សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បរិច្ចាគប្រាក់ចំនួន ៤ លានរៀល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, April 07, 2020

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បរិច្ចាគប្រាក់ចំនួន ៤ លានរៀល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

រូបភាពឯកសារ (អតីត) ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា, សិសិររដូវ នៅសាកលវិទ្យាល័យ ចេ.អិន.យូ. (JNU) ទីក្រុងញូវដែល្លី, ២ កុម្ភៈ ២០១៤ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៣៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៧ មេសា ២០២០

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដមង្គលវ័ន ហៅវត្ដថ្វាយដង្គំ រាជធានីភ្នំពេញ បរិច្ចាគប្រាក់ចំនួន៤លានរៀល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ។

យោងតាមលិខិតចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ ជូនចំពោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់ បានឲ្យដឹងថា សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បរិច្ចាគប្រាក់ចំនួន ៤,០០០,០០០ រៀល ដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនាមសម្ដេចជាអគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដមង្គលវ័ន ហៅវត្ដថ្វាយដង្គំ រាជធានីភ្នំពេញ រួមជាមួយភិក្ខុ សាមណេរ ដូនជី អាចារ្យ និងគណៈកម្មការវត្តទាំងអស់ ។

ក្រោយពីមានការអំពាវនាវអំពីសម្នាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់មន្ត្រីរាជការ និងសប្បុរសជនទូទាំងប្រទេស ឲ្យបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា យើងឃើញថា មានមន្ត្រីសង្ឃជាន់ខ្ពស់ (សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល) ឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគប្រាក់ជាបន្តបន្ទាប់ ។

ជំងឺឆ្លងកូវី១៩គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលពិភពលោកទាំងមូលកំពុងចួបប្រទះ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជនទូទាំងពិភពលោក ។ ខណៈពិភពលោកទាំងមូលមានអ្នកឆ្ងងជំងឺឧត្បាតនេះ កើនឡើងយ៉ាងលឿន រហូតចំនួនជាង ១,៣ លាននាក់ និងស្លាប់ចំនួនជាង ៧ ម៉ឺននាក់ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពដែលអាចទប់ស្កាត់បាន ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ចំនួន ១១៥ នាក់ ។ ទោះយ៉ាងណា ក្រសួងសុខភិបាល ក៏បានព្រមានផងដែរថា ការឆ្លងជំងឺកូវីដ១៩នៅតាមសហគមន៍អាចនឹងកើតឡើង ៕


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment