លោកវិទូ | ថ្ងៃ ១᧮១១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៩ តុលា ២០២២
ជាព្រះសង្ឃខ្មែរល្បីខាងវិជ្ជាសមាធិនិងការព្យាបាលជំងឺបែបធម្មជាតិដ៏ពូកែ ដែលបានញុំាងលោកបណ្ឌិត នេហ៍រូ នាយករដ្ឋមន្ត្រីទី១ របស់ឥណ្ឌា ឲ្យជ្រះថ្លាប្រគេនដីធ្វើវត្តខ្មែរមួយឈ្មោះ វត្តអសោក (យកឈ្មោះតាមព្រះបាទ អសោកមហារាជ របស់ឥណ្ឌាក្នុងសតវត្សរ៍ទី ៣ មុនគ.ស.) នៅទីក្រុងញូវដែល្លី។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ព្រះអង្គបាននិមន្តទៅគង់នៅសហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះជនភៀសខ្លួនខ្មែរ ដែលកំពុងមានវិបត្តិផ្លួវចិត្តធ្ងន់ធ្ងរដោយសារសង្គ្រាម ។
ដើមឡើយ សម្ដេច ធម្មវរៈ មហាថេរៈ បានចាកចេញពីប្រទេសថៃឡង់ដ៍ ទៅកាន់ប្រទេសភូមា និងបានបួសម្តងទៀតជាលើកទីបី និងបានសិក្សាក្នុងសំណាក់ព្រះគ្រូល្បីៗនៅទីនោះ ។ បន្ទាប់មកទៀត ព្រះអង្គបាននិមន្តទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលព្រះអង្គគង់នៅ អស់រយៈពេលជាង ៤០ ព្រះវស្សា។ ព្រះអង្គបាននាំចៅពីរនាក់មករស់នៅជាមួយផងដែរ ដោយបានកសាងវត្តមួយឈ្មោះថា វត្តអសោក (Asoka Mission Vihara) នាទីព្រៃសុទ្ធតែដើមឈើ នៅទីក្រុងញូវដែល្លី ក្នុងឆ្នាំ ១៩៥០ ។
ដីកសាងវត្តនេះគឺត្រូវបានប្រគេនដោយបណ្ឌិត ចាវ៉ាហារឡាល់ នេហ៍រូ នាយករដ្ឋមន្ត្រីទី១ របស់ឥណ្ឌា ដោយគាត់ជ្រះថ្លាចំពោះព្រះអង្គ ដែលមានវិជ្ជាព្យាបាលរោគតាមបែបធម្មជាតិ និងវិជ្ជាវិបស្សនា ដែលបានព្យាបាលជំងឺម្តាយរបស់គាត់បានជាសះស្បើយ ។
កាលពីឆ្នាំ ២០១៩ ព្រះតេជគុណ ទេព វុទ្ធី ព្រះគ្រូចៅអធិការវត្តខ្មែរកោសម្ពី (ឥណ្ឌា) ដែលមានការរាប់អានគ្នាជិតដិត ជាមួយលោកអ៊ុំ តារាចន្ទ មោរ៍ (ជនជាតិឥណ្ឌា) លោកព្រឹទ្ធាចារ្យ បណ្ឌិត កែវ ប៉ាម៉ា (ខ្មែរ~ឥណ្ឌា) និងបណ្ឌិត សំ បេ ដែលជាសហធម្មិក ក្នុងសម័យភន្តេ ធម្មវរៈ បាននិមន្តទៅទស្សនាវត្តនោះ ហើយមានសង្ឃដីការ ប្រកបដោយមោទនភាពថា វត្តអសោកជា «វត្តខ្មែរដំបូងគេ នៅពុទ្ធភូមិ បានទទួលស្គាល់ដោយរដ្ឋាភិបាល កម្ពុជា និង ឥណ្ឌា តាមរយ:សម្តេច ព្រះធម្ម:វីរ: ជាសង្ឃខ្មែរទី ១ ដែលបានទទួលស្គាល់ពី ប្រមុខរដ្ឋាភិបាលឥណ្ឌា ទាំងការទូតសាសនា នយោបាយ និងកិច្ចការសាសនាការបរទេស» ។
វត្តអសោក មិនគ្រាន់តែជាវត្តធម្មតា សម្រាប់ភិក្ខុសង្ឃគង់នៅប៉ុណ្ណោះទេ ក្រោមអធិបតីនៃភន្តេ ធម្មវរៈ វត្តនេះជាសាលាសិក្សាវិបស្សា និងបានបោះពុម្ពផ្សាយនូវព្រឹត្តិបត្រជាភាសាអង់គ្លេស មានចំណងជើងថា «សម្មាកម្មន្ត» ឬ The Righ Action ដែលបានបោះពុម្ពផ្សាយលើកទីមួយ ក្នុងឆ្នាំ ១៩៦១ និងមានការបង្ហាត់បង្រៀនវិបស្សនាសមាធិទៀតផង។ វិធីសាស្ត្រនៃការធ្វើសមាធិ របស់ភន្តេ ធម្មវរៈ មានលក្ខណៈពិសេសដោយឡែក ដោយគេឲ្យឈ្មោះថា «វិបស្សនាពណ៌» (Coloured Meditation) ដែលយកពណ៌បៃតងជាគ្រឿងចម្រើនវិបស្សនា ដូច្នេះគេហៅថា វិបស្សនាបៃតងក៏បាន (Green Meditation) ។
លោកអ្នកសិក្សាខាងវិបស្សនា គួរស្វែងរកប្រភពព័ត៌មានបន្ថែមទៀត អំពីវិធីសាស្ត្ររបស់ព្រះអង្គ។ សំណាងល្អដែរ វិធីសាស្ត្រក្នុងធ្វើវិបស្សនាសមាធិ របស់ភន្តេ ធម្មវរៈ ត្រូវបានអត្ថាធិប្បាយក្នុងសៀវភៅ Leaving Lucifer អាចមានន័យថា «ការចាកចេញពីពិភពអាក្រក់» ដែលនិពន្ធដោយអ្នកស្រី អេលីហ្សាប៊ែថ រូមិគ (Elizabeth Romig) បោះពុម្ពក្នុងឆ្នាំ ២០១៦។ អ្នកស្រី អេលីហ្សាប៊ែថ រូមិគ គឺជាសិស្សរបស់ព្រះអង្គ តាំងពីនៅប្រទេសឥណ្ឌាម៉្លេះ។
| ព្រះតេជគុណ ទេព វុទ្ធី ទស្សនានៅវត្តអសោក ដែលមានរូបថតរបស់សម្ដេច ព្រះធម្មវរៈ មហាថេរៈ ព្យួរនៅនឹងជញ្ជាំងកុដិ, ២៩ មេសា ២០១៩ ។ រូបថត៖ លោកវិទូ |
ត្រឹមឆ្នាំ ១៩៦១ សំណង់ក្នុងវត្ត, ដែលមានផ្ទៃដីជិត ៥ ហិចតា (១២ អែក) និងមានចម្ងាយជាង ៩ គីឡូមែត្រ (៦ ម៉ៃល៍) ពីមជ្ឈមណ្ឌលក្រុងញូវដែល្លី និងដំបូងឡើយជាទីស្ថានស្ងាត់គ្មានមនុស្សរស់នៅ, មានដូចជា ព្រះវិហារ ១ មជ្ឈមណ្ឌលវិបស្សនា ១ សាលាដែលមានចងសីមាត្រឹមត្រូវ ១ អន្តេវាសិកដ្ឋានយុវជនអន្តរជាតិ ១ និងមណ្ឌលសុខភាព ដែលព្យាបាលរោគ តាមវិធីសាស្ត្រធម្មជាតិ ១ ។
ភន្តេ ធម្មវរៈ មានចក្ខុវិស័យវែងឆ្ងាយណាស់ ។ ដោយយកគំរូតាមបេសកកម្មផ្សព្វផ្សាយព្រះធម៌ របស់ព្រះបាទធម្មាសោក ក្នុងសតវត្សរ៍ទី ៣ គ.ស. ព្រះអង្គមានបំណងបង្កើតវត្តនេះ ឲ្យក្លាយជាវិទ្យាស្ថានសិក្សាព្រះពុទ្ធសាសនាអន្តរជាតិមួយ ដែលអ្នកប្រាជ្ញ និងអ្នកចេះដឹងព្រះពុទ្ធសាសនា ទូទាំងពិភពលោក អាចមកស្នាក់នៅបន្តវិជ្ជាសិក្សាជាន់ខ្ពស់ និងប្រតិបត្តិធម៌បាន ។
លើសពីនេះ បំណងធំរបស់ព្រះអង្គនោះគឺ ការស្ដារឡើងវិញ នូវព្រះពុទ្ធសាសនា ដែលបានបាត់បង់ស្ទើរសូន្យពីប្រទេសឥណ្ឌា ដែលជាទីកំណើតនៃព្រះពុទ្ធសាសនា ។ ព្រោះតែសកម្មភាពផ្សព្វផ្សាយព្រះធម៌ ដ៏ថ្លៃថ្លានេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា គោរពព្រះអង្គដូចសម្តេចព្រះគ្រូធំប្រចាំប្រទេស ទាំងស្ថានទូតខ្មែរ ថៃ ឡាវ សុទ្ធតែគោរពស្រលាញ់ព្រះអង្គបំផុត ។
ព្រះអង្គត្រូវបានគេនិមន្តទៅសម្តែងឳវាទ នៅក្នុងសន្និសីទអន្តរជាតិ ឬកម្មវិធីធំៗ នៅប្រទេសឥណ្ឌា ក៏ដូចជាក្រៅប្រទេសជាញឹកញាប់។ តួយ៉ាងក្នុងឆ្នាំ ១៩៥៧ ព្រះនិមន្តចូលរួមធ្វើជាអធិបតី ក្នុងសមាជការតមសាច់ពិភពលោក (World Vegetarian Congress) លើកទី ១៥ នៅទីក្រុងបុមបៃ ។ មិនតែប៉ុណ្ណោះ ព្រះអង្គត្រូវបានគេជ្រើសរើស ឲ្យធ្វើជាព្រះប្រធាននៃពុទ្ធិកសមាគមពិភពលោក (World Fellowship of Buddhists) ទៀតផង និងពិសេសជាងនេះគឺ ព្រះអង្គធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យហិណ្ឌូពារាណសី (BHU) ដ៏ល្បីមួយ នៅទីក្រុងពារាណសី នៅដីប៉ាតឺម៉ង់ភាសាអាស៊ី ។
ជាអកុសលណាស់ ក្រោយពីភន្តេ ធម្មវរៈ បាននិមន្តទៅគង់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ វត្តនេះក៏បានរបូតបាត់ ពីសម្បត្តិមរតកពុទ្ធសាសនាខ្មែរ បែរជាធ្លាក់ទៅដល់ដៃសង្ឃទីបេ ហើយជាប់ក្តីតុលាការ ដោយមិនដឹងរឿងរ៉ាវ ពិតប្រាកដ ហើយវាបានក្លាយជារឿងអាថ៌កំបាំងជារៀងរហូតមកដល់ថ្ងៃនេះ ។ បច្ចុប្បន្នវត្តនេះបានក្លាយជាដីព្រៃគ្មានសណ្តាប់ធ្នាប់ ហើយបាត់ពីដៃខ្មែរម្ចាស់ដើម យ៉ាងស្ងប់ស្ងាត់បំផុត គ្មានអ្នកទទួលខុសត្រូវ ស្វែងរកការពិតឡើយ ។
តើវត្តអសោកបានបាត់ពីដៃខ្មែរ ដោយរៀបណា ដោយសារអ្វី ជំនាន់អ្នក/សង្ឃអង្គណា? តើបញ្ហាដូចគ្នានេះ អាចកើតមានចំពោះវត្តខ្មែរបច្ចុប្បន្ន ទាំង ១៥វត្តនៅឥណ្ឌា នេប៉ាល់ ដែរឬទេ? សូមលោកអ្នកអានស្វែងរកចម្លើយដោយខ្លួនឯងចុះ ៕

No comments:
Post a Comment