សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា បានបរិច្ចាគបច្ច័យចំនួន ១ ម៉ឺនដុល្លារសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, April 17, 2020

សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា បានបរិច្ចាគបច្ច័យចំនួន ១ ម៉ឺនដុល្លារសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩


លោកវិទូ | ថ្ងៃ ៧᧺៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ មេសា ២០២០

សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងព្រះលេខាធិការថេរសភាសង្ឃនៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា​ និងជាសម្តេចព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស បានបរិច្ចាគបច្ច័យចំនួន ១ ម៉ឺនដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ (COVID-19 ) ដែលកំពុងឆ្លងរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់អគ្គាធិការពុទ្ធិកសិក្សាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ។

ក្រោយពីមានការអំពាវនាវអំពីសម្នាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់មន្ត្រីរាជការ និងសប្បុរសជនទូទាំងប្រទេស ឲ្យបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា យើងឃើញថា មានមន្ត្រីសង្ឃជាន់ខ្ពស់ (សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល) ឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគប្រាក់ជាបន្តបន្ទាប់ ។

ជំងឺឆ្លងកូវី១៩គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលពិភពលោកទាំងមូលកំពុងចួបប្រទះ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជនទូទាំងពិភពលោក ។ ខណៈពិភពលោកទាំងមូលមានអ្នកឆ្ងងជំងឺឧត្បាតនេះ កើនឡើងយ៉ាងលឿន រហូតចំនួនជាង ២ លាននាក់ និងស្លាប់ចំនួនជាង ១៤ ម៉ឺននាក់ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពដែលអាចទប់ស្កាត់បាន ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ចំនួន ១២២ នាក់ ។ 

ក្នុងនោះអ្នកជំងឺដែលជាសះស្បើយវិញមានចំនួន ៩៨ ដូច្នេះនៅសល់អ្នកជំងឺតែ ២៤ នាក់ប៉ុណ្ណោះ ។ បើយើងតាមការធ្វើបច្ចុប្បន្នភាពរបស់ worldometers ប្រទេសកម្ពុជាបានធ្វើតេស្តរកវីរុសកូវីដ១៩ចំនួនជាង ៥៧០០ នាក់ ស្មើនឹង ៣៤៥ នាក់ ក្នុងចំណោម ១ លាននាក់ ។ ខណៈប្រទេសជិតខាង ថៃឡង់ដ៍បានធ្វើតេស្តមនុស្សចំនូនជាង ១០ ម៉ឺននាក់ និងវៀតណាមជាង ២០ ម៉ឺននាក់ ។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានព្រមានផងដែរថា ការឆ្លងជំងឺកូវីដ១៩នៅតាមសហគមន៍អាចនឹងកើតឡើង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment