តើដឹងថារដ្ឋឥណ្ឌាណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំដូចខ្មែរយើងដែរទេ? - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, April 16, 2020

តើដឹងថារដ្ឋឥណ្ឌាណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំដូចខ្មែរយើងដែរទេ?

សារជូនពរឆ្នាំថ្មី នៅប្រទេសឥណ្ឌា ។

លោកវិទូ | ថ្ងៃ ៥᧹៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មេសា ២០២០

បុណ្យចូលឆ្នាំថ្មីឬសង្ក្រាន្តិ ជាបុណ្យប្រពៃណីជាតិមួយដ៏សំខាន់ ។ យើងភាគច្រើនធ្លាប់បានដឹងហើយថា បុណ្យចូលឆ្នាំថ្មីក៏ត្រូវបានប្រារព្ធនៅក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍មានដូចជា ប្រទេសកម្ពុជា ថៃ ឡាវ និងភូមា ព្រមទាំងប្រទេសស្រីលង្កាផងដែរ ។ ប៉ុន្តែនេះមិនមែនជារឿងចៃដន្យទេ ដែលរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌា ក៏ប្រារព្ធបុណ្យចូលឆ្នាំថ្មី ក្នុងថ្ងៃជាមួយគ្នានឹងខ្មែរដែរ ដូចជារដ្ឋតមិលនាឌុ រដ្ឋកេរ៉ាឡា (រដ្ឋភាគខាងត្បូង) និងរដ្ឋភាគកណ្ដាលនិងភាគខាងជើងមួយចំនួនទៀតផងដែរ ។

គ្រាន់តែឈ្មោះនិងរបៀបប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ មានលក្ខណៈផ្សេងគ្នាទៅតាមតំបន់ ដូចជានៅរដ្ឋតមិលនាឌុ មានឈ្មោះថា បុថាណ្ឌូ នៅរដ្ឋកេរ៉ាឡា គេហៅវាថា វិសុ ឯនៅរដ្ឋភាគកណ្ដាលនិងភាគខាងជើង គេហៅថា «វ៉ៃសាខិ» ឬ «បៃសាខិ» ដែលត្រូវបានប្រារព្ធនៅក្នុងថ្ងៃតែមួយ ។

បុថាណ្ឌូ - រដ្ឋតមិលនាឌុ

បុណ្យចូលឆ្នាំថ្មីតមិលមានឈ្មោះថា បុថាណ្ឌូ ឬគេហៅផងដែរថា បុថុវារុសាំចូលឆ្នាំថ្មីតមិល ដែលប្រារព្ធតាមប្រពៃណីហិណ្ឌូ និងដែលចាត់ទុកថាជាថ្ងៃទី១នៃឆ្នាំក្នុងប្រតិទិនតមិល ។

រដ្ឋតមិលនាឌុ ជារដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា តែងតែប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់ខ្លួន តាមប្រតិទិនតមិល ដែលត្រូវនឹងថ្ងៃទី ១៤ ខែមេសា ស្របគ្នានឹងខ្មែរយើងដែរ ។ 

នៅល្ងាចមុនថ្ងៃចូលឆ្នាំតមិល  ប្រជាជនតមិលរៀបចំគ្រឿងរណ្ដាប់ផ្សេងៗជាស្រេចទុកបូជាព្រះ ដូចជា ផ្លែឈើបីមុខគឺខ្នុរចេកនិងស្វាយ ស្លឹកម្លូ ស្លា គ្រឿងអលង្ការប្រាក់ឬមាសប្រាក់ កាក់ឬលុយ និងផ្កានៅលើថាសមួយ ។ តាមប្រពៃណីតមិល ពិធីនេះត្រូវបានគេស្គាល់ថា កាននី ហើយគេជឿជាក់ថា វានឹងនាំមកនូវសិរីសួស្តីនិងសេចក្តីចម្រុងចម្រើន ព្រោះពួកគេនឹងបានឃើញរបស់ទាំងនេះមុនគេ ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ។ រីឯនៅទ្វារចូលផ្ទះ គេរចនារូបមានព័ណ៌ចម្រុះដោយប្រើម្សៅអង្ករ ។ ការរចនានេះគេហៅថា កោឡាំ

នៅក្នុងឱកាសបុណ្យ បុថាណ្ឌូ មានពិធីសំខាន់មួយគឺ ពិធីបុណ្យដង្ហែឡាន ដ៏គគ្រឹកគគ្រេង នៅក្រុងតិរុវិទៃមរុដួរ និងកន្លែងផ្សេងទៀតផងដែរ ។ នៅក្នុងពិធីនេះ គេតាក់តែងរទេះឲ្យដូចព្រះវិហារហិណ្ឌូអ៊ីចឹង ដែលជាតំណាងឲ្យព្រះអាទិទេព ។

បន្ទាប់មកក្នុងថ្ងៃដដែល  ប្រជាជនប្រារព្ធពិធីបុណ្យនេះជាមួយក្រុមគ្រួសារនិងមិត្តភក្តិ ហើយរីករាយនឹងពិធីជប់លៀងទទួលអាហារពិសេសជុំគ្នា ។ មានមុខម្ហូបពីរប្រភេទដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ បុថាណ្ឌូ ម្ហូបជូរមួយនិងបផ្អែមមួយ ។ ម៉ាន់ហ្គៃ-បចឌី គឺជាម្លូបពិសេសម្រាប់ បុថាណ្ឌូ ដែលគេផ្សំគ្រឿងពីរសជាតិផ្សេងៗគ្នា ស្រដៀងទៅនឹងម្ហូបបចឌីសម្រាប់ថ្ងៃចូលឆ្នាំថ្មីឧគាទី និងវិសុដែរ (ដែលរៀបរាប់ខាងក្រោម) ។
គ្រឿងរណ្ដាប់ប្រពៃណី វិសុក្កានី ។ រូបភាព៖ jentytharian

វិសុ - រដ្ឋកេរ៉ាឡា

នៅរដ្ឋកេរ៉ាឡាឯណោះវិញ វិសុ ត្រូវបានប្រារព្ធជាបុណ្យចូលឆ្នាំថ្មី ក្នុងពាក់កណ្ដាលខែមេសានេះដែរ ។ វិសុ (មកពីសំស្ក្រឹត - ម៉ាឡាយ៉ាឡាំ វិសុវៈ) មានន័យថាន័យ«ស្មើ» ហើយនៅក្នុងបរិបទពិធីបុណ្យនេះ វាមានន័យថាការបញ្ចប់នៃសមរាត្រីនៃនិទាឃរដូវ ។

ពិធីបុណ្យប្រពៃណីនេះ ប្រជាជនចំណាយពេលវេលាជាមួយគ្រួសារ រៀបចំរបស់របរដែលមានពណ៌ស្រស់ឆើតឆាយ និងមើលរបស់ទាំងនេះថាជាវត្ថុដំបូងនៅថ្ងៃវិសុ (វិសុក្កានី) ។ ជាពិសេស ជនជាតិម៉ាឡេយ៉ា (ជនជាតិកេរ៉ាឡា) នាំគ្នាមើលផ្ការីកពណ៌មាសនៃដើមឈើម្យ៉ាង (មើលរូបភាពខាងលើ) ដែលមានផ្កាពណ៌លឿងស្រដៀងផ្កាអង្គាសិល្ប៍ ដែលឥណ្ឌាហើយថា កានីខនណា ។ ពួកគេក៏មើលប្រាក់ឬរបស់របរពណ៌ប្រាក់ ក្រណាត់ (ប័ត្តា) កញ្ចក់អង្ករនិងផលិតផលកសិកម្មផ្សេងទៀត ។ ថ្ងៃបុណ្យក្មេងៗនាំគ្នាលេងកាំជ្រួច អ្នកស្រុកអ្នកភូមិស្លៀកសម្លៀកបំពាក់ថ្មីៗ (បុថុកោឌី) និងការបរិភោគអាហារពិសេសមួយហៅថា សធ្យ ដែលជារបស់លាយជាមួយគ្រឿងប្រៃផ្អែមជូរនិងចត់ ។ នៅក្នុងឱកាសវិសុនេះ គេនិយមឲ្យលុយគ្នាទៅវិញទៅមក (វិសុកៃនីតាំ) ដែលជាពរជ័យពីក្រុមគ្រួសារដោយការឲ្យលុយកាក់គ្នានេះ (ដូចការនិយមឲ្យអាំងប៉ាវរបស់ជនជាតិចិនដែរ) ។

ការរៀបចំពិធីបុណ្យវិសុ ជាធម្មតារួមមាន រូបភាពនៃព្រះវិស្ណុមួយ ជាធម្មតានៅក្នុងទម្រង់ជាព្រះក្រឹស្ណា (មើលរូបភាពខាងលើ) ។ មនុស្សម្នានាំគ្នាទៅព្រះវិហារហិណ្ឌូ  ជាពិសេស ព្រះវិហារសពរីមលា អយ្យប្ប័ន ព្រះវិហារគុរុវ្យុរ ស្រី ក្រឹស្ណា ជាដើម ដើម្បីធ្វើពិធីសិរីមង្គល វិសុក្កានី ឬ វិសុក្កានី កាហ្សចា ដែលមានន័យថា «វត្ថុដែលត្រូវមើលមុនគេបង្អស់ នៅពេលព្រលឹមស្រាង ៗ ក្រោយពីក្រោកពីដំណេក» ។ ពិធីនេះសំខាន់ជាងគេក្នុងថ្ងៃវិសុ ស្រដៀងគ្នានឹងពិធីចូលឆ្នាំរបស់តមិលដែរ (បុថាណ្ឌូ) ។

ជំនឿក្នុងការមើលវត្ថុជាទីរីករាយក្នុងឱកាស បុថាណ្ឌូ និង វិសុ នេះ មានលំនាំតាមជំនឿព្រាហ្មណ៍ឈ្មោះ អាចារ្យទិដ្ឋ ក្នុងចំណោមអាចារ្យទាំងបី (ពីរទៀតគឺ អាចារ្យសុត និងអាចារ្យមុត) ដែលមានសម្ដែងនៅក្នុងមង្គលសូត្រ នៅក្នុងព្រះពុទ្ធសាសនា ។ អាចារ្យទិដ្ឋយល់ថា «មង្គលនោះស្រេចនឹងភ្នែកឃើញរូបល្អៗ ទើបជាមង្គលប្រសើរ» ។
រូបភាពអបអរសាទរបុណ្យបានសង្ក្រាន្តិ ។ រូបភាព៖ ommcomnews

បានសង្ក្រាន្តិ - រដ្ឋឱឌិសា

ចំណែកបុណ្យចូលឆ្នាំនៅរដ្ឋឱឌិសាឯណោះវិញ ក៏ប្រារព្ធនៅក្នុងថ្ងៃនេះដែរ ដែលមានឈ្មោះផ្សេងថា បានសង្ក្រាន្តិ មហាវិសុពសង្ក្រាន្តិ ផងដែរ ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងតាមប្រពៃណីហិណ្ឌូ ដោយការទៅធ្វើសក្ការបូជានៅព្រះវិហារហិណ្ឌូ ដូចជាព្រះវិហារវិស្ណុ ព្រះវិហារសក្តិ និងព្រះវិហារហនុមាន ព្រោះថ្ងៃនេះត្រូវបានគេចាត់ទុកថាជាថ្ងៃកំណើតរបស់ហនុមាន ។ ក្នុងថ្ងៃនេះដែរ ប្រជាជននាំគ្នាទៅងូតទឹកនៅតាមដងទន្លេ ឬមជ្ឈមណ្ឌលសក្ការៈបូជាធំ ៗ ដើម្បីជម្រះមន្ទិលតាមជំនឿហិណ្ឌូ ។ ប្រជាជនក្នុងសហគមន៍ចូលរួមក្នុងការតាំងពិព័រណ៍ (មេលា) មើលការរាំច្រៀងតាមដងផ្លូវ ឬការសម្តែងកាយវប្បកម្ម ។ 

ចំណុចកំពូលនៃការលេងកម្បាន្តនៅក្នុងថ្ងៃសង្ក្រាន្តិនេះគឺ ល្បែងដើរកាត់ភ្លើង ដែលអ្នកស្ម័គ្រចិត្តដើរលើរងើកភ្លើងដែលកំពុងឆេះ ខណៈពេលអ្នកទស្សនាស្រែកហ៊ោជាមួយតន្ត្រីនិងចម្រៀង ។

អាហារនិងភេសជ្ជៈពិសេសដូចជាភេសជ្ជៈ ទឹកផ្លៃស្វាយ-ទឹកដោះគោជូរ-ទឹកដោះគោជូរ-ដូង លាយចូលគ្នាដែលគេហៅថា ទឹកបាន ត្រូវបានចែកចាយឲ្យគ្នា ដែលជាប្រពៃណីមួយផ្នែកជាប្រភពនៃឈ្មោះពិធីបុណ្យនេះឯង ។

រដ្ឋឱឌិសានេះពីដើមឈ្មោះឱរិស្សា មានអាណាចក្របុរាណរបស់ខ្លួនឈ្មោះ កលិង្គ ដែលចាស់ៗខ្មែរយើងពីដើមនិយមហៅថាក្លិង្គៗនោះឯង ។
ប័ណ្ណជូនពរឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ មានសៀវភៅគណនេយ្យថ្មី ដែលមានរូបសញ្ញាហិណ្ឌូស្វស្តិក ។

បហេលា បៃសាខ - រដ្ឋបង្គ័លខាងលិច

នៅរដ្ឋបេង្គ័លខាងលិច ក៏ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសានេះដែរ (ថ្ងៃទី១៤ ឬ ១៥) ដោយហៅឈ្មោះតាមខែទី១ ក្នុងប្រតិទិនបេង្គ័លថា «បហេលា បៃសាខ» ។ រដ្ឋទ្រីបុរៈ និងភាគខាងជើងនៃរដ្ឋឱឌិសា ក៏មានប្រពៃណីនេះដូចគ្នាដែរ រួមទាំងប្រទេសបង់ក្លាដែស និងនេប៉ាល់ផងដែរ ។

ពិធីបុណ្យចូលឆ្នាំរបស់ជនជាតិបេង្គលី ត្រូវបានប្រារព្ធដោយការដង្ហែក្បួន ពិធីតាំងពិព័រណ៍ និងការចំណាយពេលវេលាចួបជុំគ្រួសារ ។ ការសួរសុខទុក្ខគ្នាតាមបែបប្រពៃណីសម្រាប់បុណ្យចូលឆ្នាំថ្មីជនជាតិបង្គលីគឺ «សុភោ នពោ ពរសោ» (Subho Nabo Barsho) ដែលមានន័យថា “សួស្តីឆ្នាំថ្មី” ។

ជនជាតិបេង្គលីចាប់ផ្ដើមថ្ងៃបុណ្យចូលឆ្នាំរបស់ខ្លួន ដោយការមុជទឹកទន្លេជម្រះមន្ទិល បន្ទាប់មកធ្វើសក្ការបូជាចំពោះព្រះនាងលក្ស្មី និងព្រះគណេស ។ ជាពិសេសសម្រាប់ពាណិជ្ជករវិញ ពួកគេចាប់ផ្តើមធ្វើបញ្ជីគណនេយ្យឆ្នាំថ្មី (បញ្ជីចំណាយចំណូល) ។ ការបើកទំព័រសៀវភៅគណនេយ្យថ្មីត្រូវបានគេហៅថា ហ័លខាតា ។ អ្នកខ្លះបើកទំព័រដំបូងដោយគូរនិមិត្តរូបហិណ្ឌូនៃអបិយជំនឿដែលហៅថា ស្វស្តិក ។ ម្ចាស់ហាងខ្លះបោះពុម្ពប្រតិទិនមានរូបព្រះ ដែលមានអាស័យដ្ឋានរបស់ពួកគេ ហើយចែកចាយទៅអតិថិជនរបស់ពួកគេ ទុកជាការឲ្យអំណោយ និងការរាប់អានអតិថិជនរបស់ខ្លួន ។

ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់នៅរដ្ឋបេង្គ័លខាងលិច រួមមានការដង្ហែក្បួនវប្បធម៌ពេលព្រឹកព្រលឹមដែលគេហៅថា ប្រភាតផេរី ។ នៅក្នុងក្បួនដង្ហែនេះ មានការសម្តែងរបស់ក្រុមរបាំ និងកុមារៗស្លៀកពាក់ពោង (ប៉ោងៗធំ) បង្ហាញការសម្ដែងសិល្បៈរបស់ពួកគេ ជាមួយនឹងបទចម្រៀងដែលនិពន្ធដោយមហាកវីជាតិបង្គលីឈ្មោះ រពិន្ទ្រនាថ ដគោរ ។

របៀបនៃបុណ្យតាមបែបបង្គលីនេះ ក៏ត្រូវបានប្រារព្ធដោយប្រជាជននៅរដ្ឋទ្រីបុរៈ និងរដ្ឋភាគឦសានមួយចំនួន ដែលមានសហគមន៍បង្គលីរស់នៅមានរដ្ឋអាសាំជាដើម ។
ជនជាតិអាសាំក្នុងសម្លៀកបំពាក់ប្រពៃណី ក្នុងថ្ងៃបុណ្យ រោងគាលី ពិហូ ។ រូបភាព៖ Indian Express
រោងគាលីពិហូ - រដ្ឋអាសាំ

រោងគាលីពិហូរោហាគពិហូ គឺជាពិធីបុណ្យសំខាន់ជាងគេមួយ ក្នុងចំណោមបុណ្យទាំងបីនៃពិហូ [ពីរទៀតគឺ កោគាលី/កតិពិហូ (ខែតុលា) និង ភោគាលី/មាឃពិហូ (ខែមករា)]  ដែលត្រូវបានប្រារព្ធឡើងដោយប្រជាជនទូទាំងរដ្ឋអាសាំ ភាគឦសាននៃប្រទេសឥណ្ឌា ។ 

រោងគាលីពិហូ ជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិអាសាំ ដែលត្រូវបានបារព្ធឡើងតាមប្រតិទិនហិណ្ឌូនិងពុទ្ធសាសនា ដែលត្រូវចំខែមេសានេះដែរ ចាប់ពីថ្ងៃទី ១៤ ដល់ ២០ ដែលជាបុណ្យក្រោយរដូវច្រូតកាត់រួច ។

ជនជាតិអាសាំអបអរសាទរពិធីបុណ្យរោងគាលីពិហូ ដោយការជប់លៀង ការប្រគំតន្រ្តី និងការរាំរែក ។ អ្នកខ្លះព្យួរឆ្នាំងស្ពាន់ ទុងដែង ឬប្រាក់នៅលើបង្គោលនៅមុខផ្ទះរបស់ពួកគេ ខណៈពេលដែលក្មេងៗពាក់កម្រងផ្កា បន្ទាប់ពួកគេដើរកាត់តាមជនបទ ដើម្បីស្វាគមន៍ឆ្នាំថ្មី ។

ពិធីបុណ្យពិហូទាំងបីគឺជាពិធីបុណ្យអាសាំ ដើម្បីឧទ្ទិសចំពោះព្រះក្រិស្ណា គោក្របី (គោរូពិហូ) ព្រឹទ្ធាចារ្យក្នុងគ្រួសារ ដីមានជីជាតិ និងព្រះម៉ែម្ចាស់ដី ប៉ុន្តែការប្រារព្ធពិធីនិងពិធីសាសនា បានឆ្លុះបញ្ចាំងពីឥទ្ធិពលមកពីអាស៊ីអាគ្នេយ៍និងវប្បធម៌ចិន-ទីបេត៍ ។ នៅក្នុងសម័យបច្ចុប្បន្ន ពិហូត្រូវបានប្រារព្ធដោយប្រជាជនអាសាំទាំងអស់ ដោយមិនប្រកាន់សាសនាឡើយ ។
ប័ណ្ណជូនពរចូលឆ្នាំថ្មីវ៉ៃសាខិ ។

វ៉ៃសាខិ - រដ្ឋបញ្ចាប

នៅរដ្ឋបញ្ចាបដែលមានប្រជាជនភាគច្រើនជាសាសនិកសិក្ខ មានពិធីបុណ្យចូលឆ្នាំដូចគ្នានេះដែរ តែហៅឈ្មោះផ្សេងថា វ៉ៃសាខិ ឬ បៃសាខិ ជាឈ្មោះខែទី១នៃប្រតិទិននៃរដ្ឋនេះ ត្រូវនឹងថ្ងៃទី១៣ ឬ ១៤ ខែមេសា ដែលប្រារព្ធតាមប្រពៃណីសាសនាសិក្ខ និងហិណ្ឌូ ។

ប្រជាជនសាសនាសិក្ខប្រារព្ធពិធីបុណ្យនេះ ជាទិវារំឭកដល់ការបង្កើតសហគមន៍ ខាលសា បន្ថ នៃអ្នកចម្បាំងនៅក្រោមការដឹកនាំរបស់ គុរុ គោពិន្ទ សិង្ហ ក្នុងឆ្នាំ ១៦៩៩ និងជាថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរ ។

នៅថ្ងៃវ៉ៃសាខិ គុរុទ្វារា (ព្រះវិហារសក្ការបូជារបស់សិក្ខ) ត្រូវបានតុបតែងលម្អ និងមានការសូត្រធម៌កីត៌ន ។ បរិស័ទសិក្ខទៅធ្វើសក្ការបូជានៅគុរុទ្វារា ។ ពិព័រណ៍សហគមន៍ និងការដង្ហែក្បួន នគរកីត៌ន ត្រូវបានធ្វើឡើង ហើយប្រជាជនប្រមូលចួបជុំគ្នា ដែលជាឱកាសល្អដើម្បីរាប់អានមិត្តភ័ក្តិថ្មីៗ និងចែករំលែកឲ្យគ្នា នូវចំណីអាហារពិសេសសម្រាប់ថ្ងៃបុណ្យនេះ ។

បុណ្យចូលឆ្នាំវ៉ៃសាខិនេះ ក៏ជាបុណ្យច្រូតកាត់ផងដែរ ដែលប្រារព្ធដោយប្រជាជនសិក្ខ និងហិណ្ឌូ នៅរដ្ឋបញ្ចាប ។

ក្រៅពីនេះ តំបន់ម៉ៃថិលីនៃរដ្ឋពិហារ (ប៊ីហារ) ប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ប្រារព្ធបុណ្យចូលឆ្នាំរបស់ខ្លួន ដែលគេហៅថា ចូលឆ្នាំថ្មីម៉ៃថិលី ឬ ជូឌេស៊ីត័ល តាមប្រតិទិនម៉ៃថិលី ដែលត្រូវនឹងថ្ងៃទី ១៤ មេសា ។ របៀបប្រារព្ធពិធី និងការគោរពបូជាបែនសាសនាហិណ្ឌូ មានលក្ខណៈស្រដៀងគ្នា នឹងបុណ្យចូលឆ្នាំដទៃទៀតដែរ ។
ប័ណ្ណជូនពរចូលឆ្នាំថ្មី ឧគាទី មានរូបសម្លរបចឌី និងស្ត្រីកំពុងរចនារូបកោឡាំ ។

ឧគាទី - រដ្ឋអាន្ធ្រប្រទេស រដ្ឋកណ៌ាដ័ក និងរដ្ឋតេឡាំងគាណា

ក្រៅពីនេះបុណ្យចូលឆ្នាំក្នុងថ្ងៃរួមគ្នាតាមប្រពៃណីហិណ្ឌូ ក៏មាននៅរដ្ឋភាគមួយចំនួនទៀតដែរគឺ បុណ្យឧគាទី នៅរដ្ឋអាន្ធ្ររប្រទេស រដ្ឋកណ៌ាដ័ក និងរដ្ឋតេឡាំងគាណា ។ ឧគទីត្រូវបានគេប្រារព្ធឡើងមានលក្ខណៈសប្បាយរីករាយ នៅក្នុងតំបន់ទាំងនេះ នៅថ្ងៃដំបូងនៃខែចែត្រ ប្រតិទិនសុរិយ-ច័ន្ទគតិរបស់ហិណ្ឌូ ដែលត្រូវនឹងខែមីនានិងមេសា (ឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី ២៥ មីនា) ។

ទោះយ៉ាងណា ឧគាទី មានកាលបរិច្ឆេទខុសគ្នាបន្តិចទៅនឹងថ្ងៃចូលឆ្នាំថ្មីផ្សេងទៀត នៅឥណ្ឌាដែលដូចគ្នានឹងថ្ងៃចូលឆ្នាំថ្មីខ្មែរ ដោយសារការប្រកាន់យកប្រតិទិនខុសគ្នា ។

នៅថ្ងៃបុណ្យចូលឆ្នាំក្នុងរដ្ឋទាំងនេះ ប្រជាជនរៀបចំផ្ទះសំបែងលម្អដោយការរចនារូបចម្រុះពណ៌ នៅលើផ្ទៃថ្មីស៊ីម៉ង់ត៍មុខផ្ទះ ដែលគេហៅថា កោឡាំ (កាន្នដា៖ រ័ង្គោលី, តេលូគូ៖ មុគ្គុលូ) ការតុបតែងដោយស្លឹកស្វាយ នៅលើទ្វារដែលគេហៅថាតូរ៉ាណា (កាន្នដា៖ តូរណា, តេលូគូ៖ តូរណាលូ) ។ ពួកគេទិញនិងផ្តល់អំណោយដូចជាសម្លៀកបំពាក់ថ្មី ផ្តល់អំណោយសប្បុរសធម៌ដល់អ្នកក្រីក្រ ងូតទឹកពិសេសអមដោយការលាបប្រេង ការរៀបចំនិងចែករំលែកអាហារពិសេសដែលគេហៅថា បចឌី និងទៅធ្វើសក្ការបូជានៅព្រះវិហារហិណ្ឌូ ។

បចឌីគឺជាអាហារពិសេសប្រចាំថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលមានលាយគ្រប់រសជាតិមានផ្អែមជូរប្រៃល្វីងក្រហាយនិងហិរ ។ នៅក្នុងប្រពៃណីហិណ្ឌូរបស់ជនជាតិកាន្នដានិងជនជាតិតេលូគូ រសជាតិចម្រុះនេះជានិមិត្តរូបមួយ ដែលយើងត្រូវរំពឹងថា នឹងត្រូវឆ្លងកាត់ក្នុងជីវិតនៅក្នុងឆ្នាំថ្មីខាងមុខនេះ ហើយត្រូវទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនបំផុត ពីរសជាតិនៃជីវិតនេះ ។

នៅរដ្ឋមហារាស្ត្រក៏ធ្វើពិធីបុណ្យចូលឆ្នាំឧគាឌីនេះដែរ តែហៅឈ្មោះផ្សេងថា គុទីបាឌ្វា

សរុបសេចក្តីទៅ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីហិណ្ឌូ ដែលត្រូវបានប្រារព្ធនៅតាមរដ្ឋនានា នៅប្រទេសឥណ្ឌា ដែលមានឈ្មោះហៅផ្សេងគ្នាទៅតាមភាសាក្នុងតំបន់ គឺត្រូវនឹងថ្ងៃទីបុណ្យចូលឆ្នាំបែបពុទ្ធសាសនា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ។ នេះប្រហែលជាលទ្ធផលនៃទំនាក់ទំនងប្រវត្តិសាស្ត្រ រវាងឥណ្ឌានិងអាស៊ីអាគ្នេយ៍ ជាច្រើនសតវត្សរ៍ណាស់មកហើយ ។

សូមបញ្ជាក់ថា រដ្ឋផ្សេងក្រៅពីរដ្ឋរៀបរាប់ខាងលើនេះ ប្រារព្ធបុណ្យចូលឆ្នាំថ្មីនៅថ្ងៃផ្សេង ហើយបុណ្យចូលឆ្នាំថ្មីសកល (១ មករា) ជាបុណ្យចូលឆ្នាំថ្មីជាតិទូទៅនៅប្រទេសឥណ្ឌា ។

ពិធីបុណ្យចូលឆ្នាំថ្មីហិណ្ឌូ ក្រៅពីការផ្ដល់ឱកាសក្នុងគោរពបូជាសាសនា និងការជួបជុំគ្រួសារទទួលទានអាហារពិសេស ក៏ជាពិធីបុណ្យប្រមូលផលកសិកម្មផងដែរ ។ នេះគឺមានអត្ថន័យដូចគ្នានឹងបុណ្យចូលឆ្នាំថ្មីខ្មែរ ។

បើទោះជាក្នុងទីនេះយើងមិនបាននិយាយអំពី ដំណើរគោចរនៃព្រះអាទិត្យ ឬ សង្ក្រាន្តិ ក៏ពិតមែន ប៉ុន្តែអត្ថន័យនេះមានដូចគ្នាក្នុងពិធីចូលឆ្នាំថ្មីហិណ្ឌូ ។ ប៉ុន្តែហាក់ដូចជាមិនឃើញនិយាយពីរឿងទទួលទេវតាចុះមកក្នុងស្ថានកណ្ដាល ដូចក្នុងជំនឿខ្មែរយើងទេ ។ ម៉្យាងទៀត រឿងព្រេងបុណ្យចូលឆ្នាំក៏ប្រហែលខុសគ្នាដែរ ។ ចូលឆ្នាំខ្មែរធ្វើតាមលទ្ធិពុទ្ធនិយម ដោយយករឿងកបិលមហាព្រហ្មមកធ្វើជាបុព្វហេតុនៃពិធីចូលឆ្នាំថ្មី ។ នៅក្នុងលទ្ធិហិណ្ឌូនិយម មាននិយាយអំពីរឿងព្រះព្រហ្មបង្កើតលោក ហើយថ្ងៃចូលឆ្នាំថ្មីគឺជាថ្ងៃដែលព្រះព្រហ្មបង្កើតលោកនោះឯង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment