ពរបួនប្រការដ៏មានខ្លឹមសាររបស់លោកតាបណ្ឌិត កុល ផេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, April 14, 2020

ពរបួនប្រការដ៏មានខ្លឹមសាររបស់លោកតាបណ្ឌិត កុល ផេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

រូបភាពតំណាង, កុមារីជនបទបួននាក់កំពុងសើចសប្បាយ (ឆ្វេង) និងលោកតាបណ្ឌិត កុល ផេង សាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧷៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៤ មេសា ២០២០

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃច័ន្ទ លោកតាបណ្ឌិត កុល ផេង ជាស្ថាបនិកនិងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបង្ហោះសារជូនពរបួនប្រការដ៏មានខ្លឹមសារ ចំពោះញាតិមិត្តទាំងឡាយក្នុងវដ្ដសង្សារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

ភ្ជាប់ជាមួយនឹងរូបភាពកុមារីជនបទបួននាក់ កំពុងសើចរីករាយឥតខ្វល់ខ្វាយ ហាក់គ្មានទុក្ខកង្វល់អ្វីសោះឡើយ លោកតាបណ្ឌិតបានជូនពរជាសារឆ្នាំថ្មីជាភាសាអង់គ្លេស ដែលមានន័យជាខេមរភាសាថា «សួស្ដីឆ្នាំថ្មី មិត្តភ័ក្ដិនិងញាតិមិត្តទាំងឡាយ ក្នុងវដ្ដសង្សារ!»

ខ្លឹមសារទី១ លោកតាបណ្ឌិតបានរំឭកអំពីអាយុជីវិត ដែលយើងបានបង់ជូនស្ដេចយមរាជ ក្នុងមួយឆ្នាំកន្លងទៅ ។ គាត់សរសេរថា៖

«មុនពេលយើងឆ្លងចូលឆ្នាំថ្មី យើងបានបំពេញនូវកាតព្វកិច្ចរបស់យើងរៀងៗខ្លួនដោយប្រពៃ ដោយការបង់ពន្ធជាអាយុជីវិត (Life-TAX) ក្នុងរយៈពេល ៣៦៥ ថ្ងៃ ចំពោះអ្នកប្រមូលពន្ធដ៏មហិមាគឺ ស្ដេចយមរាជ (TAX Collector) ។ ពេលវេលាល្អនិងអាក្រក់ក៏បានកន្លងទៅជារៀងរហូត ។»

ខ្លឹមសារទី២ លោកតាបណ្ឌិតបានរំឭក អំពីការខិតខំបំពេញសេចក្តីល្អបុណ្យកុសលឲ្យបានខ្លាំងក្លាជាងមុន ។ គាត់បានសរសេរទៀតថា៖

«ខ្ញុំសូមជូនពរដោយស្មោះសថា អ្នកទាំងអស់គ្នានឹងប្រមូល ក្នុងឆ្នាំថ្មីនេះនិងឆ្នាំដែលនឹងមកដល់ នូវវ៉ាលីដាក់អីវ៉ាន់កាន់តែធំ និងកាន់តែប្រសើរឡើង ដែលផ្ទុកពេញដោយសេចក្តីល្អទាំងឡាយ ។»

ខ្លឹមសារនៃពរទី៣របស់គាត់ លោកតាបណ្ឌិតបានជូនពរប្រាំប្រការគឺ សូមឲ្យអ្នកបានប្រកបដោយ (១) សេចក្តីអាណិតស្រឡាញ់ (មេត្តាធម៌) (២) សេចក្ដីសង្ឃឹម សុខភាពល្អ សុខដុមរមនា និងសេចក្ដីសុខ (៣) ការរួចផុតពីការយាយីរបស់មេរោគកូវីដ១៨ (៤) ការរួចផុតពីបំណុល និង(៥) ការរួចផុតពីការស្អប់ខ្ពើមគ្នា ។

លោកតាបណ្ឌិតបានបញ្ចប់សារជូនពររបស់គាត់ ដោយពរទី៤ថា «សូមសព្វសត្វទាំងពួងបានរួចចាក់ទុក្ខ» ។

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ការអប់រំបែបទំនើប និងផ្សារភ្ជាប់នឹងក្រមសីលធម៌ តាមទ្រឹស្តីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របតាមបាវចនារបស់ខ្លួនថា «សីល សមាធិ បញ្ញា» ។ បញ្ញាសាស្ត្រជាសាកលវិទ្យាល័យឯកជនតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលដាក់ទង់ព្រះពុទ្ធសាសនានៅលើកំពូលអាគារសិក្សារបស់ខ្លូន ។

លោកតាបណ្ឌិត កុល ផេង ត្រូវបានព្រះសង្ឃសិស្សនិស្សិតគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅ ដោយសារគុណធម៌ និងឧបការគុណដែលគាត់បានធ្វើចំពោះពួកគេ ។ ព្រះសង្ឃនិងនិស្សិតក្រីក្រជាច្រើន បានទទួលអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យនេះ តាមរយៈកម្មវិធីអាហារូបករណ៍របស់លោកតាបណ្ឌិត កុល ផេង ។

លោកតាបណ្ឌិត បាននិពន្ធសៀវភៅជាច្រើន ដែលទាក់ទងនឹងការអប់រំសីលធម៌សង្គម និងភាពជាអ្នកដឹកនាំល្អ តាមទ្រឹស្តីព្រះពុទ្ធសាសនា ក្នុងចំណោមនោះគឺសៀវភៅ «មាគ៌ាជីវិតនៃព្រះពោធិសត្វ» បោះពុម្ពផ្សាយក្នុងឆ្នាំ២០០៩ កាលគាត់នៅជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ឆ្នាំនេះខុសពីឆ្នាំមុនៗ ដោយសារផល់ប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ជាសកល គណៈសម្ដេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាល បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩នៅកម្ពុជា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment