ព្រះមហាឥសីប្រសើដ្ឋ ឯកបញ្ញោ៖ មួយជីវិតដើម្បីជាតិនិងសាសនា (២-ចប់) - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, December 19, 2019

ព្រះមហាឥសីប្រសើដ្ឋ ឯកបញ្ញោ៖ មួយជីវិតដើម្បីជាតិនិងសាសនា (២-ចប់)

ព្រះមហា ប្រសើដ្ឋ ដឹកនាំធម្មយាត្រាក្រុមគ្រួសារទូតខ្មែរ នៅក្រុងវេសាលី ទសវត្សរ៍ឆ្នាំ ១៩៩០ ។ @ Sok Sath

លោកវិទូ | ថ្ងៃ ៥᧸១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ ធ្នូ ២០១៩

វត្តស្រាវ៉ាស្ថី នៅជេតពន្ធ ក្រុងសាវត្ថី ប្រទេសឥណ្ឌា

ព្រះមហាប្រសើដ្ឋ បានទទួលបន្ទុកមើលការខុសត្រូវ ក្នុងការសាងសង់វត្តមួយនិងព្រះវិហារមួយជារបស់ថៃមានឈ្មោះថា វត្តស្រាវ៉ាស្ថី នៅក្នុងរដ្ឋឧត្តរប្បទេស ស្ថិតនៅខាងជើង នៃប្រទេសឥណ្ឌា ។ វត្តនេះស្ថិតនៅចម្ងាយជាង ៧០០ គ.ម. ពីទីក្រុងញូវដែល្លី វត្តនេះបានចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ ១៩៨៦ រហូតមកដល់សព្វថ្ងៃនេះ ការកសាងវត្តនេះទាំងមូលបានសម្រាចបានប្រមាណ ៩០% ហើយ ។ បច្ច័យចំណាយក្នុងការកសាងវត្តនេះ បានមកពីរាជរដ្ឋាភិបាលថៃ ពុទ្ធសាសនិក ពាណិជ្ជករ និងពួកទេសចរថៃជាអ្នកឧបត្ថម្ភ ។

ពិតមែនតែជាកម្មសិទ្ធិ ជាសម្បត្តិរបស់ប្រទេសថៃ តែវត្តនេះអាចទទួលព្រះសង្ឃពុទ្ធសាសនិក អ្នកដំណើរធម្មយាត្រា ទេសចរប្រជាជនគ្រប់ពូជសាសន៍ ឲ្យស្នាក់នៅបានម្ដងម្កាលដោយគ្មានប្រកាន់ឬរើសអើង ដូចគ្នានឹងវត្តកុរុរដ្ឋខេមរារាម ជាសម្បត្តិរបស់ខ្មែរ នៅក្រុងញូវដែល្លីដូច្នោះដែរ ។

កិត្តិយស និងការទទួលស្គាល់

ដោយសារមហាវីរិយភាពដែលព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ បានបំពេញក្នុងការបង្កើតសមិទ្ធផលផ្សេងៗ អស់រយៈកាលជាច្រើនឆ្នាំកន្លងមក ស្នាព្រះហស្តទាំងអស់នេះ បានធ្វើឲ្យកិត្តិនាមនិងកិត្តិគុណ ដែលពោរពេញទៅដោយមេត្តា ករុណា និងសេចក្តីសន្តោសប្រណី របស់ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ ត្រូវបានផ្សព្វផ្សាយលេចឮទូទៅគ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសក្នុងចំណោម និងតាមរយៈនិស្សិតខ្មែរ កម្មសិក្សា នារីខ្មែរ អនិកជនខ្មែរនៅប្រទេសផ្សេងៗ (អាមេរិក បារាំង អូស្ត្រាលី កាណាដា ថៃ) ព្រះសង្ឃ និងប្រជាជនខ្មែរ គណៈប្រតិភូខ្មែរ ។ល។ ដែលបានមកដល់ប្រទេសឥណ្ឌា ក្នុងការបំពេញបេសកកម្ម បំពេញការសិក្សា មកធ្វើធម្មយាត្រា មកធ្វើទេសចរណ៍ មកទស្សនកិច្ចជាឯកជនជាក្រុម ឬជាផ្លូវការជាដើម ។ កន្លងមកមានគណៈប្រតិភូសំខាន់ៗមួយចំនួនមកពីប្រទេសកម្ពុជា បានយាងនិងអញ្ជើញមកទស្សនានៅទីវត្ត កុរុរដ្ឋខេមរារាម នេះមានជាអាទិ៍គឺ៖

១ មិថុនា ១៩៩៦ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ សហនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានយាងមកបំពេញព្រះរាជទស្សនកិច្ច ជាផ្លូវការនៅប្រទេសឥណ្ឌា ។

ពេលនោះ តាមរយៈឯកឧត្តម វ៉ឹក ផេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ។

ព្រះតេជព្រះគុណ ឯកបញ្ញ មហាប្រសើដ្ឋ មានឱកាសដ៏ថ្លៃថ្លា ត្រូវបានអនុញ្ញាតឲ្យចូលគាស់សម្ដេចក្រុមព្រះ ជួបសន្ទនាសំណេះសំណាល យ៉ាងរាក់ទាក់ជាមួយសម្ដេចក្រុមព្រះ និងសមាជិកគណៈប្រតិភូ នាទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ។ ក្នុងឱកាសនោះ ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ បានមានថេរដីកាថ្លែងរៀបរាប់ ពីការខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផល ជាស្នាព្រះហស្ថរបស់ព្រះអង្គផ្ទាល់ ក្នុងការកសាងនូវទីវត្ត កុរុរដ្ឋខេមរារាមនេះ ថ្វាយសម្ដេចក្រុមព្រះទ្រង់ជ្រាប ។ ព្រះមហា ប្រសើដ្ឋ បានវេរថ្វាយសម្ដេចក្រុមព្រះនូវសមិទ្ធផលគឺ វត្តកុរុរដ្ឋខេរារាមនេះ ជូនរាជរដ្ឋាភិបាលខ្មែរទុកសម្បត្តិ ជាកេរមរតករបស់ជាតិសាសន៍ខ្មែរតទៅ ។ ពេលនោះ សម្ដេចក្រុមព្រះនិងអ្នកម្នាង អេ ម៉ារី ជាព្រះរាជអគ្គមហេសីទ្រង់សព្វព្រះរាជហឫទ័យ ប្រគេនបច្ច័យចំនួន ៥០០ ដុល្លារអាមេរិក ដល់ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ ដើម្បីជានិមិត្តិរូបនៃសេចក្តីគោរពរាប់អាន ។

២ កញ្ញា ១៩៩៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តកុរុរដ្ឋខេរារាម មន្ត្រីទូតបុគ្គលិ និងក្រុមគ្រួសារនៃស្ថានទូតខ្មែរ ក្នុងក្រុងញូវដែល្លី មានឯកឧត្តម វ៉ឹក ផេង ជាប្រធានបេសកកម្ម ដោយមាននិស្សិតខ្មែរ កម្មសិក្សានារីខ្មែរ អនិកជនខ្មែរខ្លះនៅឥណ្ឌា និងមន្ត្រីទូត និងក្រុមគ្រូសារនៃស្ថានទូតឡាវ ស្ថានទូតថៃ និងពាណិជ្ជករថៃ ទេសចរថៃ មួយចំនួនជាពុទ្ធសាសនិក បានចូលរួមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រគេនចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ ដែលមានព្រះតេជព្រះគុណ ព្រះមហាប្រសើដ្ឋ ជាប្រធានវត្តនេះ ។

នៅក្នុងឱកាសនោះ មានប្រារព្ធពិធីអភិសេកវេរព្រះពុទ្ធបដិមាធំមួយអង្គ អំណោយពីប្រទេសថៃ និងវេរកម្រាលព្រំ កន្ទេល ចាន កៅអី តុបាយ អំពូលភ្លើងចង្កោមធំៗ ចំពោះព្រះតេជព្រះគុណ ព្រះមហាប្រសើដ្ឋ ទុកជារបស់គរុភ័ណ្ឌ សម្រាប់ប្រើសប្រាស់នៅក្នុងទីវត្តនេះ ។

ឆ្លៀតឱកាសនោះ ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ ក៏បានប្រកាសជម្រាបភ្លៀវទាំងអស់នៅទីនោះថា អាត្មាបានសម្រេចប្រគល់វត្ត កុរុរដ្ឋខេមរារាមនេះ ជូនរាជរដ្ឋាភិបាលខ្មែរ ដែលមានឯកឧត្តមឯកអគ្គរាជទូតខ្មែរ មន្ត្រីការទូតខ្មែរ បុគ្គលិកស្ថានទូតខ្មែរ និងនិស្សិតខ្មែរ ជាតំណាងនៅទីនេះ ។ វត្តនេះគឺជាវត្តខ្មែរ អាត្មាខំកសាងមក គឺដើម្បីទុកជាសម្បត្តិខ្មែរ ជាកេរមរតក ជាកម្មសិទ្ធិរបស់ខ្មែរ សម្រាប់កូនខ្មែរ ជនជាតិខ្មែរមកស្នាក់នៅ និងសិក្សារៀនសូត្រ ចាប់ពីបេលនេះតទៅ ។

ឆ្នាំ ១៩៩៦ ស្ថានទូតខ្មែរ ក្រោមការគ្រប់គ្រងនៃឯកឧត្តម វ៉ឹក ផេង បានជ្រះផ្លាប្រគេនរថយន្តមួយគ្រឿងម៉ាក Mezceda (ចាស់) ដល់ព្រះមហាប្រសើដ្ឋ ទុកជាសម្បត្តិរបស់វត្ត សម្រាប់ព្រះមហាប្រសើដ្ឋ ប្រើប្រាស់តាមសេចក្តីត្រូវការ ជាប្រយោជន៍សារធារណទូទៅ ។

៣ មេសា ១៩៩៧ គណៈប្រតិភូមួយនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ឹង ហួត រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមក្នុងសន្និសីទ នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ នៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ។ ពេលនោះ ឯកឧត្តម អ៊ឹង ហួត លោកជំទាវ ប៉ុក ម៉ារីណា អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា អគ្គលេខាធិការ និងលោក ចាន់ លេក្ខា ប្រធានាយកដ្ឋានអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញមកទស្សនកិច្ច ពិនិត្យមើលទីវត្តកុរុរដ្ឋខេមរារាមមនេះ និងបានសន្ទនាសំណេះសំណាលយ៉ាងរាក់ទាក់ និងបានប្រគេនបច្ច័យចំពោះព្រះតេជព្រះគុណ ព្រះមហាប្រសើដ្ឋ ដើម្បីជាសេចក្តីគោរពស្រឡាញ់រាប់អាន...។

៥ កុម្ភៈ ២០០០ គណៈប្រតិភូជាន់ខ្ពស់មួយនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឥណ្ឌារយៈពេលបីថ្ងៃ ។ ពេលនោះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងរដ្ឋមន្ត្រីនិងមន្ត្រីជាសមាជិក ទំាងអស់ក្នុងគណៈប្រតិភូបានអញ្ជើញមកទស្សនកិច្ចជាផ្លូវការ នៅវត្តកុរុរដ្ឋខេមរារាមនេះ ដោយបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់បំផុតពីព្រះតេជព្រះគុណ ព្រះមហាប្រសើដ្ឋ ពីមន្ត្រីការទូត និងនិស្សិតខ្មែរប្រុសស្រី ដែលរៀននៅក្រុងញូវដែល្លីនេះ ចូលរួមធ្វើបដិសណ្ឋារកិច្ច អបអរសាទរផងដែរ ។

ក្រោយពេលស្ដាប់ព្រះថេរដីការៀបរាប់ របស់ព្រះតេជព្រះគុណ ព្រះមហាប្រសើដ្ឋ អំពីប្រវត្តិដើម និងពីដំណើរការនៃការកសាងវត្តិកុរុរដ្ឋខេរារាមនេះហើយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីរីករាយ និងពេញចិត្តបានប្រគេនបច្ច័យចំនួន ៣០០០ (បីពាន់) ដុល្លារអាមេរិក ដល់ព្រះមហាប្រសើដ្ឋ សម្រាប់បន្តការកសាងវត្តអារាមនេះតទៅទៀត ។

ហេតុការណ៍ទាំងនេះ គឺជាការទទួលស្គាល់ និងជាការផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ចំពោះព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ ដែលព្រះអង្គបានធ្វើពលីកម្មដោយមហាវីរភាព បរិច្ចាគបច្ច័យយ៉ាងច្រើន ក្នុងការកសាងវត្តនេះ ដែលជាសមិទ្ធផលដ៏មានអត្ថន័យខ្ពង់ខ្ពស់បំផុត ។

ករុណា និងមេត្តាធម៌

ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ ជាព្រះមហាថេរ និងជាបញ្ញវន្តមួយអង្គ មានសន្ដានចិត្តប្រកបដោយ មេត្តា ករុណាធម៌ មានព្រះទ័យ សន្ដោសប្រណីជាមនុស្សធម៌ដ៏ប្រពៃ ។ ជាព្រះសង្ឃខ្មែរមួយអង្គ មានចិត្តលក្ខណៈគួរជាទីគោរពសក្ការៈ និងគួរជាទីស្រឡាញ់រាប់អានចំពោះមនុស្សទូទៅ ។ ព្រះអង្គតែងបានជួយឧបត្ថម្ភ ផ្គត់ផ្គង់ផ្ទុងផ្ដើម ជាបច្ច័យឬសម្ភារៈ ជាជំនួយខាងស្មារតីដល់និស្សិតខ្មែរ កម្មសិក្សាខ្មែរ ដែលមកសិក្សានៅប្រទេសឥណ្ឌានេះ និងដល់ប្រជាជនខ្មែរ ព្រះសង្ឃខ្មែរ អ្នកធ្វើធម្មយាត្រា មកធ្វើទេសចរណ៍ជាដើម ដែលបានមកដល់ទឹកដីឥណ្ឌា ហើយដែលមានឱកាសបានជួបព្រះអង្គផ្ទាល់ ។ ព្រះមហាប្រសើដ្ឋ តែងបានជួយទំនុកបម្រុងដោយព្រះទ័យស្រឡាញ់ចំពោះខ្មែរ ។ ព្រះអង្គតែងបានធ្វើជាមគ្គុទ្ទេសក៍-guide-បង្ហាញផ្លូវ និងដឹកនាំក្រុមធម្មយាត្រា ឬក្រុមនិស្សិតខ្មែរ ទៅទស្សនាមើលទីកន្លែងទេសចរណ៍ ឬបូជនីយដ្ឋានសំខាន់ៗរបស់ព្រះពុទ្ធ នៅក្នុងតំបន់មួយចំនួននៃប្រទេសឥណ្ឌា ។

ក្នុងមួយជីវិតរបស់ព្រះអង្គ ព្រះមហាប្រសើដ្ឋ បានអនុគ្រោះ អនុញ្ញាតឲ្យនិស្សិតខ្មែរមួយចំនួន ដែលមកសិក្សានៅឥណ្ឌា ក្នុងទីក្រុងញូវដែល្លី បានស្នាក់នៅក្នុងវត្តរយៈពេលពីរឆ្នាំ ឬបីបួនឆ្នាំក៏មាន ។

ក្នុងមួយជីវិតរបស់ព្រះអង្គ ព្រះមហាប្រសើដ្ឋ បានបូជាជីវិត ព្រះកាយពល ដើម្បីបុព្វហេតុនៃលទ្ធិសាសានា និងដើម្បីជាតិខ្មែរ ។ ព្រះអង្គលះបង់ញោមញាតិ និមន្តចាក់ចេញឆ្ងាយ ពីភូមិកំណើត ពីមាតុភូមិកំណើតដើម្បីតែចំណោះដឹងទូទៅ ផ្នែកផ្លូវលោកផ្លូវធម៌ និងព្យាយាមបង្កើតសមិទ្ធផល ជាស្នាព្រះហស្ថផ្ទាល់របស់ព្រះអង្គ ដើម្បីទុកជាប្រយោជន៍រួម សម្រាប់មនុស្សជាតិទូទៅ ។ ព្រះបានចាកចេញ ពីមាតុភូមិជាទីស្រឡាញ់ មកគង់នៅសិក្សារៀនសូត្រនៅប្រទេសក្រៅ គឺប្រទេសថៃ និងប្រទេសឥណ្ឌា (ប្រទេសឥណ្ឌាបាន ៤៣ ឆ្នាំ) ហើយតាំងពីព្រះអង្គមានព្រះជម្មាយុ ២៣ ឆ្នាំម៉្លេះ ។

ពិតមែនតែព្រះអង្គ គត់នៅប្រទេសក្រៅជិតមួយជីវិតរបស់ព្រះអង្គហើយក៏ដោយ មនោសញ្ចេតនាចិន្តារម្មណ៍របស់ព្រះអង្គ នៅមានជំនក់ជក់ព្រះទ័យ នឹកមមៃគិតជាប់ជានិច្ច ដល់ប្រទេសជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់របស់ព្រះអង្គ ។ ដោយមូលហេតុនេះហើយ ទើបព្រះអង្គក្រៅពីខំព្យាយាមសិក្សារៀនសូត្រ បានប្រឹងប្រែងបង្កើតសមិទ្ធផល ទុកជាប្រយោជន៍សាធារណៈសម្រាប់មនុស្សជាតិទូទៅផង និងសម្រាប់ជនជាតិខ្មែរ ពូជាសាសន៍ខ្មែរយើងផង ។ គិតមកដល់ឆ្នាំនេះ គឺព.ស. ២៥៤៥ និងគ.ស. ២០០០ ព្រះតេជព្រះគុណឯកបញ្ញោ មហាប្រសើដ្ឋ មានព្រះជន្ម ៨៣ ព្រះវស្សាហើយ ។ ព្រះអង្គនៅមានព្រះសុខភាព ព្រះកាយពលមាំមួន រឹងប៉ឹងនៅឡើយ ហើយព្រះអង្គមហាប្រសើដ្ឋ នៅតែមិនបោះបង់នូវមហាវីរិយភាពក្នុងការសិក្សារៀនសូត្រ ក៏ដូចជាក្នុងការកសាងបង្កើតស្នាព្រះហស្ថ របស់ព្រះអង្គសោះឡើយ ។

ដោយមហាវីរិយភាព និងកិត្តិនាម ដ៏ថ្លៃថ្លាទាំងអស់នេះ

យើងខ្ញុំជាសិស្សគណ ជានិស្សិត ជាព្រះសង្ឃ ជាពុទ្ធសាសនិក ជាប្រជាពលរដ្ឋទូទៅ សូមចងចាំរក្សាទុកក្នុងស្ថារតី នូវរាល់គុណូបការៈទាំងអស់របស់ព្រះតេជព្រះគុណ ឯកបញ្ញោ មហាប្រសើដ្ឋ និងសូមប្រសិទ្ធិពរប្រគេនពរ សូមព្រះមហាប្រសើដ្ឋ បានប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ សូមព្រះអង្គគង់នៅក្នុងព្រះសុខភាពមាំមួន ប្រាជ្ញាឆ្លាត-ភ្លឺថ្លា ដើម្បីបាននៅជាម្លប់ដ៏ត្រជាក់ សម្រាប់យើងខ្ញុំទាំងអស់គ្នា ក៏ដូចគ្នាបច្ឆាជនតជនតរៀងទៅ...។

*សំណេរជីវប្រវត្តិនេះ ដកស្រង់ពីសំណេររបស់លោក វ៉ឹក ផេង (អតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឥណ្ឌា) ពិនិត្យកែសម្រួលដោយ បណ្ឌិត សំ បេ, ភ្នំពេញថ្ងៃទី ១២ មិថុនា ២០០០ ។ មានខ្វះចន្លោះព័ត៌មានខ្លះ សូមអធ្យាស្រ័យ ។
© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment