បួសភ្លាមសម្ដែងធម៌ភ្លែត តើល្អឬទេ? - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, July 05, 2019

បួសភ្លាមសម្ដែងធម៌ភ្លែត តើល្អឬទេ?

រូបភាពបង្ហាញពីព្រះតេជគុណ តាក់ស៊ី កំពុងនៅលើគ្រែធម្មាសានៈ សម្ដែងធម៌ជាមួយនឹងព្រះគុណ ហ៊ី ភារម្យ ។

លោកវិទូ | ថ្ងៃ ៦᧤៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ កក្កដា ២០១៩ ។

ខាងក្រោមនេះគឺជាមតិរបស់ទំព័រហ្វេសប៊ុកមួយ ដែលអ្នកគ្រប់គ្រងគណនីទំនងជាព្រះសង្ឃ ទាក់ទងនឹងការឡើងសម្ដែងធម៌ របស់តេជគុណ តាក់ស៊ី (អតីតតារាកំប្លែងទូរទស្សន៍ CTN) ដែលទើបនឹងបួសថ្មីបាន ៩ ថ្ងៃប៉ុណ្ណោះ រួមគ្រែជាមួយព្រះតេជគុណ ហ៊ី ភារម្យ និងលោកគ្រូ ឌុង ចាន់នី ក្នងកម្មវិធីបុណ្យឆ្លងសៀវភៅធម៌មនសក្ការព្រះរតនត្រៃ នៅវត្តចំប៉ារាម ហៅវត្តរកាជួរ ឃុំក្លែង ស្រុកសណ្តាន់ នៅថ្ងៃ ៥᧣៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ កក្កដា ២០១៩ ។ មានវិដេអូនៅខាងក្រោមអត្ថបទនេះ ។

បួសភ្លាមសម្ដែងធម៌ភ្លែត តើល្អឬទេ?


បួសភ្លាមទេសន៍ភ្លែត ពិតជាខ្លាំងមែន សុំសរសើរហើយ មិនដូចលោកខ្លះបួស បួនប្រាំឆ្នាំហើយ មិនហ៊ានទេសន៍ទៀត ។ 

គេថាធម៌ពិបាករៀន ពិបាកយល់ ហេតុអ្វីបានពូ តាក់ស៊ី នេះបួសភ្លាម អាចសម្ដែងធម៌បាន បើគាត់ចេះធម៌មែន ឬមកពីគាត់មានបញ្ញាខ្លាំង អាចរៀនធម៌អាថ៌ឆាប់យល់ ឆាប់ចេះ ។ តែបើមិនទាន់យល់ទេ ទៅសម្តែងពិតជាមិនល្អទេ ព្រោះខ្លួនឯងរកផ្លូវមិនទាន់ឃើញផងនៅងងឹតនៅឡើយ ស្រាប់តែទៅប្រាប់ផ្លូវដល់អ្នកមិនទាន់ស្គាល់ដូចគ្នា តើប្រាប់ដោយវិធីណា? ឬមួយចាំប៉ុន្មាន និយាយប៉ុណ្ណឹងទាំងមិនយល់ ។ បើដូច្នេះមែន ធម៌មិនច្បាស់ ធម៌ដែលនៅវិលវល់ ធម៌បាត់ខ្លឹម នឹងចូលទៅដល់សោតានៃមនុស្សម្នាទាំងឡាយ ធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានធម៌ពិតបែរជាមិនមាន នៅតែធម៌អត់តម្លៃ កម្មវិធីសម្ដែងពន្យល់ធម៌ ហាក់បីដូចជាការលេងកំប្លែង ឬយ៉ាងណា...។ 

បើរឿងបែបនេះចេះតែកើតឡើង តើយាយតានោះ គាត់បានស្អីជាពំនឹង តើគាត់អាចឃើញធម៌ពិតដែលជាពុទ្ធធម៌ទេ? បើសម្លែងធម៌បែបកំប្លែងបែបហ្នឹង មិនចាំនិយាយថាបានស្ដាប់ធម៌បួនដប់ឆ្នាំ ម្ភៃឆ្នាំទេ ឱ្យស្ដាប់១០០ឆ្នាំទៀត ក៏មិនដឹងថានឹងបានធម៌អ្វីជាទីពឹងនៃខ្លួននោះដូចម្តេច ហើយក៏មិនដឹងថា តើអាចអភិវឌ្ឍខ្លួនឱ្យមាននិស្ស័យចាស់ក្លាដូចម្ដេចកើត ឬមួយចម្រើនតែអាយុ តែចិត្តនៅតែក្មេង ហើយក្មេងទៅៗ...។ 

ការសប្បាយពិតជាអាចធ្វើឱ្យស្បើយទុក្ខបានខ្លះ តែបើទុក្ខធំមកដល់ រឿងដែលនាំឱ្យសប្បាយនោះគ្មានន័យអ្វីឡើយ មិនអាចជួយបានទេ។ ដូចនេះតាយាយ គួរស្ដាប់ធម៌ដែលស្ដាប់ហើយកើនបញ្ញា អាចដោះស្រាយបញ្ហាផ្លូវចិត្ត កសាងកម្លាំងចិត្តជាទីពឹងដល់ខ្លួន នេះទើបជាអ្វីដែលយើងត្រូវធ្វើ...។ 

ប្រភព៖ ទំព័រហ្វេសប៊ុក សន សុខុម Sorn Sokhom 
URL: https://www.facebook.com/326345644863630/posts/454703855361141

សូមមើលនិងស្ដាប់ការសម្ដែងធម៌របស់ព្រះតេជគុណតាក់ស៊ីខាងក្រោម រួចបញ្ចេញមតិតាមការគួរ៖



No comments:

Post a Comment