សីលធម៌សង្គមសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងការសម្ដែងមរណទុក្ខ៖ សារ ឥរិយាបថ និងរូបថត (ភាគ១) - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, November 24, 2019

សីលធម៌សង្គមសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងការសម្ដែងមរណទុក្ខ៖ សារ ឥរិយាបថ និងរូបថត (ភាគ១)

រូបគំរូ៖ RIP ត្រូវបានគេឆ្លាក់ឬសរសេរនៅលើផ្លាកថ្មនៅនឹងផ្នូរខ្មោច តាមលទ្ធិសាសនាគ្រិស្ត ។ រក្សាសិទ្ធិ Alamy

លោកវិទូ | ថ្ងៃ ១᧽១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៤ វិច្ឆិកា ២០១៩

បណ្ដាញសង្គមមានហ្វេសប៊ុកជាអាទិ កំពុងតែពេញនិយមខ្លាំង ក្នុងចំណោមប្រជាជនខ្មែរស្ទើរគ្រប់វ័យ ។ បណ្ដាញទូរតំណនេះ បានផ្ដល់ភាពងាយស្រួលនិងសម្បូរបែប នៅក្នុងការទាក់ទងគ្នាគ្រប់វិស័យ ដើម្បីផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាទទួលបានព័ត៌មាន និងជាវេទិកាចំហជើងមេឃ សម្រាប់ការសម្ដែងអារម្មណ៍ផ្ទាល់ខ្លួនដោយអាការផ្សេងៗ ។ រឿងល្អរឿងអាក្រក់សព្វគ្រប់បែបយ៉ាង ត្រូវបានបង្ហោះបង្ហាញលាតត្រដាងព្រោងព្រាត ដោយសាមីខ្លួនខ្លះដោយអ្នកដទៃខ្លះ សមរម្យខ្លះមិនសមរម្យខ្លះ តាមអធ្យាស្រ័យនិងកម្រិតសតិសម្បជញ្ញៈរបស់អ្នកប្រើប្រាស់ ។

នៅក្នុងទីនេះយើងសូមលើកយកបញ្ហាសីលធម៌សង្គមមួយ ទាក់ទងនឹងការសម្ដែងមរណទុក្ខ លើបណ្ដាញសង្គម ដែលមើលទៅនៅខ្លះចន្លោះ មិនសមរម្យដោយមិនដឹងខ្លួន ក្នុងការប្រើប្រាស់ពាក្យពេចន៍ ឥរិយាបថទឹកមុខនិងកាយវិការ និងការថតរូនិងការបង្ហោះរូបភាព ដែលមិនឆ្លុះបញ្ចាំងនូវការគោរពចំពោះសព និងអាម្មណ៍សោកស្ដាយចំពោះគ្រួសារសព ។

ការប្រើប្រាស់សារ

អ្នកលេងសង្គមហ្វេសប៊ុកជាច្រើនស្ទើរស៊ាំនឹងការប្រើពាក្យជាភាសាអង់គ្លេសថា RIP = Rest In Peace ដែលប្រែតាមស័ព្ទថា «សូមសម្រាកក្នុងសន្តិភាព» ឬអាចមានន័យស្មើនឹងពាក្យថា «សូម​ទៅកាន់​សុគតិភព» ។ ប៉ុន្ដែក្នុងទស្សនាទានសាសនាវិញ វាមានន័យផ្សេង ដែលយើងត្រូវសិក្សាសម្គាល់ ។ តើពុទ្ធសាសនិកខ្មែរគួរប្រើពាក្យនេះទេ?

មានទស្សនៈខ្លះថា ការប្រើប្រាស់សារ RIP ជាភាសាអង់គ្លេសនេះ ហាក់មិនត្រឹមត្រូវឡើយ សម្រាប់ប្រជាជនខ្មែរជាពុទ្ធសាសនិក ។ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) បានសរសេរលើទំព័រហ្វេសប៊ុករបស់ព្រះអង្គថាពាក្យ RIP នេះ «ជាទស្សនាទាន concept មួយក្នុងគ្រឹស្តសាសនា ដែលសំដៅន័យ សូមឱ្យបានទៅនៅជាសុខជាមួយព្រះម្ចាស់សួគ៌។» ម៉្យាងទៀត RIP នេះគឺគេតែងតែសរសេរឬឆ្លាក់នៅលើផ្លាកថ្មនៅនឹងផ្នូរខ្មោច តាមលិទ្ធិសាសនាគ្រិស្ដ ។ សេចក្តីនេះឃើញថាមិនសមស្របឡើយ ដែលយកពាហិរសាសនា (សាសនាដទៃ) ធ្វើជាសរណៈ (ទីពឹង) ។ «ពុំមានបំណងប្រកាន់រើសអើងសាសនាទេ ប៉ុន្តែយើងជាពុទ្ធសាសនិកមិនគួរប្រើពាក្យនេះឡើយ» ព្រះអង្គមានថេរដីកាបន្ថែម ។

តើយើងត្រូវប្រើសារយ៉ាងណាវិញ ទើបសមរម្យជាពុទ្ធសាសនិក? ជាភាសាខ្មែរយើងនិយមប្រើជាទូទៅថា «សូមទៅកាន់សុខគតិភព» ត្រឹមត្រូវហើយ ។ បើចង់ប្រើភាសាអង់គ្លេស ព្រះធម្មឃោសាចារ្យ ព្រះអង្គបានផ្ដល់អនុសាសន៍ថា «សម្រាប់ពុទ្ធសាសនិក គួរសរសេរថា May she/he attain Nibbāna [soon]! ឬ May she/he attain a blissful state!» ព្រះអង្គបន្ថែមទៀតថា បើពុំនោះទេអាចសរសេរកាត់ ABS = Attain a Blissful State ឬសរសេរខ្លីថា Nirvāna ក៏បាន ។

ម្យ៉ាងវិញទៀត ពាក្យពេចន៍ឬសារសម្រាប់សម្ដែងការសោកស្ដាយ និងជួយរំលែកមរណទុក្ខ គួរនាំគ្នានិយមប្រើឲ្យបានសមស្របជាពុទ្ធសាសនិកផងដែរ ។ ខ្មែរយើងនិយមនិយាយទៅកាន់គ្រួសារសពថា «សូមចូលរួមរំលែកទុក្ខផង» ។ អ្នកប្រើភាសាអង់គ្លេសអាចនិយាយដោយខ្លីថា «My deepest condolence / With deepest sympathy» ឬថា «I am sorry for your loss» ។ ប៉ុន្ដែតាមមតិយើងខ្ញុំ សូមលើកទឹកចិត្តឲ្យប្រើជាភាសាបាលីវិញអាចសរសេរជាអក្សរខ្មែរថា «អនិច្ចា វត សង្ខារា» ឬ «វយធម្មា សង្ខារា» ឬជាអក្សរឡាតាំងថា “Anicca Vata Sankhara” (AVS, ប្រែថា៖ សង្ខារធម៌ទាំងឡាយមិនទៀងមែនពិត) ឬ “Vaya-dhamma Sankhara” (VDS, ប្រែថា៖ សង្ខារធម៌ទាំងឡាយមិនទៀង មានការបែកធ្លាយទៅជាធម្មតា) ។ ឃ្លានេះសមរម្យណាស់សម្រាប់ព្រះសង្ឃប្រើ ។ សម្រាប់ពុទ្ធសាសនិកនៅប្រទេសស្រីលង្កា ជាធម្មតាគេប្រើឃ្លាទាំងពីរ ដើម្បីសម្ដែងមរណទុក្ខចំពោះមិត្តភ័ក្តិឬសាច់ញាតិទូទៅ ។ ខ្មែរយើងច្រើនប្រើស័ព្ទត្រៃលក្ខណៈ និងច្រើនតែសរសេរលើស្លាកថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា» (មានន័យថា រូបកើតមកជាទុក្ខ មិនទៀង និងមិនមែនជារបស់ខ្លួន) ។

សម្រាប់សាសនិកហិណ្ឌូវិញគេប្រើពាក្យថា «ឱម សានតិ» (បា. សន្តិ) (Om Shanti) «ស្រទ្ធាំជលិ» (Shradhanjali) ឬ «សូមព្រះជាម្ចាស់ប្រទានពរដល់ដួងព្រលឹងគាត់ឲ្យបានដល់នូវមោក្ស (បា. មោក្ខ)» (May God bless his/her soul with Mokhsa) ។

ភាពខុសគ្នាក្នុងប្រើប្រាស់ពាក្យនិងឃ្លាទាំងនេះ គឺដោយសារទស្សនាទាន និងជំនឿផ្សេងគ្នា ក្នុងរឿងព្រលឹង វិញ្ញាណ ឬជីវិត ក្រោយស្លាប ។ ដូច្នេះ ការធ្វើបដិវត្តន៍វប្បធម៌បរទេសឲ្យមកជាលក្ខណៈខ្មែរ គឺជាអ្វីដែលដូនតាខ្មែរយើងបានធ្វើ ប្រកបដោយប្រាជ្ញាញាណ និងការឆ្នៃប្រឌិតខ្ពស់ ។ យើងគួររៀនតាមដូនតាយើង ។ ដូច្នេះ ចូរអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ពិចារណតាមការគួរផងចុះ ថាតើគួរប្រើ RIP បន្តទៅទៀត ឬក៏ប្តូរមកប្រើ ABS, AVS, ឬ VDS វិញ ។


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment