សីលធម៌សង្គមសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងការសម្ដែងមរណទុក្ខ៖ សារ ឥរិយាបថ និងរូបថត (ភាគ២ ចប់) - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, November 25, 2019

សីលធម៌សង្គមសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងការសម្ដែងមរណទុក្ខ៖ សារ ឥរិយាបថ និងរូបថត (ភាគ២ ចប់)

រូបថតស៊ែលហ្វីក្នុងពិធីបុណ្យសព (រូបភាពគំរូប៉ុណ្ណោះ), ប្រភព៖ 2oceansbvibe

លោកវិទូ | ថ្ងៃ ២᧾១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៥ វិច្ឆិកា ២០១៩

ឥរិយាបថទឹកមុខនិងកាយវិការ និង ការថតរូបនិងការបង្ហោះរូបភាព

អំពីកម្មវិធីបុណ្យសព និងអត្ថន័យផ្សេងក្នុងបុណ្យនេះ តាមប្រពៃណីនិងជំនឿខ្មែរ សូមអានសៀវភៅ បុណ្យឈាបនកិច្ច ឬ បុណ្យខ្មោច រៀបរៀងដោយ ភិក្ខុ សាន់ ហង្ស ព្រះគ្រូចៅអធិការ វត្តត្រពាំងធំ ខេត្តកំពង់ស្ពី ឆ្នាំ ១៩៧០ ព្រោះមិនមែនជាប្រធានបទក្នុងទីនេះ ។ នៅក្នុងទីនេះ ខ្ញុំសូមនិយាយបន្តអំពី សីលធម៌សង្គមសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងការសម្ដែងមរណទុក្ខ ផ្នែកឥរិយាបថទឹកមុខនិងកាយវិការ និងការថតរូបនិងការបង្ហោះរូបភាព ជាទូទៅមិនសំដៅលើសាសនាណាតែមួយនោះក៏ទេដែរ ។

បុណ្យសពគឺជាបុណ្យកាន់ទុក្ខ ដោយសារការបាត់បង់ នូវមនុស្សជាទីស្រឡាញ់ជាកូនចៅបងប្អូនឬញាតិមិត្ត ។ ដូច្នេះភ្ញៀវត្រូវរក្សាភាពស្ងប់ស្ងៀម មិនត្រូវនិយាយច្រើនពេកទេ ។ ភ្ញៀវជាមិត្តត្រូវបង្ហាញខ្លួន និងទឹកចិត្តស្មោះត្រង់ចំពោះគ្រួសារសព បើគាត់ត្រូវការជំនួញអ្វី យើងអាចជួយបានដោយសុទ្ធចិត្ត ឥតសម្ដែង ។ មិនត្រូវសម្ដែងអាការញញឹមញញែមរីករាយ នៅក្នុងពិធីបុណ្យនេះទេ ។

រឿងអសីលធម៌ជាទូទៅដែលឃើញមាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺការថតរូបមុខសពឬអ្នកស្លាប់ផ្ទាល់ៗ មកបង្ហោះដើម្បីឲ្យគេមើល ។ ទោះក្នុងចេតនាឬន័យណាក៏ដោយ ជាសីលធម៌សាកល មិនគួរថតរូបសពឲ្យឃើញមុខយ៉ាងច្បាស់ យកមកបង្ហោះនោះទេ ។ បើចាំបាច់ គួរថតត្រឹមតែពិធីបុណ្យ ឬរោងបុណ្យ ដោយភ្ជាប់ជាមួយនូវរូបថតសមរម្យរបស់អ្នកស្លាប់ ដើម្បីបង្ហោះជាសារធារណៈ ដើម្បីជាព័ត៌មាន និងសម្ដែងការសោកស្ដាយ ជួយរំលែកទុក្ខគ្រួសារនៃសព ។

ជាងនេះទៅទៀត កុំបង្ហោះរូបថតកាលនៅរស់របស់អ្នកស្លាប់ ដែលបង្ហាញភាពមិនសមរម្យ ដូចជារូបស្គមស្គាំងខុសប្រក្រតីឡើយ ដែលធ្វើឲ្យអាប់ឱនកិត្តិយសមនុស្សស្លាប់នោះ ។ ម៉្យាងទៀត រឿងដែលគួរចៀសវាងឲ្យខានតែបាននោះគឺ ការថតរូបខ្លួនឯង ឬការថតស៊ែលហ្វី (selfie) ជាមួយសពឬក្ការមឈូសតម្កល់សព ដែលបង្ហាញឲ្យឃើញថា យើងចាប់អារម្មណ៍ខ្លាំងរឿងថតរូប ជាងពិធីបុណ្យកាន់ទុក្ខ ។ គេអាចតិះដៀលបុគ្គលនេះថា ជាមនុស្សឈ្លើយ ក៏ប្រហែលជាមិនជ្រុលពេកទេ ។ ត្រូវដឹងថា ការថតស៊ែលហ្វី ត្រូវបានគេសម្គាល់ឃើញថាជាអាការបង្ហាញសេចក្តីរីករាយ បែបយុវវ័យត្រេចត្រអាលនឹងសម្រស់រូបកាយខ្លួន មិនសមរម្យសោះឡើយសម្រាប់ពិធីបុណ្យសព ។

រូបភាពបែបសោកនាដកម្ម ដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម ក៏មិនត្រូវយកមកបង្ហោះ ចែករំលែកបន្ត ទាំងសាកសពកំពុងដេកក្នុងថ្លុកឈាមនោះឡើយ ។ នេះឈ្មោះថា មិនគោរពដល់អ្នកស្លាប់ផង និងមិនក្រែងរអែងដល់អ្នកមើលផង ។ ក្រុមហ៊ុនហ្វេសប៊ុក រក្សាសិទ្ធិបិទមិនបង្ហាញរូបភាពបែបនេះឡើយ ។ រូបភាពបែបសាហាវក៏មិនត្រូវបង្ហោះដែរ ។ រូបភាពបែបអវិជ្ជមានទាំងអស់នេះ វាអាចប៉ះពាល់ដល់អារម្មណ៍និងស្មារតីរបស់កូនក្មេងបាន បើវាមើលឃើញដោយចៃដន្យ និងអ្នកមានជំងឺខ្សោយបេះដូចក៏ប៉ះពាល់ដែរ ។

រូបភាពអ៊ីចឹងៗត្រូវបានពួកអ្នកស្វែងរកប្រាក់កម្រៃ តាមប្រព័ន្ធអ៊ីនធើណេត យកមកបង្ហោះដោយគ្មានការពិចារណ៍និងវិជ្ជាជីវសោះឡើយ គឺគ្រាន់តែដើម្បីទាក់ទាញ អ្នកបើកមើលទំព័រព័ត៌មានអនឡាញរបស់ខ្លួនប៉ុណ្ណោះ ។

ព្រោះហេតុនេះហើយ ដើម្បីរក្សានូវសីលធម៌ល្អ យើងគួរតែត្រូវប្រុងប្រយ័ត្ន ក្នុងការថតរូបយកមកបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ បើអ្នកមិនមែនជាអ្នកថតរូបអាជីពទេ យកល្អកុំប្រើទូរស័ព្ទដៃថតរូប ក្នុងពិធីបុណ្យសពអី ។ នៅក្នុងពិធីបុណ្យសពគួរតែប្រាប់សាច់ញាតិបងប្អូន ឲ្យចៀសវាងប្រការអសីលធម៌ខាងលើ កុំបង្ហោះរូបសពឃើញមុខជ្រងោ កុំស៊ែលហ្វី កុំបង្ហោះរូបថតមិនសមរម្យកាលនៅរស់របស់អ្នកស្លាប់ កុំឆ្វេចឆ្វាចឡាយផ្ទាល់នាំរំខានគេឯង កុំថតញញឹមញញែមខុសបរិបទខុសកាលៈទេសៈ ។ល។ ត្រូវមានសតិសម្បជញ្ញៈ ស្គាល់កាលស្គាល់វេលា និងក្រមសីលធម៌ក្នុងពិធីបុណ្យសព ។

កុំព្យាយាមបង្ហាញអ្នកដទៃ ថាយើងកុំធ្វើអ្វីមួយ (តាមរយៈការបង្ហោះរូបភាព) គួរតែព្យាយាមជួយអ្នកកំពុងមានវិបត្តិព្រាត់ប្រាស ចាក់មនុស្សជាទីស្រឡាញ់ ដោយការផ្ដាល់ជាកម្លាំងចិត្ត កុំឲ្យពួកគាត់មានអារម្មណ៍ឯកោ និងផ្ដល់ជាកម្លាំងកាយជួយចាត់ចែងកម្មវិធីបុណ្យ ដោយចិត្តមេត្តាករុណារាប់អានដ៏បរិសុទ្ធ ។

សង្គមខ្មែរយើងហាក់កំពុងជ្រួលច្របល់ នឹងរឿងរូបថតឬថតរូបនេះណាស់ ។ ពួកបរទេស ឬជាពិសេសពួកអឺរ៉ុប គេកម្រនឹងថតរូបភាពក្នុងពិធីបុណ្យសពណាស់ ព្រោះវាជាករណីមិនចាប់បាច់ មិនបាច់និយាយថ្វីដល់ទៅថតស៊ែលហ្វីជាមួយសាកសព ។ ប៉ុន្តែក៏មិនអត់មានសោះនោះដែរ ។
បុរសម្នាក់កំពុងថតស៊ែលហ្វីជាមួយមនុស្សស្លាប់ (រូបភាពគំរូប៉ុណ្ណោះ), ប្រភព៖ BBC

ខ្ញុំបានប្រទះឃើញសំណេរមួយ ដែលទាក់ទងនឹងក្រមសីលធម៌ថតរូបក្នុងពិធីបុណ្យសព នៅគេហទំព័រមួយឈ្មោះ INSTERNE ដែលជំនាញខាងថតរូប ។ បើតាមសំណេរ ទំនងជាការបកប្រែពីភាសាអង់គ្លេស ព្រោះកន្លែងខ្លះហាក់មិនសូវត្រូវន័យ តែខ្ញុំនឹងសម្រួលវាឲ្យស្ដាប់បាន តាមប្រភពដើមជាភាសាអង់គ្លេស ។ ទោះជាយ៉ាងណា ខាងក្រោមនេះជាគន្លឹះខ្លះៗក្នុងការថតរូបនៅពិធីបុណ្យសព ដែល INSTERNE បានផ្ដល់៖

  • កុំថតរូបនរណាម្នាក់នៅពិធីបុណ្យសព ដោយមិនបានសុំការអនុញ្ញាតជាមុន ។ យកល្អត្រូវសួរសមាជិកគ្រួសាររបស់សព ដែលជិតស្និទ្ធជាងគេបំផុតជាមុនសិន ។
  • ប្រសិនបើអ្នកត្រូវបានគេស្នើសុំឬផ្តល់ការអនុញ្ញាតឱ្យថតរូប នៅកន្លែងបុណ្យសព ចូរកុំប្រើពន្លឺ (flash) ។ ពន្លឺភ្លឺនេះនឹងរំខានខ្លាំងណាស់ ក្នុងអំឡុងពេលមានអារម្មណ៍ស្រងូតស្រងាត់ ។
  • ត្រូវធ្វើកុំឲ្យគេអាប់អារម្មណ៍តាមដែលអាចធ្វើទៅបាន ។
  • មិនត្រូវថតរូបខ្លួនឯងដែលញញឹមនៅក្បែរក្ដារមឈូស (smiling selfie) ។
  • ប្រសិនបើអ្នកមានអារម្មណ៍ថា មានបំណងចង់ថតរូបជាមួយនរណាម្នាក់ផ្សេងទៀត ដែលកំពុងចូលរួមពិធីបុណ្យសព សូមរង់ចាំរហូតដល់ក្រោយពីធ្វើឈាបនកិច្ច/បញ្ចុះសពរួច ។ វាជាការល្អបំផុតប្រសិនបើអ្នកចេញទៅក្រៅ ឬរងចាំរហូតដល់អ្នកស្ថិតនៅទីតាំងផ្សេង ដូច្នេះអ្នកមិនរំខានដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកដែលកំពុងសោយសោក (ក្នុងពិធីបុណ្យសពតាមបែបសាសនាគ្រិស្ត) ។
  • កុំបង្ហោះរូបថតរបស់អ្នកស្លាប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម លើទម្រង់ណាក៏ដោយ ។ ការធ្វើបែបនេះគឺមិនគោរព និងបង្ហាញពីការខ្វះការអាណិតអាសូរ ចំពោះមនុស្សដែលបាត់បង់មនុស្សជាទីស្រលាញ់ ។

ចុងបញ្ចប់សូមពិចារណាសំណួរពីរនេះ៖ ថាតើបណ្ដាញសង្គមកំពុងតែបំផ្លាញប្រពៃណី និងក្រមសីលធម៌ ដើម្បីតែបានការចូលចិត្ត (likes) ច្រើន? ឬមួយយើងយកពិធីបុណ្យកាន់ទុក្ខចំពោះមនុស្សជាទីស្រឡាញ់របស់យើង (the mourning of our beloved one) មកធ្វើជាការប្រារព្ធពិធីសប្បាយសាទរលើបណ្ដាញសង្គម (the celebration of social media)? ចម្លើយដោយខ្លីគឺថា «យើងប្រើប្រាស់បណ្ដាញសង្គម ប៉ុន្តែចូរកុំឲ្យវាប្រើប្រាស់យើងវិញ» ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment