នៅក្នុងភូមិ ៧ នៅប្រទេសឥណ្ឌា ដែលប្រជាជននិយាយ ភាសាសំស្ក្រឹតប្រចាំថ្ងៃ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, June 22, 2019

នៅក្នុងភូមិ ៧ នៅប្រទេសឥណ្ឌា ដែលប្រជាជននិយាយ ភាសាសំស្ក្រឹតប្រចាំថ្ងៃ

ការរៀនសំស្ក្រឹតនៅភូមិមត្តូរ រដ្ឋកន៌ាដកា ប្រភព៖ VoxSpace

លោកវិទូ | ថ្ងៃ ៧᧵៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មិថុនា ២០១៩

ភាសាសំស្ក្រឹតត្រូវបានគេចំណាត់ថ្នាក់ថាជា «ភាសាបុរាណរបស់ឥណ្ឌា» គួរដល់ការអភិរក្សាការពារ ។ ឥណ្ឌាសម័យពីដើម បានចាត់ទុកសំស្ក្រឹតថាជាភាសាស័ក្តិសិទ្ធិពិសិដ្ឋ និងជាភាសារបស់ព្រះអាទិទេព ឬ «ទេវភាសា» ឬក៏ «ទេវវានី» ។ តួរអក្សរសម្រាប់សរសេរសំស្ក្រឹតមានឈ្មោះថា «ទេវនាគរី» មកពីពាក្យថា «ទេវ (ព្រះអាទិទេព) + នាគរី > នគរ (ទីក្រុង) » មានន័យថា «ទីក្រុងឬទីស្ថាននៃព្រះអាទិទេព» ។ សម្រាប់ខ្មែរយើងសំស្ក្រឹតធ្លាប់ជាភាសានៃរាជវាំងខ្មែរ តាំងពីសម័យនគរភ្នំដល់អាណាចក្រអង្គរ ជាភាសាសម្រាប់សាសនានិងអភិជន ។ សិលាចារឹកខ្មែរភាគច្រើនត្រូវបានចារជាអក្សរសំស្ក្រឹត ។ មិនតែប៉ុណ្ណោះ វាជាប្រភពនៃភាសាខ្មែរ និងជាបិតានៃភាសាជាច្រើនលើសាកលលោក ។

តែទោះជាយ៉ាងណាក៏ដោយ ជាទូទៅយើងគិតថា ភាសាដ៏ចាស់បំផុតមួយនេះ (១៥០០ មុនគ្រិស្តស័ករាជ) ជាភាសាដែលងាប់គ្មានអ្នកនិយាយវាទេ (ខ្មែរអាចធ្លាប់គិតថា សំស្ក្រឹតជាភាសាជាតិរបស់ឥណ្ឌា តែមិនមែនទេ វាមិនមែនជាភាសាដែលប្រជាជនឥណ្ឌានិយាយជាទូទៅទេ) ។ ប៉ុន្តែបច្ចុប្បន្ន គួរជាទីចាប់អារម្មណ៍ នៅប្រទេសឥណ្ឌាទាំងមូលមានភូមិ ៧ ដែលមានប្រជាជននិយាយភាសាសំស្ក្រឹត សម្រាប់ទាក់ទងគ្នាប្រចាំថ្ងៃ ក្នុងការនិយាយគ្នាលេង គំនាប់គ្នា ឈ្លោះគ្នាតាមផ្លូវ បង្រៀន ។ល។

១.ភូមិមត្តូរ (រដ្ឋកន៌ាដកា)


ភូមិមត្តូរជាភូមិមួយមានលក្ខណៈបុរាណ ក្នុងរដ្ឋកន៌ាដកា ដែលមានចម្ងាយប្រមាណ ៣០០ គម ពីទីក្រុងប័ង្គលោរិ៍ ។ វាស្ថិតនៅលើច្រាំងនៃទន្លេមួយឈ្មោះ ទុង្គា ។ ភូមិនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាភូមិមួយដែលប្រើប្រាស់ភាសាសំស្ក្រឹត ជាប្រចាំសម្រាប់ទំនាក់ទំនង ក្នុងជីវភាពប្រចាំថ្ងៃ ។ វាជាភូមិមួយក្នុងចំណោមភូមិដ៏កម្រទាំងឡាយ ដែលសំស្ក្រឹតត្រូវបានគេនិយាយ ជាភាសាក្នុងតំបន់ ។ ប្រជាជនភាគច្រើននៃប្រជាជនចំនួន ៥.០០០ នាក់ នៃភូមិដាច់ស្រយាលមួយនេះ និយាយភាសាសំស្ក្រឹតបានយ៉ាងស្ទាត់ជំនាញ ទាំងអ្នកលក់ដូរ ពលករ និងសូម្បីតែក្មេងៗ ។ ភូមិនេះត្រូវបានគេឲ្យរហ័សនាមថា «ភូមិសំស្ក្រឹត» នៃប្រទេសឥណ្ឌា ។

បើទោះជាភាសាផ្លូវការរបស់រដ្ឋកន៌ាដកា គឺភាសា កណ្ណាដា ក៏ដោយ អ្នកភូមិនេះអាចរក្សាភាសាដ៏បុរាណនេះ ទុកជាភាសាប្រើប្រាសប្រចាំថ្ងៃរបស់ពួកគេ ។ ដំបូងមានតែសហគមន៍ពួកព្រាហ្មណ៍ទេ ដែលនិយាយភាសាសំស្ក្រឹត នៅក្នុងភូមិនេះ រីឯប្រជាជនទូទៅនិយាយភាសាកន្ន័ដ។ ទើបតែនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ទេ ដែលពួកព្រាហ្មណ៍ បានអំពាវនាវឲ្យអ្នកភូមិ យកភាសានេះជាភាសាកំណើតរបស់ខ្លួន ។

២.ភូមិឈិរី (រដ្ឋមធ្យប្រទេស)


ភូមិឈិរី ស្ថិតនៅក្នុងឃុំសារាំងបុរៈ ទេសិល នៃស្រុករាជគរ្ហ៍ ក្នុងរដ្ឋមធ្យប្រទេស ។ វាជាភូមិដ៏ឆ្ងាយដាច់ស្រយាលមួយ ចម្ងាយប្រមាណ ១៥០ គម ពីទីក្រុងឥណ្ឌូរេ ។ ប្រជាជនចំនួនជិត ១.០០០ នាក់នៃភូមិនេះកម្រនឹងនិយាយភាសាម័ល្វី ដែលជាភាសារបស់តំបន់នេះណាស់ ពីព្រោះភាសាសំស្ក្រឹតបុរាណបានចូលខ្លួនមកជំនួសភាសានេះ ១៦ ឆ្នាំមុន ។

ប្រជាជននៃភូមិនេះទាំងអស់និយាយភាសាសំស្ក្រឹត ។ ទាំងក្មេងក្មាងតូចៗ ស្ត្រី ចាស់ៗ សិស្សសាលា ទាំងអ្នកចេះអាននិងសរសេរ (អក្ខរជន) និងអ្នកមិនចេះអាននិងសរសេរ (អនក្ខរជន) សុទ្ធតែអាចនិយាយសំស្ក្រឹតបានយ៉ាងស្ទាត់ ។

អង្គការសំស្ក្រឹតភារតី បានចាប់ផ្ដើមបោះជំរុំសំភាសណ នៅក្នុងភូមឈិរីនេះ ក្នុងឆ្នាំ ២០០២ តាមរយៈសកម្មជនឈ្មោះ វិល្មា តេវារី (ស្រី)។ គាត់បានមកនៅភូមិនេះតែមួយឆ្នាំសោះ បានធ្វើឲ្យអ្នកភូមិមានចំណាប់អារម្មណ៍ខ្លាំងក្នុងភាសាអាទិទេពនេះ ដែលអ្នករាល់គ្នាបានងាកទៅសិក្សាភាសាសំស្ក្រឹតគ្រប់ៗគ្នា ។

៣.ភូមិសាសណ (រដ្ឋឧឌិសា)


ភូមិមួយទៀតដែលនិយាយភាសាសំស្ក្រឹតដែរនោះគឺ ភូមិសាសណ ដែលជាភូមិដាច់ស្រយាលមួយ នៃស្រុកគជបតី ជាប់ឆ្នេរសមុទ្រ ក្នុងរដ្ឋឧឌិសា។ អ្នកភូមិនេះបានអួតអាងថា នៅផ្ទះនីមួយៗនៃភូមិនេះ មានបណ្ឌិតសំស្ក្រឹតម្នាក់ៗ ។ អ្នកភូមិភាគច្រើនគឺជាពួកវណ្ណៈព្រាហ្មណ៍ ។ ភូមិនេះមានប្រជាជនប្រមាណ ៥០ គ្រួសារ ដែលមានសមាជិកសរុប ៣០០ នាក់ ។ នៅគ្រប់ផ្ទះទាំងអស់នៃភូមិនេះ នៅក្នុងរដ្ឋបាលថ្នាក់ក្រោម ដែលគេហៅថា បញ្ចាយតក្រាម ស្យាំសុន្ទរ គេនឹងឃើញពួកព្រាហ្មណ៍បណ្ឌិតអ្នកចេះសំស្ក្រឹត បំរើការងារនៅក្នុងសាលាអប់រំរដ្ឋ ដែលប្រើសំស្ក្រឹតជាភាសាសន្ទនា ។

៤.ភូមិភឃូវា (រដ្ឋមធ្យប្រទេស)


ភូមិភឃូវារ ភឃវារ ស្ថិតនៅក្នុងឃុំ ករេលី ទេសិល ស្រុកនរសិម្ហាបុរៈ រដ្ឋមធ្យប្រទេស ចម្ងាយប្រមាណ ២១ គម ពីទីរួមស្រុក ។ ភឃូវា ជាតំបន់រដ្ឋបាលថ្នាក់ក្រោមបញ្ចាយតក្រាម នៃភូមិភឃូវារ ភគវារ ។ ភាសាសំស្ក្រឹតគឹជាភាសាចំបង ដែលប្រើប្រាស់ដោយមនុស្សភាគច្រើននៃភូមិនេះ ។

៥.គនោទ (រដ្ឋរាជស្ថាន)


គនោទ ជាភូមិមួយស្ថិតនៅក្នុងឃុំ ឃទោល ស្រុកបានស្វរ រដ្ឋរាជស្ថាន ប្រទេសឥណ្ឌា ។ វាស្ថិតក្នុងតំបន់គ្រប់គ្រង នៃទីក្រុងឧទ័យបុរៈ ចម្ងាយ ៤៤៨ គម ពីទីក្រុងជ័យបុរៈ របស់រដ្ឋរាជស្ថាន ។

នៅក្នុងភូមិគនោទនេះ ប្រជាជនសន្ទនាគ្នាជាភាសាសំស្ក្រឹត យ៉ាងស្ទាត់ជំនាញ ។ ជាងមួយទសវត្សរ៍មុន អ្នកភូមិនេះនិយាយតែភាសាតំបន់របស់ខ្លួនទេ គឺភាសាវគទិ ។ ប៉ុន្តែទម្លាប់នេះបានប្រែប្រួល ក្រោយពីសាលាសំស្ក្រឹតមួយ ដែលបង្រៀនរហូតថ្នាក់បរិញ្ញាប័ត្រ ត្រូវបានបង្កើតឡើងនៅក្នុងភូមិ ។ ក្មេងៗស្ទើរតែទាំងអស់ បានចូលរៀននៅសាលានេះ ហើយគ្រូបង្រៀនបានលើលទឹកចិត្ត ឲ្យសិស្សានុសិស្ស និយាយគ្នាជាតែភាសាសំស្ក្រឹតទេ ដើម្បីឲ្យស្ថាត់ជំនាញ ។ យូរៗទៅ ក្មេងៗមានទម្លាប់និយាយសំស្ក្រឹត ហើយឈប់និយាយភាសាវគទិទៀត សូម្បីជាមួយឪពុកម្ដាយរបស់ពួកគេ ។ ជាលទ្ធផល ចាស់ៗបានចាប់ផ្ដើមរៀនសំស្ក្រឹតតពីក្មេង ហើយបច្ចុប្បន្នមនុស្សគ្រាប់គ្នានៅក្នុងភូមិនេះនិយាយសំស្ក្រឹត ។

៦.ភូមិមោហ័ទ (រដ្ឋមធ្យប្រទេស)


មោហ័ទ ជាភូមិរដ្ឋបាលបញ្ចាយត នៃស្រុក ពូរហានបុរៈ រដ្ឋមធ្យប្រទេស ។ វាស្ថិតនៅចម្ងាយ ២៥ គម ពីឃុំមហេស្វរ និង ៦០ គម ពីស្រុក ខារគោណេ ។ ភាសាសំស្ក្រឹតជាភាសានិយាយរបស់ប្រជាជនភាគច្រើន ក្នុងភូមិនេះ ។

៧.ហោសាហល្លី (រដ្ឋកន៌ាដកា)


ភូមិហោសាហល្លី ក៏ដូចជាភូមិមត្តូរ (និយាយខាងលើ) ត្រូវបានគេស្គាល់ថា ជាភូមិដែលយកភាសាសំស្ក្រឹតជាភាសាគោល និងគេស្គាល់ថា ភូមិនេះបានព្យាយាមគាំទ្រនូវសិល្បៈគមកៈ ដែលជាទម្រង់ដោយឡែកមួយ នៃការច្រៀងនិងនិយាយរឿង ក្នុងរដ្ឋកន៌ាដកា ផ្សំជាមួយតន្ត្រីសំគីថៈ ។

ភូមិនេះស្ថិតនៅតាមបណ្ដោយដងទន្លេទុង្គា ក្នុងរដ្ឋកន៌ាដកា ឥណ្ឌាភាគខាងត្បូង ។ វាស្ថិតនៅក្នុងតំបន់កសិកម្ម ដែលមានដំណាំសំខាន់នោះគឺ ផ្លាស្លា ។ ភូមិនេះស្ថិតចម្ងាយ ជាង ៥ គម ពីទីក្រុងសមោគៈ និងប្រហែល ៤ គម ពីទំនប់ គជនូរ ទុង្គ អនិកាត់ ។

សេចក្តីបន្ថែម


ឥណ្ឌា (៧៨០) ជាប្រទេសដែលមានភាសាច្រើនជាងគេបំផុត លំដាប់ទី ២ បន្ទាប់ប្រទេស ប៉ាពួញូវគីនី (៨៣៩) ។ មាត្រា ៣៤៣ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥណ្ឌា បានចែងថា ភាសាផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធ គឺភាសាហិណ្ឌី ជាអក្សរទេវនាគរី ជំនួសឲ្យអង់គ្លេស ។ ប៉ុន្តែគេគិតថានេះបានរំលោភការធានារបស់រដ្ឋធម្មនុញ្ញចំពោះប្រព័ន្ធរដ្ឋសហព័ន្ធ ។ ក្រោយមក កំណែទម្រង់រដ្ឋធម្មនុញ្ញមួយ មានឈ្មោះថា ច្បាប់ភាសាផ្លូវការ ១៩៦៣ បានអនុញាតិឲ្យបន្តការប្រើប្រាស់ភាសាអង់គ្លេស ក្នុងរដ្ឋាភិបាលឥណ្ឌា ដោយមិនមានកាលកំណត់ រហូតដល់ស្ថាប័ននិតិបញ្ញត្តិ ធ្វើការសម្រេចចិត្តប្តូរវា ។ ទោះជាយ៉ាងណាក៏ដោយ ភាសាហិណ្ឌីមិនមែនជាភាសាជាតិរបស់ឥណ្ឌាទេ ព្រោះរដ្ឋធម្មនុញ្ញឥណ្ឌា ពុំបានផ្ដល់សិទ្ធិពិសេស ដល់ភាសាណាមួយជាភាសាជាតិឡើយ ។ រដ្ឋធម្មនុញ្ញឥណ្ឌា បានទទួលស្គាល់ផ្លូវការនូវភាសាចំនួន ២២ មានភាសាហិណ្ឌី និងភាសាសំស្ក្រឹត ជាដើមផងដែរ (តែមិនមានភាសាបាលីទេ) ។ រីឯភាសាអង់គ្លេសត្រូវបានចាត់ទុកជា «ភាសាផ្លូវការបន្ថែម» ។

ប្រជាជននិយាយភាសាហិណ្ឌី មានចំនួន ៤២២ លាននាក់ ស្មើនឹងប្រហែលជាង ៤០% នៃប្រជាជនសរុប ១៣០០ លាននាក់ ។ ភាសាអង់គ្លេស ត្រូវបាននិយាយដោយប្រជាជនចំនួន ២០០ លាននាក់ ។

© រក្សាសិទ្ធិដោយលោកវិទូ