សម្ដេចព្រះសង្ឃរាជថៃប្រទានសារឆ្នាំថ្មី - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, December 31, 2019

សម្ដេចព្រះសង្ឃរាជថៃប្រទានសារឆ្នាំថ្មី

សម្ដេច ព្រះអរិយវង្សាគតញាណ, សម្ដេចព្រះសង្ឃរាជទី២០ នៃព្រះរាជាណាចក្រថៃ ។

លោកវិទូ | ថ្ងៃ ៣᧦២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣១ ធ្នូ ២០១៩

សម្ដេចព្រះអគ្គមហាសង្ឃរាជថៃ សម្ដេច ព្រះអរិយវង្សាគតញាណ បានប្រទាននូវសារឆ្នាំថ្មី ដែលរំលេចអំពីអំពើល្អ ដែលកើតចេញពីសន្ដានចិត្តល្អរបស់បុគ្គលម្នាក់ៗ និងមេរៀនដែលត្រូវសិក្សាពីសេចក្តីទុក្ខ ដែលកើតមានឡើងចំពោះខ្លួន ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា នៅក្នុងសង្ឃដីកាឆ្នាំថ្មីប្រចាំឆ្នាំរបស់ព្រះអង្គ កាលពីថ្ងៃច័ន្ទ សម្ដេចព្រះអគ្គមហាសង្ឃរាជបានមានបន្ទូលថា ព្រះពុទ្ធជាម្ចាស់បានប្រៀនប្រដៅសត្វលោក ឲ្យមានសតិសម្បជញ្ញៈ ក្នុងអំពើរបស់ខ្លួននិងផលវិបាកនៃអំពើទាំងនោះ ។

អំពើទាំងឡាយតែងឆ្លុះបញ្ចាំង អំពីចេតនារបស់បុគ្គលម្នាក់ៗ ជាចេតនាល្អក្ដីអាក្រក់ក្ដី ដែលតែងតែដឹកនាំនូវការប្រព្រឹត្តតាមផ្លូវកាយវាចានិងចិត្តរបស់ខ្លួន ។

សម្ដេចព្រះអគ្គមហាសង្ឃរាជបានពន្យល់ថា គោលការណ៍នេះ គឺជាគោលការណ៍មួយ ក្នុងចំណោមគោលឱវាទនៃព្រះធម៍ ដែលអំពើរបស់បុគ្គលម្នាក់ៗ តែងទទួលនូវផលកម្ម ។ ដូចនេះ វាធ្វើឲ្យបុគ្គលម្នាក់ៗ មិនប្រមាទចំពោះអ្វីៗដែលគេធ្វើ ហើយមិនឲ្យមានការរំខានក្នុងការទទួលអានិសង្ស ដែលជាការចៀសពីទុក្ខវេទនាទាំងពួង ។

សម្ដេចមានបន្ទូលយ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលចង់បានសេចក្តីសុខនិងខ្លាចសេចក្តីទុក្ខ បុគ្គលនោះត្រូវវៀរចាកអំពើអាក្រក់ទាំងឡាយ តាមផ្លូវកាយវាចានិងចិត្ត ។ បុគ្គលគ្រប់រូប គឺមានសេរីភាពដើម្បីជ្រើសរើស ថាតើត្រូវកាពារនូវអំពើអកុសលឬអត់ ដែលត្រូវទៀងតែកើតឡើង» ។

ទោះជាយ៉ាងនេះក្ដី ការវៀរចាកអំពើបាបនេះ មិនអាចបានសម្រេច ដោយការធ្វើពិធីកម្មសាសនា ឬក៏សុំឲ្យអ្នកដទៃណាម្នាក់ជួយបានឡើយ ។ ដំណោះស្រាយគឺស្ថិតត្រង់ ការប្រព្រឹត្តប្រកបដោយសតិសម្បជញ្ញៈ និងអំពើល្អ ។

បុគ្គលមិនគួរមានអារម្មណ៍សោកសៅ ឬធ្វើខ្លួនឲ្យជាប់ជំពាក់នឹងសេចក្ដីទុក្ខពេកទេ ។ វាមិនអាចជួយអ្វីបានឡើយ ពីការអស់សង្ឃឹម ឬស្ដីបន្ទោសអ្នកដទៃចំពោះសេចក្តីរបស់ខ្លួនឡើយ ។

សម្ដេចព្រះសង្ឃរាជមានបន្ទូលថា «ផ្ទុយទៅវិញ បុគ្គលគប្បីយកសេចក្តីទុក្ខនោះ មកធ្វើជាមេរៀនហើយសិក្សាពីវា ។ បុគ្គលទាំងឡាយគប្បីទទួលស្គាល់នូវសេចក្ដីពិតនៃជីវិតថា គ្មានបុគ្គលណាម្នាក់អាចគេចផុតពីសេចក្ដីទុក្ខឡើយ ហើយបុគ្គលទាំងឡាយគប្បីតាំងចិត្តវៀរចាកអំពើបាបទាំងពួង» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment