ប្រវត្តិជនជាតិអាម៉េរិកាំងម្នាក់បានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរក្នុងឆ្នាំ១៩៥៥ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, May 03, 2019

ប្រវត្តិជនជាតិអាម៉េរិកាំងម្នាក់បានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរក្នុងឆ្នាំ១៩៥៥

លោក រ៉ូបឺត ឡរ៉េន បលស៊ើ មុនពិធីបំបួសបន្តិច កំពុងនិយាយទៅកាន់សម្តេចព្រះធម្មលិខិត ល្វី ឯម (នៃវត្តលង្គារ) គង់បន្ទាប់គឺភន្តេ ធម្មវរៈ (ជាព្រះឧបជ្ឈាយ៍របស់គាត់) និងគង់ក្បែរលោកគឺសម្តេច ឥន្ទញាណោ ភុល ទេស (នៃគណៈធម្មយុត្តិកនិកាយ), វត្តប្រជុំសាគរ ភ្នំពេញ, ០៨ មីនា ១៩៥៥ ។ រូបភាព៖ វីគីភីឌា

លោកវិទូ | ថ្ងៃ ៦᧾៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ០៣ ឧសភា ២០១៩

ក្នុងសម័យសង្គមរាស្ត្រនិយម មានជនជាតិអាម៉េរិកាំងម្នាក់ បានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ, បានទទួលគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាថ្នាក់សហមេត្រី ពីសម្តេច នរោត្តម សីហនុ និងបានសរសេរសៀវភៅមួយក្បាល អំពីបទពិសោធន៍នៃការរស់នៅ របស់គាត់កាលនោះទៀតផង ។

បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង កម្ពុជាបានក្លាយជា «កោះសន្តិភាព» ក្នុងតំបន់អាស៊ីអាគ្នេយ៍ អស់រយៈពេលប្រមាណជា ១៦ ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ ។ ប្រទេសក្នុងតំបន់ជាច្រើនដែលទើបបានទទួលឯករាជ្យបានជួបវិបត្តិជាច្រើន មានវិបត្តិនយោបាយផ្ទៃក្នុង និងការបែកចែកទឹកដីជាដើម ស្របពេលសង្គ្រាមត្រជាក់កំពុងតែកើនកម្ដៅបន្តិចម្តងៗបង្កើតបានជា «សង្គ្រាមវៀតណាម» ដែលមានការផ្ទុះការវាយប្រហារខ្លាំង នារដូវចូលឆ្នាំវៀតណាម ក្នុងឆ្នាំ១៩៦៨ ។ 

ស្ថេរភាពនិងសន្តិភាពរបស់កម្ពុជាបានផ្ដល់ឱកាសល្អ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅសម័យសង្គមរាស្ត្រនិយម ។ វត្តអារាមជាសាលាបណ្តុះចំណេះដឹងដ៏សំខាន់ ។ ពាក្យទំនៀមថា «កូនប្រុសដើមទ្រូងប្រាំហត្ថ» ជាពេក្យកំពុងពេញនិយមក្នុងសម័យនោះ ដែលមានន័យថា កើតមកជាប្រុសហើយ បើមិនបានបួសរៀនទេ គឺមិនពេញលក្ខណៈជាប្រុសឡើយ ។ ព្រះសង្ឃពុទ្ធសាសនាខ្មែរត្រូវបានគេមើលឃើញថា ជាប្រភពដ៏សំខាន់នៃធនធានមនុស្សដែលបានរីកចម្រើន តាំងពីសម័យអាណានិគមន៍មកម្ល៉េះ ។ ដំណេះដឹងដែលមានភាពទូលំទូលាយរបស់ព្រះសង្ឃខ្មែរ បានទាក់ទាញជនជាតិបរទេះមួយចំនួនឲ្យចូលមកបួសរៀន ក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ ។ ក្នុងនោះគឺលោក  រ៉ូបឺត ឡរ៉េន បលហ្ស៊ើ (Robert Lawrence Balzer) ដែលជាជនជាតិអាម៉េរិកាំង ។

លោក រ៉ូបឺត ឡរ៉េន បលហ្ស៊ើ ជាអ្នកកាសែត និងជាអ្នកនិពន្ធសៀវភៅផង និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ គាត់បានបំរើការងារជាអ្នកយការណ៍ឲ្យសហសារព័ត៌មាន (United Press) ប្រចាំអាស៊ី និងទន្ទឹមនឹងនោះ ក៏បានធ្វើជាអ្នកចុះផ្សាយអត្ថបទឃោសនា ឲ្យសេវាកម្មព័ត៌មានសហរដ្ឋអាម៉េរិក (US Information Service) ផងដែរ ។ ក្នុងពេលនោះដែរ គាត់ក៏ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះព្រះពុទ្ធសាសនា ។ លោក បលហ្ស៊ើ មកប្រទេសកម្ពុជាកាលនោះ គឺដើម្បីរាយការណ៍ អំពីពិធីឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះបាទសម្ដេច នរោត្តម សុរាម្រិត (ព្រះបិតារបស់សម្តេច នរោត្តម សីហនុ) ។ 

ក្រោយពីរាយការណ៍អំពីពិធីនោះរួច គាត់បានសិក្សាព្រះពុទ្ធសាសនា និងបានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ នៅខែមីនា ឆ្នាំ១៩៥៥ នៅវត្តប្រជុំសាគរ រាជធានីភ្នំពេញ ដោយមានភន្តេ ធម្មវរៈ មហាថេរៈ (បែល ឡុង) ជាព្រះឧបជ្ឈាយ៍ ក្រោមវត្តមានរបស់មន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនអង្គ និងមាននាមបញ្ញត្តិថា «ធម្មសរណៈ» (1) ។

ការបួសនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ ។ នេះបង្ហាញឲ្យឃើញថា កាលនោះព្រះពុទ្ធសាសនាខ្មែរយើង ពិតជាល្បីរន្ទឺគួរជាទីជ្រះថ្លានៃមហាជនពេញសាកលលោក ។ ភន្តេ ធម្មវរៈ មហាថេរៈ ជាព្រះសង្ឃខ្មែរល្បីខាងវិជ្ជាសមាធិនិងការព្យាបាលជម្ងឺបែបធម្មជាតិដ៏ពូកែ ដែលបានញុំាងលោកបណ្ឌិត នេហ៍រូ នាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌា ឲ្យជ្រះថ្លាប្រគេនដីធ្វើវត្តខ្មែរមួយនៅទីក្រុងញូវដែល្លី ។
ព្រះតេជព្រះគុណ ធម្មសរណៈ (Balzer), វត្តប្រជុំសាគរ ភ្នំពេញ, មីនា ១៩៥៥ ។ រូបភាព៖ វីគីភីឌា

ក្រោយពីបួសហើយ ព្រះតេជព្រះគុណ បលហ្ស៊ើ ធម្មសរណៈ បានសិក្សាព្រះពុទ្ធសាសនាក្នុងសម្នាក់ភន្តេ ធម្មវរៈ ។ ព្រះតេជព្រះគុណគង់នៅកុដិខ្ទមឫស្សី ក្នុងវត្តប្រជុំសាគរ និងបានប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន ដោយតើនពីសឹងនៅម៉ោង ៥ ព្រឹក ដើម្បីធ្វើសមាធិរយៈពេល ២ ម៉ោង និងបន្ទាប់មក និមន្តនៅបិណ្ឌបាត្រដោយជើងទទេ នៅតាមផ្លូវដែលមានធូរលីដីហុយ ។ ព្រះតេជព្រះគុណបានសង្ឃដីកាថា «គ្មានតុអាហារនៃបុណ្យអំណរគុណរបស់អាម៉េរិកណា ដែលអាចស្មើនឹងប្រមាណនៃចង្ហាន់ ដែលប្រជាជនខ្មែរដ៏សប្បុរសបានប្រគេនដល់ខ្ញុំឡើយ» (2) ។

ពេលឃើញលោកនិមន្តបិណ្ឌបាត្រ ប្រជាជនតាមដងផ្លូវ ចូលក្នុងទិញចង្ហាន់ប្រគេនលោក ។ ញាតិញោមស្រីមកពីស្រុកស្រែ ប្រគេនចង្ហាន់លោក នៅសាលាឆាន់ ។ ទាំងអស់នេះធ្វើឲ្យលោកគិតថា បុណ្យអំណរគុណរបស់អាម៉េរិក ក៏ពុំស្មើនឹងចង្ហាន់របស់ពុទ្ធបរិស័ទខ្មែរឡើយ ។ មានគេសួរលោកថា ហេតុអ្វីបានជាលោកមកបួសយ៉ាងដូច្នេះ, លោកឆ្លើយតបថា «អាត្មាបានឆ្លងកាត់គ្រប់រស់នៃជីវិតអស់ហើយ លើកលែងតែភាពក្រីក្រ ។ ការបួសរបស់អាត្មានេះ គឺធ្វើឡើងក្រោយពីអាត្មាបានសិក្សា [អំពីព្រះពុទ្ធសាសនា] អស់រយៈពេល ៥ ឆ្នាំ» (2) ។ ដូច្នេះការបួសរបស់លោក គឺចេញមកពីសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដ ។

ព្រះតេជព្រះគុណ បលហ្ស៊ើ ធម្មសរណៈ បួសបាន ១២ ថ្ងៃ ក៏លាចាក់សិក្ខាបទទៅ ។ លើសពីនេះ លោក បលហ្ស៊ើ បានបង្កើតទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយសម្តេចសីហនុផងដែរ (3) រហូតដល់បានទទួលនូវគ្រឿងឥ​ស្សរិយយ​ស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់សហមេត្រី ពីសម្តេចសីហនុទៀតផង (4) ។

ក្រោយមក លោក បលហ្ស៊ើ បានសរសេរអំពីការបទពិសោធន៍ នៃការស្នាក់អាស្រ័យនៅក្នុងវត្តនោះ នៅក្នុងសៀវភៅរបស់គាត់ ដែលមានចំណងជើងថា «លើសពីជម្លោះ» ឬ «Beyond Conflict» ដែលបានបោះពុម្ពក្នុងឆ្នាំ១៩៦៣ ។

លោក បលហ្ស៊ើ កើតនៅថ្ងៃទី ២៥ មិថុនា ១៩១២ នៅរដ្ឋអាយអូវ៉ា និងទទួលមរណភាពនៅថ្ងៃទី ២ ធ្នូ ២០១១ នៅអាយុ ៩៩ ឆ្នាំ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក ៕

ប្រភពព័ត៌មាន៖
(1) Balzer, R. L. (1963), Beyond Conflict, Indianapolis: Bobbs-Merrill.
(2) Geni (2019), "About Robert Lawrence Balzer," [Online: web] Accessed 03 April 2019, URL: https://www.geni.com/people/Robert-Balzer/6000000018390332414.
(3) Online Achieve of California (2011), "The Finding Aid of the Robert Lawrence Balzer Papers 0014," [Online: web] Accessed 03 March 2019, URL: https://oac.cdlib.org/findaid/ark:/13030/c87w6jrd/entire_text/.
(4) Prabook (2019), "Robert Lawrence Balzer," [Online: web] Accessed 03 March 2019, URL: https://prabook.com/web/robert_lawrence.balzer/613274.

© រក្សាសិទ្ធិដោយលោកវិទូ