ព្រះមហាឥសីប្រសើដ្ឋ ឯកបញ្ញោ៖ មួយជីវិតដើម្បីជាតិនិងសាសនា (១) - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, December 19, 2019

ព្រះមហាឥសីប្រសើដ្ឋ ឯកបញ្ញោ៖ មួយជីវិតដើម្បីជាតិនិងសាសនា (១)

ព្រះមហា ឥសី ប្រសើដ្ឋ ឯកបញ្ញោ (១៩១៨ - ២០០២) ។

លោកវិទូ | ថ្ងៃ ៥᧸១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ ធ្នូ ២០១៩

ជីវប្រវត្តិសង្ខេប

ព្រះតេជព្រះគុណ ព្រះមហាឥសី ប្រសើដ្ឋ [ធ្លាប់សរសេរជា ប្រសឺដ្ឋ] ឯកបញ្ញោ នាមដើមហៅថា ឈឺន ប្រន ប្រសូត្រនៅថ្ងៃអង្គារ ខែពិសាខ ឆ្នាំ ១៩១៨ ព.ស. ២៤៥១ ក្នុងគ្រួសារកសិករមួយ នៅភូមិគោកត្រុំ ឃុំចក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ បិតាឈ្មោះ ឈឺន និងមាតាឈ្មោះ វើន ក្នុងគ្រួសារនេះ មានបងប្អូនប្រុសស្រីទាំងអស់ចំនួន ៧ នាក់ ។ ព្រះមហាឥសី ប្រសើដ្ឋជាបុត្រទី ៤ ក្នុងគ្រួសារនេះ ។

អំពី វីរកម្ម ដើម្បីជាតិនិងសាសនា

ក្នុងមួយជីវិតនិងក្នុងជីវភាពជាព្រះសង្ឃ តាំងពីភាពជាសាមណេរ និងជាភិក្ខុភាវរហូតដល់អវសានជីវិត ព្រះតេជព្រះគុណ មហាប្រសើដ្ឋ បានបូជាកម្លាំងកាយចិត្ត គំនិតប្រាជ្ញា និងទ្រព្យធនជាបច្ច័យ ធ្វើពលិកម្មដោយស័្មគ្រចិត្ត គ្មានគិតពីការនឿយហត់ ពីព្រះសុខភាពព្រះកាយពលរបស់ព្រះអង្គ ក្នុងការព្យាយាមស្វែងរកចំណេះដឹងទូទៅ ទាំងផ្លូវលោកនិងផ្លូវធម៌ និងការកសាងនូវសមិទ្ធផលផ្សេងៗ ទុកជាប្រយោជន៍សាធារណៈយូរអង្វែង សម្រាប់មនុស្សជាតិ និងសម្រាប់ប្រជាជនខ្មែរ កុលបុត្រកុលធីតាខ្មែរ ពូជសាសន៍ខ្មែរជាទូទៅ ។

ការសិក្សារៀនសូត្រ

ព្រះមហាឥសី ប្រសើដ្ឋ បានសាងផ្នួសបួសរៀននៅវត្តភ្នំអធិបតី ភូមិអធិបតី ឃុំកាស់ក្រឡ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួចហើយបានទៅគង់រៀងនៅវត្តគរ ក្នុងសម្នាក់លោកគ្រួអាចារ្យ ជិត ព្រះសង្ឃនៅ ភូមិគរ ឃុំគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងបានបន្ដការសិក្សារៀនសូត្រ នៅសាលាបាលីជាន់ខ្ពស់នៅទីក្រុងភ្នំពេញ ។ លុះបញ្ចប់ការសិក្សានៅសាលាបាលីជាន់ខ្ពស់នៅទីក្រុងភ្នំពេញ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាឥសី ប្រសើដ្ឋ បាននិមន្តទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ។ ព្រះអង្គបាននិមន្តទៅសិក្សានៅប្រទេសឥណ្ឌានេះ ដោយសារការរៀបចំចាត់ដោយ សមាគមមិត្តពុទ្ធិកវិទ្យាល័យ ដែលបានខិតខំជួយសុំអាហារូបករណ៍ពី មូលនិធិអាស៊ីបាន ២០០ រូពីឥណ្ឌាក្នុង ១ ខែ (ដូចគ្នានឹងសមណនិស្សិតខ្មែរដទៃទៀត ដែលរៀននៅទីនោះដែរគឺ សមណនិស្សិត វ៉ា យ៉ាវ ១ មាស ចន ១ អ៊ុន សំបេត ១ និង ឈឹម ផន ១) ។ យោងតាមព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ជាមិត្តរួមជំនាន់សិក្សារួមទាំងព្រះបណ្ឌិតអគ្គរតោ តោ អាន ផងបានឲ្យដឹងថា ព្រះមហាឥសី ប្រសើដ្ឋបានសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ នៅទីក្រុងពារាណសី រដ្ឋឧត្តរប្បទេស ។ បន្ទាប់មកទៀតព្រះអង្គបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិជ្ជាសាសនាជេន (Jainology) នៅវិទ្យាស្ថានស្រាវជ្រាវប្រក្រឹតិ នៅស្រុកមូស្សាហ្វាពួរ រដ្ឋប៊ីហារ ជាមួយព្រះតេជព្រះគុណ បណ្ឌិត ម៉ុក សុផល ។

ក្រោយបញ្ចប់ការសិក្សាហើយ ព្រះអង្គមិនបាននិមន្តត្រឡប់មក ប្រទេសកម្ពុជាវិញទេ ដោយបន្តគង់នៅទីនោះរហូតដល់ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម ។ ព្រះអង្គជាព្រះសង្ឃខ្មែរមួយអង្គ ក្នុងចំណោមព្រះសង្ឃខ្មែរបួនដប់អង្គទៀត ដែលបានគង់នៅប្រទេសឥណ្ឌា និងមានព្រះជន្មគង់នៅ រហូតប្រទេសកម្ពុជារួចផុតពីភ្លើងសង្គ្រាម ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។

វត្តកុរុរដ្ឋខេមរារាម នៅជាយក្រុងញូវដែល្លី ប្រទេសឥណ្ឌា

អស់កាលជាច្រើនឆ្នាំកន្លងមកហើយ ព្រះតេជព្រះគុណ ឯកបញ្ញោ ព្រះមហាឥសី ប្រសើដ្ឋ បានខិតខំព្យាយាមស្វែងរកដីមួយកន្លែង ដែលមានទីតាំង ស្ថានភាពល្អសមរម្យ ដើម្បីសាងសង់វត្តខ្មែរមួយ នៅក្នុងប្រទេសឥណ្ឌានេះ ។ តែរកដីពុំទាន់បាន លុះមកដល់ឆ្នាំ ១៩៩៤ ព្រះមហាប្រសើដ្ឋ បានទិញដីមួយកន្លែង ស្ថិតនៅលើទីខ្ពស់មួយ នៅជាយក្រុងញូវដែល្លី មានតម្លៃប្រមាណជា ៣០ (សាមសិប) ម៉ឺនដុល្លារសហរដ្ឋអាមេរិក (ជាង ១០ លាន រូពីលុយឥណ្ឌា) ។ ទីដីនេះគឺជាមន្ទីរព្យាបាលមួយ សម្រាប់ពិនិត្យនិងព្យាបាលជំងឺទូទៅ ជារបស់ជនជាតិឥណ្ឌា ។

ក្រោយពេលទិញដីនេះបានហើយ ព្រះមហាប្រសើដ្ឋ បានចាប់ផ្ដើមធ្វើការជុសជុល កែលម្អសំណង់អាគារចាស់ៗមួយចំនួន ដែលមានស្រាប់នៅលើដីនេះ ធ្វើឲ្យមានលក្ខណៈទៅជាកុដិមានបន្ទប់តូចធំ ជាច្រើនសម្រាប់នៅ ធ្វើសេនាសនៈ ធ្វើបណ្ណាល័យសម្រាប់តម្កល់ទុកនៅសៀវភៅ និងឯកសាររៀនសូត្រផ្លូវលោកនិងផ្លូវធម៌ ជាច្រើនភាសា ធ្វើបង្គន់អនាម័យ ធ្វើរោងបាយ បន្ទប់បាយសម្រាប់ទទួលភ្ញៀវ មកពីគ្រប់ទិសទីកន្លែងនៃពិភពលោក ដែលចូលមកទស្សនៈកិច្ច និងស្នាក់នៅក្នុងទីវត្តនេះម្ដងម្កាល ។

ធ្វើការជុសជុល កែលម្អអាគារចាស់ៗឲ្យបានស្អាតល្អជាបណ្ដើរៗមក រហូតមកដល់ឆ្នាំ ១៩៩៤ ទើបព្រះមហាប្រសើដ្ឋបានចាប់ផ្ដើមកសាង នូវសំណង់ធំថ្មីស្រឡាងមួយ ធ្វើជាព្រះវិហារនៅលើដីវត្តនេះ ។ រហូតមកដល់សព្វថ្ងៃ (២០០០) សំណង់ព្រះវិហារនេះ ធ្វើបានសម្រេចបានប្រមាណជា ៩៥% ហើយ ។ រាល់សំណង់ទាំងអស់ គឺកសាងឡើងកែច្នៃឡើងស្របតាមលក្ខណៈ និងរចនាបទបែបខ្មែរស្ទើរតែទាំងអស់ តាមគំនិតប្រាជ្ញារបស់ព្រះមហាប្រសើដ្ឋ ជាពិសេសសំណង់ព្រះវិហារ គឺយកជាងខ្មែរពីស្រុកខ្មែរទៅធ្វើ ។

ការកសាងព្រះវិហារនេះ ប្រើពេលអស់ជាង ឆ្នាំ ទើបបានចប់សព្វគ្រប់ ដោយចំណាយបច្ច័យអស់ចំនួន ៦ លានរូពីឥណ្ឌា ។

អំពីបច្ច័យចំណាយក្នុងការកសាងសមិទ្ធផលនានា

ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកព្រះពុទ្ធសាសនាទាំងអស់ ដែលមាននៅលើទីវត្តនេះទាំងមូល គឺព្រះមហាប្រសើដ្ឋ បានបរិច្ចាគបច្ច័យផ្ទាល់ព្រះអង្គដែលបានមកពី៖

ការនិមន្តសម្ដែងធម៌ សូត្រមន្តទេសនាប្រោសសត្វ ការធ្វើធម្មកថា នៅទីកន្លែងផ្សេងៗជាច្រើន ដូចជា នៅប្រទេសអាមេរិក ប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេសបារាំង និងប្រទេសថៃជាដើម ។

អានិកជនខ្មែរ នៅក្រៅប្រទេស

ការហែរកឋិនចូលវត្តមកពីប្រជាជនខ្មែរ រស់នៅប្រទេសបារាំង អូស្ត្រាលី អាមេរិក និងពុទ្ធសាសនិកខ្មែរនៅប្រទេសខ្មែរខ្លះផង ។
ប្រជាជនថៃជាពុទ្ធសាសនិក ជាពាណិជ្ជករ ជាទេសចរថៃមួយចំនួនដែរ ។
បូកសរុបទឹកលុយដែលបានចំណាយ ក្នុងការកសាងកុដិ ទីសេនាសនៈ និងព្រះវិហារ (ដោយមិនគិតពីលុយថ្លៃទិញដីចូលជាមួយផងទេ) ឃើញអស់បច្ច័យចំនួន...ដុល្លារអាមេរិក ត្រូវជា...រូពីលុយឥណ្ឌា ។

[សម្គាល់៖ អក្សរទ្រេតព័ត៌មានបន្ថែម]

អានភាគទី២៖ ព្រះមហាឥសី ប្រសើដ្ឋ ឯកបញ្ញោ៖ មួយជីវិតដើម្បីជាតិនិងសាសនា (២-ចប់)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment