កូវីដ១៩៖ លោក ដូណាល់ ត្រាំផ៍ បានទូរស័ព្ទសុំទិញថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីនពីលោក នរេន្ទ្រ មោទី - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, April 06, 2020

កូវីដ១៩៖ លោក ដូណាល់ ត្រាំផ៍ បានទូរស័ព្ទសុំទិញថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីនពីលោក នរេន្ទ្រ មោទី

រូបភាពឯកសារ លោក នរេន្ទ្រ មោទី និងលោក ដូណាល់ ត្រាំផ៍ ។ រូបភាព៖ ANI

លោកវិទូ | ថ្ងៃ ២᧮៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៦ មេសា ២០២០

ឥណ្ឌាបានប្រាប់ទៅសហរដ្ឋអាម៉េរិកថា ខ្លួនជា«ប្រទេសមានទំនួលខុសត្រូវ» ហើយនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូគីន (hydroxychloroquine) ដែលអាចប្រើជាថ្នាំបង្ការសម្រាប់បុគ្គលិកពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ប៉ុន្តែលុះណាតែខ្លួនអាចធានាបាននូវសុវត្ថិភាពរបស់ប្រជាជនខ្លួនជាង ១៣០០ លាននាក់ជាមុនសិន ។

«យើងនឹងធ្វើអ្វីដែលយើងអាចធ្វើបាន» គឺជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ទៅកាន់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំផ៍ ក្នុងពេលសន្ទនាគ្នាតាមទូរស័ព្ទដ៏វែងមួយ កាលពីល្ងាចថ្ងៃសៅរ៍ (៤ មេសា) ។ ក្រៅពីការផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល លោក ត្រាំផ៍ ក៏បានរំឭកអំពីដំណើរទស្សនកិច្ចរបស់គាត់មកប្រទេសឥណ្ឌា កាលពីចុងខែកុម្ភៈកន្លងទៅផងដែរ ។

យោងតាមមន្ត្រីរដ្ឋាភិបាល ឥណ្ឌាកំពុងប្រមូលស្តុកទុកនូវឱសថ សម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន ក្នុងពេលមានករណីធ្ងន់ធ្ងរ ទាល់តែគ្រប់គ្រាន់សិន ហើយទើបនឹងដកបម្រាមនាំចេញ ដូចដែលប្រទេសដទៃកំពុងធ្វើដែរ ។ ឥណ្ឌាជាប្រទេសមួយ ស្ថិតនៅក្នុងចំណោមប្រទេសផលិតថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីនធំបំផុតក្នុងលោក ដែលប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ និងរោគសើរស្បែក ។

ខណៈឥណ្ឌាមានទំនោរទៅរក ការគោរពចំពោះកិច្ចសន្យាផ្គត់ផ្គង់ថ្នាំនេះ ដល់ក្រុមហ៊ុនអាម៉េរិក ឥណ្ឌាក៏មានបំណងឈរនៅជួរមុខ នៃការធ្វើ​តេស្ត​សាកល្បង​លើ​មនុស្ស នៃវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ណាមួយ នាពេលអនាគត ជាមួយនឹងស្ថាប័នដ៏ធំទូលំទូលាយរបស់ខ្លូន ដែលមានវេជ្ជបណ្ឌិតមានវិជ្ជាជីវៈ មន្ទីរពិសោធន៍ និងមតិឆ្លើយតបមានតម្លាភាព ទៅកាន់ក្រុមហ៊ុនផលិតថ្នាំ ។
ថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីនផលិតនៅប្រទេសឥណ្ឌា ។

លោក ត្រាំផ៍ បានស្នើសុំលោក មោទី កុំហាមឃាត់ការបញ្ជាទិញរបស់សហរដ្ឋអាម៉េរិក ជាមួយក្រុមហ៊ុនឱសថឥណ្ឌា ដើម្បីទិញថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីន ដែលោកត្រាំផ៍ខ្លួនឯងបានបញ្ចេញឲ្យដឹងថាអាចប្រើ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាបាន ។ លោក ត្រាំផ៍ បានប្រាប់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅឯសេតវិមាន អំពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាថា គាត់បានទូរស័ព្ទទៅលោក មោទី ហើយបានជម្រុញឲ្យគាត់ «អនុញ្ញាតឲ្យនូវចំនួនដែលយើងបានបញ្ជាទិញ» ព្រមទាំងបានបន្ថែមថា «ពួកគេកំពុងផ្ដល់នូវការពិចារណដ៏ប្រាកដប្រជា អំពីការបញ្ជាទិញនេះ» ។

ឥណ្ឌាគឺជាប្រទេសផលិតអ៊ីដ្រូស៊ីក្លរ៉ូគីន ដ៏ធំបំផុតមួយក្នុងពិភពលោក ហើយបានហាមឃាត់ការនាំចេញថ្នាំនេះ ថាជាគ្រឿងផ្សំឱសថកំពុងដំណើរការណ៍ និងហាមនាំចេញរូបមន្តរបស់ថ្នាំ កាលពីថ្ងៃទី ២៥ មីនា នៅកំឡុងពេលដែលលោក ត្រាំផ៍ បានចាប់ផ្ដើមនិយាយអំពីតម្រូវការថ្នាំនេះ ដើម្បីព្យាបាលជំងឺកូវីដ១៩ ។

សហរដ្ឋអាម៉េរិកបានក្លាយជាប្រទេស ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរជាងគេ ដោយសារមេរោគរាតត្បាតកូវីដ១៩ ដែលមានអ្នកជំងឺចំនួនជាង ៣៣ ម៉ឺននាក់ និងស្លាប់ចំនួនជិត ១ ម៉ឺននាក់ ។ ឥណ្ឌាមានអ្នកជំងឺកូវីដ១៩ចំនួនជាង ៤០០០ នាក់ និងស្លាប់ចំនួន ១១៧ នាក់ ។ ខណៈពិភពលោកមានអ្នកឆ្លងជំងឺដ៏ប្រល័យចំនួនជាង ១ លាននាក់ និងស្លាប់ចំនួនជិត ៧ ម៉ឺននាក់ ។ ពិភពលោកកំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារមេរោគរាតត្បាតកូវីដ១៩នេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment