គម្ពីរឆ្លងស្រុក៖ សៀមបាននឹងកំពុងធ្វើបរិវត្តគម្ពីរបាលីអក្សរខ្មែរស្លឹករឹត ៣.៣៥៧ ដុំមកជាអក្សរសៀម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, March 10, 2020

គម្ពីរឆ្លងស្រុក៖ សៀមបាននឹងកំពុងធ្វើបរិវត្តគម្ពីរបាលីអក្សរខ្មែរស្លឹករឹត ៣.៣៥៧ ដុំមកជាអក្សរសៀម

គម្ពីរស្លឹករឹត ។ Photo Sou Dara

លោកវិទូ | ថ្ងៃ ៣᧲៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១០ មីនា ២០២០

កាលពីលើកមុនលោកវិទូធ្លាប់បានចុះផ្សាយព័ត៌មាន ទាក់ទងនឹងរឿងនេះម្ដងដែរ ដែលមានចំណងជើងថា ភ្ញាក់ផ្អើលពេលដឹងថា គម្ពីរពុទ្ធសាសនាបុរាណអាយុជាង ២០០ ឆ្នាំ របស់ថៃសរសេរជាអក្សរខ្មែរ ។ តាមពិតយើងបានដឹងហើយថា សៀមបានលុកលុយ និងវាយកាន់កាប់ខ្មែរជាច្រើនលើកតាំងពីសម័យក្រោយអង្គរ ដល់សម័យលង្វែក ។ រាល់លើកគឺពួកគេតែងបានប្រនាំយកនូវឯកសារ និងគម្ពីរមានតម្លៃរបស់ខ្មែរទៅប្រទេសខ្លួនវិញផង បើពុំនោះទេពួកគេនឹងដុតបំផ្លាញចោល ដូចនៅអង្គរអ៊ីចឹង ។

ម្ល៉ោះហើយវាមិនមែនជារឿងចម្លែកទេ ដែលសៀមមានបន្សល់ទុកនូវគម្ពីរសាស្ត្រាស្លឹករឹត យ៉ាងច្រើនយ៉ាងនេះ ។ សៀមបំប្លែងប្រាប់មហាជនខ្លួនថា គម្ពីរទាំងនោះសរសេរជាអក្សរ «ខម» មិនមែនជាអក្សរខ្មែរទេ ។ តាមពិត «ខម» គឺ «ខ្មែរ» ហ្នឹងឯង ។ សូម្បីប្រវត្តិវិទូជនជាតិសៀមបច្ចុប្បន្នមួយចំនួន មានលោកសាស្ត្រាចារ្យ ចន្ទវិទ្យ កាសេតសិរិ (Charnvit Kasetsiri) ជាដើមក៏បកស្រាយអ៊ីចឹងដែរ ។ គាត់ថាតាមពិតពាក្យ «ខម» គឺក្លាយមកពីភាសាថៃបុរាណ «ខ្មែរក្រោម» មានន័យថា «ខ្មែរនៅតំបន់ដីទំនាប» ។ គាត់បានបកស្រាយទៀតថា នៅក្នុងភាសានិយាយថៃ ពាក្យថា «ខ្មែរ» ក៏បាត់សម្លេងទៅ នៅសល់តែពាក្យថា «ក្រោម» ដែលយូរៗទៅ ដំបូងជា «ខ្លម» ឬ «ខលម» និងបន្ទាប់មកក៏ក្លាយជា «ខម» រហូតមក ។

ដោយសារសង្គ្រាមជាប់រហូតតាំងសម័យក្រោយអង្គរមក ខ្មែរយើងបានបាត់បង់ឯកសារប្រវត្តិសាស្ត្រដើម អស់ស្ទើរគ្មានសល់ ។ ប្រវត្តិយើងគឺពឹងលើសិលាចារិកភាគច្រើន នឹងឯកសារកំណត់ត្រាពីជនបរទេស ដែលបានមកខ្មែរ ហើយបានធ្វើកំណត់ត្រាទុក ដូចជា ការទូតចិន កាង តៃ (Kang Tai, ស.វ.ទី៣) និងចិនម្នាក់ទៀតគឺ ជាវ តាក្វាន់ (Zhou Daguan) ដែលមកនៅអង្គរឆ្នាំ ១២៩៦-៩៧ ។

តែសំណាងដែរ ក្នុងទំនើមនេះ ប្រវត្តិវិទូជាតិបារាំង លោកសាស្ត្រាចារ្យ ហ៊្សក សឺដេស ជាអ្នកសិក្សាស្រាវជ្រាវលេចមុខជាងគេ អំពីប្រវត្តិសាស្ត្រ តំបន់អាស៊ីអាគ្នេយ៍ ។ មានអ្នកខ្លះថា គាត់មានភរិយាជាជាតិសៀមឈ្មោះ នាង យ៉ៅ (Mlle Neang Yao) ប៉ុន្តែប្រភពខ្លះថា នាង យ៉ៅ ជាខ្មែរ អាយុប្អូនគាត់ប្រមាណ ១១ ឆ្នាំ ។ ហើយគាត់ធ្លាប់បានបម្រើការជាប្រធាន បណ្ណាល័យជាតិនៃប្រទេសថៃ នាទីក្រុងបាងកកក្នុងឆ្នាំ ១៩១៨ ។ នៅទីនោះ គាត់បានឱកាសសិក្សាឯកសារខ្មែរ ដែលសៀមរឹបអូសយកជាច្រើនទីនោះ ដែលធ្វើឲ្យគាត់បានដឹងអំពីប្រវត្តិសាស្ត្រខ្មែរសព្វគ្រប់ល្អ (សៀវភៅល្បីល្បាញរបស់គាត់៖ The Indianized States of Southeast Asia, 1968, មានប្រែជាខេមរភាសា) ។ ឯកសារខ្លះនៅខ្មែរយើងមិនមានទេ និងប្រហែលជាឯកសារជាច្រើនទៀត ដែលយើងមិនដឹង ឬគេលាក់ទុកជាសម្ងាត់ ។ ឯកសារក្នុងវាំងសៀមសម័យអយុធ្យា មានសរសេរនៅក្នុងសៀវភៅនេះ៖ The royal chronicles of Ayutthaya / a synoptic translation by Richard D. Cushman ; edited by David K. Wyatt

នេះគ្រាន់តែជាការណែនាំខ្លីៗប៉ុណ្ណោះ មុនចូលដល់ប្រធានបទខាងក្រោម ដែលយើងបានដកស្រង់ពីទំព័ត៌ហ្វេសប៊ុករបស់ ព្រះតេជព្រះគុណមួយអង្គព្រះនាម ស៊ូ តារា (Sou Dara) ដែលមានសេចក្តីទាំងស្រុង (កែសម្រួលខ្លះ) ដូចខាងក្រោម៖

សព្វថ្ងៃនេះ ឃើញថា លោក-អ្នកចេះដឹងមួយចំនួនធំ នៅស្រុកសៀម បាននឹងកំពុងតែបរិវត្តគម្ពីរបាលីអក្សរខ្មែរ នៅក្នុងស្លឹករឹតប្រមាណជា ៣.៣៥៧ ដុំ (ក្បាល) មកជាអក្សរសៀម ។ ក្នុងនោះផងដែរ មានគម្ពីរបាលីនានាដែលកូនចៅខ្មែរ មិនសូវជាស្គាល់ ឬមិនដឹង ដូចជា៖

គម្ពីរឆ្លងស្រុក
១. គម្ពីរកច្ចាយនព្យាករណសុត្តបាឋ មាន  ៦៧៣សូត្រ
២. គម្ពីរមូលកច្ចាយនសុត្តបាឋ មាន ៦៧៧សូត្រ
៣. គម្ពីរបទរូបសិទ្ធិសុត្តបាឋ  មាន  ៦៨៤សូត្រ
៤. គម្ពីរអនុកច្ចាយនព្យាករណសុត្តបាឋ  មាន ៦៩៧សូត្រ
៥. គម្ពីរមុខមត្តទីបនីសុត្តបាឋ  មាន  ៧០៩សូត្រ
៦. គម្ពីរនិរុត្តិទីបនី មាន  ៨១០សូត្រ 
៧. គម្ពីរអភិនវន្យាសសុត្តបាឋ មាន ៨៣៦សូត្រ 
៨. គម្ពីរមោគ្គល្លានព្យាករណសុត្តបាឋ មាន ១.០៣៧សូត្រ 
៩. គម្ពីរសទ្ទនីតិប្បករណសុត្តបាឋ មាន ១.៣៤៧សូត្រ 
១០. គម្ពីរសទ្ទសង្គហសុត្តបាឋ មានជាង ១.០០០សូត្រ គម្ពីរសាសននិរុត្តិសុត្តបាឋជាដើម ។

ដោយគម្ពីរទាំងនេះ  មានប្រាកដនៅលើទឹកដីដ៏បវររបស់យើង ដែលលោកអ្នកប្រាជ្ញ ធ្លាប់បានយកមកចែកចាយបង្រៀន ខៃសេចក្តីពន្យល់ដល់សិក្ខាកាម ។ ប៉ុន្តែគួរឱ្យស្ដាយ ឥឡូវត្រូវបានឃើញនៅឯនាយ ទាំងតួច្បាប់ដើម រហូតដល់អ្នកសិក្សាគ្រប់ជំនាន់[ក្រោយ] គិតមិនដល់ ក៏គិតថា ខ្មែរពីដើមគ្មានគម្ពីរអស់នេះ ។

តាមដឹងមក ប្រទេសបៀតយើង ប្រឹងយកអ្នកចេះអក្សរខ្មែរ ទៅបរិវត្តជាភាសា អក្សរជាតិគេ រួចក៏កម្ទេចចោលក៏មាន រក្សាទុកដដែលក៏មាន ដោយសំអាងថា វាជាអក្សរអតីតកាលរបស់គេ ។ ល ។ សង្ឃឹមថា អ្នកចេះ អ្នកដឹងស្រុកខ្មែរ នឹងស្ដារឡើងវិញ ទោះបីគ្មានប្រាក់ខែក៏ដោយចុះ ព្រោះដើម្បីជាតិ ដើម្បីសាសនាយើង ។ 

ស្រាវជ្រាវមិនដល់ អាចគិតថា ខ្មែរនឹងគ្មានអីល្អៗសោះ! 
៙ ពាក្យចាស់ថា «លូកប្រហុក ត្រូវលូកឱ្យកប់ក្លៀក»។៚ 
⛔️ អធ្យាស្រ័យ ដែលមិនបានសរសេរលម្អិត ព្រោះអង្គុយឆាន់កាហ្វេ ក៏នឹកឃើញ សរសេរសង្ខេបប៉ុណ្ណឹង! 

✍️ វ.ជ.ម. VJM 
05/11/២៥៦៣-2019

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment