ព្រះសមណរង្សី ទេព វុទ្ធី៖ តើអ្វីទៅជាការខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាពក្នុងស្ថានភាពជម្លោះ? - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, December 11, 2019

ព្រះសមណរង្សី ទេព វុទ្ធី៖ តើអ្វីទៅជាការខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាពក្នុងស្ថានភាពជម្លោះ?

ព្រះសមណរង្សី ទេព វុទ្ធី នៅក្នុងសិក្ខាសាលាអន្តរជាតិដើម្បីការយល់ដឹងនិងសន្តិភាព, លុម្ពិនី ប្រទេសនេប៉ាល់, ១១ ធ្នូ ២០១៩ ។ Photo Tep Vuthy

លោកវិទូ | ថ្ងៃ ៤᧯១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១១ ធ្នូ ២០១៩
លុម្ពិនី៖ ព្រះសមណរង្សី ទេព វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស នាយកប្រតិបត្តិសមាគមព្រះពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី និងជាព្រះគ្រូចៅអធិការវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី មានកិត្តិយសបាននិមន្ដចូលរួម ធ្វើជាវាគ្មិនក្នុង «សិក្ខាសាលាអន្តរជាតិដើម្បីការយល់ដឹង និងសន្តិភាព» ដែលរៀបចំដោយ មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការយល់ដឹងនិងសន្តិភាពលុម្ពិនី ប្រទេសនេប៉ាល់ ថ្ងៃទី ១០-១២ ធ្នូ ២០១៩ ។

សិក្ខាសាលាដ៏មានសារសំខាន់នេះ បានបើកវគ្គក្រោមអធិបតីភាពរបស់ ឯ.ឧ. ប្រទីប កុមារ គ្យវាលី (Pradeep Kumar Gyawali) រដ្ឋមន្ត្រីការបរទេស ប្រទេសនេប៉ាល់ ជាភ្ញៀវកិត្តិយស និងគណៈអធិបតី សាស្ត្រាចារ្យ តំណាងអង្គការក្រៅរដ្ឋាភិបាល វាគ្មិន និងអ្នកចូលរួមមកពីបណ្ដាប្រទេសនានាដូចជា នេប៉ាល់ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា វៀតណាម ជាដើម ។

តំណាងឲ្យសមាគមព្រះពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរ នៃទីក្រុងញូវដែល្លី ព្រះតេជព្រះគុណ ព្រះសមណរង្សី ទេព វុទ្ធី បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ ដែលគួរឲ្យចាប់អារម្មណ៍មួយ «តើអ្វីទៅជាការខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាពក្នុងស្ថានភាពជម្លោះ?» ។

នៅក្នុងឱកាសនោះ ព្រះអង្គបានលើកឡើងអំពីប្រវត្តិសង្ខេបរបស់ប្រទេសកម្ពុជា ពីសម័យកាលរុងរឿង ក្នុងសតវត្សរ៍ទី ៦-១៤ គ.ស. និងសម័យកាលខ្មៅងងឹត ក្នុងសតវត្សរ៍ទី ១៥-១៩ គ.ស. រហូតដល់សង្គ្រាមលោកលើកទី២ និង ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃដែលទទួលបានឯករាជ្យ ពីអាណានិគមបារាំងជាង ៦០ ឆ្នាំ កន្លងទៅ ។ ព្រះអង្គបានរៀបរាប់ទៀតថា បន្ទាប់មកប្រទេសកម្ពុជាបានធ្លាក់ក្នុងរណ្ដៅសង្គ្រាមស៊ីវិល ម្ដងហើយម្ដងទៀត ចាប់ពីឆ្នាំ [១៩៧០], ១៩៧៥ ដល់ ១៩៧៩ ។ ព្រះអង្គបានកត់សម្គាល់ឃើញថា «ចាប់ពីឆ្នាំ ១៩៨០ មក វាពិបាកនឹងបរិយាយអំពីពាក្យថា 'សន្តិភាព' ណាស់; គ្មានសំឡេងសូត្រព្រះធម៌ ដោយបរិស័ទនៃសាសនាណាទាំងអស់នៅក្នុងប្រទេសនេះ» ។ ប៉ុន្តែ បច្ចុប្បន្ន សំឡេងព្រះធម៌បានឮឡើងវិញ ជាសំឡេងនៃសន្តិភាព មិនតែប៉ុណ្ណោះ ពុទ្ធសាសនិកមានការរីកចម្រើនកើនឡើងយ៉ាងលឿន រហូតដល់ ៩៥% នៃប្រជាជនសរុប ។

ពេលនិយាយដល់សន្តិភាពនៅកម្ពុជា និងតួនាទីពុទ្ធសាសនាក្នុងការស្វែងរកសន្តិភាព យើងមិនដែលភ្លេចឡើយអំពីធម្មយាត្រាសន្តិភាព របស់សម្ដេចព្រះមហាឃោសានន្ទ (វ៉ា យ៉ាវ) ក្នុងដើមទសវត្សរ៍ទី ៩០ ។ ព្រះសមណរង្សី ទេព វុទ្ធី បានរំឭកផងដែរថា «សម្ដេចព្រះមហាឃោសានន្ទ...បានផ្សព្វផ្សាយព្រះធម៌សន្តិភាព ដោយត្រូវឆ្លងកាត់តំបន់កំពុងមានសង្គ្រាម និងជម្លោះប្រដាប់អាវុធ ដែលស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត នៅក្នុងសម័យអន្ធការនៃភ្លើងសង្គ្រាមនោះ» ។

សន្តិភាពក៏បានកើតមានដល់ប្រទេសកម្ពុជា ដែលជាការខិតខំប្រឹងប្រែងរបស់ប្រជាជនខ្មែរគ្រប់ភាគី តាមរយៈសិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលជាសមិទ្ធផលកើតចេញពី «វិធីសាស្ត្រនៃការសន្ទនាគ្នា ប្រកបដោយសម្មាទិដ្ឋិ ក្នុងកិច្ចព្រមព្រៀងសន្តិភាពតាមផ្លូវព្រះធម៌» ។

ព្រះអង្គបានផ្ដល់នូវពុទ្ធោវាទមួយចំនួនដើម្បីកសាងសន្តិភាព មានជាអាទិ៍ មេត្តាករុណា សច្ចធម៌ សម្មាទិដ្ឋិ បានដល់សីលសមាធិបញ្ញា និងសតិសម្បជញ្ញៈ ។ បន្ថែមលើនេះ ព្រះអង្គបានលើកឡើងនូវគោលការណ៍ ៤ យ៉ាងដើម្បីកសាងសន្តិភាពក្នុងពិភពលោកគឺ ១.ការសន្ទនាសាកល នៅតំបន់មានជម្លោះ ២.ការជួបប្រជុំគ្នាឲ្យបានញឹកញាប់ ៣.ការប្រើប្រាស់យន្តការនៃការសន្ទនានយោបាយ និង ៤.ការត្រួតពិនិត្យតាមដាន និងអនុវត្តន៍ជាក់ស្ដែង ។ មេដឹកនាំពិភពលោក ទាំងមេដឹកនាំនយោបាយនិងសាសនា ត្រូវចូលរួមលើកកម្ពស់ការអនុវត្ត ចំណុចទាំង ៤ យ៉ាងនេះ ។

ព្រះអង្គមានថេរដីកាប្រកបដោយខ្លឹមសារថា «...យើងទាំងអស់គ្នាត្រូវធ្វើជាអ្នកកសាងសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែនិយាយតាមទ្រឹស្ដីក្នុងគម្ពីរ ឬអាងថាខ្លួនឯងជាវាគ្មិន [ហើយគិតតែពីយាយអត់ធ្វើសកម្មភាពនោះទេ]» ។ «យើងត្រូវកសាងសាលារៀនឲ្យច្រើនជាងវត្តអារាមឬអាស្រម ហើយប្រែក្លាយវាឲ្យទៅជាមជ្ឈមណ្ឌលសិក្សាសម្រាប់យុវជន» ព្រះអង្គមានថេរដីកាបន្ថែម ។

នៅទីបញ្ចប់ ព្រះអង្គមានថេរដីកាថា «សន្តិភាពគឺមិនមែនសម្រាប់តែមនុស្សចាស់ទេ ប៉ុន្តែសន្តិភាពគឺសម្រាប់គ្រួសារនីមួយៗ សហគមន៍ ប្រទេសជាតិ និងពិភពលោកទាំងមូល ។ មានតែភាពជាអ្នកដឹកនាំសន្តិភាពប្រកបដោយគុណធម៌ទេ ដែលកើតចេញពីការយល់ដឹងប្រកបដោយចំណេះដឹង ក្នុងបញ្ញាពិតប្រាកដ ទើបនឹងអាចបញ្ចប់នូវជម្លោះសាសនានិងនយោបាយបាន» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment