អនិច្ចធម្មរបស់វីរសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ តា ង៉ុ​កកោ ព្រះចៅ​អធិការ​វត្ត​ដំបង​ពាក់​ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, April 10, 2020

អនិច្ចធម្មរបស់វីរសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ តា ង៉ុ​កកោ ព្រះចៅ​អធិការ​វត្ត​ដំបង​ពាក់​


លោកវិទូ | ថ្ងៃ ៦᧳៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១០ មេសា ២០២០ 

ព្រះចៅ​អធិការ​វត្ត​ដំបង​ពាក់ ព្រះតេជព្រះគុណ តា ង៉ុ​កកោ (គឹម ខាយ) ជាព្រះសង្ឃខ្មែរក្រោម ដែលសកម្ម​ក្នុង​សកម្ម​ភាពពង្រឹងផ្នែកវប្បធម៌ នៅ​ដែន​ដី​កម្ពុជា​ក្រោម បាន​សុគត ដោយ​មិនទាន់​ដឹង​មូល​ហតុ​ច្បាស់លាស់ នៅឡើយ​ ។ 

បើ​តាម​ប្រភព​ព័ត៌មាន ពី​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ឲ្យដឹង​ថា ព្រះចៅ​អធិការ​វត្ត​ ព្រះអង្គកំពុង​សឹង​ក្នុង​កុដិ​តែមួយព្រះ​​អង្គ​ឯង សុគត​យ៉ាង​អាណោចអាធ័ម ដោយ​គ្មាន​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ្ធណា​បានដឹង​ឡើយ រហូត​ទាល់តែ​ព្រឹក​ឡើង ព្រះសង្ឃ​គង់​ក្នុង​វត្ត​មិនឃើញ​ព្រះអង្គ​និមន្ត​ឡើង​ឆាន់ចង្ហាន់​ពេលព្រឹក ទើប​ព្រះសង្ឃ​ក្នុង​វត្ត​ទៅ​គាស់​ទ្វារ​កុដិ​មើល ទើប​ដឹង​ថា ព្រះអង្គ​បាន​សុគត​បាត់​ទៅ​ហើយ និង​មិនដឹង​សុគត តាំង​ពី​ថ្មើ​ណា​ឡើយ ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ដល់ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ បាន​កើតឡើង​ នៅ​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅក្នុង​វត្ត​ដំបង​ពាក់ ស្ថិតនៅ​ភូមិ​ដំបង​ពាក់ ឃុំ​ផ្សារ​ឆេះ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង (កម្ពុជាក្រោម​) ។

ព្រះសង្ឃ គណៈកម្មការ​វត្ត និង​បរិស័ទ​ចំណុះជើងវត្ត​វត្ត​ដំបង​ពាក់ កំពុង​រៀបចំ​ពិធីបុណ្យ​ថ្វាយព្រះ​សព ទៅតាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

គិត​ត្រឹម​ម៉ោង​នេះ នៅ​មិន​ទាន់ទួល​បាន​លទ្ធផល ពី​ការ​ធ្វើ​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ ថា​តើ ព្រះអង្គ​បាន​សុគត​ដោយសារបញ្ហាអ្វី នៅឡើយ​ទេ ។

ចំណែកព្រះ​​សពរបស់​​ព្រះអង្គ កំពុងតម្តល់​ធ្វើបុណ្យ​ក្នុង​វត្ត រយៈពេល ៤ ថ្ងៃ ហើយ នឹង​បូជា​នៅ​រាត្រី​ថ្ងៃអាទិត្យ ៥ រោច ខែចេត្រ ឆ្នាំកុរ ដែល​ត្រូវ នឹង​ថ្ងៃទី ១២ ខែមេសា គ.ស​.២០២០ ។
រូបភាពបទចម្រៀងមួយបទ ក្នុងចំណោមបទជាច្រើន ដែលត្រូវបានតែងនិពន្ធដោយ ព្រះតេជព្រះគុណ តា ង៉ុកកោ ដែលមានបង្ហោះនៅលើបណ្ដាញវីដេអូយូធូប

សូម​បញ្ជាក់​ថា ព្រះតេជព្រះគុណ តា ង៉ុ​កកោ គឺជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​ព្រះ​អង្គ ដែលតែងតែចូ​ល​រួម​​​​​សកម្មភាពក្នុង​ការ​​​ថែរក្សា​វប្បធម៌ ប្រពៃណី យ៉ាងសកម្ម​នៅ​ដែនដី​កម្ពុជាក្រោម ។ ជាពិសេស ព្រះអង្គ​បាន​ស្រាវជ្រាវ​នូវ​តំបន់​ភូមិ​សាស្រ្ត នៃ​ទឹកដី​កម្ពុជាក្រោម ដែ​មានឈ្មោះ​ភូមិ ឃុំ ស្រុក ជា​ភាសាខ្មែរ ហើយ​និពន្ធ​ទៅជា​បទចម្រៀង ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរក្រោម​ផង និង​រក្សា​ឈ្មោះដើម​នៃ​ភូមិសាស្ត្រ​ឲ្យ​នៅ​ជា​ភាសាខ្មែរ​ផង ។

អត្ថបទៈ ស៊ឺន ចែងចើន / វិទ្យុសំឡេងកម្ពុជាក្រោម

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment