ទៀតហើយ! ថៃគ្រោងដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៃអង្គការយូណេស្កូ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, December 16, 2019

ទៀតហើយ! ថៃគ្រោងដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៃអង្គការយូណេស្កូ

ប្រជាជនអបអរពិធីបុណ្យប្រោះទឹក នៅទីលានមួយក្នុងទីក្រុងជីងហុង ខេត្តស្វយ័តដៃនៃស៊ីសងបានណា ខេត្តយូណានប្រទេសចិនភាគនិរតី, ១៥ មេសា ២០១៩ (ស៊ិនហួ / សាវប៊ិន) ។

លោកវិទូ | ថ្ងៃ ២ ᧵១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ធ្នូ ២០១៩ ។

បាំងកក៖ បន្ទាប់ពីអង្គការសហប្រជាជាតិ បានទទួលស្គាល់ការម៉ាស្សាថៃ (ការធ្វើសរសៃបែបថៃ) នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ រដ្ឋាភិបាលថៃបានឲ្យដឹងថាកាលពីថ្ងៃសុក្រ (៦ ធ្នូ) ថា ខ្លួននឹងដាក់ស្នើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីថៃ ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៃអង្គការយូណេស្កូនៅឆ្នាំក្រោយ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខាវស៊ដ (Khaosod) បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងវប្បធម៍ លោក ឥទ្ធិពល ឃុនប្លឺម (Ittipol Khunpluem) បាននិយាយថា ការដាក់ស្នើពិធីបុណ្យចូលឆ្នាំថ្មី «សង្ក្រាន្ត» ដែលជាធម្មតាមានការលេងជះទឹកដាក់គ្នាជាច្រើនថ្ងៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏មានកិត្យានុភាព នឹងត្រូវបានធ្វើរួមគ្នាជាមួយរដ្ឋាភិបាលចិន ពីព្រោះនៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ក៏មានប្រពៃណីស្រដៀងគ្នានេះដែរ ។

មានប្រពៃណីស្រដៀងនឹងប្រទេសថៃដែរគឺ ក្រុមជនជាតិដៃ (Dai) នៅក្នុងខេត្តស្វយ័តដៃនៃស៊ីសងបានណារបស់ប្រទេសចិន តែងប្រារព្ធពិធីចូលឆ្នាំថ្មី នៅពាក់កណ្តាលខែមេសា និងលេងជះទឹកដាក់គ្នាដើម្បីលាងបាបគ្រោះ ជួបតែសំណាងល្អអំណរបុណ្យចូលឆ្នាំថ្មី ។ ជនជាតិដៃត្រូវបានគេជឿថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយជនជាតិថៃ ដែលគេស្គាល់ពួកគេថា តៃ

លោក ឥទ្ធិពល បាននិយាយថា ប្រទេសជិតខាងផ្សេងទៀត ដែលចូលរួមអបអរសាទរនូវបុណ្យ «សង្ក្រាន្ត» ឆ្នាំថ្នីដែរមានដូចជា ឡាវនិងកម្ពុជានឹងត្រូវបានអញ្ជើញឲ្យចូលរួម ដាក់ស្នើពិធីបុណ្យនេះ ទៅអង្គការយូណេស្កូដើម្បីពិចារណា ។

នៅក្នុងខ្លឹមសារចុងក្រោយរបស់ខ្លួន ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ (៦ ធ្នូ) នេះ ស្ថាប័នវប្បធម៌របស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ការម៉ាស្សាថៃជាសម្បត្តិវប្បធម៌អរូបី ដែលត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ ។

យោងទៅតាមអង្គការយូណេស្កូការធ្វើម៉ាស្សានេះមាន “ឫសគល់ក្នុងការថែរទាំខ្លួនឯង នៅក្នុងសង្គមកសិករថៃកាលពីអតីតកាល ដែលភូមិនីមួយៗមានអ្នកធ្វើម៉ាស្សា ដែលអ្នកភូមិនឹងពឹងពាក់ នៅពេលដែលពួកគេឈឺសាច់ដុំ ក្រោយពីការធ្វើការនៅវាលស្រែ” ។

គួររំឭកផងដែរថា កាលពីឆ្នាំមុន (វិច្ឆិកា ២០១៨) កម្ពុជានិងថៃ ធ្លាប់មានភាពចម្រូងចម្រាស់នឹងគ្នា រឿងដាក់ល្ខោនខោល (ខ្មែរ) និង ខន (ថៃ) ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៃអង្គការយូណេស្កូ ។ ចុងក្រោយ អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទាំងពីរ ទៅក្នុងបញ្ជី ក្នុងពេលតែមួយដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នោះ ។ អង្គការយូណេស្កូ បានចាត់ទុកល្ខោនខោលខ្មែរ ថាជាសម្បត្តិវប្បធម៌មនុស្សជាតិ ដែលត្រូវការការអភិវក្សជាបន្ទាន់ និងចាត់ទុកខនថៃថាជាសម្បត្តិវប្បធម៌សំខាន់ពិសេសដោយឡែក ។

សង្ក្រាន្ត គឺជាពាក្យដែលដកស្រង់ចេញពីពាក្យសំស្ក្រឹត សំដៅទៅលើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបានប្រារព្ធនៅប្រទេសថៃ ឡាវ កម្ពុជា ភូមា ស្រីលង្កា ផ្នែកខ្លះនៃភាគឦសានប្រទេសឥណ្ឌា កម្ពុជាក្រោម (វៀតណាមខាងត្បូង) និងខេត្តស្វយ័តដៃនៃស៊ីសងបានណារបស់ប្រទេសចិន ។ សង្ក្រាន្ត ជាប់ទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី តាមប្រតិទិនតាមហិណ្ឌូ នៅតំបន់ភាគច្រើននៃអាស៊ីខាងត្បូង ដែលត្រូវបានគេហៅថា មេសសង្ក្រាន្ត ។ ដូច្នេះ សង្ក្រាន្តមិនមែនឬមិនគួរជាកម្មសិទ្ធិ របស់ប្រទេសណាមួយផ្ដាច់មុខឡើយ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment