កូវីដ១៩៖ ព្រះពុទ្ធបដិមានៅវត្តលាវសន្តិធម្មត្រូវបានវាយបំផ្លាញ, ទីក្រុងហ្វតស្មិត (សហរដ្ឋអាម៉េរិក) - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, April 10, 2020

កូវីដ១៩៖ ព្រះពុទ្ធបដិមានៅវត្តលាវសន្តិធម្មត្រូវបានវាយបំផ្លាញ, ទីក្រុងហ្វតស្មិត (សហរដ្ឋអាម៉េរិក)

ព្រះតេជព្រះគុណ ខាំផេន វង្សា នៃវត្តលាវសន្តិធម្ម នៅទីក្រុងហ្វតស្មិត កំពុងឈរមើលព្រះពុទ្ធបដិមាបែកបាក់, ៧ មេសា ២០២០ ។ រូបភាព៖ Times Record

លោកវិទូ | ថ្ងៃ ៦᧳៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១០ មេសា ២០២០ 

តាមការចុះផ្សាយរបស់សារព័ត៌មានពុទ្ធិសដ័រ (Buddhistdoor) បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទបំផ្លាញព្រះពុទ្ធបដិមា ចំនួន ៣ កាលពីថ្ងៃអាទិត្យទី ៥ ខែមេសា នៅវត្តលាវសន្តិធម្ម ដែលជាវត្តព្រះពុទ្ធសាសនា នៅក្នុងទីក្រុងហ្វតស្មិត (Fort Smith) រដ្ឋអាក័នសាស់ (Arkansas) រដ្ឋភាគខាងត្បូងនៃសហរដ្ឋអាម៉េរិក ។ នៅលើកាមេរ៉ាថតរបស់ប៉ូលីសនៅក្នុងវត្ត គេឃើញបុរសម្នាក់អាយុ ២១ ឆ្នាំ ឈ្មោះ សោន មីឆែល អ៊ីស្រាអែល (Shawn Michael Israel) កាន់ញញួរមួយនៅក្នុងដៃរបស់គាត់ ។ គេឮបុរសឈ្មោះអ៊ីស្រាអែលនោះនិយាយថា បដិមាទាំងនោះជា «ព្រះពុទ្ធបដិមាក្លែងក្លាយ...វត្តក្លែងក្លាយ» ហើយថា គាត់បានធ្វើនូវអ្វីដែលព្រះបានប្រាប់គាត់ឲ្យធ្វើ ដែលមាននៅក្នុងព្រះគម្ពីរ ។

មន្រ្តីប៉ូលីសដែលបានទៅដល់កន្លែងកើតហេតុបានរាយការណ៍ថា ពួកគេបានឃើញបុរសឈ្មោះអ៊ីស្រាអែល «កំពុងតែវាយព្រះពុទ្ធបដិមាពណ៌មាស ដោយញញួរនិងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ» ។ មន្រ្តីប៉ូលីសបានប្រឈមមុខនឹងអ៊ីស្រាអែល ហើយបានចាប់ខ្លួនគាត់ពីបទឧក្រិដ្ឋក្នុងកម្រិតបឋម ។

ពុទ្ធបរិស័ទម្នាក់ឈ្មោះ ខេន ចន្ថាខុត (Ken Chanthakhot) បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងនោះថា «ជារៀងរាល់ថ្ងៃ នោះហើយគឺអាយុជីវិតរបស់យើង ហើយវាគ្រាន់តែជាអ្វីដែលធ្វើឲ្យខ្ញុំរន្ធត់ ហើយវាធ្វើឲ្យគ្រួសារខ្ញុំឈឺចាប់ ។ ចុះចំណែកខ្ញុំ ជីវិតខ្ញុំ ខ្ញុំមកទីនេះដើម្បីគោរពបូជា ។ យើងបារម្ភយើងខ្លាចនឹងមកទីនេះទៀត ។»

លោក ដាន់នី បែកឃើ (Danny Baker) មេប៉ូលីសទីក្រុងហ្វតស្មិត បានកត់សម្គាល់ថា «ខ្ញុំមានការសោកស្តាយចំពោះទង្វើជាក់ស្តែងនៃអំពើហិង្សាប្រកាន់សាសនានេះ ហើយខ្ញុំសូមអរគុណដែលមន្ត្រីរបស់យើងអាចចាប់ជនសង្ស័យបាន» ។
ព្រះពុទ្ធបដិមាបែកបាក់ និងជនល្មើស សោន មីឆែល អ៊ីស្រាអែល (Shawn Michael Israel) ។

ការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១ ម៉ឺនដុល្លារអាមេរិក ។ លោក ធី សូរលួងសាណា (Thy Sorluangsana) បានសរសេរនៅបណ្ដាញរៃអង្គាសប្រាក់អន់ឡាញរបស់គាត់ថា «ឧប្បត្តិហេតុនេះបានធ្វើឲ្យពុទ្ធបរិស័ទចាស់ៗចំណុះជើងវត្តជាច្រើន មានអារម្មណ៍ឈឺចាប់ និយាយមិនចេញ និងអាក់អន់ចិត្ត ដោយហេតុថាវត្តដែលពួកគាត់បានទៅធ្វើបុណ្យជារៀងរាល់សប្តាហ៍ ដែលជាទីប្រកបដោយសន្តិភាពអស់រយៈពេលជាច្រើនទសវត្សរ៍ បានបាត់បង់ភាពស្ងប់ស្ងាត់ ។»

អ្នករៃអង្គាសប្រាក់រូបនេះមានគោលបំណង ដើម្បីធ្វើព្រះពុទ្ធបដិមាថ្មីដែលខូចខាត និងដើម្បីពង្រីកសន្តិសុខជុំវិញវត្ត ។ គិតត្រឹមថ្ងៃទី ៩ ខែមេសា ការអំពាវនាវរៃអង្គាសប្រាក់នេះបានជាង ៣.០០០ ដុល្លារនៃគោលដៅ ២០.០០០ ដុល្លារ ។

ខណៈការឆ្លងរាលដាលនៃមេរោគកូរ៉ូណា បន្តរីករាលដាលនៅអាមេរិកខាងជើង ការវាយប្រហារប្រកាន់ជាតិសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីដែរក៏រីករាលដាលដែរ ។ នៅខែមីនា វត្តនិងទីសក្ការបូជាពុទ្ធសាសនា ត្រូវបានជនអនាមិកបំផ្លិចបំផ្លាញ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ។ បរិស័ទចំណុះជើងវត្តនៅទីនោះគិតថា អំពើនេះជាប់ទាក់ទងនឹងការរើសអើងជាតិសាសន៍ ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ ដែលមានប្រភពពីអាស៊ី ទីក្រុងវូហាន ប្រទេសចិន ។

នៅពាក់កណ្តាលខែមីនា ក្រុមប្រឹក្សាគោលនយោបាយនិងផែនការអាស៊ីប៉ាស៊ីហ្វិកបានបង្កើតគេហទំព័រ «បញ្ឈប់ការស្អប់ខ្ពើ អា.អេ.ភី.អាយ. (Stop AAPI hate)» ក្នុងគោលបំណងប្រមូលរឿងរ៉ាវវាយប្រហារមកលើជនជាតិអាមេរិកអាស៊ី និងអ្នកកោះប៉ាស៊ីហ្វិក នៅសហរដ្ឋអាមេរិក ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គេហទំព័របានប្រមូលរបាយការណ៍ជាង ១១០០ ករណី នៅចន្លោះថ្ងៃទី ១៩ ខែមីនាដល់ថ្ងៃទី ៣ ខែមេសា ។
ព្រះសង្ឃនៅក្នុងវត្តលាវសន្តិធម្ម ទីក្រុងហ្វតស្មិត រដ្ឋអាក័នសាស់ សហរដ្ឋអាម៉េរិក ។ រូបភាព៖ GoFundMe

លោកសាស្ត្រាចារ្យ  រូស្សែល ជឺង (Russell Jeung) ប្រធាននិងជាសាស្រ្តាចារ្យនៃការសិក្សាជនជាតិអាម៉េរិកដើមកំណើតអាស៊ី នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ បានមានប្រសាសន៍ថា «កំណើននៃឧប្បត្តិហេតុទាក់ទងនឹងការស្អប់ជនជាតិអាស៊ី - ជាង ១.១០០ ករណី និងកំពុងកើនឡើងទៀត - ឆ្លុះបញ្ចាំងពីបរិយាកាសអរិភាព ដែលជនជាតិអាម៉េរិកដើមកំណើតអាស៊ី និងអ្នកកោះប៉ាស៊ីហ្វិក ប្រឈមមុខក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ។ ទិន្នន័យនេះជួយយើងឆ្លើយតបទៅនឹងតម្រូវការសហគមន៍ជាក់លាក់ និងផ្តល់អនុសាសន៍គោលនយោបាយ ដែលបានកំណត់ ។ ទាំងនេះរួមបញ្ចូលទាំងការផ្តល់ធនធានសុខភាពផ្លូវចិត្តដល់យុវជនដែលត្រូវគេសម្លុត និងធានាថាហាងលក់ដូរទាំងឡាយ ផ្តល់នូវសុវត្ថិភាពសម្រាប់ជនជាតិ AAPIs ដែលប្រើប្រាស់ទំនិញនិងសេវាកម្មនៅហាងទាំងនោះ» ។

ការវាយប្រហារនៅហ្វតស្មីត បានជំរុញឲ្យក្រុមប្រឹក្សាទំនាក់ទំនងអាមេរិច-អ៊ីស្លាម (CAIR) អំពាវនាវឲ្យមានច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម ។ នៅថ្ងៃទី ៧ ខែមេសា CAIR បានអំពាវនាវឲ្យសភារដ្ឋអាក័នសាស់ អនុម័តច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើមនៅក្នុងរដ្ឋនេះ ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបួននៅសហរដ្ឋអាមេរិក ដែលគ្មានច្បាប់បែបនេះ ដែលនឹងកំណត់ថាឧក្រិដ្ឋកម្ម ដែលត្រូវបានកើតឡើងដោយសារ ការរើសអើងសាសនា ពូជសាសន៍ ជនជាតិភាគតិច ឬផ្លូវភេទ នឹងត្រូវកាត់ទោសនៅតុលាការកម្រិតសហព័ន្ធ ។

លោក ប៊ូសាយ កែវបួនសុន (Buasay Keobounson) ប្រធានគណៈកម្មការវត្តលាវបាននិយាយថា លោកគាំទ្រការជំរុញច្បាប់នេះ ដោយបន្ថែមថា «ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តនិងសោកស្តាយ [ចំពោះការបំផ្លិចបំផ្លាញ] ហើយមានអារម្មណ៍ថា មិនមានសុវត្ថិភាពសម្រាប់ព្រះសង្ឃ» ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment