ពិធីស្រង់សុគន្ធវារី ប្រគេនព្រះសមណរង្សី ទេព វុទ្ធី ព្រះគ្រូចៅអធិការជំនាន់ទី៣ នៃវត្តខ្មែរកុរុរដ្ឋខេមរារាម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, July 04, 2019

ពិធីស្រង់សុគន្ធវារី ប្រគេនព្រះសមណរង្សី ទេព វុទ្ធី ព្រះគ្រូចៅអធិការជំនាន់ទី៣ នៃវត្តខ្មែរកុរុរដ្ឋខេមរារាម

ពិធីស្រោចស្រពសុគ្ធវារីប្រគេន ព្រះសមណរង្សី ទេព វុទ្ធី ដោយសម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈជាច្រើនអង្គ
វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ, ៣ កក្កដា ២០១៩ ។
លោកវិទូ | ថ្ងៃ ៥᧣៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៤ កក្កដា ២០១៩
សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់អង្គ និងលោកជំទាវ មនិកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់ បានយាងនិមន្តនិងអញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ២៨ ឆ្នាំ នៃសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ~ខ្មែរញូវដែល្លី និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសមណរង្សី ទេព វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅ យ៉ាងឱឡារិកអធិកអធម រីករាយជ្រះថ្លាសាទរជាពន្លឹក នៅរសៀលថ្ងៃ ៤᧢៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣ កក្កដា ២០១៩ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ។

ព្រះសមណរង្សី ទេព វុទ្ធី បានទទួលសមណស័ក្តិជាព្រះរាជាគណៈថ្នាក់កិត្តិយសនេះ នៅថ្ងៃទី ២៤ ឧសភា ២០១៨ និងបានធ្វើជាព្រះគ្រូចៅអធិការ វត្តខ្មែរកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី នៅថ្ងៃទី ២១ មិថុនា ២០១៩ ។ ព្រះអង្គគឺជាព្រះគ្រូចៅអធិការជំនាន់ទី ៣ ដែលកំពុងគ្រប់គ្រងវត្តខ្មែរកុរុរដ្ឋខេមរារាមនេះ បន្ទាប់ពីលោកព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ។ តើព្រះអង្គមានប្រវត្តិការសិក្សាយ៉ាងណាខ្លះ? តើព្រះអង្គបានធ្វើអ្វី និងកសាងស្នាដៃអ្វីខ្លះ ក្នុងរយៈពេលជាងមួយទសវត្សរ៍នៃការគង់នៅប្រទេសឥណ្ឌារបស់ព្រះអង្គ?

ប្រវត្តិសង្ខេប និងសកម្មភាពដើម្បីជាតិសាសនា

ព្រះសមណរង្សី ទេព វុទ្ធី ប្រសូតនៅថ្ងៃទី ០៧ កក្កដា ១៩៨៣ នៅភូមិសំព័រ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ លុះមានវ័យវឌ្ឍនាកាលឡើង ក៏បានបួសជាសមណេរ ក្នុងឆ្នាំ ២០០០ និងបន្ទាប់មកបំពេញឧបសម្បទាជាភិក្ខុ ក្នុងឆ្នាំ ២០០៤ នៅវត្តស្វាយផ្អែម នៅស្រុកកំណើតខាងលើ ។ 

ក្រោយពីបានបញ្ចប់ពុទ្ធិកសិក្សាសាលាបាលី ពីខេត្តស្វាយរៀងហើយ ព្រះអង្គបាននិមន្តទៅបន្តការសិក្សា នៅពុទ្ធិកវិទ្យាល័យព្រះសុរាឫទ្ធិ រាជធានីភ្នំពេញ រហូតបានទទួលសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ក្នុងឆ្នាំ ២០០៨ ។ ដោយស្រឡាញ់ការសិក្សា ព្រះអង្គបានសម្រេចព្រះទ័យបន្តការសិក្សានៅក្រៅប្រទេសទៀត ។ មិនពន្យារពេលយូរ ក្នុងឆ្នាំ ២០០៨ ព្រះអង្គបាននិមន្តបន្តការសិក្សា នៅទីកដីពុទ្ធភូមិ ប្រទេសឥណ្ឌា នៅសាកលវិទ្យាល័យល្បីល្បាញមួយ ដែលមានព្រះសង្ឃខ្មែរយើងគង់រៀនច្រើនជាងគេ គឺសាកលវិទ្យាល័យហិណ្ឌូពារាណសី ទីក្រុងពារាណសី រដ្ឋឧត្តរប្បទេស នៅមិនឆ្ងាយប៉ុន្មានពីតំបន់សាន៌ាថ ជាកន្លែងព្រះសម្ពុទ្ធជាម្ចាស់នៃយើង ទ្រង់ត្រាស់សម្ដែងនូវធម្មចក្កប្បវតនសូត្រ ។ ព្រះអង្គព្យារយាមសិក្សារៀនសូត្រ នៅសាកលវិទ្យាល័យនេះ រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសង្គមវិជ្ជា ក្នុងឆ្នាំ ២០១២ និងបានចូលរួមពិធីប្រគល់សញ្ញាបត្រជាមួយព្រះអង្គខ្មែរដទៃទៀត ក្នុងឆ្នាំ ២០១៣

ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយ ព្រះអង្គក៏មើលឃើញពីភាពចំបាច់ក្នុងការកសាងវត្តខ្មែរនៅឥណ្ឌា សម្រាប់ជាទីគង់នៅរបស់សមណនិស្សិតផង សម្រាប់ជួយសម្រួលដល់អ្នកធម្មយាត្រាខ្មែរស្នាក់នៅផង និងដើម្បីផ្សព្វផ្សាយវប្បធម៌ព្រះពុទ្ធសាសនាខ្មែរផង ។ ដូច្នេះ ក្នុងឆ្នាំ ២០១៣ ព្រះអង្គបានជាវដីមួយកន្លែង នៅជិតទីក្រុងអាឡាហាបាដ នៃរដ្ឋឧត្តរប្បទេស ដើម្បីកសាងវត្តខ្មែរ ដោយដាក់ឈ្មោះតាម ទីតាំងពុទ្ធស្ថានប្រវត្តិសាស្ត្រថា វត្តខ្មែរកោសម្ពីខេមរារាម ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងឆន្ទៈមុះមុតរបស់ព្រះអង្គ និងការសហការជួយពីក្រុមការងារកសាងវត្ត វត្តខ្មែរកោសម្ពីខេមរារាម បានរីកចម្រើនយ៉ាងឆាប់រហ័សដោយមិននឹកស្មានដល់ ពីទីវាលល្ហស្ថាន ទៅជាទីសក្ការបូជា ប្រកបដោយសោភ័ណភាព រំលេចដោយក្បូរក្បាច់រចនាបទខ្មែរយ៉ាងវិចិត្រ មានរបងខ្លោងទ្វារ កុដិដែលអាចស្នាក់បានជាច្រើនរយនាក់ និងជាពិសេស ព្រះវិហារដ៏ល្អប្លែក ជាទីទាក់ទាញនៃសាមញ្ញជននិងអភិជនប្រុសស្រី ទាំងក្នុងតំបន់និងពីរដ្ឋឆ្ងាយៗ ឲ្យចូលមកទស្សនានិងធ្វើសក្ការបូជាជាប់ឥតដាច់ឡើយ ។ 

ព្រះវិហារនេះបានបញ្ចុះសីមា កាលពីខែតុលា ឆ្នាំ ២០១៧ កន្លងទៅ ដោយមានការយាងនិងអញ្ជើញចូលរួម ពីព្រះរាជាគណៈនៃគណៈសង្ឃកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា (ឯកឧត្តម ពេជ្រឃុន បញ្ញា) និងមន្ត្រីរាជការឥណ្ឌា ព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ចូលរួមយ៉ាងច្រើនកុះករ អធិកអធមក្រៃលែង ។ ជាពិសេសផងដែរ កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ បណ្ណាល័យវប្បធម៌ពុទ្ធសាសនាខ្មែរ និងសាលាធម្មសភាថ្មីក៏ត្រូវបានសាងសង់ហើយជាស្ថាពរ ក្នុងវត្តខ្មែរកោសម្ពីខេមរារាម និងបានសម្ពោធឆ្លងឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងឆ្នាំនោះដែរ ។

ក្រៅពីកិច្ចការកសាងវត្តអារាម ជារៀងរាល់ឆ្នាំ ព្រះអង្គតែងដឹកនាំក្រុមធម្មយាត្រាខ្មែរ ទៅកាន់ពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌានិងនេប៉ាល់ ដោយមិនមានព្រះទ័យខ្លាចនឿយហត់ឡើយ ។ មិនតែប៉ុណ្ណោះ ព្រះអង្គតែងសម្តែងធម៌ទេសនា ដើម្បីអប់រំស្មារតី ពុទ្ធបរិស័ទទាំងឥណ្ឌាទាំងខ្មែរ ឲ្យជ្រះថ្លាក្នុងព្រះធម៌ និងទីពុទ្ធស្ថានដ៏ពិសិដ្ឋទាំងឡាយ នៅប្រទេសឥណ្ឌាជាប្រចាំ ។

ដោយសារព្រះអង្គតែងបង្កើតនិងរក្សានូវទំនាក់ទំនងល្អ ជាមួយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់ វត្តកោសម្ពីពុំដែលមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ នៅក្នុងកម្មវិធីបុណ្យទានម្តងៗ ព្រះអង្គតែងចាត់ចែងឲ្យមានកម្មវិធីចែកទាន ដល់អ្នកស្រុកក្រីក្រ ជាច្រើនសិបនាក់ក្នុងមួយលើកៗ ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វត្តកោសម្ពីខេមរារាម បានធ្វើពិធីបុណ្យបំបួសកុលបុត្រឥណ្ឌាចំនួន ៨ នាក់ ឲ្យជាសាមណេរ ៦ អង្គ និងជាភិក្ខុ ២ អង្គ និងពុទ្ធបរិស័ទឥណ្ឌាជាង ៣០០ នាក់បានចូលរូម ក្នុងថ្ងៃពិសេសនៃវិសាខបូជា ព.ស. ២៥៦៣ គ.ស. ២០១៩ ។ តាមផ្លូវសាសនា នេះជាមហាជោគជ័យដ៏ធំធេងសម្រាប់បេសកម្មវត្តខ្មែរកោសម្ពី ដែលពុំដែលធ្លាប់មានពីមុនមកឡើយ ។

ដោយបានឃើញស្នាដៃដ៏ប្រសើរក្នុងកិច្ចការបម្រើជាតិនិងសាសនានេះហើយ ទើបព្រះភិក្ខុ ទេព វុទ្ធី បានទទួលនូវសមណស័ក្តិ និងមេដាយកិត្តិយសជាបន្តបន្ទាប់ ។ ព្រះអង្គត្រូវបានតែងតាំងជា «ព្រះគ្រូបញ្ញាសិរីបណ្ឌិតោ» ក្នុងឆ្នាំ ២០១៤ និងជា «ព្រះសមណរង្សី» ព្រះរាជាគណៈថ្នាក់កិត្តិយស ក្នុងឆ្នាំ ២០១៨ និងទទួលសញ្ញាបត្រកិត្តិយសជាឧទ្ទេសាចារ្យទស្សនវិជ្ជាព្រះពុទ្ធសាសនា ពីពុទ្ធិកសាកលវិទ្យាល័យមៃទ្រី ប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ ២០១៦ ព្រមទាំងបានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «មហាសេរីវឌ្ឍន៍» ក្នុងឆ្នាំ ២០១៧ ។ នេះគឺជាតឹកតាងនៃការទទួលស្គាល់ នូវស្នាដៃរបស់ព្រះអង្គក្នុងការបម្រើជាតិនិងសាសនា ។

ឆ្លៀតពេលដ៏មមាញឹកក្នុងកិច្ចការគ្រប់គ្រងវត្តអារាម ព្រះអង្គបានរៀនបន្តយកសញ្ញាបត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រអប់រំ ពីសាកលវិទ្យាល័យមួយ ដែលមានមូលដ្ឋាននៅក្រុងផាគវ៉ារ៉ា នៃរដ្ឋបញ្ជាព (បញ្ចាប) សាខាទីក្រុងអាឡាហាបាដ រដ្ឋឧត្តរប្បទេស ។ ចាប់ឆ្នាំ ២០១៦ ព្រះអង្គបានចូលជាសមាជិកនៃសមាគមពុទ្ធសាសនាថេរវាទឥណ្ឌា-ខ្មែរ នៃទីក្រុងញូវដែល្លី រហូតដល់បានក្លាយជាអគ្គនាយកប្រតិបត្តិនៃសមាគមនេះនាពេលបច្ចុប្បន្ន ដែលទទួលភារៈជាព្រះគ្រូចៅអធិការជំនាន់ទី ៣ នៃវត្តខ្មែរកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ។

ដូច្នេះក្នុងរយៈពេលជាងមួយទសវត្សរ៍នៃការគង់នៅប្រទេសឥណ្ឌា ព្រះអង្គបានចំណាយពេល ពោរពេញដោយសកម្មភាព ចាប់ពីការសិក្សាយកចំណេះដឹងជាន់ខ្ពស់ រហូតដល់ការកសាងវត្តអារាមព្រះពុទ្ធសាសនា និងការសម្ដែងធម្មទេសនា (ធម្មទូត) ដល់សាសនជនទាំងឡាយ ។

កាលពីម្សិលមិញរហូតនិងថ្ងៃនេះ ជាការប្រពៃណាស់ ដែលព្រះអង្គបានដឹកនាំធ្វើ ពិធីបុណ្យគម្រប់ខួប ២៨ ឆ្នាំ សមាគមពុទ្ធសាសនាថេរវាទ ឥណ្ឌា-ខ្មែរ នៃទីក្រុងញូវដែល្លី ដើម្បីរំឭកនឹកដល់គុណុប្បការៈ នៃបុព្វវីរសមណៈនិងវីរជន ដែលបានផ្ដើមកសាងវត្តខ្មែរ នៅលើទឹកដីពុទ្ធភូមិ និងបង្កើតនូវសមាគម ដើម្បីជាការបង្គ្រប់តាមតម្រូវការផ្លូវច្បាប់ផង និងជាកម្លាំងចលករ ក្នុងការកសាងវត្តអារាមជាបន្តបន្ទាប់ផង ។ ម៉្យាងទៀតពិធីបុណ្យនេះ អាចធ្វើឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរទូទៅ បានដឹងបានស្គាល់អំពីអតីតព្រះសង្ឃខ្មែរដ៏ឆ្នើម ដែលគង់នៅប្រទេសអស់កាលដ៏យូរយាណាស់មកហើយ មានសម្ដេចព្រះធម្មវរៈ បែល ឡុង មហាថេរជាដើម ។

សង្ឃឹមថា តាមយរៈការដឹកនាំដ៏ឈ្លាសរៃរបស់ព្រះសមណរង្សី ទេព វុទ្ធី វត្តខ្មែរកុរុរដ្ឋខេមរារាម នឹងរីកចម្រើនរុងរឿងប្រសើរឡើង ដើម្បីជាការរក្សានូវកេរដំណែលរបស់ព្រះមហាឥសី ប្រសើដ្ឋ ឯកបញ្ញោ និងធ្វើឲ្យសមាគមពុទ្ធសាសនាថេរវាទឥណ្ឌា-ខ្មែរ សម្រេចបាននូវគោលបំណងចំបងរបស់សមាគម គឺការបង្កើតនូវសាមគ្គីភាព ភាតរភាព ក្នុងចំណោមព្រះសង្ឃខ្មែរនៅប្រទេសឥណ្ឌា និងរវាងប្រជាជនឥណ្ឌានិងប្រជាជនកម្ពុជា តាមបណ្ដាំលោកព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ។ លើសពីនេះ បេសកកម្មរបស់សមាគមគួរតែផ្ដោតលើការកសាងធនធានព្រះសង្ឃ ក៏ដូចជាធនធានមនុស្ស ឲ្យបានមុតមាំ តាមមាគ៌ាដ៏ថ្លៃថ្លារបស់សម្តេចព្រះធម្មវរៈ បែល ឡុង មហាេថរ ព្រះសង្ឃធម្មទូតខ្មែរដ៏ឧត្តុង្គឧត្តមទី ១ នៅប្រទេសឥណ្ឌា អស់រយៈពេលជាង ៤ ទសវត្សរ៍ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a comment