ពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិលើកទី១៦ ប្រទេសវៀតណាម ១២-១៤ ឧសភា ២០១៩ ។ |
លោកវិទូ | ថ្ងៃ ៦᧵៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៣ មីនា ២០២០
ដោយសារវិបត្តិជំងឺរាតត្បាតជាសកលនៃវីរុសកូរ៉ូណា (កូវីដ-១៩) ក្រុមប្រឹក្សាអន្តរជាតិរៀបចំពិធីបុណ្យវិសាខបូជាអន្តរជាតិ របស់អង្គការសហប្រជាជាតិលើកទី១៧ ឆ្នាំ២០២០ ត្រូវបានប្រកាសលុបចោល ។ ខ្លឹមសារនៃសេចក្តីប្រកាសនេះមានដូចខាងក្រោម៖
ដោយមើលឃើញពីភាពមិនច្បាស់លាស់និងហានិភ័យ ដែលទាក់ទងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលមានលក្ខណៈជារោគរាតត្បាតសកល ក្រុមប្រឹក្សាអន្តរជាតិរៀបចំទិវាវិសាខបូជា (កអទវ/ICDV) បានសម្រេចលុបចោលព្រឹត្តិការណ៍វិសាខបូជាលើកទី ១៧ របស់អង្គការសហប្រជាជាតិ ដែលជាបុណ្យអន្តរជាតិរំឭកអំពីថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន ដែលគ្រោងនឹងប្រារព្ធធ្វើនៅប្រទេសថៃ ក្នុងខែឧសភា ។
ដោយសារតែការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុស ២០១៩ (កូវីដ-១៩) ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺនេះជា “ភាពអាសន្នផ្នែកសុខភាពសាធារណៈ ជាការព្រួយបារម្ភជាអន្តរជាតិ” និងក្រសួងសុខាភិបាលថៃ នៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ បានកំណត់ថា វាជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយ ។ កអទវ បានបញ្ជាក់នៅក្នុងលិខិតមួយចុះថ្ងៃទី ៦ ខែមីនា និងចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម ។
ដោយសារហេតុផលទាំងនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ សភាជាន់ខ្ពស់នៃគណៈសង្ឃថៃ បានចេញសេចក្តីសម្រេច លេខ ១១៣ / ២៥៦៣ ស្តីពីវិធានការណ៍បង្ការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូរ៉ូណាវីរុស ២០១៩ (កូវីដ-១៩) ។ ប្រការទី ៤ ចែងថា “មន្រ្តីខាងសាសនាគួរពិចារណាដកខ្លួន ឬពន្យារពេលអញ្ជើញមនុស្សពីបរទេសឲ្យចូលរួមក្នុងការប្រជុំ ឬក្នុងសកម្មភាពនានានៅប្រទេសថៃ” ។
ដោយពិចារណាលើស្ថានភាពនេះ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ទិវាវិសាខបូជា បានសម្រេចលុបចោលព្រឹត្តិការណ៍វិសាខបូជាលើកទី១៧ របស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសថៃ ។
លិខិតនេះត្រូវបានចុះហត្ថលេខាដោយព្រះតេជព្រះគុណ សាស្រ្តាចារ្យបណ្ឌិត ព្រះព្រហ្មបណ្ឌិត សមាជិកសភាជាន់ខ្ពស់នៃគណៈសង្ឃថៃ និងជាប្រធានក្រុមប្រឹក្សាអន្តរជាតិរៀបចំទិវាវិសាខបូជា ។
វិសាខបូជា ឬពុទ្ធបូរណិមា (បូណ៌មី) ជាពិធីបុណ្យរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ ៣ យ៉ាង នៅក្នុងពុទ្ធប្រវត្តិគឺ ថ្ងៃដែលព្រះអង្គទ្រង់ប្រសូត (Birth) ត្រាស់ដឹង (Enlightenment) និងចូលបរិនិព្វាន (Nibbana) ។ ពិធីបុណ្យនេះគឺជាថ្ងៃឈប់សម្រាកសាធារណៈ នៅក្នុងប្រទេសជាច្រើននៅអាស៊ី និងត្រូវបានប្រារព្ធដោយពុទ្ធសាសនិករាប់លាននាក់ នៅទូទាំងពិភពលោក ។ ជាប្រពៃណី ការប្រារព្ធពិធីបុណ្យវិសាខបូជា ប្រព្រឹត្តទៅចំថ្ងៃនៃព្រះចន្ទពេញវង់ ពោលគឺថ្ងៃ១៥កើតពេញបូណ៌មីខែវិសាខ ត្រូវនឹងខែឧសភា ដែលឆ្នាំនេះធ្លាក់ចំថ្ងៃទី ៦ ឧសភា ។
មហាសន្និបាតអង្គការសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការ នូវថ្ងៃវិសាខបូជាថាជាការប្រារព្ធអន្ដរជាតិ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ក្នុងគោលបំណងគោរពតម្លៃព្រះពុទ្ធសាសនាគឺ «បញ្ញា (wisdom) មេត្តាករុណា (compassion) និងខន្តី (torrerance)» ដែលជាមាគ៌ាដើម្បីជំរុញឲ្យមានសន្តិភាពពិភពលោក ។ ការប្រារព្ធពិធីផ្លូវការលើកដំបូង ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅញូវយ៉កក្នុងឆ្នាំ ២០០០ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment