ប្រជាជនមួយម៉ឺននាក់ប្រកាសចូលកាន់ព្រះពុទ្ធសាសនានៅទីក្រុងញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, October 09, 2022

ប្រជាជនមួយម៉ឺននាក់ប្រកាសចូលកាន់ព្រះពុទ្ធសាសនានៅទីក្រុងញូវដែល្លី

ប្រជាជនរាប់ពាន់នាក់ ចូលរួមក្នុងពិធីប្តូរសាសនា ទីក្រុងញូវដែល្លី, ៤ តុលា ២០២២ ។ រូបភាព៖ Twitter Courtesy

លោកវិទូ | ថ្ងៃ ១᧮១១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៩ តុលា ២០២២ 

នៅទីក្រុងញូវដែល្លី រដ្ឋធានីនៃសាធារណរដ្ឋឥណ្ឌា មានពិធីប្តូរសាសនាដ៏ធំមួយ បានប្រព្រឹត្តទៅចំថ្ងៃបុណ្យសាសនាហិណ្ឌូ ដោយមានប្រជាជនចំនួនមួយម៉ឺននាក់ជាហិណ្ឌូ បានប្រកាសចូលកាន់ព្រះពុទ្ធសាសនា ក្នុងពេលជាមួយគ្នា ។ ប្រមុខមន្ត្រីនៃរដ្ឋធានីញូវដែល្លី ក៏មានវត្តមានក្នុងពិធីនេះផងដែរ ។ ជាពិសេស ពិធីប្ដូរសាសនានេះបានក្លាយជាប្រធានបទក្ដៅមួយ នៅក្នុងប្រទេសឥណ្ឌា ។

កាលពីថ្ងៃទីអង្គារ ទី៤ ខែតុលា ប្រជាជនវណ្ណៈទលិតមកពីទីនានាក្នុងទីក្រុងដែល្លីចំនួន ១០០០០ នាក់ បានប្រកាសប្តូរសាសនាពីសាសនាហិណ្ឌូ ទៅចូលកាន់ព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យវិជយាទសមី ដែលគេប្រារព្ធថាជាថ្ងៃសម្ដែងធម្មចក្រ (Dhamma Chakra Pravartan Din) តាមជំនឿរបស់បរិស័ទរបស់លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ ។

ក្នុងពិធីប្តូរសាសនាដ៏ធំសម្បើមនេះ ប្រមុខមន្ត្រីរដ្ឋធានីញូវដែល្លី លោក អរវិន្ទ កេជរីវ៉ាល់ (ហិណ្ឌូ) អបដោយរដ្ឋមន្ត្រីខុទ្ធការល័យ លោក រាជេន្ទ្រ ប៉ាល់ គោតម (ពុទ្ធសាសនិក) ក៏បានចូលរួមផងដែរ ។ ការណ៍នេះបានបង្កជាភាពចម្រូងចម្រាស់ ក្នុងចំណោមអ្នកនយោបាយឥណ្ឌា ជាពិសេសប្រតិកម្មពីមន្ត្រីបក្ស BJP របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ដែលមានគោលនយោបាយជាតិនិយមហិណ្ឌូ ។

កាលពីថ្ងៃសុក្រ ទី៧ ខែតុលា មេដឹកនាំបក្ស BJP លោក អាទេស គុប្តា បានធ្វើដំណើរចុះឡើងឆ្លេឆ្លាជុំវិញក្រុងញូវដែល្លី ហើយបានចោទប្រកាន់ លោកប្រមុខមន្ត្រី កេជរីវ៉ាល់ និងលោករដ្ឋមន្ត្រី  តោតម ថាបានប្រមាថមើលងាយដល់ព្រះរបស់ហិណ្ឌូ ។ គាត់បានធ្វើសន្និសីទកាសែត បានចូលក្នុងកម្មវិធីជជែកដេញដោលរបស់ទូរទស្សន៍នានា ហើយបានដាក់ពាក្យបណ្ដឹងប្រឆាំងមន្ត្រីជាន់ខ្ពស់ទាំងពីររបស់បក្ស AAP ទៀតផង ។

អ្វីដែលធ្វើឲ្យបក្សហិណ្ឌូនិយម BJP ខឹងសម្បារគឺ នៅក្នុងពិធីសច្ចាប្រណិធានរបស់ប្រជាជនដែលចូលកាន់ព្រះពុទ្ធសាសនានោះ មានការសូធ្យប្រកាសបីខសំខាន់គឺ៖ 

១. ខ្ញុំមិនជឿលើព្រះព្រហ្ម ព្រះវិស្ណុ និងព្រះមហេស្វរៈ ហើយខ្ញុំក៏មិនគោរពបូជាព្រះទាំងនេះដែរ ។ 
២. ខ្ញុំមិនជឿលើព្រះរាម និងព្រះក្រិស្នា ដែលគេជឿថាជាអវតារបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏មិនគោរពបូជាព្រះទាំងនេះដែរ 
៣. ខ្ញុំមិនជឿលើព្រះគៅរី ព្រះគណបតី និងព្រះទេវៈ និងព្រះទេវធីតា របស់ពួកហិណ្ឌូ ហើយខ្ញុំក៏មិនគោរពបូជាព្រះទាំងនេះដែរ ។

ខបីយ៉ាងនេះគឺជាផ្នែកនៃការសច្ចាប្រណិធានទាំង ២២ យ៉ាងដែលលោកបណ្ឌិត អម្ពេឌករ បានផ្ដល់ចំពោះបរិស័ទរបស់គាត់រាប់ម៉ឺននាក់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥៦ នៅពេលដែលគាត់បានប្រកាសលះបង់ចោលសាសនាហិណ្ឌូ ហើយបានប្តូរមកកាន់ព្រះពុទ្ធសាសនាវិញ ព្រមដោយបរិស័ទរបស់គាត់ ។ ដូច្នេះ ការសូធ្យពាក្យសច្ចាប្រណិធាននេះ មិនឈ្មោះថាជាការប្រមាថចំពោះព្រះទេវៈរបស់សាសនាហិណ្ឌូឡើយ ។

អ្នកកាន់ប្តូរមកកាន់ព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ននៅប្រទេសឥណ្ឌា ភាគជ្រើនជាអ្នកធ្លាប់កាន់សាសនាហិណ្ឌូ ដូច្នេះហើយពេលធ្វើពិធីប្តូរាសាសនាម្តងៗ អ្នកដឹកនាំតម្រូវឲ្យបរិស័ទសូធ្យពាក្យសច្ចាប្រណិធានខាងលើ ដើម្បីបញ្ជាក់ថាខ្លួនបានលះបង់លទ្ធិចាស់ ដោយមិនគោរពបូជានិងជឿលើព្រះអាទិទេពណាមួយទៀតឡើយ ។

នៅក្នុងសង្គមហិណ្ឌូ ទលិត ជាវណ្ណៈទាបជាងគេ ដែលនៅក្នុងគម្ពីរពុទ្ធសាសនា យើងហៅថា វណ្ណៈ​សូទ្រ ជា​វណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម កើត​ពី​បាតជើង​របស់​ព្រះព្រហ្ម ជា​ខ្ញុំ​បម្រើ​គេ ជា​ទាសករ ស្លៀកពាក់​ពណ៌ខ្មៅ​ ។ ដើម្បីរួចចាកពីជំនឿដែលនាំដល់ការជិះជានក្នុងសង្គមហិណ្ឌូចំពោះខ្លួន ពួកទលិតបានប្រកាសប្តូរសាសនា មកកាន់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ តាមលំអានរបស់លោកបណ្ឌិត អម្ពេឌករ ដែលបិតារដ្ឋធម្មនុញ្ញឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment