អត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ចន ម៉ារស្តុន៖ «ក្រុមធម្មយាត្រាខ្មែរនៅប្រទេសឥណ្ឌានិងស្រីលង្កា» - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, March 13, 2020

អត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ចន ម៉ារស្តុន៖ «ក្រុមធម្មយាត្រាខ្មែរនៅប្រទេសឥណ្ឌានិងស្រីលង្កា»

ក្របសៀវភៅផ្នែកខាងមុខ និងអត្ថបទរបស់លោកសាស្ត្រាចារ្យ ចន ម៉ាស្តុន ។

លោកវិទូ | ថ្ងៃ ៦᧵៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៣ មីនា ២០២០

Marston, John A. (2020), "Cambodian Pilgrimage Groups in India and Sri Lanka" in Courtney Bruntz and Brooke Schedneck (eds.), Buddhism Tourism in Asia, Honolulu: University of Hawaii Press, pp. 266, Hardback: $68.00 ISBN-13: 9780824881184

«ក្រុមធម្មយាត្រាខ្មែរនៅប្រទេសឥណ្ឌានិងស្រីលង្កា» សរសេដោយលោកសាស្ត្រាចារ្យ ចន ម៉ារស្តុន, ជាជំពូកមួយក្នុងចំណោមជំពូកទាំងឡាយ នៃសៀវភៅដែលមានចំណងជើងថា «ទេសចរណ៍ព្រះពុទ្ធសាសនានៅអាស៊ី» បោះពុម្ពនៅទីក្រុងហូណូលូលូ ដោយសាកលវិទ្យាល័យហាវ៉ៃ ក្នុងឆ្នាំ២០២០ ថ្មីៗនេះ ។

លោកសាស្ត្រាចារ្យ ចន ម៉ារស្តុន ជាអ្នកស្រាវជ្រាវអំពីពុទ្ធសាសនាខ្មែរម្នាក់ ដ៏មានកេរ្តិ៍ឈ្មោះ ដែលជាញឹកញាប់គាត់ផ្ដោតលើការគោរពប្រតិបត្តិសាសនា ការកសាងវត្តនិងរចនាបថសំណង់ពុទ្ធសាសនាខ្មែរ និងការប្រែប្រួលលក្ខណៈរបស់ពុទ្ធសាសនាខ្មែរ ។ សម្រាប់អត្ថបទស្រាវជ្រាវចុងក្រោយនេះ គាត់មានចំណាប់អារម្មណ៍លើធម្មយាត្រាខ្មែរ ទៅកាន់ប្រទេសឥណ្ឌា និងស្រីលង្កា ។

ក្នុងមួយឆ្នាំៗ មានអ្នកធម្មយាត្រាខ្មែរ ប្រមាណ ១៥០០០ នាក់ ទៅនមស្ការថ្វាយព្រះបង្គំតាមពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌា-នេប៉ាល់ ។

លោកសាស្ត្រាចារ្យ  ម៉ាស្តុន សង្កេតឃើញថា ដោយសារប្រទេសកម្ពុជាមានវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយ តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០ មក មានការបើកចំហធំឡើង នៅក្នុងចំណោមពុទ្ធសាសនិកខ្មែរ នៅក្នុងសហគមន៍ខ្មែរទាំងនៅក្នុងស្រុកនិងក្រៅស្រុក ជាលក្ខណៈមួយដែលបង្ហាញថា ពុទ្ធសាសនាខ្មែរបានផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនាអន្តរជាតិ បានទូលំទូលាយជាងមុន ។

លក្ខណៈនេះបង្ហាញបានតាមរយៈព្រឹត្តិការណ៍ដែលជាប់ទាក់ទងគ្នាបីយ៉ាងគឺ ព្រះសង្ឃខ្មែរទៅសិក្សានៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ១ ការកសាងវត្តអារាមដែលមានលក្ខណៈខ្មែរ នៅប្រទេសស្រីលង្កា ឥណ្ឌា និងនេប៉ាល់ ១ និងគណៈធម្មយាត្រាខ្មែរទៅកាន់ទីពុទ្ធស្ថាននានា នៅក្នុងប្រទេសទាំងនេះ ១ ។

លោកសាស្ត្រាចារ្យ ម៉ាស្តុន សង្កេតឃើញថា ធម្មយាត្រាខ្មែរទៅកាន់ប្រទេសទាំងនេះ មានជាប់ពាកព័ន្ធនឹងការបូជាបច្ច័យសម្រាប់កសាងវត្តរបស់ពុទ្ធបរិស័ទ និងការខិតខំជួយផ្សព្វផ្សាយអំពីវត្តនោះៗ ពេលដែលពុទ្ធបរិស័ទត្រឡប់មកស្រុកវិញ ។ វត្តអារាមខ្មែរនៅក្រៅប្រទេស បូករួមទាំងព្រះសង្ឃខ្មែរដែលគង់នៅទីនោះផង បានជួយសម្រួលដល់ការធ្វើដំណើរធម្មយាត្រា ទៅកាន់ប្រទេសនៅភាគអាស៊ីខាងត្បូងនេះ ហើយវត្តអារាមដែលកសាងហើយថ្មីនោះ ធ្វើជាកន្លែងស្នាក់នៅសម្រាប់ពុទ្ធបរិស័ទជាអ្នកធម្មយាត្រា ។ 

ព្រះសង្ឃនិងវត្តអារាមដែលមានលក្ខណៈសម្គាល់ជាខ្មែរ បានផ្ដល់នូវចំណុចដែលគួរឲ្យចាប់អារម្មណ៍ និងជាទីគួរឲ្យជ្រះថ្លានៃពុទ្ធបរិស័ទ ។ ដូច្នេះ ពុទ្ធស្ថាននៅប្រទេសឥណ្ឌា នេប៉ាល់ និងស្រីលង្កា ជាទីគួរជាទីជ្រះថ្លាពិសេសនៃពុទ្ធបរិស័ទធម្មយាត្រាខ្មែរ ។ លោក ម៉ាស្តុន សង្កេតឃើញថា អ្នកធម្មយាត្រាខ្មែរបានលះសេចក្តីសុខផ្ទាល់ខ្លួន (cultural comfort) ស៊ូទ្រាំលំបាកខ្លះដោយសារអាកាសធាតុ និងការធ្វើដំណើរផ្លូវឆ្ងាយជាដើម ដើម្បីបានទៅមនស្ការថ្វាយបង្គំ នៅតាមពុទ្ធស្ថានស័ក្តិសិទ្ធិនោះៗ ។

ដោយផ្អែកលើទ្រឹស្តីមនោគតិ (the concept of imaginary) ក្នុងសង្គមវិទ្យា លោក ម៉ារស្តុន បានទាញយកបទពិសោធន៍របស់គាត់ផ្ទាល់ ដែលគាត់បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា និងស្រីលង្កា និងបានសង្កេតក្នុងធម្មយាត្រាដោយផ្ទាល់ កាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ។ គាត់បានស្នាក់នៅក្នុងវត្តខ្មែរ និងសម្ភាសជាមួយព្រះសង្ឃ និងអតីតព្រះសង្ឃ អំពីធម្មយាត្រាខ្មែរទៀតផង ។ ក្រៅពីនេះ គាត់បានសិក្សាបន្ថែម តាមរយៈវីដេអូឯកសារធម្មយាត្រា ដែលមាននៅលើបណ្ដាញយូធូប និងឌីវីឌី ។

គាត់បានរៀបរាបរំឭកខ្លះៗ អំពីអតីតព្រះសង្ឃខ្មែរមួយចំនួន ដែលធ្លាប់គង់នៅឥណ្ឌា មានព្រះតេជព្រះគុណ អ៊ុង មាន ព្រះមហាឥសីប្រសើដ្ឋ ព្រះតេជព្រះគុណបណ្ឌិត ម៉ុក សុផល រហូតដល់ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ និងអតីតព្រះសង្ឃ បណ្ឌិត សំ បេ ជាដើម ។ គាត់ក៏បានលើកឈ្មោះលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស និងលោកគ្រូធម្មាចារ្យ កែវ វិមុត្តិ និងមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាដើម ដែលជាប្រធានគណៈធម្មយាត្រា ទោះជាពួកគាត់ខ្លះឥឡូវមិនសូវដើរធម្មយាត្រាទៀតឡើយ ។ សកម្មភាពក្នុងពេលធម្មយាត្រា មានការសម្ដែងធម៌ ការទូលព្រះសិរីរិកធាតុ និងការបូជាពុទ្ធស្ថាន ។ល។ ត្រូវបានពិពណ៌នាយ៉ាងពីរោះក្បោះក្បាយ ។

គាត់បានដឹងពីស្ថានភាព នៃបញ្ហាមួយចំនួនទាក់ទងនឹងព្រះសង្ឃអ្នកកសាងវត្តអារាមខ្មែរ នៅប្រទេសឥណ្ឌា ។ គាត់ក៏បានវិភាគទៅលើលក្ខណៈនៃការបូជាបច្ច័យសម្រាប់កសាងវត្ត និងសម្រាប់វត្ត ។ ប៉ុន្តែគាត់ហាក់មិនចង់បរិយាពីភាពអវិជ្ជមានមួយចំនួនឲ្យស៊ីជម្រៅទេ ដោយទុកឲ្យអ្នកអានវិនិច្ឆ័យដោយខ្លួនឯង ។

តាមពិតទៅ ថ្វីដ្បិតតែគាត់ជាជនជាតិបរទេស តែគាត់បានសិក្សាយ៉ាងគ្រប់ជ្រុងជ្រោយ អំពីធម្មយាត្រា កសាងវត្តអារាម និងព្រះសង្ឃខ្មែរនៅបរទេស ។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ដឹងអំពីទេសចរណ៍ពុទ្ធសាសនា (Buddhist Tourism) និងលក្ខណៈទូទៅនៃសកម្មភាពធម្មយាត្រាខ្មែរ គួរស្វែងរកអានតាមការគួរចុះ ។ បណ្ណាល័យពុទ្ធិកសិក្សាខ្មែរ គួរជាវសៀវភៅនេះ ដើម្បីសមណនិស្សិតបានសិក្សាស្វែងយល់ អំពីការសិក្សាពុទ្ធសាសនា និងសង្គមវិទ្យាជាទូទៅ តាមរយៈទេសចរណ៍ពុទ្ធសាសនា ឬធម្មយាត្រាទៅកាន់ពុទ្ធស្ថាននានា នៅតំបន់អាស៊ីខាងត្បូង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment