កូវីដ១៩៖ វត្តនិងទីសក្ការបូជាពុទ្ធសាសនា ត្រូវបានជនអនាមិកបំផ្លិចបំផ្លាញ នៅទីក្រុងម៉ុងរ៉េអាល់ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, March 11, 2020

កូវីដ១៩៖ វត្តនិងទីសក្ការបូជាពុទ្ធសាសនា ត្រូវបានជនអនាមិកបំផ្លិចបំផ្លាញ នៅទីក្រុងម៉ុងរ៉េអាល់

រូបចម្លាក់បដិមានៅមុខវត្តឈួគូណអាំ (Chua Quan Am temple) ត្រូវបានបានផ្លិចបំផ្លាញ ដោយជនអនាមិក កាលពីថ្ងៃទី ៤ មីនា ។ (Paul Chiasson/The Canadian Press)

លោកវិទូ | ថ្ងៃ ៤᧳៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១១ មីនា ២០២០

ប៉ូលីសកំពុងធ្វើការសើបអង្កេត ករណីវាយបំផ្លាញវត្តនិងទីសក្ការបូជាពុទ្ធសាសនាជាច្រើនកន្លែង ដោយជនអនាមិក នៅទីក្រុងម៉ុងរ៉េអាល់ ។ ប៉ូលីសពុំទាន់ធ្វើការសន្និដ្ឋានជាក់លាក់ណាមួយ អំពីមូលហេតុទាក់ទងនឹងករណីនេះនៅឡើយទេ ។ ករណីនេះកើតឡើង ក្រោយពីមាន «ព័ត៌មានបំភ្លៃ» អំពីករណីរីករាលដាលវីរុសកូរ៉ូណា កូវីដ-១៩ (Covid-19) ដែលធ្វើឲ្យមតិសាធារណជន ដាក់កំហុសលើប្រជាជនអាស៊ីទាំងមូល ។

យោងតាមការចុះផ្សាយ របស់វិទ្យុកាណាដាអន្តរជាតិ (RCI) បានឲ្យដឹងថា ប៉ូលីសម៉ុងរ៉េអាល់បានបញ្ជាក់ថា ពួកគេកំពុងស៊ើបអង្កេតសកម្មភាពបំផ្លិចបំផ្លាញនៅតាមព្រះវិហារ និងវត្តជាទីសក្ការបូជាពុទ្ធសាសនា ដែលបានធ្វើឲ្យសមាជិកសហគមន៍អាស៊ី មានការខឹងសម្បារនិងស្រងាកចិត្ត ។

អ្នកស្ម័គ្រចិត្តម្នាក់នៅវត្តឈ្មោះល្វីស ឡេ (Louis Le) និយាយថា គាត់ជឿជាក់ថាសកម្មភាពនេះអាចជាការប្រតិកម្មតប ទៅនឹងសហគមន៍អាស៊ីដោយសារបញ្ហាវីរុសកូរ៉ូណា កូវីដ-១៩ ដែលបានផ្ទុះឡើងដំបូងនៅប្រទេសចិន ។

ប៉ូលីសដែលស៊ើបអង្កេតលើសកម្មភាពនានា ដែលប្រឆាំងនឹងនិមិត្តសញ្ញាសាសនា បានសង្ស័យថានេះជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ប៉ុន្តែមិនទាន់បញ្ចេញមូលហេតុ អំពីការបំផ្លិចបំផ្លាញនេះទេ ហើយបានបដិសេធមិនប្រាប់ អំពីចំនួនឧប្បត្តិហេតុដែលបានកើតឡើង ថាមានប៉ុន្មានកន្លែងនោះទេ ។

ទោះយ៉ាងណា កម្មករនៅវត្តចំនួនបីដាច់ដោយឡែកពីគ្នានិយាយថា រូបចម្លាក់នៅខាងក្រៅអាគាររបស់ពួកគេ ត្រូវបានខូចខាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

លោក ឡេ បានរស់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ ពេញមួយជីវិតរបស់គាត់ទៅហើយ ហើយបានប្រាប់សារព័ត៌មានកាណាដាថា វាជាលើកទីមួយហើយ ដែលគាត់បានឮពីឧប្បត្តិហេតុនានា ដែលកើតឡើងចំពោះសហគមន៍ពុទ្ធសាសនានៅទីក្រុងនេះ ។
លោក ល្វីស ឡេ អ្នកធ្វើការនៅវត្តឈួគួនអាំ ទីក្រុងម៉ុងរ៉េអាល់ ។ (Ivanoh Demers/Radio-Canada) 

គាត់បាននិយាយថា វត្តឈួគួនអាំ (Chua Quan Am) នៅស្រុក Côte-des-Neiges ដែលគាត់កំពុងបម្រើការ ត្រូវបានបំផ្លិចបំផ្លាញពីរដង នៅក្នុងរយៈពេលមួយខែកន្លងទៅនេះ ដោយជនបិទមុខ ។

កាមេរ៉ាសុវត្ថិភាពបង្ហាញថា រូបសំណាកដែលត្រូវបានបំផ្លាញនោះ គឺដោយប្រើញញួរ ។

លោក ឡេ បានប្រាប់ សារព័ត៌មានកាណាដាថា បដិមាចំនួន ១០ ទាំងខាងក្នុងនិងខាងក្រៅខ្លោងទ្វារព្រះវិហារ រួមទាំងព្រះពុទ្ធបដិមាមួយអង្គផងត្រូវបានខូចខាត ។

លោកក៏បានកត់សម្គាល់ផងដែរថា រូបចម្លាក់សត្វតោពីរនៅច្រកចូល ទីក្រុងចិន (Chinatown) នៃទីក្រុងម៉ុងរ៉េអាល់ថ្មីៗនេះ ត្រូវបានបំផ្លាញដោយថ្នាំបាញ់ពណ៌ ។

លោក ឡេ បាននិយាយថា «នៅខណៈនេះ ការសន្និដ្ឋានបឋមរបស់ខ្ញុំគឺថា វាដោយសាររឿងវីរុសកូរ៉ូណា» ។

«ប្រជាជនភ្ជាប់ករណីវីរុសកូវីដ-១៩ ជាមួយសហគមន៍អាស៊ីទាំងមូល ។ ពួកគេមានការរើសអើង និងមិនយុត្តិធម៌ ។»

ដូនឌិញ (Tran Dinh) ដូនជីព្រះពុទ្ធសាសនាដែលធ្វើការនៅសមាគមពុទ្ធសាសនាធៀនតុន (Thuyen Ton Buddhist Association) ក្នុងស្រុករ៉ូស្មែត - ឡាប៉ាទ្រី (Rosemount-La Patrie) បានប្រាប់សារព័ត៌មាន CBC News ថា គាត់បានរកឃើញរូបសំណាកមួយចំនួនរបស់មជ្ឈមណ្ឌល ត្រូវបានបំផ្លាញដោយផ្នែកខ្លះ កាលពីថ្ងៃសុក្រ (៦ មីនា) ។

រូបចម្លាក់មួយគូ នៅមុខមជ្ឈមណ្ឌលសង្គម-វប្បធម៌ពុទ្ធសាសនាហួយយេន ខុង (Huyen Khong Buddhist Socio-Cultural Centre) ត្រូវបានបំផ្លាញ នៅស្រុក Rosemont–La Petite-Patrie ។ (Ivanoh Demers/Radio-Canada)

ហើយរូបចម្លាក់តោនៅខាងក្រៅមជ្ឈមណ្ឌលវប្បធម៌-សង្គមពុទ្ធសាសនា ហួយេនខុង ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រត្រូវបានខូចខាតនាពេលថ្មីៗនេះ ។

រូមចម្លាក់តោយាមទ្វារចិនឬអធិរាជអធិរាជ គឺជាគ្រឿងតុបតែងស្ថាបត្យកម្មបុរាណរបស់ចិន ។ ជាធម្មតាវាធ្វើពីថ្ម ដែលគេនិយមហៅថា តោថ្មឬស៊ីស៊ី ។ នៅក្នុងភាសាអង់គ្លេសគេស្គាល់ថាជាសត្វឆ្កែរាងតោ ឬឆ្កែចចក (lion dogs or foo dogs) ដែលជាទ្វារបាល ។

គាត់បានប្រាប់សារព័ត៌មាន CBC News ថា «ខ្ញុំក្រៀមក្រំណាស់ ។ ខឹងបន្តិចដែរ» ។

«ហេតុអ្វីបានជាមនុស្សទាំងនេះវាយប្រហាររូបចម្លាក់របស់យើង?»

លោក ឡេ បានបន្ថែមទៀតថា លោកមានការព្រួយបារម្ភថា អំពើហិង្សាប្រឆាំងនឹងនិមិត្តសញ្ញាអាស៊ី អាចចាប់នឹងក្លាយជាការប្រឆាំងនឹងមនុស្ស នៅពេលណាមួយ ។ ដោយវត្តទាំងនោះមានភាពមមាញឹក ជាពិសេសនៅចុងសប្តាហ៍ និងទាក់ទាញសហគមន៍អាស៊ីដ៏ធំមួយ លោកបានសម្តែងក្តីសង្ឃឹមថា ប៉ូលីសនឹងយកចិត្តទុកដាក់ការស៊ើបអង្កេតលើករណីនេះ ៕ (Buddhistdoor Global)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment