ទស្សនទាន៖ ព្រះពុទ្ធជាបដិវត្តបុគ្គលផ្នែកសាសនា បណ្ឌិត អម្ពេឌករជាបដិវត្តបុគ្គលផ្នែកវណ្ណៈសង្គម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, December 15, 2019

ទស្សនទាន៖ ព្រះពុទ្ធជាបដិវត្តបុគ្គលផ្នែកសាសនា បណ្ឌិត អម្ពេឌករជាបដិវត្តបុគ្គលផ្នែកវណ្ណៈសង្គម

រូបភាពខាងឆ្វេង៖ ព្រះអង្គទ្រង់ប្រោសពួកព្រាហ្មណ៍; រូបភាពខាងលើ៖ ព្រះនាងមហាបជាបតិគោតមី ដែលជាព្រះមាតុច្ឆា ទូលសុំអនុញ្ញាតិ ពីព្រះពុទ្ធ ដើម្បីបង្កើតនូវភិក្ខុនីសង្ឃ; រូបភាពខាងក្រោម៖ បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ ជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍ថា «ខ្ញុំចូលចិត្តសាសនាណា ដែលបង្រៀន អំពីសេរីភាព សមភាព និង ភាតរភាព ។»

លោកវិទូ | ថ្ងៃ ៧᧴១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៥ ធ្នូ ២០១៩

នៅក្នុងសង្គមខ្មែរពាក្យថា «បដិវត្តន៍» (Revolution) ស្ដាប់ទៅមានន័យអវិជ្ជមានខ្លាំងនិងគួរខ្លាច ពីព្រោះក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប លទ្ធផលនៃបដិវត្តកសិកររបស់ប៉ុលពត (១៩៧៥-១៩៧៩) បានធ្វើឲ្យមានការសម្លាប់រង្គាល ស្លាប់ប្រជាជនអស់ជិតពីរលាននាក់ ក្នុងរបបខ្មែរក្រហម ។ នៅខាងជើងប្រទេសកម្ពុជាវិញ បដិវត្តវប្បធម៌របស់ម៉ៅសេទុង (១៩៦៦-១៩៧៦) បានធ្វើឲ្យប្រជាជនស្លាប់អស់មិនតិចជាងដប់លាននាក់ ។

ពាក្យថា «បដិវត្តន៍» មិនមែនសុទ្ធតែអាក្រក់ ដូចដែលគេបានប្រើ ក្នុងការចោទប្រកាន់គ្នានាពេលបច្ចុប្បន្ន នៅក្នុងបរិបទនយោបាយកម្ពុជានោះទេ ។ ឧទាហរណ៍ បដិវត្តបុគ្គល (Revolutionist)៖ បុគ្គល​អ្នក​រៀប​ចំ​កែ​ប្រែ​​លទ្ធិ​ឬ​របប​គ្រប់​គ្រង​ជាដើមដើម្បី​ឲ្យ​បាន​សម្រេច​ចម្រើន​រុង​រឿង ។

«ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គល ផ្នែកខាងសាសនា ល្បីល្បាញ ក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាល ដោយទ្រង់បានបង្វិលធម្មចក្រ ឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី ។» វចនានុក្រមខ្មែរ ១៩៦៨ (ភាគទី ១, ទំព័រ ៦១០), សម្តេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ។ ព្រះអង្គបានធ្វើបដិវត្តន៍ពណ៌ (Saffron Revolution) ប្រឆាំងប្រព័ន្ធវណ្ណៈសង្គមឥណ្ឌា (Anti-Caste System) និងផ្តល់សិទ្ធិដល់ស្ត្រី ក្នុងការចូលបួសក្នុងព្រះពុទ្ធសាសនា ដូចបុរសដែរ ដែលអាចហៅថា សមភាពយែនឌ័រ (Gender Equality) ។

ព្រះអង្គទ្រង់បានរិះគន់កែប្រែ «ពួកព្រាហ្មណ៍មានទិដ្ឋិរឹងត្អឹង» ដែលមានចែងជាវគ្គពិសេសដោយឡែក ក្នុងគាថាធម្មបទហៅថា «ព្រាហ្មណវគ្គ» ដែលបរិយាយអំពីដូចម្តេចទៅ ដែលហៅថាព្រាហ្មណ៍ ឬព្រហ្មិន ។​

ក្នុងរឿងមួយក្នុងព្រាហ្មណវគ្គនោះ ព្រះពុទ្ធជាម្ចាស់ទ្រង់បានឲ្យនិយមន័យជាច្រើនអំពីព្រាហ្មណ៍ថា «បុគ្គល ដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រ ក៏មិនមែន ព្រោះជាតិ ក៏មិនមែន, សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថា ឣ្នកស្អាតផង បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ផង (ជដិលព្រាហ្មណ៍)» ។ ព្រះអង្គទ្រង់តិះដៀលនូវព្រាហ្មណ៍កុហកម្នាក់ថា «នែឣ្នកឣ័ប្បប្រាជ្ញាឣើយ ឣ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ ឣ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់ឣ្នក សឹងសាំញ៉ាំ ដោយរាគាទិក្កិលេស ឣ្នកឈ្មោះថា ដុសខាត់តែកាយខាងក្រៅទេ ។» ដូច្នេះដែលហៅថាព្រាហ្មណ៍គឺជាអ្នកមាន «សច្ចៈផង ធម៌ផង» មិនមែនដោយសារ គោត្រនិងជាតិទេ ហើយអ្នកដែល «ដុសខាត់តែកាយខាងក្រៅ» មិនលះបង់នូវ «រាគាទិក្កិលេស» មិនឈ្មោះថាព្រាហ្មណ៍ទេ ។

ម្យ៉ាងទៀតតាមរយៈការទូលសុំអនុញាតិ ពីព្រះនាងមហាបជាបតិគោតមី ដែលជា​ព្រះមាតុច្ឆា ព្រះអង្គក៏ទ្រង់បានអនុញ្ញាត ឲ្យមានភិក្ខុនីសង្ឃ ក្នុងពុទ្ធសាសនា ។ នេះគឺបដិវត្តន៍ថ្មីមួយ ដែលស្ត្រីត្រូវបានអនុញ្ញាតឲ្យបួសក្នុងសាសនា ។
ជាង ១៦០ លាននាក់នៃប្រជាជនឥណ្ឌា ត្រូវបានគេចាត់ទុកថាជា ជនដែលមិនអាចប៉ះបាន (ទលិត) ។ Photo India Today

នៅក្នុងសង្គមហិណ្ឌូ ពួកទលិត (Dalits) គឺមិនមានសិទ្ធិដូចពួកព្រាហ្មណ៍ និងវណ្ណៈដទៃទៀតទេ ដែលគេមិនអាចប៉ះបាន (Untouchable) ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់របស់ ឬហូបចុករួមគ្នាជាមួយពួកហិណ្ឌូវណ្ណៈខ្ពស់ទេ ដូចជាអណ្ដូងទឹកសាធារណៈក្នុងភូមិជាដើម មិនត្រូវបានអនុញ្ញាតឡើយ ។ ជាងនេះទៅទៀត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងវិហារហិណ្ឌូឡើយ ទាំងមិនអាចរៀនគម្ពីរត្រៃវេទទៀតផង ព្រោះគេចាត់ទុកពួកនេះថាក្រុមមនុស្សមិនបរិសុទ្ធ (Polluted) ។

នៅក្នុងសម័យឥណ្ឌាក្រោយឯករាជ្យ បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (Dr. B.R. Ambedkar, भीमराव अम्बेडकर) ដែលជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌា បានធ្វើបដិវត្តន៍វណ្ណៈ តាមរយៈការបកស្រាយទ្រឹស្តីពុទ្ធសាសនាឡើងវិញ ដើម្បីលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាពសមភាព ដល់ប្រជាជនឥណ្ឌា ក្នុងវណ្ណៈទលិតនេះ ដែលត្រូវបានគេរើសអើង ក្នុងសង្គមហិណ្ឌូ នាសម័យទំនើបបច្ចុប្បន្ននេះ ។

ចាប់ពីឆ្នាំ ១៩៤៧ មក រដ្ឋធម្មនុញ្ញនិងច្បាប់ឥណ្ឌា មិនអនុញ្ញាតឲ្យមានការរើសអើងបុគ្គលណាម្នាក់ ដោយសារតែវណ្ណៈ ពណ៌សម្បុរ សាសនា ឬជាតិកំណើតឡើយ ប៉ុន្តែឥរិយាបថសង្គមមិនងាយអាចផ្លាស់ប្តូរបានទេ ។ ពួកទលិតនៅតែត្រូវបានគេរើសអើង និងមិនអាចមានជីវភាពរីកចម្រើនបានទេ ច្រើនតែធ្វើជាអ្នកបម្រើគេ ឬធ្វើការជាអ្នកលាងបង្គន់ បារបង្គន់ លូទឹកស្អុយ ។ល។ ដែលបង្ហាញពីស្ថានពាភសេដ្ឋកិច្ចយ៉ាប់យ៉ឺនខ្លាំង ។

ដូច្នេះហើយ ចលនារបស់បណ្ឌិត អម្ពេករ បានបង្កើតជាលទ្ធិពុទ្ធសាសនាថ្មីមួយ ដែលអ្នកដើមតាមគាត់និយមហៅថា «នវយាន» (Navayana, យានថ្មី) ដែលបានធ្វើឲ្យពួកទលិតមានសទ្ធាជ្រះថ្លា ជឿជាក់ក្នុងព្រះរតនត្រៃ បានចូលកាន់ព្រះពុទ្ធសាសនា រាប់សែននាក់ ដើម្បីរួចចាកពីច្រវ៉ាក់វណ្ណៈ ដែលពួកព្រាហ្មណ៍បានចងពួកគេអស់ជាច្រើនសតវត្សរ៍មកហើយ ។ ពួកគេលែងជាហិណ្ឌូទៀតហើយ ដូច្នេះច្បាប់សង្គមហិណ្ឌូ មិនអាចអនុវត្តលើពួកគេបានទៀតគេ ។ ព្រះពុទ្ធសាសនាបានបង្រៀន អំពីសេរីភាព សមភាព និងភាតរភាព ដល់ពួកគេយ៉ាងពិតប្រាកដ ។ ម្យ៉ាងទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ក្រុមទលិត បណ្ឌិត អម្ពេករ បានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា នូវកូតា ឬបមាណភាគពិសេសដោយឡែក (Reservation) ចន្លោះពី ១០% ទៅ ២៧% សម្រាប់ក្រុមទលិតផ្សេងៗ (ST/SC, OBC & EWS) នៅក្នុងវិស័យជាតិនានាដូចជា វិស័យអបរ់រំ វិស័យការងារ ជាដើម ។

សរុបសេចក្តីមក បើព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកសាសនា បណ្ឌិត អម្ពេឌករ ជាបដិវត្តបុគ្គលផ្នែកវណ្ណៈសង្គម ដែលដើរតាមមាគ៌ាសន្តិភាពរបស់ព្រះអង្គ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment