ការណែនាំឲ្យស្គាល់ទស្សនវិជ្ជាអភិវឌ្ឍន៍ជាតិ «សុភមង្គលជាតិសរុប» នៃព្រះរាជាណាចក្រភូតាន - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, November 28, 2019

ការណែនាំឲ្យស្គាល់ទស្សនវិជ្ជាអភិវឌ្ឍន៍ជាតិ «សុភមង្គលជាតិសរុប» នៃព្រះរាជាណាចក្រភូតាន

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា និងគណៈប្រតិភូខ្មែរ, ព្រះពុទ្ធរូបអង្គធំកម្ពស់ជាង ៥០ ម. សាងពីស្ពាន់លើដងភ្នំហិមាល័យ ក្បែររាជធានីធីម្ភូ, ២៤ មេសា ២០១៩ ។ រូបភាព៖ VenDr Sovanratana

លោកវិទូ | ថ្ងៃ ៥᧢១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៨ វិច្ឆិកា ២០១៩

ព្រះរាជាណាចក្រភូតាន (ប៊ូតង់) មានគោលនយោបាយជាតិពិសេសមួយហៅថា សុភមង្គលជាតិសរុប ឬ ស.ជ.ស. (Gross National Happiness, GNH) ដែលផ្ទុយពីប្រទេសដទៃ ដែលផ្តោតជាចម្បងលើផលិតផលជាតិសរុប ឬ ផ.ជ.ស. (Gross National Product, GNP) ។ គោលនយោបាយនេះ ជាទស្សនវិជ្ជាដែលជាគ្រឿងនាំផ្លូវនិងជាគោលដៅ របស់រាជរដ្ឋាភិបាលភូតាន ដែលបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន នៅខែកក្កដា ២០០៨ ។ គោលនយោបាយនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើពិភពលោកនាពេលបច្ចុប្បន្ន ។

ផលិតផលជាតិសរុប (ផ.ជ.ស.) និងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)

ពិភពលោកកំពុងអភិវឌ្ឍសេដ្ឋកិច្ច និងវាស់ស្ទង់កំណើននិងការធ្លាក់ចុះនៃសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់សូចនាករនៃប្រព័ន្ធសេដ្ឋកិច្ចដ៏ល្បីល្បាញមួយ ដែលគេហៅថា «ផលិតផលជាតិសរុប» (GNP) និងបន្ទាប់មកគេនិយមប្រើ «ផលិតផលក្នុងស្រុកសរុប» (Gross Domestic Product, GDP) វិញ ដោយផ្អែកលើរូបមន្តគណនាផ្សេងៗគ្នា ។ ផលិតផលជាតិសរុប (ផ.ជ.ស.) និង ផលិត​ផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស.) គឺ​ជាសូចនាករ​សេដ្ឋកិច្ច​ ដែល​វាស់​វែងអំពី​ ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​មួយ ឬជា​អ្វី​ៗ​ដែល​ត្រូវ​បាន​ផលិត​ឡើង ​ក្នុង​ប្រទេស​មួយ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

ពន្យល់ដោយសង្ខេប ភាពខុសគ្នារវាង ផលិតផលជាតិសរុប និងផលិតផលក្នុងស្រុកសរុប ខុសគ្នាបន្តិចបន្តួចត្រង់ថា ផលិតផលជាតិសរុប សំដៅលើផលិតផល ដែលផលិតដោយសហគ្រាស ដែលមានម្ចាស់កម្មសិទ្ធិជាប្រជាជននៃប្រទេសមួយ (ទាំងក្នុងនិងក្រៅស្រុក) រីឯផលិតផលក្នុងស្រុកសរុបវិញ គឺសំដៅលើផលិតផល ដែលផលិតក្នុងព្រំដែននៃប្រទេសមួយ (ដោយទាំងប្រជាជនក្នុងស្រុក និងជនជាតិបរទេស) ។ ទោះបីជាយ៉ាងណាក៏ដោយ ផលិតផលជាតិសរុបក្ដី ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្ដី គឺ​ជាសូចនាករ​សេដ្ឋកិច្ច ដែលមិនបានគិតគូដល់សុខុមាលភាពរបស់ប្រជាជនទាំងមូល មកធ្វើជាសូចនាករផងទេ គឺគិតតែទៅលើតម្លៃនៃទីផ្សារហិរញ្ញវត្ថុសរុប នៃប្រទេសមួយប៉ុណ្ណោះ ។

មានមតិរិះគន់មួយចំនួន លើការមានកម្រិត ក្នុងការប្រើប្រាស់សូចនាករ ផលិតផលក្នុងស្រុកសរុបនេះ ។ សកម្មជនអភិរក្សបរិស្ថាន បានរិះគន់ថា វាជាសូចនាករអន់គុណភាព ពីព្រោះវាមិនបានរាប់បញ្ចូលនូវអន្តរាយនៃបរិស្ថាន ។ ម្យ៉ាងទៀត សេដ្ឋកិច្ចវិទូមួយចំនួន មានសាស្ត្រាចារ្យជនជាតិឥណ្ឌា លោកសាស្ត្រាចារ្យ អមត៌្យៈ សេន (Amartya Sen) ជាដើម បានលើកឡើងថា កំណើនផលិតផលក្នុងស្រុកសរុប ឬផលិតផលជាតិសរុប មិនប្រាកដថា នាំឲ្យមានការលើកម្ពស់ស្ដង់ដារនៃជីវភាពរស់នៅរបស់ប្រជាជនផងទេ ជាពិសេសក្នុងវិស័យមួយចំនួនដូចជា សុខាភិបាល និងការអប់រំជាដើម ។ ចំណុចរិះគន់សំខាន់មួយទៀតគឺ កំណើនសេដ្ឋកិច្ចដូចប្រទេសចិនជាដើម មិនបាននាំឲ្យមាននូវការប្រសើរឡើងនូវសេរីភាពនយោបាយ (political liberty) ឡើយ ។

សុភមង្គលជាតិសរុប (ស.ជ.ស.)

ផ្ទុយទៅវិញ ប្រទេសភូតាន ដែលជាព្រះរាជាណាចក្រលើដងភ្នំហិមាល័យដ៏តូច (៣៨.៣៩៤ គ.ម.ក្រឡា) មានប្រជាជនប្រមាណ ៨០ ម៉ឺននាក់ កាន់ព្រះពុទ្ធសាសនាវជ្រយានទីបេត៍ បានបង្កើតនូវទស្សនវិជ្ជា ស.ជ.ស. ដែលខុសពី ផ.ជ.ស. និង ផ.ស.ស. ។ សុភមង្គលជាតិសរុប មិនត្រឹមតែវាស់ស្ទង់សេដ្ឋកិច្ចជាតិទេ ថែមទាំងសេចក្តីសុខ (happiness) និងសុខុមាលភាព (well-being) នៃប្រជាជនរួមទាំងមូលផងដែរ ។ ដែលហៅថាប្រទេសជាតិមួយអភិវឌ្ឍរីកចម្រើនបាន ទាល់តែសេចក្តីសុខ និងសុខុមាលភាព របស់ប្រជាជនរីកចម្រើនដែរ ។ ដែលធ្វើឲ្យទស្សនវិជ្ជាពិសេសប្លែកនេះ មានភាពល្បីល្បាញពេញសាកលលោក ពីព្រោះថា វាត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាតិ ។

ពាក្យថា «សុភមង្គលជាតិសរុប» នេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៧២ នៅកំឡុងពេលដែលអ្នកកាសែតអង់គ្លេសម្នាក់ បានធ្វើបទសម្ភាសន៍ជាមួយព្រះមហាក្សត្រ នៃប្រទេសភូតាន សម្ដេចព្រះបាទ ជិគ្មេ សិង្យេ វ៉ាងជុក (Jigme Singye Wangchuck) ដែលកាលនោះព្រះអង្គមានព្រះរាជឱង្ការថា «សុភមង្គលជាតិសរុប គឺមានសារសំខាន់ជាងផលិតផលជាតិសរុប» ។

ក្រោយមកនៅក្នុងឆ្នាំ ២០១១ មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចមួយស្ដីពី «សុភមង្គល៖ ឆ្ពោះទៅរកវិធីនៃសន្តនិយម ដើម្បការអភិវឌ្ឍ» និងបានជម្រុញឲ្យប្រទេសជាសមាជិក អនុវត្តតាមនូវឧទាហរណ៍របស់ប្រទេសភូតាន និងវាស់ស្ទង់នូវសុភមង្គល និងសុខុមាលភាព ព្រមទាំងបានហៅសុភមង្គលថាជា «គោលបំណងជាមូលដ្ឋាននៃមនុស្សជាតិ» ។

បន្ទាប់មកទៀត នៅក្នុងឆ្នាំ ២០១២ នាយករដ្ឋមន្រ្តីប៊ូតាន លោក ជិគ្មេ ធិន្លេ (Jigme Thinley) និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) បានកោះប្រជុំការប្រជុំជាន់ខ្ពស់ស្ដីពី «សុខុមាលភាព និងសុភមង្គល៖ កំណត់និយមន័យសេដ្ឋកិច្ចគំរូថ្មី» ដើម្បីលើកទឹកចិត្តដល់ការផ្សព្វផ្សាយ នូវទស្សនវិជ្ជាស.ជ.ស. របស់ប៊ូតាន ។ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ «របាយការណ៍សុភមង្គលពិភពលោក» (World Happiness Report) លើកដំបូងត្រូវបានចេញផ្សាយ ។ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់នេះ ថ្ងៃទី «២០ មីនា» ត្រូវបានប្រកាសថាជា «ទិវាសុភមង្គលអន្តរជាតិ» (International Day of Happiness) ដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០១២ ដោយសេចក្តីសម្រេចលេខ ៦៦/២៨ ។
រូបភាពបង្ហាញពីធាតុផ្សំផ្សេងៗ នៃ ស.ជ.ស. ។

សសរស្ដម្ភនិងវិស័យនៃទស្សនវិជ្ជា ស.ជ.ស.

ស.ជ.ស. អាចខុសពី ផ.ស.ស. ដោយសារការឲ្យតម្លៃទៅលើសុភមង្គលជាសមូហភាព ថាជាគោលដៅរបស់រដ្ឋបាល ដោយការផ្ដោតការយកចិត្តទុកដាក់លើភាពចុះសម្រុងនឹងគ្នា ជាមួយធម្មជាតិនិងតម្លៃប្រពៃណី ដូចមានបញ្ជាក់នៅក្នុងវិស័យទាំង ៩ និងសសរស្ដម្ភទាំង ៤ នៃ ស.ជ.ស. ។

សសរស្ដម្ភ ៤ យ៉ាងរបស់ស.ជ.ស.នោះគឺ

  • ១.អភិរក្សវប្បធម៌ និងបេតិកភណ្ឌជាតិ (Preservation of Culture and Heritage),
  • ២.ការការពារបរិស្ថាន (Protection of Environment),
  • ៣.ការអប់រំប្រកបដោយគុណភាព (Quality Education), និង
  • ៤.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (Socio-Economic Development) ។

វិស័យទាំង ៩ យ៉ាងរបស់ ស.ជ.ស.នោះគឺ

  • ១.សុខុមាលភាពផ្លូវចិត្ត (psychological well-being),
  • ២.សុខភាព (health),
  • ៣.ការប្រើប្រាស់ពេលវេលា (time use),
  • ៤.ការអប់រំ (education),
  • ៥.ភាពធន់និងភាពចម្រុះនៃវប្បធម៌ (cultural diversity and resilience),
  • ៦.អភិបាលកិច្ចល្អ (good governance),
  • ៧.ភាពក្លៀវក្លានៃសហគមន៍ (community vitality),
  • ៨.ភាពធន់និងភាពចម្រុះនៃប្រព័ន្ធអេកូឡូជី (ecological diversity and resilience), និង
  • ៩.ស្តង់ដារនៃជីវភាពរស់នៅ (living standards) ។

សសរស្ដម្ភទាំង ៤ និងវិស័យទាំង ៩ ខាងលើនេះ (ដែលមានបំបែកមែកធាងច្រើនទៀត) គឺជាសូចនាករនៃស.ជ.ស. ។ តាមរយៈទ្រឹស្ដីនេះគេអាចសន្និដ្ឋានថា «រវាងបុគ្គលពីរនាក់ បុគ្គលដែលចំណាយពេលវេលាជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិ នឹងនាំឲ្យមាន ស.ជ.ស. ច្រើនជាងបុគ្គលដែលគិតតែពីធ្វើការគ្មានពេលសម្រាក ។ និយាយម៉្យាងទៀត បុគ្គលរមែងមានសុភមង្គល ឬអាចមានសុភមង្គលជាងនៅក្នុងជីវិត នៅពេលផ្តោតលើរឿងតូចតាច ។»

រាជរដ្ឋាភិបាលភូតានបានបង្កើតគណៈកម្មាធិការស.ជ.ស. ដើម្បីអនុវត្តនូវគោលនយោបាយនេះឲ្យមានប្រសិទ្ធភាព តាមរយៈបង្កើតនូវគម្រោង ៥ ឆ្នាំ សន្ទស្សន៍ស.ជ.ស. ឧបករណ៍តាមដានគោលនយោបាយស.ជ.ស. និងការស្ទង់មតិជាដើម ។ តាមរយៈការខិតខំប្រឹងប្រែងនេះ ប្រទេសភូតាន បានជាប់លំដាប់ទី ៩៧ ក្នុងចំណោមប្រទេសចំនួន ១៥៦ នៅក្នុងរបាយការណ៍សុភមង្គលពិភពលោក ឆ្នាំ ២០១៨ ។ ក្នុងការស្ទង់មតិដែលបានធ្វើដោយមជ្ឈមណ្ឌលវិជ្ជាភូតាន ក្នុងឆ្នាំ ២០១៥, ៩១,២% នៃប្រជាជនភូតាន ត្រូវបានគេរាយការណ៍ថា មានសុភមង្គល និង ៤៣,៤% មានសុភមង្គលជាអតិបរមា ។ ចំណែកក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោកមួយឈ្មោះ ឡូនលី ផ្លាណិត (Lonely Planet: ភពឯកា) បានចាត់ថ្នាក់ភូតានជាកន្លែងលេខ ១ ដែលត្រូវទៅលេងនៅឆ្នាំ ២០២០ ។
កុមារភូតានកំពុងសើចសប្បាយ បង្ហាញពីសុភមង្គលយ៉ាងជ្រាលជ្រៅ ។

ដូច្នេះ ទស្សនវិជ្ជាអភិវឌ្ឍន៍ជាតិនេះបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពផ្លូវចិត្ត ដែលស្របគ្នានឹងមាគ៌ាពុទ្ធសាសនាមែនទែន ។ នៅខែមេសា ឆ្នាំ ២០១៩ កន្លងទៅ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះអង្គធ្លាប់បាននិមន្តទៅទស្សនកិច្ច នៅប្រទេសភូតាន មានចំណាប់អារម្មណ៍ចំពោះទស្សនវិជ្ជាសុភមង្គលជាតិសរុបនេះថា៖
តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលភូតានផ្តល់ការសិក្សាអប់រំ និងសេវាសុខាភិបាល ដោយមិនយកប្រាក់ និងមានផែនការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព ជាមួយនឹងការថែរក្សាបរិស្ថានធម្មជាតិ ថែមទាំងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងសុខុមាលភាពផ្លូវចិត្តជាអតិបរមា ។
ព្រោះហេតុនេះហើយ រាជរដ្ឋាភិបាលភូតាន បានកំណត់យកតម្លៃទិដ្ឋាការទេសចរណ៍ ទៅកាន់ប្រទេសមួយនេះថ្លៃណាស់ ។ ក្នុងរដូវធម្មតាឬទៀប (ធ្នូ មករា និង កុម្ភៈ) តម្លៃទិដ្ឋាការទេសចរណ៍ក្នុងមួយថ្ងៃ ២០០ ដុល្លារ (ស.រ.អា.) សម្រាប់ភ្ញៀវម្នាក់ និងក្នុងរដូវខ្ពស់ (ភ្លៀវទេសចរច្រើន) ក្នុងមួយថ្ងៃ ២៥០ ដុល្លារ (ស.រ.អា.) សម្រាប់ភ្ញៀវម្នាក់ ។ តម្លៃដ៏ខ្ពស់កប់ពពកនេះ គឺដើម្បីរក្សានូវវប្បធម៌និងបរិស្ថានរបស់ប្រទេសភូតាន តាមរយៈភ្នាក់ងារទេសចរណ៍ក្នុងស្រុក ។ ដូច្នេះដំណើរទេសចរណ៍ទៅកាន់ប្រទេសភូតាន គឺមានតម្លៃខ្ពស់គួរឲ្យកត់សម្គាល់ ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាកិត្តិយសកេរ្តិ៍ឈ្មោះល្អសម្រាប់ប្រទេសខ្លួន មន្ត្រីរដ្ឋាភិបាលភូតាន បានលើកកម្ពស់និងផ្សព្វផ្សាយ ទស្សនវិជ្ជានេះនៅអង្គការសហប្រជាជាតិ ក៏ដូចជានៅលើឆាកអន្តរជាតិនានា ។ ប្រទេសនៅលើពិភពលោកជាច្រើន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួន បានសិក្សាស្រាវជ្រាវអំពីទស្សនវិជ្ជាអភិវឌ្ឍន៍ជាតិស.ជ.ស.នេះ មានដូចជា កាណាដា សហរដ្ឋអាម៉េរិក ប្រេស៊ីល ហ្វីលីពីន ថៃឡង់ដ៍ ។ល។

ជាតួយ៉ាង ក្នុងឆ្នាំ ២០១៦ ប្រទេសថៃឡង់ដ៍ បានចាប់ផ្ដើមបង្កើតនូវមជ្ឈមណ្ឌល ស.ជ.ស.របស់ខ្លួន ។ គួរឲ្យចាប់អារម្មណ៍នោះគឺថា អតីតព្រះមហាក្សត្រថៃ សម្ដេចព្រះបាទ ភូមិពល អតុល្យតេជ (Bhumibol Adulyadej) គឺជាមិត្តជិតស្និទ្ធរបស់សម្ដេចព្រះបាទ ជិគ្មេ សិង្យេ វ៉ាងជុក របស់ព្រះរាជាណាចក្រភូតាន ។ ព្រះអង្គក៏បានបង្កើតនូវទស្សនវិជ្ជាស្រដៀងគ្នាដែរ ដែលគេហៅថា «ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់» (Sufficiency Economy Philosophy, SEP) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment