សេចក្តីជូនដំណឹង៖ ពិធីបុណ្យគម្រប់ខួប ២៨ ឆ្នាំ សមាគមពុទ្ធសាសនាថេរវាទ ឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, July 02, 2019

សេចក្តីជូនដំណឹង៖ ពិធីបុណ្យគម្រប់ខួប ២៨ ឆ្នាំ សមាគមពុទ្ធសាសនាថេរវាទ ឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី

លោកវិទូ | ថ្ងៃ ៣᧡៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ កក្កដា ២០១៩ ។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនាក់ទំនងនយោបាយការទូត ក៏ដូចជាសង្គមវប្បធម៌ តាំងពីយូរលុងណាស់មកហើយ ។ តាំងពីសតវត្សរ៍ទី ៣ មួយផ្នែកធំដោយសារឥទ្ធិពលវប្បធម៌អារ្យធម៌ឥណ្ឌា ប្រទេសកម្ពុជាបានក្លាយជាមហាអាណាចក្រ ដ៏មានអំណាចចេស្ដានុភាពរុងរឿង ក្នុងសម័យអង្គរ ។ នាសម័យទំនើប ក្រោយពីទទួលបានឯករាជ្យពីអាណានិគមបរទេស មេដឹកនាំប្រទេសឥណ្ឌានិងកម្ពុជា បានផ្សាភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពយ៉ាងរឹងមាំ ។ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីទីមួយឥណ្ឌា លោកបណ្ឌិត ជវាហរឡាល នេហ៍រូ បានជួបគ្នាលើកដំបូង នៅរាជធានីភ្នំពេញ នៅខែតុលា ឆ្នាំ ១៩៥៤ និងបន្ទាប់មកបានចាប់ផ្ដើមពង្រឹងចំណងមិត្តភាព ជាបងប្អូនរហូតមក ។

ដោយសារទំនាក់ទំនងជិតស្និទ្ធនេះហើយ បានជានៅសម័យសង្គមរាស្ត្រនិយម មានព្រះសង្ឃខ្មែរបញ្ញវន្តខ្មែរជាច្រើនអង្គ បានទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ដោយមានការចាត់​ចែង​ ដោយព្រះទ័យយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាម្ចាស់នៃយើង តាមរយៈអាហារូបករណ៍នៃរដ្ឋាភិបាលឥណ្ឌាផង និងសមាគមពុទ្ធសាសនាខ្មែរមួយចំនួនផង ។ ដោយសេចក្តីប្រាថ្នាចង់បង្កើនចំណងមិត្តភាព ជាមួយប្រទេសកាន់ព្រះពុទ្ធសាសនា នៅក្នុងបំបន់អាស៊ីអាគ្នេយ៍ ដែលទើបនឹងទទួលបានឯករាជ្យថ្មីផង លោកបណ្ឌិត នេហ៍រូ សម្លឹងឃើញវិស័យព្រះពុទ្ធសាសនា ជាឧបករណ័ការទូតវប្បធម៌ ដ៏មានប្រសិទ្ធិភាព ។ គាត់បានប្រគេនដីមួយកន្លែង មានទំហំជិត ៥ ហិចតា នៅទីក្រុងញូវដែល្លី ដែលជាអតីតឧទ្យានរបស់ស្តេចមុឃ័ល ចំពោះព្រះសង្ឃខ្មែរមួយព្រះអង្គនាម ធម្មវរៈ បែល ឡុង មហាថេរៈ ដើម្បីកសាងវត្តមួយឈ្មោះ អសោកវិហារ ក្នុងឆ្នាំ ១៩៥០ ។ ព្រះអង្គជាធម្មទូតសង្ឃខ្មែរ ដែលមានចំណេះដឹងជ្រៅជ្រះណាស់ ហើយព្រះអង្គបានចំណាយពេលជាង ៤០ ព្រះវស្សាគង់នៅប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយព្រះធម៌ និងបានកសាងវត្តខ្មែរទីមួយនៅប្រទេសឥណ្ឌា ។

បន្ទាប់មកទៀតគឺ ព្រះមហាឥសី ប្រសើដ្ឋ ឯកបញ្ញោ និងព្រឹទ្ធាចារ្យបណ្ឌិតសំបេ ។ ព្រះមហាឥសី ប្រសើដ្ឋ បាននិមន្តទៅសិក្សានៅប្រទេសឥណ្ឌា តាំងពីឆ្នាំ ១៩៦០ មកម៉្លេះ ។ ព្រះអង្គបានពលីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិនិងសាសនាខ្មែរ ។ ព្រះអង្គបានកសាងវត្តខ្មែរពីរទៀត នៅលើទឹកដីពុទ្ធភូមិដ៏ពិសិដ្ឋ គឺវត្តសាវត្ថី នៅក្រុងសាវត្ថី រដ្ឋឧត្តរប្បទេស ក្នុងឆ្នាំ ១៩៨៤ និងវត្តកុរុរដ្ឋខេមរារាម នៅទីក្រុងញូវដែល្លី ក្នុងឆ្នាំ ១៩៩៤ ។ មុននឹងបង្កើតវត្តកុរុរដ្ឋខេមរា ព្រះអង្គបានបង្កើត «សមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី» ក្នុងឆ្នាំ ១៩៩១ ដើម្បីរួមកម្លាំងគ្នារវាងខ្មែរនិងឥណ្ឌា ដើម្បីកសាងវត្តនេះឡើង ។ ក្នុងចំណោមសមាជិកជំនាន់ទីមួយប្រមាណជាង ១០ រូប មានលោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ មួយរូបផងដែរ ។ លោកព្រឹទ្ធាចារ្យ បានទៅសិក្សានៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៧២ តាមរយៈអាហរូបករណ៍វប្បធម៌រដ្ឋាភិបាលឥណ្ឌា ។ ក្រោយពីលោកតាព្រះមហាឥសី ប្រសើដ្ឋ សុគតទៅក្នុងឆ្នាំ ២០០២ បណ្ឌិត សំ បេ បានជានាយកប្រតិបត្តិនៃសមាគមខ្មែរ-ឥណ្ឌានោះ បន្តពីព្រះអង្គ រហូតដល់គាត់លាចាក់លោកទៅ នៅខែមីនា ឆ្នាំ ២០១៩ ។

ក្រៅពីនេះ នៅមានអ្នកដែលមានគុណូប្បការៈ ចំពោះសមាគមដែលបានអនិច្ចកម្មទៅ គឺលោក វិនោទ តិវារី (ភរិយារបស់គាត់បានចូលជាសមាជិកសមាគមបន្តពីគាត់) លោកតា រត័ន កុរមា កុល ។ លោកតា ជាអតីតកងព័ទឥណ្ឌានៅកម្ពុជាសម័យសង្គម ។ គាត់បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកយាយ កែវ ធន ដែលមានជាប់ខ្សែលោហិតរាជ្យវង្សខ្មែរផង ។ សព្វថ្ងៃ លោកយាយ កែវ ធន នៅជាសមាជិកចាស់ទុំជាងគេ របស់សមាគម បន្ទាប់មកមានលោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ។ គាត់ទាំងពីរនាក់ជាខ្មែរ-ឥណ្ឌា (មានសញ្ជាតិឥណ្ឌា) តែពីរនាក់គត់ នៅដល់សព្វថ្ងៃ ។

ដោយសារគុណូប្បការៈដ៏ធំធេងនេះហើយ ទើបានជាក្រុមប្រឹក្សាភិបាលជំនាន់ក្រោយនៃសមាគម ព្រមទាំងមន្ត្រីសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាផ្ដើមធ្វើ «ពិធីបុណ្យគម្រប់ខួប ២៨ ឆ្នាំ សមាគមពុទ្ធសាសនាថេរវាទ ឥណ្ឌា-ខ្មែរ នៃទីក្រុងញូវដែល្លី» នេះឡើង ។ កម្មវិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃ ៤᧢៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ កក្កដា ២០១៩ រហូតថ្ងៃ ៥᧣៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ កក្កដា ២០១៩ នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមយាងនិមន្តនិងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យនេះ ឲ្យបានច្រើនកុះករ នឹងចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។ បច្ច័យដែលបានមកពីកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ នឹងត្រូវយកទៅជុសជុលសំណង់ចាស់ៗនៅក្នុងវត្តខ្មែរញូវដែល្លី និងវត្តខ្មែរសាវត្ថី ដែលកំពុងមានភាពទ្រុឌទ្រោម ដែលជាងពីរទសវត្សរ៍មកហើយ មិនមានការជួសជុលផ្លាស់ប្តូរទេ ។

សូមអរព្រះគុណនិងអរគុណ!

សម្រាប់ព័ត៌មានបន្ថែម សូមមើលកម្មវិធីបុណ្យដែលភ្ជាប់នៅខាងក្រោមនេះ ។



© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment