ព្រះតេជគុណ ឡាមា ឡុបហ្សាំង និងលោកបណ្ឌិត រ៉ាវិន្ទ្រ ប៉ាន់ថ៍ ចូលថ្វាយបង្គំគាល់ សម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត នៅវត្តបទមវតី រាជធានីភ្នំពេញ, ២២ វិច្ឆិកា ២០១៩។ |
លោកវិទូ | ថ្ងៃ ៥ ᧺១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២១ វិច្ឆិកា ២០១៩
ព្រះតេជគុណ ឡាម៉ា ឡុបហ្សាំង (Most Ven. Lama Lobzang) ប្រធានប្រតិបត្តិសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (ញូវដែល្លី) និងលោកបណ្ឌិត រវិន្ទ្រ ប័ន្ថ (Dr. Ravindra Panth) អតីតសាកលវិទ្យាធិការនៃនវនាលន្ទាមហាវិហារ (ឋានៈជា: សាកលវិទ្យាល័យ) នៃប្រទេសឥណ្ឌា បានធ្វើទស្សនកិច្ចឯកជន នៅប្រទេសកម្ពុជា ។
ព្រះតេជគុណ និងលោកបណ្ឌិតបានចូលថ្វាយបង្គំគាស់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជកុដិ វត្តបទុមវតី រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២០ វិច្ឆិកា ២០១៩ ។ ក្នុងឱកាសនោះ ព្រះតេជគុណ បានប្រគេនថ្វាយនូវព្រះពុទ្ធបដិមាស្ពាន់មួយអង្គ ដល់សម្ដេចព្រះសុមេធាធិបតី ទុកជាអនុស្សាវរីយ៍ ។
នៅរសៀលថ្ងៃដដែល ព្រះតេជគុណ ឡាម៉ា ឡុបហ្សាំង និងលោកបណ្ឌិត រវិន្ទ្រ ប័ន្ថ បានធ្វើទស្សនកិច្ច នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានការទទួលស្វាគមន៍ពី ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរង នៃពសស ។ ព្រះធម្មឃោសាចារ្យ ក៏ជាសមាជិកប្រឹក្សាភិបាលសហព័ន្ធពុទ្ធសាសនាអន្តរជាតិដែរ ។
ក្រៅពីជាប្រធានប្រតិបត្តិសហព័ន្ធពុទ្ធសាសនាអន្តរជាតិ ព្រះតេជគុណ ឡាម៉ា ឡុបហ្សាំង ក៏ជាព្រះគ្រូចៅអធិការវត្តអសោក ទីក្រុងញូវដែល្លី ដែលពីដើមជាវត្តខ្មែរ កសាងដោយព្រះសង្ឃខ្មែរ សម្តេច ធម្មវរៈ បែល ឡុង មហាថេរ ។ ព្រះតេជគុណ ជាព្រះសង្ឃនិកាយវជ្រយានទីបេត៍ ដែលមានឥទ្ធិពល នៅប្រទេសឥណ្ឌាក្នុងវិស័យទំនាក់ទំនងសាសនា រវាងឥណ្ឌានិងពិភពលោក ដោយសារ ព្រះតេជគុណ មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលមជ្ឈិមឥណ្ឌា ៕
No comments:
Post a Comment