ឌី.យូ. (DU)៖ សាកលវិទ្យាល័យល្បីល្បាញបំផុតនៅឥណ្ឌា (មានវីដេអូ) - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, June 07, 2019

ឌី.យូ. (DU)៖ សាកលវិទ្យាល័យល្បីល្បាញបំផុតនៅឥណ្ឌា (មានវីដេអូ)



លោកវិទូ | ថ្ងៃ ៧᧾៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០១ មិថុនា ២០១៩

ដោយមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីញូវដែល្លី សាកលវិទ្យាល័យដែល្លី មានភាពល្បីល្បាញ និងជាទីប៉ងប្រាថ្នានៃនិស្សិតឥណ្ឌា ដែលចង់បន្តការសិក្សាជាន់ខ្ពស់ ។ មានអាយុកាលជិតមួយសតវត្សរ៍ សាកលវិទ្យាល័យនេះ មានកម្មវិធីសិក្សារីកចម្រើនដល់កម្រិតខ្ពស់ និងគ្រប់ដណ្ដប់ស្ទើរគ្រប់មុខវិជ្ជាសិក្សាសំខាន់ៗក្នុងពិភពលោក ។

សាលកលវិទ្យាល័យដែល្លី ហៅកាត់ថា ឌី.យូ. (DU) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២២ ដោយច្បាប់អនុញាតិនៃសភាមជ្ឈិម នៃប្រទេសឥណ្ឌា ។ សូមបញ្ជាក់ថា ប្រពន្ធអប់រំជាន់ខ្ពស់ឥណ្ឌាថ្នាក់សាកលវិទ្យាល័យ ត្រូវបានបែកចែកជា ៣ ប្រភេទគឺ ១. សាកលវិទ្យាល័យមជ្ឈិម (Central University) ត្រូវបានបង្កើតឡើងដោយច្បាប់សភានៃរដ្ឋាភិបាលកណ្ឌាល ២. សាកលវិទ្យាល័យរដ្ឋ (State University) ត្រូវបានបង្កើតឡើងដោយច្បាប់សភានៃរដ្ឋាភិបាលរដ្ឋ និង ៣. សាកលវិទ្យាល័យដោយសន្មតិ (Deemed University) គឺគ្រឹះស្ថានសិក្សាដែលមានតម្លៃស្មើនឹងសាកលវិទ្យាល័យ តែមិនត្រូវបានបង្កើតឡើង ដោយច្បាប់នៃសភាជាតិណាមួយឡើយ ។ រីឯសាលាឬសាកលវិទ្យាល័យឯកជនវិញ ពុំសូវមានប្រជាប្រិយភាព និងគុណភាពគួរជាទីទាក់ទាញ សិស្សិតនិស្សិតជនជាតិឥណ្ឌាប៉ុន្មានទេ ។ ម្យ៉ាងទៀតសាលាឯកជន មានតម្លៃថ្លៃជាងសាលារដ្ឋ ព្រោះនៅសាលារដ្ឋសិស្សនិស្សិតបង់ប្រាក់ថ្លៃសាលាតិចតួចណាស់ សម្រាប់មហាវិទ្យាល័យ គេបង់មិនលើសពី ៧០០០ រូពី (១០០ ដុល្លារ) ទេ ក្នុងមួយឆ្នាំ និងនិស្សិតបណ្ឌិតស្រាវជ្រាវ ភាគច្រើនបានទទួលអាហារូបករណ៍ ចាប់ពី ៦០០០ រូពីឡើងទៅ ។ ប៉ុន្តែការប្រឡងចូលរៀនសាលារដ្ឋល្បីៗ ពិតជាមានការប្រកួតប្រជែងតឹងតែងណាស់ ដោយបេក្ខជនប្រឡងមានចំនួនច្រើន ឯចំនួនដែលត្រូវជ្រើសរើសឲ្យចូលរៀនមានតិច ។ ឧទាហរណ៍ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ សាកលវិទ្យាល័យ ឌី.យូ. មានបេក្ខជនចុះឈ្មោះប្រឡងចូល មានចំនួន ២១៤.៣២២ នាក់ រីឯកៅអីឬចំនួនដែលត្រូវជ្រើសរើស មានជិត ៦២.០០០ នាក់ ប៉ុន្តែ ៥០% នៃកៅអីដែលមានទាំងនេះ ត្រូវកាត់ទុកសម្រាប់និស្សិតចាស់នៃសាកលវិទ្យាល័យ ។ ដូច្នេះបេក្ខជនជាង ២ សែននាក់ ត្រូវប្រឡងយកកៅអី ៣១.០០០ កន្លែង ។

និម្មិតសញ្ញានិងត្រារបស់ឌី.យូ.
ពីដំបូងសាកលវិទ្យាល័យ ឌី.យូ. មាននិស្សិត ៧៥០ នាក់ និងបានរីកចម្រើនរហូតក្លាយជាសាកលវិទ្យាល័យ ដែលស្ថាប័នសិក្សា ធំជាងគេបំផុតនៅឥណ្ឌា សម្រាប់ការសិក្សាវិជ្ជាជាន់ខ្ពស់ ក្នុងចំណោមសាកលវិទ្យាល័យ ដែលធំជាងគេក្នុងពិភពលោក ។ ឌី.យូ. មានមហាវិទ្យាលយ ១៦ (16 faculties) ៨៦ ដេប៉ាតឺម៉ង់ (86 departments) ដែលបែកចែកទៅតាមបរិវេណសាកលវិទ្យាល័យធំ ៗ ២ គឺខាងជើងនិងខាងត្បូង និងមានមហាវិទ្យាល័ហចំណុះ ៧៧ (77 affilated colleges) និងវិទ្យាស្ថាន ៥ ទៀត ដែលមាននិស្សិតទៀងទាត់ទាំងអស់ ១៣២.៤៣៥ នាក់ (បរិញ្ញាប័ត្រ ១១៤.៤៩៤ នាក់ និងអនុបណ្ឌិត ១៧.៩៤១ នាក់) និងនិស្សិតនៃកម្មវិធីសិក្សាអប់រំក្រៅប្រព័ន្ធ ២៦១.១៦៩០ នាក់ (បរិញ្ញាប័ត្រ ២៥៨.៨៣១ នាក់ និងអនុបណ្ឌិត ២.៣៣៨ នាក់) ។ អាចនិយាយបានថា គ្មានមុខវិជ្ជាណា ដែលមិនមាននៅសាកលវិទ្យាល័យនេះទេ, ចង់រៀនមុខអ្វីក៏បានដែរ ក្នុងកម្មវិធីសិក្សា ២៤០ មុខ គ្រប់កម្រិត (បរិញ្ញានិងអនុបណ្ឌិត) ។ ដេប៉ាតម៉ង់គីមីវិទ្យា ភូគព្ភវិទ្យា សត្តវិទ្យា សង្គមវិទ្យា និងប្រវត្តិវិទ្យា របស់ ឌី.យូ. ត្រូវបានទទួលឋានៈជា «មជ្ឈមណ្ឌលការសិក្សាដែលបានរីកចម្រើនដល់កម្រិតខ្ពស់» (Centres for Advanced Studies) ។

ក្នុងរដ្ឋបាលគ្រប់គ្រងវិញ ប្រធានាធិបតីឥណ្ឌា ជាភ្ញៀវ (Visitor) (ក្នុងពិធីប្រគល់សញ្ញាប័ត្រជាដើម) និងអនុប្រធានាធិបតីឥណ្ឌា ជាអធិការបតី (Chancellor)  ប្រធានយុតិ្តធម៌ឥណ្ឌា ជាអនុអធិការបតី (Pro-Chancellor) នៃសាកលវិទ្យាល័យឌី.យូ. ។ កិច្ចប្រតិបត្តិការនសាកលវិទ្យាល័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អធិការបតីរង (Vice-Chancellor) ឬ នាយកសាកលវិទ្យាល័យ ។

សាកលវិទ្យាល័យនេះ បានអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្នាក់នៅចំនួន ២០ ធំៗ ។ អន្តេវាសិកដ្ឋាននីមយយៗ អាចដាក់និស្សិតបានប្រហែល ៣~៤០០ នាក់ ។ ក្នុងនោះសម្រាប់និស្សិតបរទេស សាកលវិទ្យាល័យមានអន្តេវាសិកដ្ឋាន ២, សម្រាប់និស្សិតប្រុស ១ (International Students’ House for Men / ISH) និងសម្រាប់និស្សិតស្រី ១ (International Students’ Hostel for Women / ISHW) ។ គួរឲ្យកត់សម្គល់និស្សិងអន្តរជាតិនៅឌី.យូ.ច្រើនណាស់ ។ ក្នុងឆ្នាំសិក្សា ២០១៤-១៥ មាននិស្សិតអន្តរជាតិចំនួន ១១៨៤ នាក់ ភាគច្រើនមកពី នេប៉ាល់ (៣១១) អាហ្គានីស្ថាន (៥៥) ម៉ាលឌីវ (៣៦) ស្រីលង្កា (២៣) វៀតណាម (២៣) ភូតាន (២២) និងប្រទេសផ្សេងៗទៀត នៅភូមិភាគអាស៊ីអាគ្នេយ៍ (កម្ពុជា ថៃ ឥណ្ឌូនេស៊ី...) និងមជ្ឈិមបូព៌ា ។

អតីតនិស្សិតល្បីៗនៃឌី.យូ.៖


អ្នកនយោបាយឥណ្ឌា មានដូជា នាយករដ្ឋមន្ត្រីទី ១៤ របស់ឥណ្ឌា លោក នេរេន្ទ្រៈ មោឌី (Narendra Modi), មេធាវីនិងអតីតរដ្ឋមន្ត្រីហេរញ្ញវត្ថុ លោក អារុណ ជេដលី (Arun Jaitley), អតីតមន្ត្រីការទូត អ្នកនិពន្ធ និងតំណាងរាស្ត្រ លោក សាស៊ី ថារោរ៍ (Shashi Tharoor) រដ្ឋមន្ត្រីការបរទេសទី ២៩ (បច្ចុប្បន្ន) របស់ឥណ្ឌា លោក សុព្រហ្មណ្យ័ម ជ័យស័ង្កា (Subrahmanyam Jaishankar) ។ល។

នយោបាយជនជាតិបរទេស មានដូជា ទីប្រឹក្សារដ្ឋភូមា អ្នកស្រី អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi), ប្រធានធិបតីទី ១ របស់ប្រទេសម៉ឡាវី លោក  ប៊ីងគូ វ៉ា មុថារិកា (Bingu wa Mutharika), អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក គិរីជា ប្រាសាទ កូយរ៉ាឡា (Nepal Girija Prasad Koirala), ប្រធានធិបតីទី ៦ របស់ប៉ាគីស្ថាន លោក sixth មូហាម័ដ ហ្សៃ-អ៊ុល ហាឃ (Muhammad Zia-ul-Haq), និងអតីតនាយករដ្ឋមន្ត្រី ២ នាក់របស់ប្រទេសភូតាន លោក ស័ងង៉ាយ នេគឌុប (Sangay Ngedup), និងលោក ខ័ណ្ឌូ វាំងជុក (Khandu Wangchuk) ។

តារាភាពយន្តឥណ្ឌាល្បីៗ មានដូចជា តារាជើងចាស់ដែលខ្មែរយើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និយមហៅថា រ៉ាវី គឺលោក អមិតាភ បច្ច័ន (Amitabh Bachchan), និងកំពូលតារាបូលីវូដ លោក សា រុខ ខាន់ (Shah Rukh Khan) ។

សាស្ត្រាចារ្យល្បីៗថ្នាក់ជាតិនិងអន្តរជាតី មានដូចជា ប្រវត្តិវិទូដ៏ឧត្តុង្គឧត្តម អ័រ.អេស. សម្មា (R. S. Sharma), ជ័យលាភីវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក អម័ត៌្យៈ សេន (Amartya Sen), អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម័នមោហ័ន សិង្ហ (Manmohan Singh), សេដ្ឋវិទូនិងស្ថាបនិកសំខាន់នៃគម្រោង ៥ ឆ្នាំរបស់ឥណ្ឌា លោក សុខមោយ ចក្រវត្តិ (Sukhamoy Chakravarty), សមាជិកជាន់ខ្ពស់នៃសេដ្ឋកិច្ចអន្តរជាតិ នៅជង្រុកគំនិតក្រុមប្រឹក្សាទំនាក់ទំនងការបរទេស និងសាស្ត្រាចារ្យសាកលវិទ្យាលយកូលុមបៀ លោក ជគទិស ភគវតិ (Jagdish Bhagwati) ។ល។

អតីតនិស្សិតខ្មែរនៃឌី.យូ.៖


ទសវត្សរ៍ឆ្នាំ ១៩៥០-៦០៖ មហា គួច គីឡេង មហា ឈឹម ផន មហា គង់ គូ
ចាប់ពីឆ្នាំ ២០០០៖ ព្រះភិក្ខុ បណ្ឌិត ហុក សាវណ្ណ (កាណាដា) ព្រះភិក្ខុ បណ្ឌិត ញ៉ែម គឹមតេង (សរអ) ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ។ល។

© រក្សាសិទ្ធិដោយលោកវិទូ