កូវីដ១៩៖ ឥណ្ឌាអនុញ្ញាតឲ្យនាំចេញថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន, ជប៉ុនផ្ដល់ជូនថ្នាំអវិហ្គែនដោយឥតគិតថ្លៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, April 09, 2020

កូវីដ១៩៖ ឥណ្ឌាអនុញ្ញាតឲ្យនាំចេញថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន, ជប៉ុនផ្ដល់ជូនថ្នាំអវិហ្គែនដោយឥតគិតថ្លៃ


លោកវិទូ | ថ្ងៃ ៥៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៩ មេសា ២០២០

ឥណ្ឌាជាប្រទេសផលិតថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន (Hydrochloroquine) ធំជាងគេបំផុតមួយ បានអនុញ្ញាតឲ្យក្រុមហ៊ុនខ្លួននាំចេញថ្នាំនេះ ទៅកាន់ប្រទេសមួយចំនួន រីឯប្រទេសជប៉ុនក៏បានប្រកាសផ្ដល់ជូនថ្នាំអវិហ្គែន (Avigan) របស់ខ្លួន ដល់ប្រទេសចំនួន ២០ ដោយឥតគិតថ្លៃ ។

ក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំផ៍ ទូរស័ព្ទទៅប្រធានមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី (និយាយលេងផង លួងលោមផង បង្កប់ន័យគំរាមខ្លះផង) ពេលនេះឥណ្ឌាបានសុខចិត្តអនុញ្ញាតឲ្យចេញនាំថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន មិនត្រឹមតែទៅអាម៉េរិកទេ គឺទៅប្រទេសដែលជាមិត្តនិងអមិត្តផងដែរ ក្នុងកាលៈទេសៈនេះ ដែលត្រូវការជំនួយ ជាការសម្រេចចិត្តបែបត្រលប់ក្រោយ ១៨០ ដឺក្រេ ។

មានប្រទេសជាង ៣០ បានដាក់បញ្ជាទិញថ្នាំនេះ រួមមាន សហរដ្ឋអាម៉េរិក ប្រេស៊ីល ប្រទេសនៅតំបន់ឈូងសមុទ្រពែក និងអាហ្វ្រិក និងប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីបូព៌ា (សាក់/SAARC) ផងដែរ ។ (The Financial Express)

ថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីននេះជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ទេ តែប្រើមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺកូរ៉ូណា ខណៈអ្នកវេជ្ជសាស្ត្រកំពុងដុតដៃដុតជើង ស្រាវជ្រាវរកថ្នាំព្យាបាល និងវ៉ាក់សាំង ។ តាមការស្ទង់មតិពីគ្រូពេទ្យជាង ២០០០ នាក់ បានឲ្យដឹងថា ថ្នាំនេះមានប្រសិទ្ធភាពជាង ៣០% ក្នុងការព្យាបាលជំងឺកូរ៉ូណា ខ្ពស់ជាងថ្នាំណាៗទាំងអស់ ។

ដោយឡែក ប្រហែលប៉ុន្មានថ្ងៃមុនឥណ្ឌា ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងផ្ដល់ថ្នាំគ្រុនផ្ដាសាយធំ (anti-flu drug) ឈ្មោះ អវិហ្គែន ដល់ប្រទេសចំនួន ២០ ដោយឥតគិតថ្លៃ រួមមាន ប្រទេសតួរគី ប៊ុលហ្គារី ឆេក ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ភូមា និងស៊ូឌីអារ៉ាបៀ ។ល។ មានប្រទេសចំនួន ៣០ ទៀតក៏ចង់បានវាដែរ ។ (Kyodo News)

ថ្នាំជប៉ុនប្រភេទនេះ ត្រូវបានអ្នកស្រាវជ្រាវនៅប្រទេសចិនរកឃើញថា វាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូរ៉ូណា ។ ទោះយ៉ាងណា ថ្នាំអវិហ្គែននេះ ដែលផលិតដោយក្រុមឱសថតូយ៉ាម៉ានៃប្រទេសជប៉ុន កំពុងត្រូវបានធ្វើតេស្តនៅឡើយទេ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment