សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។ |
រាជធានីភ្នំពេញ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ពិតថេរដីកាចំពោះព្រះមេគណ ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ត ទាំង២៥ រាជធានី-ខេត្ត ស្តីអំពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ពិតថេរដីកាចំពោះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងពុទ្ធសាសនាបរិស័ទទូទាំងថា៖
«ករណីជំងឺកូរ៉ូណា/កូវីដ១៩ នៅតែជាបញ្ហាប្រឈម និងបង្ករហានីភ័យខ្ពស់បំផុតដល់សុខភាពសាធារណៈ និងអាយុជីវិតមនុស្សជាតិ ទូទាំងសាកលលោក ។ ដើម្បីជាការឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ៦រោច ដល់ថ្ងៃព្រហស្បតិ៍ ៩រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ព.ស.២៥៦៣ គ.ស.២០២០ ខាងមុខនេះ ដើម្បីចៀសវាងកុំឲ្យមានការប្រមូលផ្ដុំមនុស្សម្នាច្រើន ។»
ព្រះអង្គស្នើឲ្យពុទ្ធបរិស័ទគ្រប់រូប ចម្រើនមេត្តាភាវនាដល់សព្វសត្វទាំងពួង ធ្វើសក្ការបូជាចំពោះព្រះរតនត្រៃ និងគោរពមាតាបិតា ត្រកូលរៀមច្បង ។ ព្រះអង្គណែនាំឲ្យពុទ្ធបរិស័ទ រៀបចំរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន ។
ការរាតត្បាតនៃមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កម្មវិធីពុទ្ធសាសនាជាតិនិងអន្តរជាតិទូទាំងសាកលលោក ។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ មានកម្ពុជា ថៃ ភូមា ឡាវ បានប្រកាសផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (សង្ក្រាន្ត) ដ៏សំខាន់នេះដូចគ្នា រួមទាំងសហគមន៍ខ្មែរនៅក្រៅស្រុក មានសហរដ្ឋអាម៉េរិកជាដើមផងដែរ ។ កម្មវិធីបុណ្យវិសាខបូជាអន្តរជាតិរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ ក៏ត្រូវបានប្រកាសផ្អាកដែរ ។
ទោះយ៉ាងណា សេវាកម្មពុទ្ធសាសនា និងកម្មវិធីពុទ្ធសាសនាជាច្រើន មានការសម្តែងព្រះធម៌ និងការបង្រៀនវិបស្សនាជាដើម ត្រូវបានធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ ដើម្បីចៀសវាងការចួបជុំមនុស្សម្នាច្រើន ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment