវដែល្លី ។

ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ ក្នុងឆ្នាំ ១៩៧៩ សង្គ្រាមនិងកលិយុគ មិនទាន់ផុតនៅឡើយទេ ជាហេតុធ្វើឲ្យប្រជាជនខ្មែររាប់ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសទីបី មានសហរដ្ឋអាមេរិក បារាំង កាណាដា និងអូស្ត្រាលីជាដើម ។ ទោះទៅដល់ទីណាក៏ដោយ ពួកគេតែងតែមានជំនឿក្នុងព្រះពុទ្ធសាសនាជានិច្ច និងចង់បានព្រះសង្ឃមកធ្វើបុណ្យទានផ្សេងៗ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ។ ដូច្នេះហើយ ជនភៀសខ្លួនខ្មែរក៏បាននិមន្តព្រះតេជគុណបណ្ឌិត គង់ ឈាន ទៅគង់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧៩ ដែលជារលកក្រុមជនភៀសខ្លួនខ្មែរទី ១ ដែលបានទៅជ្រោកកោននៅសហរដ្ឋមេរិក ក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម ។ ទៅដល់ទីនោះ ព្រះអង្គបានកសាងវត្តមួយនៅទីក្រុងឡងប៊ិច ឈ្មោះថា វត្តខេមរពុទ្ធិការាម ដើម្បីបម្រើសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទខ្មែរ ដែលបានឃ្លាតចាកស្រុកកំណើត ។

គួរឲ្យកត់សម្គាល់ លោកនិមន្តទៅសហរដ្ឋអាមេរិក មិនមែនក្នុងនាមជាជនភៀសខ្លួន ដូចប្រជាជនខ្មែរភាគច្រើនទេ គឺលោកទៅក្នុងនាមជា ជនអន្តោប្រវេសន៍ស្របច្បាប់ ។ ព្រះអង្គត្រូវបានធានាដោយលោក ក្រាំង វីរដេត (១៩៣៨ ~ ២០១៥) ជាខ្មែរអាមេរិកាំង ដែលបានរស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៥១ មកម៉្លេះកាលគាត់នៅជានិស្សិត ហើយគាត់មានឪពុកជាមន្ត្រីទូតខ្មែរនៅទីនោះ ។ គាត់ជាបុគ្គលដ៏សកម្មម្នាក់ ក្នុងការជួយសម្រួលដល់ជនភៀសខ្លួនខ្មែរ នៅជុំរុំជនភៀសខ្លួនតាមព្រំដែនខ្មែរថៃ ឲ្យបានទៅរស់នៅក្នុងប្រទេសទីបី ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០-១៩៨០ ។ កាលណោះគាត់ត្រូវការព្រះសង្ឃខ្មែរយ៉ាងខ្លាំង ព្រោះជនភៀសខ្លួនខ្មែររាប់ពាន់នាក់ បានតាំងទីលំនៅនៅទីក្រុងឡងប៊ិច ។ ពួកគាត់សុទ្ធសឹងជាអ្នករងគ្រោះដោយសង្គ្រាម មានបញ្ហាធ្ងន់ធ្ងរខាងសតិស្មារតី និងជំងឺតក់ស្លុត ដែលប៉ះទង្គិចដោយសង្គ្រាមក្នុងស្រុក ដែលបានអូសបន្លាយយ៉ាងយូរ ។ ព្រោះសកម្មភាពដ៏ប្រពៃនេះ គេចាត់ទុកគាត់ថា ជាចាស់ព្រឹទ្ធាចារ្យនៃជនភៀសខ្លួនខ្មែរ នៅក្នុងទីក្រុងឡងប៊ិច ។

វត្តខេមរពុទ្ធិការាមបានដើរតួរយ៉ាងសំខាន់ ក្នុងការអភិរក្សវប្បធម៌ខ្មែរ និងជាមជ្ឈមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងឡងប៊ិច ។ ព្រះភិក្ខុបណ្ឌិត គង់ ឈាន បានបើកបង្រៀនភាសាខ្មែរនៅថ្ងៃអាទិត្យ ហៅថា សាលាថ្ងៃអាទិត្យ ដល់កូនចៅក្មេងៗជំនាន់ក្រោយ ឲ្យបានចេះចាំភាសាខ្មែររបស់ខ្លួន ។ ព្រះអង្គត្រូវបានពុទ្ធបរិស័ទខ្មែរនៅទីក្រុងឡងប៊ិច គោរពបូជាខ្លាំងណាស់ ។
ព្រះភិក្ខុបណ្ឌិត គង់ ឈាន ។

ឆ្លៀតឱកាស ព្រះអង្គបានសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកប្រឹក្សាយោបល់ចិត្តសាស្ត្រ ពីសាកលវិទ្យាល័យប៉េប្ពើដៃន៍ (Pepperdine University) ក្នុងឆ្នាំ ១៩៨៦ និងថ្នាក់បណ្ឌិតផ្នែកក្លីនិកចិត្តសាស្ត្រ ពីសាកលវិទ្យាល័យសហធនសហរដ្ឋអាមេរិក (American Commonwealth University) ក្នុងឆ្នាំ ១៩៨៩ បន្ថែមលើសញ្ញាបត្រ ដែលព្រះអង្គបានស្រាប់ពីប្រទេសឥណ្ឌា ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានរៀនយកវិញ្ញាបណ្ណបត្រលើជំនាញ សេវាកម្មជំងឺផ្លូវចិត្តធ្លន់ធ្ងរនិងមិនព្រមសះស្បើយ ពីសាកលវិទ្យាល័យកាលីហ្វញ៉ាភាគខាងត្បូង (University of Southern California) ក្នុងឆ្នាំ ១៩៩១ ។

ការទទួលបានសញ្ញាបត្រថ្មីទាំងពីរថ្នាក់ និងវិញ្ញាបណ្ណបត្រជំនាញផង ពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យព្រះអង្គទទួលបានសិទ្ធិពិគ្រោះយោបល់ សម្រាប់អ្នកជំងឺផ្លូវចិត្តបាន ។ ដូច្នេះក្រៅពីកិច្ចការខាងសាសនានៅវត្ត ព្រះអង្គក៏ជាបុគ្គលិកនៃមន្ទីរសុខភាពផ្លូវចិត្តអាស៊ីប៉ាស៊ីហ្វិកដែរ ។

ព្រះភិក្ខុបណ្ឌិត គង់ ឈាន សុគតនៅថ្ងៃទី ០៥ ខែកញ្ញា ព.ស. ២៥៥៤ គ.ស. ២០១១ នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វញ៉ា ក្នុងព្រះជន្មាយុ ៦៦ ឆ្នាំ ៕

ស្នាដៃរបស់ព្រះភិក្ខុបណ្ឌិត គង់ ឈាន៖

© Chhean Kong and Muriel Paskin Carrison (1993), Cambodian Folk Stories from the Gatiloke, Boston: Tuttle Publishing.
© Chhean Kong (2003), "On Buddhism and Psychotherapy," in Sucheng Chan (eds.), Not Just Victims Conversations with Cambodian Community Leaders in the United States, Chicago: University of Illinois.
© Chhean Kong (2007), "A Buddhist Perspective on Coping with Catastrophe," Southern Medical Journal 100 (9): 952-3.

© រក្សាសិទ្ធិដោយលោកវិទូ