វិសោធនកម្មច្បាប់សញ្ជាតិឥណ្ឌា៖ ផលវិជ្ជមាននិងអវិជ្ជមានសម្រាប់ពុទ្ធសាសនិក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, December 17, 2019

វិសោធនកម្មច្បាប់សញ្ជាតិឥណ្ឌា៖ ផលវិជ្ជមាននិងអវិជ្ជមានសម្រាប់ពុទ្ធសាសនិក

គូវ៉ាហាទី៖ សកម្មជននៃសហព័ន្ធនិស្សិតច័កម៉ា គូវ៉ាហាទី និងសមាគមច័កម៉ា គូវ៉ាហាទី ធ្វើបាតុកម្មឆាំងនឹងអំពើឃោរឃៅ មកលើជនជាតិភាគតិចពុទ្ធសាសនាច័កម៉ា នៅតំបន់ភ្នំចិដ្ដាគោង្គ ប្រទេសបង់ក្លាដែស, ១០ មិថុនា ២០១៧ ។ Photo PTI
លោកវិទូ | ថ្ងៃ ៣᧶១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ ធ្នូ ២០១៩

ញូវដែល្លី៖ រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំគណបក្សជាតិនិយមហិណ្ឌូ បានធ្វើវិសោធនកម្មច្បាប់សញ្ជាតិ (Citizenship Amendment Act, CAA) កាលពីសប្ដាហ៍មុន ។ ច្បាប់នេះបានធ្វើឲ្យមានការធ្វើបាតុកម្មតវ៉ាស្ទើរទូទាំងឥណ្ឌា ពីសំណាក់បក្សប្រឆាំង សិស្សនិស្សិតជាច្រើនសាកលវិទ្យាល័យ និងប្រជាជននៅរដ្ឋភាគឦសានឥណ្ឌា ។ ផលប៉ះពាល់នៃច្បាប់នេះ វាមានទាំងភាពវិជ្ជមាននិងអវិជ្ជមាន សម្រាប់ក្រុមពុទ្ធសាសនិកនៅឥណ្ឌា ។

និស្សិតនៃសាកលវិទ្យាល័យចាមៀ (JMU) ញូវដែល្លី បានធ្វើបាតុកម្មសន្តិភាពនិងអហិង្សា ដង្ហែទៅកាន់រដ្ឋសភា ដើម្បីប្រឆាំងនឹងវិសោធនកម្មច្បាប់សញ្ជាតិនេះ ប៉ុន្តែបានក្លាយជាអំពើហិង្សា ដោយការបង្ក្រាបពីប៉ូលីសដែល្លី កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ។ ការបង្ក្រាបដោយហិង្សានេះ បានធ្វើឲ្យមានការផ្ទុះតវ៉ាពីនិស្សិតនៃសាកលវិទ្យាល័យមួយចំនួន នៅរដ្ឋនានានៃប្រទេសឥណ្ឌា ។

នៅថ្ងៃកើតហេតុនោះ លោក វណ្ណ ប៊ុនណា ជានិស្សិតខ្មែរដែលកំពុងសិក្សា ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យចាមៀនោះបានឲ្យដឹងថា «ក្រុមនិស្សិតនៃបណ្តាសាកលវិទ្យាល័យធំៗនៅរដ្ឋធានីញូវដេល្ហី បាននឹងកំពុងធ្វើពហិការមិនចូលប្រលងប្រចាំឆមាស ដើម្បីតវ៉ាប្រឆាំងទៅនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ... ដែលទំនងជាផ្តល់ភាពងាយស្រួលឲ្យ ជនអន្តោប្រវេសន៍ដែលជាអ្នកកាន់សាសនាហិណ្ឌូ ចូលសញ្ជាតិឥណ្ឌា ។»

ច្បាប់នេះមានគោលបំណង ផ្ដល់សញ្ជាតិឥណ្ឌាដល់ជនអន្តោប្រវេសន៍ ដែលជាអ្នកកាន់សាសនាហិណ្ឌូ សិក្ខ ប៉ារស៊ី ពុទ្ធសាសនា និងគ្រិស្ដ ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ដែលមកពីប្រទេសបីជាប់ឥណ្ឌាគឺ ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបង់ក្លាដែស ដែលរស់នៅក្នុងប្រទេសឥណ្ឌា ដោយមិនមានឯកសារ រាប់ត្រឹមថ្ងៃទី៣១ ធ្នូ ២០១៤ ។ ច្បាប់នេះត្រូវបានគេមើលឃើញថា ទី១ មានចេតនាប្រឆាំងនឹងប្រជាជនមូស្លីម និងជនអន្តោប្រវេសន៍មូស្លីម និងទី២ ធ្វើឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ នៅភាគឦសានឥណ្ឌា មានសិទ្ធិរស់នៅទីនោះ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនម្ចាស់ស្រុក និងប៉ះពាល់ដល់វប្បធម៌ អត្តសញ្ញាណជនជាតិដើមភាគតិចរបស់ពួកគេ ។

លោក ប៊ុនណា បានលើកឡើងទៀតថា ប្រជាពលរដ្ឋជាច្រើនយល់ថា «ការផ្តល់សញ្ជាតិឲ្យពួកអន្តោប្រវេសន៍ងាយៗពេក នឹងធ្វើឲ្យប្រជាជនឥណ្ឌាក្លាយជាជនរងគ្រោះ ពីព្រោះថា ជនអន្តោប្រវេសន៍ទាំងនោះ នឹងដណ្តើមការងារពីពួកគេ និងធ្វើឲ្យរលាយអត្តសញ្ញាណ-វប្បធម៌ដើម របស់ប្រជាជនឥណ្ឌាដែលជាម្ចាស់ស្រុក ។»
និស្សិតសាកលវិទ្យាល័យចាមៀ ធ្វើបាតុកម្មប្រឆាំងនឹងវិសោធនកម្មច្បាប់សញ្ជាតិ (CAA), ១៥ ធ្នូ ២០១៩ ។

ផលប៉ះពាល់ចំពោះពុទ្ធសាសនិក

សម្រាប់ក្រុមពុទ្ធសាសនិក ច្បាប់នេះបានធ្វើឲ្យជនអន្តោប្រវេសន៍ ឬជនភៀសខ្លួនទីបេត៍ជាច្រើននៅពុទ្ធគយា រដ្ឋប៊ីហារ ដែលមិនមានឯកសារ តែរស់នៅទីនោះអស់ជាច្រើនឆ្នាំមកហើយ ។ ព្រោះក្រៅពីវិសោធនកម្មច្បាប់សញ្ជាតិនេះ គឺនៅមានលក្ខខណ្ឌភ្ជាប់មួយដែលគេហៅថា ការចុះបញ្ជីឈ្មោះពលរដ្ឋថ្នាក់ជាតិ ឆ្នាំ ១៩៥១ (National Register of Citizens, NRC, of 1951) ។ ដំបូងឡើយ ច្បាប់នេះមានគោលបំណងកំណត់អត្ដសញ្ញាណ និងសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ ពីរដ្ឋអសាំនៅភាគឦសានឥណ្ឌា តាមសាលក្រមរបស់តុលាការកំពូលឥណ្ឌា និងជាច្បាប់ពិសេសធ្វើឡើងសម្រាប់តែរដ្ឋអសាំមួយប៉ុណ្ណោះ ដើម្បីរក្សានូវភាពសុទ្ធជនជាតិដើមភាគតិចនៅរដ្ឋមួយនេះ កុំឲ្យប្រែប្រួល ។ ប៉ុន្តែថ្មីៗនេះច្បាប់នេះ បានពង្រីកវិសាលភាពទូទាំងឥណ្ឌា ។
ព្រោះហេតុនេះ វាបានធ្វើឲ្យមានភាពមិនប្រាកដប្រជាគួរឲ្យកត់សម្គាល់ ចំពោះស្ថានភាពរបស់ប្រជាជនទីបេត៍ជាច្រើននៅរដ្ឋប៊ីហារ ។ ព្រះតេជព្រះគុណ តិនហ្ស៊ីន ឡាមា (Tenzin Lama) ជាព្រះសង្ឃពុទ្ធសាសនាចាស់វស្សា មកពីទីបេត៍ ដែលបច្ចុប្បន្នមានមូលដ្ឋាននៅពុទ្ធគយាមានថេរដីកាថា «មានភាពមិនច្បាស់លាស់អំពីស្ថានភាពរបស់យើង ។ ប្រសិនបើស្ថានភាពអនុញ្ញាត យើងអាចពិចារណាត្រឡប់ទៅទីបេត៍វិញ» (ហិណ្ឌូស្ថានថែមស៍) ។

យោងតាមទិន្នន័យជំរឿនសម្រាប់ឆ្នាំ ២០១១ រដ្ឋប៊ីហារមានចំនួនពុទ្ធសាសនិក ២៥.៤៥៣ នាក់ស្មើនឹង ០,០២ ភាគរយនៃចំនួនប្រជាជនសរុបរបស់រដ្ឋនេះ ប៉ុន្តែក៏មានពុទ្ធសាសនិករាប់ពាន់នាក់ មកពីប្រទេសដទៃទៀតដែលបានរស់នៅជាច្រើនជំនាន់ នៅតំបន់ពុទ្ធគយា ទីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់ដឹង ។ ជាពិសេសពុទ្ធសាសនិកទីបេត៍រាប់ពាន់នាក់ មិនមានលិខិតស្នាមច្បាស់លាស់ទេ ដោយពួកគេចូលមកប្រទេសឥណ្ឌាជាជនភៀសខ្លួន តាមសម្ដេចសង្ឃ ដាឡៃ ឡាមា តាំងពីយូរណាស់មកហើយ ។

ព្រះតេជព្រះគុណ ប្រិយបាល (Priyapal Bhante) មានថេរដីកាថា ដោយសារជនជាតិទីបេត៍រស់នៅទីនេះយូរយារច្រើនជំនាន់ណាស់មកហើយ ពួកគេពិបាកនឹងរកឯកសារច្បាស់លាស់គ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេណាស់ ។ «ពួកគេបានរស់នៅក្នុងជីវិតជាជនភៀសខ្លួន ហើយបានឆ្លងកាត់បទពិសោធន៍ឈឺចាប់នៃការផ្លាស់ទីលំនៅ និងការជម្លៀសចេញ ហើយនៅចំពោះមុខពួកគេម្ដងទៀតនេះ ពួកគេមានការគំរាមកំហែង នៃការចាប់បញ្ជូនខ្លួនទៅវិញ ដោយសារតែការអនុវត្តច្បាប់ NRC នេះ» ។
ព្រះសង្ឃពុទ្ធសាសនា កំពុងនមស្ការ នៅក្រោមម្លប់ព្រះមហាពោធិព្រឹក្ស ក្នុងថ្ងៃវិសាខបូជា [មិនដឹងកាលបរិច្ឆេទ]។ Photo PTI

ដោយឡែក វិសោធនកម្មច្បាប់សញ្ជាតិ ផ្តល់ផលជាវិជ្ជមានដល់ក្រុមពុទ្ធសាសនិក នៅរដ្ឋភាគឦសានឥណ្ឌា ដែលបានធ្វើអន្តោប្រវេសន៍ ពីប្រទេសបង់ក្លាដែស ។ ពុទ្ធសាសនិកជាតិច័កម៉ាជាច្រើនបានចូលមករស់នៅ ក្នុងរដ្ឋភាគខាងជើងឥណ្ឌានេះ ដោយសារការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម ។

កាលពីឆ្នាំ ២០១៥ តុលាការកំពូលឥណ្ឌា បានបញ្ជាឲ្យរដ្ឋាភិបាលមជ្ឈិមឥណ្ឌា ផ្ដល់នូវសញ្ជាតិឥណ្ឌាដល់ជនជាតិច័កម៉ាណា ដែលភៀសខ្លួនមករស់នៅប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ១៩៦៤ មក (ឌិអ៊ីកូណូមិកថែមស៍) ។

ប៉ុន្តែបើយោងតាមវិសោធនកម្មច្បាប់សញ្ជាតិ ពួកគេដែលភៀសខ្លួនចូលមកឥណ្ឌាត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៤ អាចមានសិទ្ធិចូលសញ្ជាតិឥណ្ឌាបាន ។ នេះជាភាពវិជ្ជមាននៃច្បាប់នេះ ហើយជនជាតិភាគតិចកាន់ពុទ្ធសាសនាច័កម៉ា ក៏បានបង្ហាញពីការគាំទ្រចំពោះ វិសោធនកម្មច្បាប់សញ្ជាតិផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនដើមនៃរដ្ឋភាគឦសានទាំង ៧ ជាពិសេសរដ្ឋអសាំ តែងប្រឆាំងនឹងការផ្ដល់សញ្ជាតិ ដល់ពុទ្ធសាសនិកច័កម៉ា (និងជនជាតិ ហាចុង) ជារឿយៗ ព្រោះពួកគេព្រួយបារម្ភ ពីអ្វីដែលបានរៀបរាប់ខាងលើ និងមិនស្វាគមន៍អ្នកពីក្រៅឡើយ សូម្បីជនជាតិឥណ្ឌាមកពីរដ្ឋផ្សេង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment