សមណនិស្សិតខ្មែរធ្វើបទបង្ហាញក្នុងសិក្ខាសាលាអន្តរជាតិនៅសាកលវិទ្យាល័យ ប៊ី.អេច.យូ. (BHU), ទីក្រុងពារាណសី - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, December 16, 2019

សមណនិស្សិតខ្មែរធ្វើបទបង្ហាញក្នុងសិក្ខាសាលាអន្តរជាតិនៅសាកលវិទ្យាល័យ ប៊ី.អេច.យូ. (BHU), ទីក្រុងពារាណសី

ព្រះតេជព្រះគុណ ឡុច សុវណ្ណា ទទួលសញ្ញាបត្របញ្ញាក់ការធ្វើបទបង្ហាញអត្ថសិក្សាស្រាវជ្រាវ ពីអធិបតីនៃសិក្ខាសាលាអន្តរជាតិ, ប៊ី.អេច.យូ., ពារាណសី, យូ.ពី., ១៥ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ២ ᧵១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ ធ្នូ ២០១៩

ពារាណសី៖ ព្រះតេជព្រះគុណ ឡុច សុវណ្ណា និមន្តចូលរួមនិងធ្វើបទបង្ហាញអត្ថបទសិក្សាស្រាវជ្រាវ នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីអំពី «ធម្មជាតិសមនកម្មនៃវប្បធម៌ឥណ្ឌា និងនិរន្តរភាពរបស់វា» (Assimilative Nature of Indian Culture and Its Continuity) រៀបចំដោយមជ្ឈមណ្ឌលសិក្សាកម្រិតខ្ពស់ មហាវិទ្យាល័យប្រវត្តិសាស្ត្រ វប្បធម៌ និងបុរាណវត្ថុនៃប្រទេសឥណ្ឌាសម័យបុរាណ សាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) ទីក្រុងពារាណសី រដ្ឋឧត្តរប្បទេស ប្រទេសឥណ្ឌា នៅថ្ងៃទី១៣~១៥ ខែធ្នូ ឆ្នាំ២០១៩ ។

នៅក្នុងសិក្ខាសាលាអន្តរជាតិដែលមានរយៈពេលបីថ្ងៃនេះ ព្រះតេជព្រះគុណ ឡុច សុវណ្ណា ដែលជាសមណនិស្សិតនៃសាកលវិទ្យាល័យ នវនាលន្ទាមហាវិហារ ក្រុងរាជគ្រឹះ រដ្ឋប៊ីហារ បានធ្វើបទបង្ហាញអត្ថបទសិក្សាស្រាវជ្រាវទស្សនវិជ្ជាមួយ ក្រោមប្រធានបទ «សម្បទានរបស់នាលន្ទាក្នុងក្រុមគំនិតពុទ្ធសាសនានៃបរិមាណូនិយម» (Contribution of Nalanda to Buddhist School of Atomism) ។

បរិមាណូ ឬអាតូម (ភាពតូចល្អិតដែលមិនអាចបំបែកបាន) ជាទស្សនវិជ្ជាធម្មជាតិមួយ ដែលលើកឡើងថា ផែនដីកើតឡើងដោយសមាសធាតុដែលតូចល្អិតបំផុត មិនអាចបំបែកបាន ដែលគេហៅថា អាតូម ។ បរិមាណូនិយមនេះគឺជាទស្សវិជ្ជាមួយ ដែលមាននៅក្នុងប្រពៃណីទស្សនវិជ្ជាក្រិកបុរាណ និងឥណ្ឌាបុរាណ ។
សិក្ខាសាលាអន្តរជាតិ, ប៊ី.អេច.យូ., ពារាណសី, យូ.ពី., ១៣-១៥ ធ្នូ ២០១៩ ។

នាលន្ទាជាសាកលវិទ្យាល័យពុទ្ធសាសនាដ៏ល្បីល្បាញ នៅប្រទេសឥណ្ឌាសម័យបុរាណ ដែលទាក់ទាញអ្នកប្រាជ្ញមកពីប្រទេសមួយចំនួនដូចជា ទីបេ ចិន កូរ៉េ អាស៊ីកណ្ដាល ឲ្យមកសិក្សាស្រាវជ្រាវចម្លងធម៌នៅសាកលវិទ្យាល័យ ។ ព្រះសង្ឃចិននាម ហួន ត្សាង ដែលខ្មែរយើងហៅថា ថាង ឆេង ដែលផ្សងព្រេងទៅចម្លងធម៌នៅទិសខាងលិច ក្នុងសតវត្សរ៍ទី៧ គ.ស. គឺនៅនាលន្ទានេះឯង ។

នៅនាលន្ទានេះហើយដែលមានបង្រៀនទស្សនវិជ្ជាបរិមាណូពុទ្ធសាសនា ក្នុងចំណោមមុខវិជ្ជាសំខាន់ៗទាំងឡាយ ដែលបង្រៀនដោយមហាគ្រូ ព្រះធម្មកិរតិ ដែលជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថាបនិកទាំងឡាយ នៃតក្កវិជ្ជាទស្សនវិជ្ជាឥណ្ឌា ក៏ជាអ្នកទ្រឹស្តីម្នាក់ នៃទស្សនវិជ្ជាបរិមាណូពុទ្ធសានាដែរ ។ ដូច្នេះ នាលន្ទាជាប្រភពយ៉ាងសំខាន់ នៃការសិក្សាទស្សនវិជ្ជាបរិមាណូក្នុងព្រះពុទ្ធសាសនា ក្នុងសតវត្សរ៍ទី៧ គ.ស. ។

វត្តមានរបស់សមណនិស្សិតខ្មែរ នៅក្នុងសិក្ខាសាលាអន្តរជាតិនេះ នាសាកលវិទ្យាល័យប៊ី.អេច.យូ. ដ៏ល្បីល្បាញមួយ នៅប្រទេសឥណ្ឌា ជាការបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង របស់សមណនិស្សិត-និស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសឥណ្ឌា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងច្បាស់លាស់ តាមជំនាញនិងឯកទេសរៀងៗខ្លួន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment