អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨៖ ខ្លឹមសារនៃសង្ឃប្រកាស - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, December 18, 2019

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨៖ ខ្លឹមសារនៃសង្ឃប្រកាស

ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨, សាលសន្និសីទចតុម្មុខ, រាជធានីភ្នំពេញ, ១៧ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៤᧷១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៨ ធ្នូ ២០១៩

រាជធានីភ្នំពេញ៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ដែលមាន​រយៈពេល​ពីរថ្ងៃ​ ១៦-១៧ ធ្នូ ២០១៩ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ត្រូវបានបិទ​បញ្ចប់​ ក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេច​ព្រះ​មហា​សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយកគណៈមហានិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​ព្រះ​មង្គល​ទេព្វាចារ្យ វង្ស អានេតា សម្តេច​ព្រះ​សង្ឃនាយករងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រការ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ តំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និងសាសនា និងការនិមន្ត/អញ្ជើញចូលរួមរបស់មន្ត្រី​សង្ឃជាន់ខ្ពស់ មន្ត្រី​នៃក្រសួងធម្មការនិងសាសនា​និងមន្ត្រី​ពាក់ព័ន្ធ​ មកពី​គ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ប្រមាណ ១០០០ អង្គ/នាក់ ។

អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ឬអាចហៅបានថាជាជំនួបកំពូលមន្ត្រីសង្ឃពុទ្ធសាសនា ទូទាំងប្រទេសប្រចាំឆ្នាំលើកទី២៨ រយៈពេលពីរថ្ងៃនេះ បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការអនុវត្តសង្ឃប្រកាសលើកទី២៧កន្លងទៅ និងលើកទិសដៅប្រចាំឆ្នាំ សម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខ ។

សង្ឃប្រកាសដែលមានពីរទំព័រ ដែលជាសេចក្តីសម្រេចជាឯកច្ឆ័ន្ទ របស់មន្ត្រីសង្ឃទូទាំងប្រទេស បានប្រកាសបន្តគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។

គណៈសង្ឃមហានិកាយ បានចេញសង្ឃប្រកាស ដែលមានខ្លឹមសារ ៥ ចំណុចមានជាអាទិ៍ (១) ការបង្កើនការរឹតបន្តឹង ការគោរពប្រតិបត្តិធម៌វិន័យ របស់ព្រះសង្ឃគ្រប់ព្រះអង្គ (២) ការយកចិត្តទុកដាក់និងពង្រឹងវិស័យវិបស្សនាធុរៈ ឲ្យមានចលនានិងសកម្មភាពខ្លាំងក្លា (៣) ការបន្តកំណែទម្រង់វិស័យពុទ្ធិកសិក្សាបន្ថែមទៀតគ្រប់កម្រិត និងការប្រកាសបើកថ្នាក់បណ្ឌិតចាប់ពីឆ្នាំ២០២០តទៅ (៤) ការចុះអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សតាមសាលារៀន និងការបំបួសកុលបុត្រ កុលធីតាខ្មែរវគ្គខ្លី ១-២ សប្ដាហ៍ និង(៥) ការបន្តរួមសាមគ្គីគ្នាដើម្បីរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ តាមរយៈអង្គការមនុស្សធម៌ផ្សេងៗមានកាកបាទក្រហមកម្ពុជាជាដើម ។

ចំពោះសង្ឃប្រកាសរបស់គណៈសង្ឃធម្មយុត្តិកនិកាយវិញ ពុំមានអ្វីសំខាន់គួរឲ្យកត់សម្គាល់ទេ ។ សង្ឃប្រកាសបានចេញនូវសេចក្តីសម្រេច ៣ ចំណុចមានជាអាទិ៍ (១) អនុវត្តន៍តាមប្រកាសរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការរៀបចំជ្រើសរើស និងការប្រព្រឹត្តទៅរបស់អាចារ្យគណៈកម្មការវត្ត (២) ការបើកវគ្គអប់រំដល់សង្ឃាធិការគ្រប់ព្រះឋានានុក្រម និង(៣) ការអប់រំព្រះសង្ឃភិក្ខុសាមណេរទាំងអស់ ឲ្យស្ថិតនៅក្នុងសីល សមាធិ បញ្ញា ។

មានមតិរិះគន់ខ្លះត្រូវបានលើកឡើង ទាក់ទងនឹងកង្វះយន្តការអនុវត្តន៍ជាក់ស្ដែង របស់សង្ឃប្រកាសប្រចាំឆ្នាំនេះ ជាពិសេសត្រង់ចំណុចទាក់ទងនឹងការពង្រឹងគុណភាពពុទ្ធិកសិក្សាជាតិ ។ ក្រោយអានសង្ឃប្រកាសហើយ សមណនិស្សិតថ្នាក់បណ្ឌិតមួយព្រះអង្គ សូមមិនបញ្ចេញព្រះនាមមានថេរដីកាចំណាប់អារម្មណ៍ មកកាន់សារព័ត៌មានលោកវិទូថា «រឿងសំខាន់សម្រាប់អនុវត្តគឺយន្តការ និងផែនការយុទ្ធសាស្ត្ររយៈពេលវែងខ្លី និងសួរថាតើនរណាជាអ្នកធ្វើ និងអ្នកតាមដាន...» ។ ដូច្នេះសង្ឃប្រកាសហាក់ដូចជាមានន័យ ស្នើនឹងសេចក្តីអំពាវនាវច្រើនជាង រីឯការអនុវត្តត្រូវធ្វើតាមសទ្ធា ។

ព្រះអង្គដដែលបានបន្ថែមថា «វាជាកាតព្វកិច្ចបែបប្រពៃណីរបស់សង្ឃប្រកាសត្រូវតែចេញ ទោះអនុវត្តមានប្រសិទ្ធភាព ឬអត់ អាស្រ័យលើលទ្ធផលចុងឆ្នាំ និងស្ថានភាពនយោបាយរបស់ស្រុកទេសផង» ។ តែទោះយ៉ាងណា ការបើកឲ្យមានកម្រិតសិក្សាថ្នាក់បណ្ឌិត គឺជាប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ពុទ្ធិកសិក្សាជាតិ ដែលជាចំណុចសំខាន់នៃសង្ឃប្រកាសឆ្នាំនេះ ។ ដូច្នេះ ព្រះអង្គសូមអបអរសាទរសង្ឃប្រកាសនេះ ។

បន្ថែម៖ លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា បានបញ្ចេញមតិល្អមួយ ក្រោយពីគាត់បានអានអត្ថបទនេះ ។ លោកវិទូសូមអនុញ្ញាតបញ្ចូលមតិនោះនៅទីនេះថា «សង្ឃប្រកាសរបស់គណៈធម្មយុត្តិចំណុចទី២) ការបើកវគ្គអប់រំដល់សង្ឃាធិការគ្រប់ព្រះឋានានុក្រម ជារឿងល្អ បើប្រសិនអាចធ្វើបាន និង រឹតតែល្អថែមទៀតដែលគណៈមហានិកាយគប្បីធ្វើ ។ កិច្ចការនេះ ស្មើនឹងការបញ្ជូនមន្ត្រីរាជការចូលសាលាភូមិន្ទរដ្ឋបាល ។»






 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment