ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត វជិរប្បញ្ញោ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, June 25, 2019

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត វជិរប្បញ្ញោ

សម្តេចព្រះសុមេធាធិបតី ហួត តាត វជិរប្បញ្ញោ
លោកវិទូ | ថ្ងៃ ៣᧸៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ |២៥ មិថុនា ២០១៩

សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វជិរប្បញ្ញោ) សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី ​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ ទ្រង់​កាន់​តំណែង​ពី​ ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ ។ សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី ហួត តាត​ត្រូវ​បាន​ចាត់​ទុក​ជា​មហា​​បុរស​​ខ្មែរទី២ ។

សម្តេច​ព្រះ​​មហា​សុមេ​ធាធិ​បតី​ ហួត ​តាត ​ជា​សមា​ជិក​​គណៈ​កម្មកា​រ​​រៀបចំ និង ពិនិត្យ​វ​ចនា​នុក្រម​​ខ្មែរ និង ជា​អ្នក​​មាន​​ចំណែក​​គុណូប​ការៈ​ដ៏​សំខាន់​​ក្នុង​​ព្រះពុទ្ធ​សាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ​, វិទ្យាស្ថាន​​ពុទ្ធ​សា​សន​​បណ្ឌិត្យ និង សាលា​​បាលី​​ជាន់ខ្ពស់ ហើយព្រះអង្គ​ជា​ក​ល្យា​ណមិត្ត និង សហ​ការី​របស់​​សម្តេច​សង្ឃរាជ​​មហា​បុរស​​ខ្មែរទី១ ជួន ណាត ។​

ព្រះរាជ​ជីវប្រវត្តិ​


ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)


សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត ។

ការ​សាង​ព្រះ​ផ្នួស


  • ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ ព្រះ​ធម្ម​ឃោសាចារ្យ មាស ។
  • ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំ បួស​ជា​សាមណេរ នៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោសាចារ្យ។ ព្រះ​អង្គ​បាន​សិក្សា ព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ ។
  • ព្រះ​ជន្មាយុ​បាន​២១​វស្សា នៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ។

ព្រះ​សមណ​ស័ក្ដិ


  • ព្រះ​ជន្មាយុ​បាន​៥៧​វស្សា នៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា ព្រះពោធិវ័ង្ស ។
  • ព្រះ​ជន្មាយុ​បាន​៧៣​វស្សា នៅ​ឆ្នាំ​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ស័ក្ដិ​ជា សម្ដេច​ព្រះ​ពោធិវ័ង្ស តាម​ព្រះ​រាជ​ក្រឹត្យ​លេខ ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៤ ។
  • ព្រះ​ជន្មាយុ​បាន​៧៨​វស្សា នៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ ។
  • ព្រះ​ជន្មាយុ​បាន​៧៩​វស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​សង្ឃ​រាជ គណៈ​មហា​និកាយ ពី​ឯក​ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ ។

ស្នាព្រះហស្តនិពន្ធ


  • ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាសង្ខេប (គ.ស. ????)
  • ការសិក្សាខាងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ក្នុងសម័យបុរាណនឹងសម័យបច្ចុប្បន្ន(ចុះផ្សាយក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រលេខ២ ថ្ងៃទី១ ខែមេសា គ.ស.១៩៦១)
  • អំពីប្រាសាទខ្លះនៅទីអង្គរ​ (១៩២៨)
  • ស្នាព្រះហស្តនិពន្ធជាច្រើន(រាប់ឈ្មោះនៅក្នុងអត្ថបទ"ជីវប្រវត្តិសម្ដេចព្រះពោធិវ័ង្ស ហ. តាត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី៣៨ ខែមិថុនា គ.ស.១៩៦៦)

ទស្សនៈ


ក្នុង​ពេល​រស់​នៅ​​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដែល​មាន​ប្រយោជន៍​កុំ​សំចៃ​កម្លាំង​ទុក​ឡើយ​ ព្រោះ​កម្លាំង​នោះ​បើ​ឲ្យ​នៅ​ស្ងៀម​គង់​តែ​ត្រូវ​រិល​រេច​ថយ​ចុះ​រាល់​ពេល​ដោយ​អំណាច​ជរា ។ សម្តេច ហួត តាត

ព្រះ​ទិវង្គត


ក្នុង​ឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៨៤​វស្សា ។ ឯកសារ​ពីរ​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ចូល​ទីវង្គត​របស់​ព្រះអង្គ មួយ​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បានពួក​ទមិឡ​ឥត​សាសនាធ្វើ​ឃាត​នៅ​ក្រោយ​ក្រសួង​ឃោសនាការ ក្រោយ​ពេល​ដែល​ព្រះអង្គ​ផ្សាយ​សម្លេង​ទាក់​ទង​​នឹង​ការ​ផ្សះផ្សារជាតិ​ក្រោយ​សង្គ្រាម​បញ្ចប់ ។ ឯកសារ​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បាន​ជន្លៀស​ជាមួយ​បណ្តា​ជន​ផ្សេង​ទៀត​ទៅ​កាន់​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ។

ដកស្រង់ពី វិគីភីឌា

សូមស្តាប់ព្រះធម្មទេសនាដោយ សម្ដេច ហួត តាត វជិរប្បញ្ញោ អានិសង្សឧបោសថសីល