ប្រវត្តិសម្ដេច ព្រះធម្មវរៈ មហាថេរៈ ដែលនាយករដ្ឋមន្ត្រីឥណ្ឌាបណ្ឌិតនេហ៍រូបានប្រគេនដីធ្វើវត្តនៅញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, May 01, 2019

ប្រវត្តិសម្ដេច ព្រះធម្មវរៈ មហាថេរៈ ដែលនាយករដ្ឋមន្ត្រីឥណ្ឌាបណ្ឌិតនេហ៍រូបានប្រគេនដីធ្វើវត្តនៅញូវដែល្លី

សម្តេច ព្រះធម្មវរៈ មហាថេរៈ (ឆ្វេង) និងសម្តេច នរោត្តម សីហនុ (ស្តាំ) រូមថតដាក់តាំងនៅវត្តអសោក ទីក្រុងញូវដែល្លី (១៩៦៣?) ។ រូបភាព៖ Asoka Vihara

លោកវិទូ | ថ្ងៃ ៤᧼៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ០១ ឧសភា ២០១៩ [កំណែចុងក្រោយ ៦ ឧសភា ២០១៩]

ខ្មែរយើងភាគច្រើនពុំធ្លាប់បានឮពីព្រះសង្ឃខ្មែរមួយព្រះអង្គ ដ៏ល្បីល្បាញដែលមានមិត្តភាពស្និទ្ធស្នាលជាមួយសម្ដេច នរោត្តម សីហនុ ព្រះនាមពេញថា សម្តេច ព្រះ វីរៈ បែលឡុង ធម្មវរៈ មហាថេរៈ (១២ កុម្ភៈ ១៨៨៩~២៦ មិថុនា ១៩៩៩) ។ ព្រះអង្គធ្លាប់បានអមដំណើរសម្ដេចសីហនុ ក្នុងឋានៈជាមន្ត្រីផ្លូវការ ទៅចូលរួមសន្និសីទបណ្ឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ១៩៥៥ ។ មិនតែប៉ុណ្ណោះ ភន្តេ ធម្មវរៈ (នៅឥណ្ឌាគេនិយមហៅលោកថា ភន្តេ ធម្មវរៈ) ជាព្រះសង្ឃខ្មែរល្បីខាងវិជ្ជាសមាធិនិងការព្យាបាលជំងឺបែបធម្មជាតិដ៏ពូកែ ដែលបានញ៉ាំងលោកបណ្ឌិត នេហ៍រូ នាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌាឲ្យជ្រះថ្លាប្រគេនដីធ្វើវត្តខ្មែរមួយឈ្មោះ វត្តអសោក (យកឈ្មោះតាមព្រះបាទ អសោកមហារាជ របស់ឥណ្ឌាក្នុងសតវត្សរ៍ទី ៣ មុនគ.ស.) នៅទីក្រុងញូវដែល្លី ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ព្រះអង្គបាននិមន្តទៅគង់នៅសហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះជនភៀសខ្លួនខ្មែរ ដែលកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារសង្គ្រាម ។ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះសង្ឃខ្មែរ~អាម៉េរិកាំងទីមួយ ។

សម្តេច បែលឡុង ប្រសូតក្នុងត្រកូលដ៏ស្តុកស្តម្ភ និងមានកេរ្តិ៍ឈ្មោះមួយ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១២ កុម្ភៈ ១៨៨៩ ដែលមានជីតា ជាទីប្រឹក្សានៃព្រះបរមរាជវាំង និងឪពុកជាចៅហ្វាយខេត្ត ដោយរំពឹងថាព្រះអង្គនឹងបានក្លាយជាអ្នកស្នងត្រកូល (1) ។ មុនបួសក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរ, ព្រះអង្គជាអ្នកបានសិក្សាសូត្ររៀនខ្ពង់ខ្ពស់ និងបានធ្លាប់ធ្វើជាមេធាវី ចៅក្រម និងជាចៅហ្វាយស្រុកទៀតផង (2) ។ តាមសម្តីរបស់ចៅប្រុសរបស់ព្រះអង្គឈ្មោះ ចេង កន្ធុល បានឲ្យដឹងថា នៅអាយុ ៤០ ឆ្នាំ ក្រោយពីបានទទួលសញ្ញាបត្រច្បាប់ និងបំរើការងារជាចៅក្រម ព្រះអង្គបានព្យួរការងារ និងលាប្រពន្ធដែលកំពុងមានផ្ទៃពោះ ទៅបួសមួយរយៈ ប្រហែលពីរបីខែ តាមប្រពៃណីពុទ្ធសាសនាខ្មែរ (1) ។ ដល់ពេលត្រូវលាចាកផ្នួសវិញហើយ តែព្រះអង្គមិនចង់ទេ ហើយក៏សុំពន្យារពេលព្យួរការងារបន្តទៀត ព្រោះអង្គមានសេចក្តីពេញចិត្តជ្រះថ្លា និងមានសេចក្តីសុខស្ងប់ក្នុងភេទជាអ្នកបួសនោះណាស់ ។ លុះសំណើរពន្យារការងារត្រូវបានគេបដិសេធ ព្រះអង្គក៏លាឈប់ពីការងារតែម្តងទៅ រួចហើយក៏និមន្តទៅប្រទេសថៃឡង់ដ៍ ដោយទុកចោលប្រពន្ធនិងកូនអាយុទើបបានពីរខែរ ។ នៅប្រទេសថៃឡង់ដ៍ ព្រះអង្គបានសិក្សាពុទ្ធសាសនា រហូតដល់កម្រិតខ្ពស់បំផុត ដែលតម្លៃស្មើរនឹងថ្នាក់បណ្ឌិត (1) ។

តាមគេហទំព័រដែលគួរឲ្យទុកចិត្តបានមួយបានសរសេរថា ព្រះអង្គបានបួសសាជាថ្មី (មាននាមបញ្ញត្តិថា ធម្មវរៈ) ហើយសិក្សានិងប្រតិបត្តិធុតង្គ (ធុដុង) នៅខេត្តឧប្បលរាជធានី ប្រទេសថៃឡង់ដ៍ ក្នុងរាជព្រះបាទរាមា ទី៥ និងទី៦ ក្នុងសំណាក់ព្រះសង្ឃថៃជាន់ខ្ពស់មួយព្រះអង្គព្រះនាម ចៅឃុន ឧបាលិ គុណូបមាចារ្យ  (Chaukhun Upali Gunupamacharya) ដែលគេជឿថាព្រះអង្គជាអ្នកបានសម្រេចធម៌ជាន់ខ្ពស់ (អរហត) (3) ។ ភិក្ខុ ធម្មវរៈ បានសិក្សានិងប្រតិបត្តិនូវធុតង្គទាំង ១៣ ក្នុងសំណាក់ព្រះសង្ឃថៃអង្គនោះ ។ ធុតង្គ គឺជា​អង្គ​របស់​ធម៌​ជា​គ្រឿង​កម្ចាត់​នូវ​កិលេស ​ជា​ឈ្មោះ​វត្ត​ប្រតិបត្តិ​ដោយ​ឡែក សម្រាប់​បព្វជិត ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​កាន់​តាម​កម្លាំង​សទ្ធា ដើម្បី​ទម្រោម​ធម៌​ជា​គ្រឿង​សៅហ្មង​ចិត្ត​ឲ្យ​ថយ​ចុះ មានការឆាន់ចង្ហាន់តែមួយពាល ការអាស្រ័យនៅក្រោមដើមឈើ និងការទ្រទ្រង់​ត្រៃ​ចីវរ​ជា​វត្តជាដើម ។ ដោយការបង្ហាត់បង្រៀនពីព្រះគ្រូថៃអង្គនោះ ភិក្ខុ បែលឡុងបានប្រតិបត្តិនូវសមាធិ នៅតាមព្រៃភ្នំក្រំថ្ម ជាប់ព្រំប្រទល់ខ្មែរ~ថៃ ក្នុងខេត្តសុរិន្ទរ៍ និងស្រុកគោខណ្ឌ នៃខេត្តសិរីសាកេត អស់រយៈពេល ៦ ឆ្នាំ ។
ខ្លោងទ្វារចូលទៅកាន់វត្តអសោក ទីក្រុងញូវដែល្លី នាពេលបច្ចុប្បន្ន ។ រូបភាព៖ Asoka Vihara

ជាង ៤០ ព្រះវស្សានៃការផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា

បន្ទាប់មកភិក្ខុ ធម្មវរៈ បានចាកចេញពីប្រទេសថៃឡង់ដ៍ ទៅកាន់ប្រទេសភូមា និងបានបួសម្តងទៀតជាលើកទីបី និងបានសិក្សាក្នុងសំណាក់ព្រះ គ្រូល្បីៗនៅទីនោះ ។ បន្ទាប់មកទៀត ព្រះអង្គបាននិមន្តទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលព្រះអង្គគង់នៅ អស់រយៈពេលជាង ៤០ ព្រះវស្សា ។ ព្រះអង្គបាននាំចៅពីរនាក់មករស់នៅជាមួយផងដែរ (1) ដោយបានកសាងវត្តមួយឈ្មោះថា វត្តអសោក (Asoka Mission Vihara) នាទីព្រៃសុទ្ធតែដើមឈើ នៅទីក្រុងញូវដែល្លី ក្នុងឆ្នាំ ១៩៥០។ ដីកសាងវត្តនេះគឺត្រូវបានប្រគេនដោយបណ្ឌិត ចាវ៉ាហារឡាល់ នេហ៍រូ នាយករដ្ឋមន្ត្រីទី១ របស់ឥណ្ឌា ដោយគាត់ជ្រះថ្លាចំពោះព្រះអង្គ ដែលមានវិជ្ជាព្យាបាលរោគតាមបែបធម្មជាតិ និងវិជ្ជាវិបស្សនា ដែលបានព្យាបាលជំងឺម្តាយរបស់គាត់បានជាសះស្បើយ ។ ក្នុងពេលថ្មីនេះ ព្រះតេជគុណ ទេព វុទ្ធី ព្រះគ្រូចៅអធិការវត្តខ្មែរកោសម្ពី (ឥណ្ឌា) ដែលមានការរាប់អានគ្នាជិតដិត ជាមួយលោកអ៊ំ តារាចន្ទ មោរ៍ (ជនជាតិឥណ្ឌា) លោកព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា (ខ្មែរ~ឥណ្ឌា) និងបណ្ឌិត សំ បេ ដែលជាសហធម្មិក ក្នុងសម័យភន្តេ ធម្មវរៈ បាននិមន្តទៅទស្សនាវត្តនោះ ហើយមានសង្ឃដីការប្រកបដោយមោទនភាពថា វត្តអសោកជា «វត្តខ្មែរដំបូងគេ នៅពុទ្ធភូមិ បានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជានិងឥណ្ឌា តាមរយ:សម្តេច ព្រះធម្ម:វីរ: ជាសង្ឃខ្មែរទី១ ដែលបានទទួលស្គាល់ពី ប្រមុខរដ្ឋាភិបាលឥណ្ឌា ទាំងការទួតសាសនា នយោបាយ និងកិច្ចការសាសនាការបរទេស» (4) ។

វត្តអសោកមិនគ្រាន់តែជាវត្តធម្មតា សម្រាប់ភិក្ខុសង្ឃគង់នៅប៉ុណ្ណោះទេ ក្រោមអធិបតីនៃភន្តេ ធម្មវរៈ វត្តនេះជាសាលាសិក្សាវិបស្សា និងបានបោះពុម្ពផ្សាយនូវព្រឹត្តិបត្រជាភាសាអង់គ្លេសមានចំណងជើងថា «សម្មាកម្មន្ត» ឬ The Righ Action ដែលបានបោះពុម្ពផ្សាយលើកទីមួយ ក្នុងឆ្នាំ១៩៦១ និងមានការបង្ហាត់បង្រៀនវិបស្សនាសមាធិទៀតផង។ វិធីសាស្ត្រនៃការធ្វើសមាធិ របស់ភន្តេ ធម្មវរៈ មានលក្ខណៈពិសេសដោយឡែក ដោយគេឲ្យឈ្មោះថា «វិបស្សនាពណ៌» (Coloured Meditation) ដែលយកពណ៌បៃតងជាគ្រឿងចម្រើនវិបស្សនា ដូច្នេះគេហៅថា វិបស្សនាបៃតងក៏បាន (Green Meditation) ។ លោកអ្នកសិក្សាខាងវិបស្សនា គួរស្វែងរកប្រភពព័ត៌មានបន្ថែមទៀត អំពីវិធីសាស្ត្ររបស់ព្រះអង្គ ។ សំណាងល្អដែរ វិធីសាស្ត្រក្នុងធ្វើវិបស្សនាសមាធិរបស់ភន្តេ ធម្មវរៈ ត្រូវបានអត្ថាធិប្បាយក្នុងសៀវភៅ Leaving Lucifer អាចមានន័យថា «ការចាកចេញពីពិភពអាក្រក់» ដែលនិពន្ធដោយអ្នកស្រី អេលីហ្សាប៊ែថ រូមិគ (Elizabeth  Romig) បោះពុម្ពក្នុងឆ្នាំ ២០១៦ ។ អ្នកស្រី អេលីហ្សាប៊ែថ រូមិគ គឺជាសិស្សរបស់ព្រះអង្គ តាំងពីនៅប្រទេសឥណ្ឌាម៉្លេះ ។

ត្រឹមឆ្នាំ១៩៦១ សំណង់ក្នុងវត្ត, ដែលមានផ្ទៃដីជិត ៥ ហិចតា (១២ អែក) និងមានចម្ងាយជាង ៩ គីឡូមែត្រ (៦ ម៉ៃល៍) ពីមជ្ឈមណ្ឌលក្រុងញូវដែល្លី និងដំបូងឡើយជាទីស្ថានស្ងាត់គ្មានមនុស្សរស់នៅ, មានដូចជា ព្រះវិហារ ១ មជ្ឈមណ្ឌលវិបស្សនា ១ សាលាដែលមានចងសីមាត្រឹមត្រូវ ១ អន្តេវាសិកដ្ឋានយុវជនអន្តរជាតិ ១ និងមណ្ឌលសុខភាព ដែលព្យាបាលរោគ តាមវិធីសាស្ត្រធម្មជាតិ ១ (5) ។ ភន្តេ ធម្មវរៈ មានចក្ខុវិស័យវែងឆ្ងាយណាស់ ។ ដោយយកគំរូតាមបេសកកម្មផ្សព្វផ្សាយព្រះធម៌ របស់ព្រះបាទធម្មាសោក ក្នុងសតវត្សរ៍ទី ៣ គ.ស. ព្រះអង្គមានបំណងបង្កើតវត្តនេះ ឲ្យក្លាយជាវិទ្យាស្ថានសិក្សាព្រះពុទ្ធសាសនាអន្តរជាតិមួយ ដែលអ្នកប្រាជ្ញនិងអ្នកចេះដឹងព្រះពុទ្ធសាសនាទូទាំងពិភពលោក អាចមកស្នាក់នៅបន្តវិជ្ជាសិក្សាជាន់ខ្ពស់ និងប្រតិបត្តិធម៌បាន ។ លើសពីនេះ បំណងធំរបស់ព្រះអង្គនោះគឺ ការស្ដារឡើងវិញនូវព្រះពុទ្ធសាសនា ដែលបានបាត់បង់ស្ទើរសូន្យពីប្រទេសឥណ្ឌា ដែលជាទីកំណើតនៃព្រះពុទ្ធសាសនា ។ ព្រោះតែសកម្មភាពផ្សព្វផ្សាយព្រះធម៌ដ៏ថ្លៃថ្លានេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា គោរពព្រះអង្គដូចសម្តេចព្រះគ្រូធំប្រចាំប្រទេស ទាំងស្ថានទូតខ្មែរ ថៃ ឡាវ សុទ្ធតែគោរពស្រឡាញ់ព្រះអង្គបំផុត ។
សម្ដេចសង្ឃដាឡៃ ឡាម៉ា ទី១៤ និងសម្ដេច ព្រះធម្មវរៈ មហាថេរៈ នៅក្នុងសិក្ខាសាលាមួយ នៅរដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ។

ព្រះអង្គត្រូវបានគេនិមន្តទៅសម្តែងឱវាទ នៅក្នុងសន្និសីទអន្តរជាតិឬកម្មវិធីធំៗ នៅប្រទេសឥណ្ឌា ក៏ដូចជាក្រៅប្រទេសជាញឹកញាប់ ។ តួយ៉ាងក្នុងឆ្នាំ ១៩៥៧ ព្រះនិមន្តចូលរួមធ្វើជាអធិបតី ក្នុងសមាជការតមសាច់ពិភពលោក (World Vegetarian Congress) លើកទី ១៥ នៅទីក្រុងបុមបៃ (6)។ មិនតែប៉ុណ្ណោះ ព្រះអង្គត្រូវបានគេជ្រើសរើស ឲ្យធ្វើជាព្រះប្រធាននៃពុទ្ធិកសមាគមពិភពលោក (World Fellowship of Buddhists) ទៀតផង និងពិសេសជាងនេះគឺ ព្រះអង្គធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យហិណ្ឌូបេណារ៉េស (BHU) ដ៏ល្បីមួយ នៅទីក្រុងពារាណសី នៅដីប៉ាតឺម៉ង់ភាសាអាស៊ី (7) ។

ជាអកុសលណាស់ ក្រោយពីភន្តេ ធម្មវរៈ បាននិមន្តទៅគង់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ វត្តនេះក៏បានរបូតបាត់ពីសម្បត្តិមរតកពុទ្ធសាសនាខ្មែរ បែរជាធ្លាក់ទៅដល់ដៃសង្ឃទីបេ ហើយជាប់ក្តីតុលាការ ដោយមិនដឹងរឿងរ៉ាវពិតប្រាកដ ហើយវាបានក្លាយជារឿងអាថ៌កំបាំងជារៀងរហូតមកដល់ថ្ងៃនេះ (4) ។ បច្ចុប្បន្នវត្តនេះបានក្លាយជាដីព្រៃគ្មានសណ្តាប់ធ្នាប់ ហើយបាត់ពីដៃខ្មែរម្ចាស់ដើមយ៉ាងស្ងប់ស្ងាត់បំផុត គ្មានអ្នកទទួលខុសត្រូវស្វែងរកការពិតឡើយ ។ តើវត្តអសោកបានបាត់ពីដៃខ្មែរ ដោយរៀបណា ដោយសារអ្វី ជំនាន់អ្នក/សង្ឃអង្គណា? តើបញ្ហាដូចគ្នានេះ អាចកើតមានចំពោះវត្តខ្មែរបច្ចុប្បន្ន ទាំង ១៥ វត្តនៅឥណ្ឌា នេប៉ាល់ ដែរឬទេ? សូមលោកអ្នកអានស្វែងរកចម្លើយដោយខ្លួនឯងចុះ ។

ការចាកចេញទៅគង់នៅសហរដ្ឋអាមេរិក

ក្នុងឆ្នាំ១៩៥២ ភន្តេ ធម្មវរៈ បាននិមន្តទៅលេងស្រុកខ្មែរ ហើយបានប្រាស្រ័យទាក់ទងជិតដិតជាមួយសម្តេច សីហនុ ដែលកាលនោះព្រះអង្គ នៅគ្រងរាជ្យនៅឡើយ ។ មិត្តភាពស្និទ្ធស្នាលរវាងភន្តេ ធម្មវរៈ និងសម្តេចសីហនុ អាចឆ្លុះបញ្ចាំងបានតាមរយៈការអមដំណើរផ្លូវការជាមួយគ្នា ។ ជាតួយ៉ាង នៅខែមេសា ឆ្នាំ១៩៥៥ ព្រះអង្គបានអមដំណើរសម្តេចសីហនុ ក្នុងឋានៈជាមន្ត្រីផ្លូវការ ទៅចូលរួមសន្និសីទអាហ្វិក~អាស៊ី នៅទីក្រុងបណ្ឌុង ប្រទេសឥណ្ឌូនេស៊ី (8) ។ តាមពិតទៅ ព្រះអង្គគឺជាទីប្រឹក្សាធម៌ផ្ទាល់របស់សម្តេចសីហនុ ។ គេដឹងថាព្រះអង្គគឺជាទីគោរពសក្ការៈរបស់សម្តេច សីហនុ និងបណ្ឌិត នេហ៍រូ ដូចគ្នា។ សូមជម្រាបថា កាលដែលបណ្ឌិត នេហ៍រូ ទៀបនឹងស្លាប់ ភន្តេ ធម្មវរៈ មហាថេរៈ ក៏បានគង់នៅក្បែរគ្រែដែលគាត់ដេកទៀបនឹងស្លាប់នោះដែរ (9) ។

ព្រះអង្គគង់នៅវត្តប្រជុំសាគរ រាជធានីភ្នំពេញ ។ នៅវត្តនោះ ព្រះអង្គបានបំបួសជនជាតិអាមេរិកាំងម្នាក់ ជាអ្នកការសែតឈ្មោះ រ៉ូបឺត ឡរ៉េន បលហ្ស៊ើ (Robert Lawrence Balzer) នៅខែមីនា ឆ្នាំ១៩៥៥ មាននាមបញ្ញត្តិថា ធម្មសរណៈ (បួសបាន១២ថ្ងៃ)។ ក្រោយមក ក្នុងឆ្នាំ១៩៦៣ លោករ៉ូបឺត បានសរសេរសៀវភៅមួយ មានចំណងជើងថា «លើសពីជម្លោះ» ឬ Beyond Confict ដែលបរិយាយអំពីជីវិត និងការរស់នៅក្នុងវត្តប្រជុំសាគរនោះ ។

ភន្តេ ធម្មវរៈ បាននិមន្តទៅសហរដ្ឋមេរិកជាលើកទីនៅចុងឆ្នាំ១៩៥៥ និងដើមឆ្នាំ ១៩៥៦ តាមរយៈការនិមន្ត របស់ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមក្នុងសន្និសីទអប់រំមួយ ។ នៅរដ្ឋកាលីហ្វញ៉ា ព្រះអង្គត្រូវបានគ្រូយោគីម្នាក់ឈ្មោះ ឥន្ទ្រៈ ទេវី ណែនាំឲ្យស្គាល់លោក រ៉ូបឺត ដែលជាអ្នកមានចំណាប់អារម្មណ៍ អំពីសាសនានៅភូមិភាគអាស៊ីស្រាប់ ។

ព្រះអង្គអាចនិយាយបានជាច្រើនភាសា (រហូតដល់ ៨ ភាសា)។ ដោយឡែក ព្រះអង្គចេះភាសាអង់គ្លេសទាំងនិយាយនិងសរសេរយ៉ាងស្ទាត់ជំនាញ និងអាចទេសនាជាភាសាអង់គ្លេសបានយ៉ាងស៊ីជម្រៅ ។ ព្រោះហេតុដូច្នេះហើយ បានជាបរិស័ទជាច្រើនជាតិសាសន៍ បាននិមន្តព្រះអង្គឲ្យសម្តែងធម៌ទេសនា និងបង្រៀនវិបស្សនា  នៅប្រទេសជាច្រើនមានអាមេរិក អង់គ្លេស កាណាដា និងជប៉ុនជាដើម ។ ចាប់ពីឆ្នាំ១៩៧៣ ព្រះអង្គបាននិមន្តទៅបង្រៀនវិបស្សនាដល់សិស្សនៅ សភាចន ជ. បេន្នេត្ត ដើម្បីការអប់រំបន្ត (John G. Bennett's Academy for Continuous Education) នៅទីក្រុងស៊ើប៊ន (Sherborne) ស្រុកហ្គោសសីស្តឺរ (Gloucestershire) ចក្រភពអង់គ្លេស ។
(Kip Page, Denny DeGross, Brian, Pam, and Ben Saylor) សម្ដេច ព្រះធម្មរវៈ មហាថេរៈ និងសិស្សរបស់ព្រះអង្គ–១៩៨០ ។ ប្រភព៖ http://www.pammcdowellsaylor.com

ក្នុងឆ្នាំ១៩៧៦ ព្រះអង្គបាននិមន្តទៅគង់នៅសហរដ្ឋអាម៉េរិកជាអចិន្ត្រៃយ៍ ដើម្បីជួយសង្គ្រោះដល់ជនភៀសខ្លួនខ្មែររាប់ពាន់នាក់ ដែលភៀសខ្លួនដោយសារសង្គ្រាមនៅស្រុកខ្មែរ ។ ក្នុងឆ្នាំដដែលនោះដែរ ព្រះអង្គបានកសាងវត្តខ្មែរមួយឈ្មោះ វត្តពុទ្ធិការាម នៅស៊ីល្វើស្ព្រីង រដ្ឋម៉ារីឡែន ធ្វើជាមជ្ឈមណ្ឌលជនភៀសខ្លួន ។ ក្នុងព្រះជន្ម ៩០ ព្រះវស្សា ព្រះអង្គបានកសាងវត្តមួយទៀត ដាក់ឈ្មោះតាមព្រះនាមរបស់ព្រះអង្គគឺ វត្តធម្មវរារាម នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វញ៉ា ។

នៅទីនោះ ព្រះអង្គមានកូនសិស្សជាច្រើនរយនាក់ ដែលទៅសិក្សាឬបានស្តាប់ឱវាទរបស់ព្រះអង្គ ។ មិនត្រឹមតែសហគមន៍ខ្មែរទេ ដែលគោរពបូជាព្រះអង្គ សូម្បីចិន ថៃ ឡាវ វៀតណាម ក៏គោរពនិងជ្រះថ្លាចំពោះព្រះអង្គផងដែរ ។ ព្រះអង្គតែងត្រូវបានគេមិន្តទៅសម្តែងធម៌វិបស្សនា នៅតាមសាកលវិទ្យាល័យជាច្រើន នៅសហរដ្ឋអាម៉េរិក មានសាកលវិទ្យាល័យជ្យចថោន (Georgetown University) នៅទីក្រុងវ៉ាស៊ីនតោនជាដើម ។

មានគេអះអាងថា ក្នុងសម័យសង្គ្រាមរវាងខ្មែរក្រហម និងកងទ័ពវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ព្រះអង្គធ្លាប់បាននិមន្តដោយមេខ្មែរក្រហម (ជិះដោយដំរី) ទៅតំបន់កាន់កាប់ដោយខ្មែរក្រហម នៅភ្នំម៉ាល័យព្រុំដែនកម្ពុជា-ថៃ (10) ។

ក្នុងឆ្នាំ១៩៨៩ ក្រោពីមានការបាញ់សម្លាប់សិស្ស ៥ នាក់ នៃសាលាស្តុកតុន មានសារព័ត៌មានជាតិបានចុះផ្សាយអំពីវត្តមានរបស់ព្រះអង្គ ពេលដែលព្រះនិមន្តទៅបង្សុកូល ឧទ្ទិសបុណ្យដល់សិស្សដែលបានបាត់បង់ជីវិត (11) ។

តាមប្រភពមិនច្បាស់ការមួយថា ព្រះអង្គទទួលបានបរមងារជា «សម្តេច» ដោយព្រះរាជក្រិត ឡាយព្រះហស្ថលេខាដោយសម្តេចសីហនុ ប្រហែលក្នុងឆ្នាំ១៩៩១ ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ប្រហែលដំណាលគ្នានឹងសម្តេចព្រះមហាឃោសានន្ទ វ៉ាយ៉ាវ ដែរ ។
ស្ដូបសមាធិឧទ្ទិសចំពោះសម្ដេចព្រះវីរៈ បែលឡុង ធម្មវរៈ មហាថេរៈ ស្ថាបនិកវត្តអសោក ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ។

ជាទីអវសាន

ក្នុងព្រះជន្ម ១០៨ ព្រះវស្សា ព្រះអង្គប្រតិបត្តិកិច្ចវត្តព្រឹកល្ងាច បានយ៉ាងទៀតទាត់ ដោយតើននៅម៉ោង ៤:៣០ នាទីជារៀងរាល់ព្រឹក (7) ។ ជាពិសេស ទោះជាព្រះអង្គមានព្រះជន្ម ១០៩ ព្រះវស្សាហើយក្តី ព្រះអង្គមានលក្ខណៈពិសេសមួយ ដោយមិនវង្វេងឡើយ ហើយនៅសរសេរបានមើលសៀវភៅបាន ដោយមិនបាច់ប្រើវែនតា (10) ។ ព្រះអង្គសុគតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៩ ក្នុងព្រះជន្មាយុ ១១០ ព្រះវស្សា នៅទីក្រុងស្តុកតុន សហរដ្ឋអាម៉េរិក ។ ធាតុរបស់ព្រះត្រូវបានគេយកមកតម្កល់ក្នុងស្ដូបមួយ ដែលកសាងដោយកូនចៅរបស់ព្រះអង្គពីសហរដ្ឋអាម៉េរិក នៅក្នុងវត្តអសោក ទីក្រុងញូវដែល្លី ។ ហើយជារៀងរាល់ឆ្នាំ គេតែងប្រារព្វបុណ្យខួបរំឭកថ្ងៃកំណើតរបស់ព្រះអង្គគឺថ្ងៃទី ១២ កុម្ភៈ ។

ព្រះអង្គសុគតហើយក៏ពិតមែន តែព្រះនាម ស្នាដៃ និងកេរដំណែលរបស់ព្រះអង្គមិនបានសាបសូន្យឡើយ ។ ពេញមួយជិវិត ព្រះអង្គបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តមជា ធម្មទូត សាស្ត្រាចារ្យ ព្រះឧបជ្ឈាយ៍ចារ្យ និងបិតានៃប្រជាជនខ្មែរនិងបរិស័ទជាច្រើនឥតគណនា នៅសហរដ្ឋម៉េរិក ។

ព្រះអង្គបានបង្រៀនធម៌ដល់ពុទ្ធបរិស័ទ ស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ប៉ុន្តែសរុបសេចក្តីឲ្យខ្លីមកគឺ ព្រះអង្គតែងតែងបង្រៀនថា «អ្នកគឺជាអ្វីដែលអ្នកគិត អ្នកគឺជាអ្វីដែលអ្នកបរិភោគនិងផឹក។» ឬ ‘You are what you think; you are what you eat and drink.’ ៕

ប្រភពព័ត៌មាន៖
(1) Stewart, Barbara (1999), "Bellong Mahathera Is Dead; Cambodian Monk Was 110," The New York Times, 18 July.
(2) Fort, Sam St. Clair (1999), "Bhante Dharmawara," Forest Sangha Newsletter, No. 50, October, URL: https://web.archive.org/web/20070927033606/http://www.amaravati.org/fsn/pdf/FSNL_50.pdf
(3) Bodhi Mirror "THE VENERABLE BHANTE V. DHARMAWARA," [Online: web] Accessed 30 April 2019, URL: http://www.drbachinese.org/vbs/101_132/vbs101/101_7.htm.
(4) វត្តខ្មែរកោសម្ពីខេមរារាមនៅឥណ្ឌា / Wattkhmerkaushambikhemararam In India (2019), «អត្ថបទជំនួយការយល់ដឹងពីជំលោះផ្ទៃក្នុងខាងសាសនា និងវត្តអារាម», Facebook Post, 30 April.
(5) Asoka Mission Vihara (1961), The Right Action, Vol. 1. No. 4 November 1961.
(6) The Times of India (1957), "Yoga Exponent From America Talk On Vegetarianism," November 5.
(7) Fox, M. (2008), The Hidden Spirituality of Men: Ten Metaphors to Awaken the Sacred Masculine, Novato, California: New World Library.
(8) ការសន្ទនាអនឡាញរបស់លោកវិទូ ជាមួយលោកសាស្ត្រាចារ្យ ចន ម៉ាស្តុន; សូមអានផងដែរ៖ Ministry of Foreign Affairs (1955), Asia-Africa Speaks from Bandung, Djakarta: The Ministry of Foreign Affairs, Republic of Indonesia.
(9) The Times of India (2002), "Vajpayee get a King’s banquet," 12 April.
(10) នយោបាយខ្មែរអង្គរ (2010), «តើហេតុអ្វីបានជាខ្ញុំទៅនៅក្នុងព្រៃជាមួយខ្មែរក្រហម?», [Online: web] Accessed 30 April 2019, URL: https://kapsystem.wordpress. com/2010/01/14/ព្រះសង្ឃនៅតំបន់រំដោះ.
(11) Gross, Jane (1989), "Stockton Journal; Where 5 Died, a Monk Gives Solace", The New York Times, 11 May.

© រក្សាសិទ្ធិដោយលោកវិទូ