ព្រះគ្រូវជិរប្បញ្ញោ សាន សុជា បរិច្ចាគបច្ច័យ ៤.៤៦០ ដុល្លារ នៃថ្ងៃខួបកំណើតដើម្បីជាប្រយោជន៍សង្គម - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, December 17, 2019

ព្រះគ្រូវជិរប្បញ្ញោ សាន សុជា បរិច្ចាគបច្ច័យ ៤.៤៦០ ដុល្លារ នៃថ្ងៃខួបកំណើតដើម្បីជាប្រយោជន៍សង្គម

លោក តាក់ ម៉េងហៀង និងភរិយា ប្រគេនបណ្ណខួបកំណើត ចំពោះព្រះគ្រូវជិរប្បញ្ញោ សាន សុជា, មែលប៊ន, ១៥ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៣᧶១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ ធ្នូ ២០១៩

មែលប៊ន៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ធ្នូ ពុទ្ធបរិស័ទប្រមាណជាង ១០០ នាក់ និងព្រះសង្ឃចាស់វស្សាប្រមាណ ១១ អង្គ បានរៀបចំកម្មវិធីបុណ្យខួបកំណើត ឬចម្រើនព្រះជន្ម ប្រគេនព្រះគ្រូវជិរប្បញ្ញោ សាន សុជា ក្នុងជន្មាយុ ៤០ វស្សា ចូលកាន់ ៤១ វស្សា នៅឧទ្យានរេស៊ើវ័រម៉ារុនដាហ៍ ប្រកបដោយទេសភាពស្រស់បំព្រង នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ។ គួរជាទីជ្រះថ្លា ព្រះអង្គបានបែងចែកបច្ច័យ ដែលពុទ្ធបរិស័ទនិងព្រះសង្ឃ ដែលបានប្រគេនលោកក្នុងឱកាសនោះទាំងអស់ ដើម្បីជាប្រយោជន៍សប្បុរសធម៌ដ៏ថ្លៃថ្លា ។

នៅក្នុងពិធីបុណ្យខួបកំណើតនោះ លោក តាក់ ម៉េងហៀង សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ នៅ​រដ្ឋ​វ៉ិកតូរីយ៉ា ព្រមទាំងភរិយាបានចូលរួមជាភ្ញៀវកិត្តិយស និងប្រគេននូវបណ្ណខួបកំណើតប្រគេនចំពោះព្រះគ្រូ សាន សុជា ផងដែរ ។

ក្រោយពីកម្មវិធីនេះរួច ព្រះគ្រូ សាន សុជា ចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ នូវបំណែងចែកបច្ច័យដែលទទួលបានក្នុងឱកាសនេះចំនួន ៤.៤៦០ ដុល្លារអូស្ត្រាលី ជា ៤ ចំណែកដូចខាងក្រោម៖

១.ទិញទូកលឿនឲ្យសហគមន៍ព្រៃ អភិរក្សសង្ឃរុក្ខវ័ន ២.០០០ ដុល្លារអូស្ត្រាលី ។
២.សមាគមធម្មកថិកកម្ពុជា ១.០០០ ដុល្លារអូស្ត្រាលី ។
៣.វិទ្យាស្ថានសក្យបុត្រអន្តរជាតិ ១.០០០ ដុល្លារអូស្ត្រាលី ។
៤.ក្រុមយុវជន និងព្រះធម៌ (សម្រាប់សកម្មភាពបរិច្ចាគផ្សេងៗ) ៤៦០ ដុល្លារអូស្ត្រាលី ។
ពុទ្ធបរិស័ទកំពុងស្ដាប់ព្រះធម៌ ។

ខួបកំណើតនិងការចែកសេចក្តីសុខដល់អ្នកដទៃ

កម្មវិធីខួបកំណើតប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ បានភ្ជាប់ជាមួយនូវធម្មសាកច្ឆា ប្រកបដោយធម្មសប្បាយ រយៈពេលជិត ២ ម៉ោង នៅក្រោមម្លប់ឈើ ក្នុងឧទ្យានរេស៊ើវ័រម៉ារុនដាហ៍នដ៏ស្រស់បំព្រង ធ្វើឲ្យស្រមៃដល់កាលដែលបញ្ចវគ្គិយភិក្ខុ ស្ដាប់នូវធម្មចក្កប្បវត្តនសូត្រ នៅក្នុងព្រៃម្រឹគទាយវ័ន នាតំបន់សាន៌ាថ ជាង ២០០០ ឆ្នាំមុន ។

តាមពិតបើយោងតាមថេរដីការបស់ព្រះអង្គគ្រូ ដែលបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ព្រះអង្គគ្រូមិនចង់មានកម្មវិធីខួបកំណើតអីនោះទេ តែព្រះអង្គគ្រូចង់ធ្វើជាគំរូល្អ សម្រាប់អ្នកធ្វើខួបកណើតទូទៅ ។ នៅក្នុងកំឡុងពេលធ្វើធម្មសាកច្ឆាធម៌ ព្រះអង្គគ្រូបានលើកសម្ដីព្រះសង្ឃដែលចង់ធ្វើខួបកំណើតប្រគេន បែបកំប្លែងបន្តិចថា «ធ្វើទៅក្រែងបានលុយខ្លះ! [បរិស័ទផ្ទុះសំណើច]» ។ ផ្អាកសំណើចហើយព្រះអង្គគ្រូបន្តទៀតថា «ព្រោះលោកក៏ដឹងដែរពីបេះដូងអាត្មា តែកាលណាបានលុយខ្លះទៅ អាត្មាអាចធ្វើទាន យកទៅជួយអ្នកក្រ ឬក៏កុមារកំព្រា ឬក៏ស្អីចឹងអ្ហាៈ! មិនមែនយកទៅធ្វើអីទេ» ។

ព្រះអង្គគ្រូក៏នឹកថា «អូ ល្អដែរតើហ្ន! វាមិនអត់ប្រយោជន៍អី» ។ ថ្មីៗនេះព្រះអង្គគ្រូបានសិក្សាថាស្អី ដែលព្រះអង្គអាចជួយបាន ហើយនឹកឃើញថា «ចង់បើកជាផ្លូវគិតសម្រាប់អ្នកធ្វើខួបកំណើត ព្រោះសម្បូរអ្នកធ្វើខួបកំណើតណាស់ ប៉ុន្តែដោយច្រើនគឺធ្វើសប្បាយយកតែខ្លួនឯង... ភាគច្រើនហ្នឹងដល់ខួបកំណើត គឺចង់សប្បាយតែម្នាក់ឯង យ៉ាប់តែឪពុកម្ដាយហ្នឹងចួនកាល! វាសមតែកូនធ្វើកំណើតឲ្យម៉ែ មែនទេ? ក៏ថ្ងៃកំណើតខ្លួនឯង ធ្វើសេចក្តីល្អឲ្យម៉ែ ព្រោះម៉ែពិបាកនៅថ្ងៃហ្នុង ប៉ុន្តែមានអី ដល់ថ្ងៃហ្នុងម៉ែរឹតតែលំបាកឡើង» ដោយសារសងលុយគេ ឬត្រូវរៀបចំកម្មវិធីខួបឲ្យកូន ។

ព្រះអង្គគ្រូមានថេរដីកាទៀតថា ដោយសារព្រះអង្គបានសម្ដែងធម៌ពន្យល់ច្រើនដងទៅ ឥឡូវក្មេងៗមួយចំនួនបានយកថ្ងៃខួបកំណើត ដើម្បីធ្វើប្រយោជន៍ផ្សេងៗ ចែកសេចក្តីសុខដល់អ្នកដទៃ និងសាងប្រយោជន៍ដល់សង្គម ដោយសង្គហធម៌ ។ «សេចក្តីល្អដែលយើងចែកឲ្យអ្នកដទៃ គឺជាសេចក្តីសុខពិតប្រាកដ» អវសានោវាទរបស់ព្រះអង្គគ្រូ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment