ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច និមន្តចូលរួមក្នុងសន្និបាតព្រះពុទ្ធសាសនាសាកល នៅទីក្រុងឱរ័ង្គាបាទ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, November 24, 2019

ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច និមន្តចូលរួមក្នុងសន្និបាតព្រះពុទ្ធសាសនាសាកល នៅទីក្រុងឱរ័ង្គាបាទ

ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច ជាភ្ញៀវកិត្តិយស នៅក្នុងសន្និបាតព្រះពុទ្ធសាសនាសាកល ទីលាននាគសេន ទីក្រុងឱរ័ង្គាបាទ, ២២ វិច្ឆិកា ២០១៩ ។

លោកវិទូ | ថ្ងៃ ១᧽១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៤ វិច្ឆិកា ២០១៩

ឱរ័ង្គាបាទ៖ សន្និបាតព្រះពុទ្ធសាសនាសាកល រយៈពេលបីថ្ងៃ ប្រារព្ធធ្វើនៅទីក្រុងប្រវត្តិសាស្ត្រ ឱរ័ង្គាបាទ រដ្ឋមហារាស្ត្រៈ ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ សន្និបាតនេះរៀបចំឡើងដោយគណៈសង្ឃឥណ្ឌា All India Bhikkhu Sangha ។ សន្និបាតព្រះពុទ្ធសាសនាសាកលនេះ គឺជាការប្រមូលផ្ដុំរបស់ពុទ្ធសាសនាឥណ្ឌាដ៏ធំសម្បើមមួយ នៅទីក្រុងឱរ័ង្គាបាទ ដើម្បីផ្សព្វផ្សាយនូវព្រះពុទ្ធឱវាទមានជាអាទិ សមាធិ សន្តិភាព និងមេត្តាករុណា ។

នៅក្នុងឱកាសដ៏គួរឲ្យរីករាយជ្រះថ្លានេះ មានការនិមន្តចូលរួមជាពិសេសខ្ពង់ខ្ពស់បំផុតរបស់ សម្តេចសង្ឃ ដាឡៃ ឡាមា ទី ១៤ ព្រះតេជគុណបណ្ឌិត វរ័កគោដា ធម្មសិទ្ធិ ស្រីបញ្ញានន្ទ ញាណរតនពិធាន មហានាយក ថេរ នៃប្រទេសស្រីលង្កា (Ven. Dr. Warakagoda Dhammasiddhi Sri Pagnananda Gnanarathanabidhana Mahanayaka Thero of Srilanka) ព្រមទាំងព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គនិមន្តពីទូទាំងប្រទេសឥណ្ឌា និងប្រទេសដទៃទៀតជាង ១០ ប្រទេស មានកម្ពុជា ថៃ ស្រីលង្កា នេប៉ាល់ ទីបេត៍ កូរ៉េខាងត្បូង ជាដើម ។ ពុទ្ធបរិស័ទ ឧបាសកឧបាសិកា ជាតិនិងអន្តរជាតិរាប់ពាន់នាក់ បានចូលរួមក្នុងមហាសន្និបាតពុទ្ធសាសនានេះផងដែរ ។

នៅក្នុងនោះក៏មានព្រះសង្ឃខ្មែរ ដែលគង់នៅប្រទេសឥណ្ឌា ពីរព្រះអង្គត្រូវបាននិមន្តចូលរួម ក្នុងនាមជាភ្ញៀវកិត្តិយស ក្នុងសន្និបាតនេះគឺ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរពារាណសី និងសហធម្មិក លោកតា ព្រះភិក្ខុ សែម ស៊ុន គង់នៅវត្តនោះដែរ ។

និមន្តឡើងថ្លែងនៅលើវេទិកា ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច មានថេរដីកាចាប់អារម្មណ៍យ៉ាងដូច្នេះថា «ព្រះអង្គនៅប្រទេសឥណ្ឌាជិត ២០ ឆ្នាំហើយ តែមិនដែលបានឃើញពុទ្ធបរិស័ទច្រើនបែបនេះទេ ហើយនៅពេលនិមន្តចូលមកកាន់រោងវេទិកា មានពុទ្ធបរិស័ទតម្រង់ជួរតាមផ្លូវ ហើយធ្វើនូវវន្ទនកិច្ចថា វន្ទាមិ ភន្តេ វន្ទាមិ ភន្តេ គ្រប់ៗគ្នា» ។ ព្រះអង្គបានបន្ដទៀតថា ព្រះអង្គបានប្រាប់ពុទ្ធបរិស័ទពីប្រទេសកម្ពុជាកាលពី ២០ ឆ្នាំមុនថា «គ្មានពុទ្ធបរិស័ទនៅឥណ្ឌានេះទេ ប៉ុន្តែពេលព្រះអង្គបាននិមន្តមកទីនេះ ឃើញមានមិនតិចទេ» ។
ពីឆ្វេង៖ ព្រះភិក្ខុ សែម ស៊ុន និងព្រះតេជគុណ បណ្ឌិត សែម ប៉ិច, គុហាអេលោរ៉ា ទីក្រុងឱរ័ង្គាបាទ រដ្ឋមហារាស្ត្រៈ, ២៣ វិច្ឆិកា ២០១៩ ។

ឱរ័ង្គាបាទ ជាទីក្រុងប្រវត្តិសាស្ត្រមួយ នៅរដ្ឋមហារាស្ត្រៈ ដែលល្បីល្បាញដោយសារមានគុហាព្រះពុទ្ធសាសនាជាច្រើនរួមទាំង គុហាអជន្តា និងគុហាអេលោរ៉ា ដ៏ល្បីល្បាញពេញពិភពលោក និងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យ របស់អង្គការយូណេស្កូ ។ ទីក្រុងឱរ័ង្គាបាទ មានប្រជាជនជាពុទ្ធបរិស័ទជាង ៤០ ម៉ឺននាក់ (៤ ឡ័ខ) និងដោយសារនៅទីនេះ លោកបណ្ឌិត អាម្ពឌករ (បិតាស្ថាបនិករដ្ឋធម្មនុញ្ញឥណ្ឌា) បានបង្កើតគ្រឹះស្ថានសិក្សាជាច្រើន នៅក្នុងតំបន់នាគសេនវ័ន នៅក្នុងឆ្នាំ ១៩៥០ ទើបធ្វើឲ្យប្រជាជនមកសិក្សារៀនសូត្រ និងរស់នៅទីនេះច្រើនឡើង ។

គួររំឭកផងដែរថា ក្រោយបានឯករាជ្យពីអាណានិគមអង់គ្លេស ប្រទេសឥណ្ឌាមិនមានស្ថិតិពុទ្ធបរិស័ទឡើយ ពុទ្ធសាសនាបានសាបសូន្យឈឹង ពីទឹកដីកំណើតរបស់ខ្លួន ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ ជាប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងការស្ដារឡើងវិញនូវព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា គឺការប្រកាសចូលកាន់ព្រះពុទ្ធសាសនា របស់លោកបណ្ឌិត អាម្ពឌករ រួមទាំងបរិស័ទប្រមាណ ៦០ ម៉ឺននាក់ (៦ ឡ័ខ) នៅទីក្សភូមិ នាគបុរ៍ រដ្ឋមហារាស្ត្រៈ នៅថ្ងៃទី ១៤ តុលា ១៩៥៦ ។ ចលនាអាម្បេដការនេះ បង្កើតបានជាអត្តសញ្ញាណថ្មីមួយរបស់ព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិ ដែលគេឲ្យឈ្មោះថា «នវយាន» ដែលបកស្រាយទ្រឹស្តីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ។

កម្មវិធីផ្សេងៗនៃសន្និបាតព្រះពុទ្ធសាសនាសាកលទាំងបីថ្ងៃ មានដូចជា ការធ្វើវិបស្សនាសមាធិជារៀងរាល់ព្រឹក ការសម្ដែងព្រះធម៌ទេសនាដោយព្រះភិក្ខុសង្ឃ ការសម្ដែងធម្មទេសនាពិសេសដោយសម្ដេចសង្ឃ ដាឡៃ ឡាមា ការធ្វើបទបង្ហាញដោយសាស្ត្រាចារ្យជាច្រើននាក់ និងការសម្ដែងសិល្បៈវប្បធម៌ដោយក្រុមយុវជនពុទ្ធសាសនា ។ នេះជាឱកាសប្រកបដោយបុណ្យកុសលយ៉ាងធំធេង សម្រាប់ពុទ្ធបរិស័ទឥណ្ឌាជាទូទៅ និងពុទ្ធបរិស័ទនៅទីក្រុងឱរ័ង្គាបាទជាពិសេស និងញ៉ាំងពុទ្ធបរិស័ទឲ្យកាន់តែជ្រះថ្លាជឿជាក់ ក្នុងព្រះពុទ្ធសាសនាខ្លាំងឡើង ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment