បេសកកម្ម.២៖ ភ្លើងទៀនមានឫទ្ធិ? - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, April 05, 2020

បេសកកម្ម.២៖ ភ្លើងទៀនមានឫទ្ធិ?

ភ្លើងទៀន (ទិយា) ។ រូបភាព៖ livehindustan

លោកវិទូ | ថ្ងៃ ១᧭៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៥ មេសា ២០២០

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី (नरेन्द्र मोदी) បានអំពាវនាវដល់ប្រជាជនឥណ្ឌាទូទាំងប្រទេស ឲ្យបិទភ្លើងអគ្គិសនី និងដុតភ្លើងទៀន (ទិយា/diya) ឬចុចភ្លើងពិលទូរស័ព្ទដៃ នៅថ្ងៃអាទិត្យនេះ (៥ មេសា) នៅវេលាម៉ោង ៩:០០ នាទី រយៈពេល ៩ នាទី «ដើម្បីសម្គាល់ការប្រយុទ្ធរបស់យើងប្រឆាំងនឹងមេរោគកូរ៉ូណា» ។

ការអំពាវនាវបែបអន្ទងដួងចិត្តរាស្ត្រនេះ ជាបេសកកម្ម.២ របស់លោកមោទី បន្ទាប់ពីបេសកកម្ម.១ កាលពីថ្ងៃទី២២ មីនា ក្នុងកំឡុងពេលអនុវត្តន៍ «បម្រាមគោចរជនតា» រយៈពេល ១៤ ម៉ោង ដែលកាលនោះ លោកមោទីបានស្នើសុំឲ្យប្រជាជន ឈរនៅលើយ៉រនិងជិតបង្អួចនៅល្ងាចថ្ងៃអាទិត្យ ដើម្បីទះដៃវាយជួងជាដើម ដើម្បីអបអរសាទរនិងលើកទឹកចិត្ត បុគ្គលិកសង្គ្រោះបន្ទាន់ និងបុគ្គលិកអនាម័យដែលស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើង ក្នុងឱកាសថ្លែងសុន្ទរកថាតាមវីដេអូមួយរបស់លោកមោទី ទៅកាន់ជនរូមជាតិ កាលពីថ្ងៃទី ៣ មេសា កន្លងទៅ ។

មកដល់ថ្ងៃនេះ ឥណ្ឌាបានបិទប្រទេសទាំងមូលបាន ១២ ថ្ងៃហើយ នៅ ៩ ថ្ងៃទៀតជាថ្ងៃកំណត់ថានឹងបើកវិញ (១៥ មេសា) ។ ករណីកូវីដ១៩ បានរីករាលដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅប្រទេសឥណ្ឌា មិនខុសពីបណ្ដាប្រទេសនានានៅក្នុងពិភពលោកទេ ។ គិតត្រឹមថ្ងៃអាទិត្យនេះ ឥណ្ឌាមានអ្នកជំងឺកូវីដ១៩ ចំនួន ៣៨១១ នាក់ ជាឡើងវិញចំនួន ២៩៤ នាក់ និងស្លាប់ចំនួន ១០៥ នាក់ ។ រដ្ឋដែលប៉ះពាល់ជាងគេគឺ រដ្ឋមហារាស្ត្រ (៦៩០) រដ្ឋតមិលនាឌូ (៤៨៥) ទីក្រុងដែល្លី (៤៤៥) និងរដ្ឋកេរ៉ឡា (៣០៦) ។

ទោះយ៉ាងណា ចំនួននេះត្រូវបានអ្នកតាមដានព្រឹត្តិការណ៍ ចាត់ទុកថានៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបនឹងករណីកើនឡើង នៅបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក ព្រោះឥណ្ឌាបានចាត់វិធានការទប់ស្កាត់បានទាន់ពេល ម៉ឺងម៉ាត់ហ្មត់ចត់ និងមានការវាយតម្លែងបានវែងឆ្ងាយ ។ ប៉ុន្តែវិបត្តិមួយចំនួនបានកើតឡើង ក្រោយពីការបិទប្រទេសទាំងមូល ដូចជាវិបត្តិពលករចំណាកស្រុក អ្នកគ្មានផ្ទះសំបែង និងទុគ៌តជនអត់អាហារជាដើម ។ ម៉្យាងទៀត ឥណ្ឌានៅមិនទាន់បានកំណត់យុទ្ធសាស្ត្រជាក់លាក់ សម្រាប់ក្រោយពីការបើកប្រទេសវិញនៅឡើយទេ ។

ទាក់ទងនឹងការដុតភ្លើងទៀន តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីនេះ សូមដកឌុយឬបិទគ្រឿងប្រើអគ្គិសនីរបស់លោកអ្នក ចេញពីបណ្ដាញអគ្គិសនី ឲ្យបានមុនពេលកំណត់ខាងលើ ព្រោះភ្លើងអគ្គិសនីនឹងឡើងខ្លាំង ហើយវាអាចធ្វើឲ្យខូចឬឆេះគ្រឿងប្រើអគ្គិសនីបាន ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment