លោកវិទូ | ថ្ងៃ ៥᧲៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៩ មេសា ២០២០
ជំងឺកូវីដ១៩ជាវិបត្តិសុខភាពពិភពលោកដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យពិភពលោកទាំងមូលស្ទើរតែជាប់គាំងទាំងស្រុង នៅក្នុងសតវត្សរ៍ទី២១នេះ ។ កងចក្រនៃសកលភាវូបនីយកម្មបានឈប់នឹងថ្កល់ ចង្វាក់ទំនាក់ទំនងពិភពលោកត្រូវបានកាត់ផ្ដាច់ ក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ។
សុខមាលភាព និងអាយុជីវិតមនុស្សលោក កំពុងចួបហានិភ័យប្រឈមមុខនឹងការឆ្លងនៃមេរោគកូរ៉ូណា (កូវីដ១៩) ដ៏ប្រល័យនេះ ។ ការតក់ស្លុត ភាពភ័យខ្លាច តែងកើតឡើងចំពោះបុគ្គលដែលមានប្រាជ្ញាតិច ខ្វះមូលដ្ឋាននៃគិតពិចារណារកហេតុផល និងវិធានទប់ទល់ ទាំងផ្នែកវេជ្ជសាស្ត្រ និងសតិស្មារតីតាមបែបសាសនា ។
ខណៈអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវរាវរក ដំណោះស្រាយជាក់លាក់ចំពោះវិបត្តិសុខភាពពិភពលោកនេះ វិភាគទាននិងទស្សនទានផ្នែកសាសនា អាចជាឱសថផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព កុំឲ្យមនុស្សមានសេចក្តីប្រមាទ និងរក្សាចិត្តឲ្យនៅជាឧបេក្ខា (កណ្ដាល) ចំពោះជំងឺឧត្បាតនេះ ដែលគ្មានអ្វីផ្សេងពីធម៌សាមញ្ញលក្ខណៈ (អនិច្ចំ ទុក្ខំ និងអនត្តា) ឡើយ ។
តួនាទីព្រះពុទ្ធសាសនាខ្មែរ អាចចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ តាមរយៈការអប់រំផ្លូវចិត្ត និងការបញ្ជ្រាបនូវការយល់ដឹង អំពីការថែរក្សាសុខភាព-អនាម័យ ដោយផ្ដល់នូវគោលគំនិតជាមូលដ្ឋានសំខាន់ៗមួយចំនួន ។
ក្នុងទីនេះ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ផ្ដល់នូវវិធីសាស្ត្រប្រកបដោយគតិបណ្ឌិត ដើម្បីបង្ការនិងទប់ទល់នឹងមេរោគកូវីដ១៩ ដល់ពុទ្ធបរិស័ទនិងបងប្អូនប្រុសស្រី តាមសេចក្តីនៃព្យញ្ជនៈក្នុងពាក្យថា C.O.V.I.D. ដែលមានចំណងជើងថា «កម្លាំងចិត្ត៥យ៉ាងដើម្បីយកឈ្នះមេរោគកូវីដ-១៩ (COVID-19)» ដូចខាងក្រោម៖
១. C Compassionate Mindfulness សតិប្រកបដោយករុណា
កូវីដ-១៩ រំលឹកយើងឱ្យមានសតិ ដឹងខ្លួន និងភ្ញាក់រលឹក ដោយគ្មានភាពធ្វេសប្រហែសក្នុងការរស់នៅ ។ ចូរយើងមានការប្រុងប្រយ័ត្ន រក្សានូវគម្លាតពីគ្នា និងស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ក្នុងន័យជួយជាតិរបស់យើង ។
២. O Opportunity ឱកាស
យើងអាចទាញយកប្រយោជន៍ពីវិបត្តិកូវីដ-១៩នេះ ធ្វើជាឱកាសសម្រាប់ស្មឹងស្មាធិ និង អភិវឌ្ឍនូវប្រាជ្ញាញាណរបស់យើង ដើម្បីបង្កើននូវនវានុវត្តន៍ច្រើនបែបយ៉ាង ក្នុងគោលបំណងដើម្បីសម្របសម្រួលជីវិតក្នុងសង្គមដែលមានការប្រែប្រួលជាប្រចាំ ។
៣. V Victory ជ័យជំនះ
យើងប្រឹងប្រែងជម្នះនូវបញ្ហា និងឧបសគ្គទាំងឡាយ បណ្តាលមកពីកូវីដ-១៩ រួមទាំងកិលេសទាំងពួង ដែលកំពុងបំផ្លិចបំផ្លាញយើង ដូចជាភាពស្លន់ស្លោ ភ័យខ្លាច និងជំងឺសរសៃប្រសាទ ជាដើម ដើម្បីឈានឆ្ពោះទៅអនាគតប្រកបដោយក្តីសង្ឃឹម និងឆន្ទៈមោះមុត ។
៤. I Inspiration បំណងប្រាថ្នា
យើងរៀនពង្រឹងនូវបណងប្រាថ្នា និងជំនឿទុកចិត្តរបស់ខ្លួន ដើម្បីប្រឈមកូវីដ-១៩ និងត្រៀមខ្លួន ចាកចេញពីស្ថានភាពផ្លូវចិត្តអវិជ្ជមាន ជាមួយនឹងចិត្តស្ងប់ នឹងនរ ពោរពេញដោយបញ្ញា ។
៥. D Determination ការតាំងចិត្ត
កូវីដ-១៩ ធ្វើឱ្យយើងមានការតាំងចិត្តយកជ័យជំនះលើវិបត្តិដោយភាពស្វិតស្វាញ និងសេចក្តីអត់ធ្មត់, មិនបោះបង់ចោលងាយៗ ឬ មិនអស់សង្ឃឹម រហូតដល់ពេលប្រទេស ជាតិយើងមានសុវត្ថិភាព ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment