តំណាងរាស្ត្រឥណ្ឌាម្នាក់ថា ការនិយាយភាសាសំស្ក្រឹតអាចបញ្ចៀសជំងឺទឹកនោមផ្អែម និងបង្កើនប្រព័ន្ធសរសៃប្រសាទបាន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, December 13, 2019

តំណាងរាស្ត្រឥណ្ឌាម្នាក់ថា ការនិយាយភាសាសំស្ក្រឹតអាចបញ្ចៀសជំងឺទឹកនោមផ្អែម និងបង្កើនប្រព័ន្ធសរសៃប្រសាទបាន

 តំណាងរាស្ត្របក្សប៊ី.ចេ.ភី. គណេស សិង្ហ  (Photo Credits: Twitter/Ganeshsingh_in)

លោកវិទូ | ថ្ងៃ ៦᧲១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ធ្នូ ២០១៩ ។

ឯ.ឧ. គណេស សិង្ហ តំណាងរាស្ត្របក្សកាន់អំណាចប៊ី.ចេ.ភី. បាននិយាយថាការនិយាយភាសាសំស្ក្រឹតអាចបញ្ចៀសជំងឺទឹកនោមផ្អែម និងបង្កើនប្រព័ន្ធសរសៃប្រសាទបាន ។

នៅក្នុងកិច្ចពិភាក្សាអំពីសេចក្តីព្រៀងច្បាប់បង្កើតសាកលវិទ្យាល័យសំស្ក្រឹត នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី ១២ ធ្នូ ឯ.ឧ. គណេស សិង្ហ តំណាងរាស្ត្របក្សកាន់អំណាចប៊ី.ចេ.ភី. មកស្រុកសត្នា រដ្ឋមធ្យប្រទេស បានអះអាងថា ការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរកឃើញថា «ការនិយាយភាសាសំស្ក្រឹតប្រចាំថ្ងៃ អាចបង្កើនប្រព័ន្ធសរសៃប្រសាទ និងបញ្ចៀសជំងឺទឹកនោមផ្អែម និងកូលេស្តេរ៉ុល» នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន PTI ។ គាត់ក៏បាននិយាយផងដែរថា «បើយោងតាមការសិក្សារបស់អង្គការស្រាវជ្រាវដែនអាកាស ហៅកាត់ថា ណាតូ ប្រសិនបើកម្មវិធីកុំព្យូទ័រត្រូវបានគេធ្វើឡើងជាភាសាសំស្ក្រឹត នោះវានឹងមានសុក្រិតភាព (ឥតខ្ចោះ)» ។

ឯ.ឧ. រមេស បោខរិយាល រដ្ឋមន្ត្រីសហព័ន្ធក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍ បានបញ្ចូលសេចក្តីព្រៀងច្បាប់បង្កើតសាកលវិទ្យាល័យសំស្ក្រឹត នៅក្នុងរដ្ឋសភា (លោកសភា) ។ សេចក្តីព្រៀងច្បាប់នេះ នឹងដំឡើងសាលាបីដែលមានតម្លៃស្មើសាកលវិទ្យាល័យ ឲ្យទៅជាសាកលវិទ្យាល័យកណ្ដាលពេញសិទ្ធិគឺ រាស្ត្រិយា សំស្ក្រឹត សស្ថាន (ដែល្លី) ១ ស្រី ឡាល់ បាហាឌួរ សាស្ត្រី រាស្ត្រិយា សំស្ក្រឹត វិទ្យាពិថ (ដែល្លី) ១ និង រាស្ត្រិយា សំស្ក្រឹត វិទ្យាពិថ (តិរូបតី) ១ ។

នៅក្នុងកិច្ចពិភាក្សានោះ ឯ.ឧ. សិង្ហ បានមានប្រសាសន៍ទៀតថា ជាង ៩៧% នៃភាសាទាំងអស់ក្នុងពិភពលោក រួមទាំងឥស្លាមមួយចំនួនផង គឺផ្អែកលើភាសាសំស្ក្រឹត ។
ឯ.ឧ. ប្រតាប ចន្ទ្រ សារង្គី

បន្ថែមលើសម្ដីរបស់ ឯ.ឧ. សិង្ហ ខាងលើ មានរដ្ឋមន្ត្រីសហព័ន្ធម្នាក់ទៀត បានគំទ្រសេចក្តីព្រៀងច្បាប់នេះ ។ ឯ.ឧ. ប្រតាប ចន្ទ្រ សារង្គី បានមានប្រសាសន៍គំទ្រសេចក្តីព្រៀងច្បាប់នេះ និយាយដេញដោលជាភាសាសំស្ក្រឹតសុទ្ធថា ភាសាសំស្ក្រឹតគឺជាភាសាមានលក្ខណៈរស់រវើក ហើយប្រយោគមួយអាចនិយាយបានច្រើនយ៉ាង ។ គាត់បាននិយាយទៀតថា វាក្យស័ព្ទក្នុងភាសាអង់គ្លេសជាច្រើនដូចជាពាក្យថា «បងប្អូនប្រុស» និង «គោ» ជាដើមគឺមានប្រភពចេញមកពីភាសាសំស្ក្រឹត ។ គាត់ថាការលើកកម្ពស់ភាសាសំស្ក្រឹតនេះ នឹងមិនប៉ះពាល់ដល់ភាសាដទៃទៀតឡើយ ។

នេះគ្រាន់តែជាការលើកឡើងរបស់តំណាងរាស្ត្ររូបនេះប៉ុណ្ណោះ ព្រោះគាត់កំពុងតែការពារសេចក្តីព្រៀងច្បាប់បង្កើតសាកលវិទ្យាល័យសំស្ក្រឹត នៅក្នុងរដ្ឋសភាជាតិ ។ ប៉ុន្តែការពិតយ៉ាងណា យើងមិនអាចកំណត់បានទេ ។ ទោះជាយ៉ាងក៏ដោយ មានប្រភពព័ត៌មានខ្លះ បានបដិសេធការអះអាងរបស់តំណាងរាស្ត្របក្សកាន់អំណាច់ឥណ្ឌា ឯ.ឧ. សិង្ហ ដែលនិយាយថា «ការនិយាយភាសាសំស្ក្រឹតប្រចាំថ្ងៃ អាចបង្កើនប្រព័ន្ធសរសៃប្រសាទ និងបញ្ចៀសជំងឺទឹកនោមផ្អែម និងកូលេស្តេរ៉ុល» ។ វាអាចឃើញមានអ៊ីចឹងមែននៅលើប្រព័ន្ធអ៊ីធឺណេត ប៉ុន្តែវាមិនមែនជាការសិក្សាមានរូបមន្តច្បាស់លាស់ ដែលអាចទាញយកលទ្ធផលឡើងវិញបានទេ ។

ម្យ៉ាងទៀត បក្សកាន់អំណាច ប៊ី.ចេ.ភី. គឺជាបក្សជាតិនិយមហិណ្ឌូ (ហិណ្ឌូត្វៈ) ហើយតែងតែលើកតម្កើងអ្វីៗ ដែលជាគុណតម្លៃរបស់ហិណ្ឌូ ។ សំស្ក្រឹតជាភាសាបុរាណឥណ្ឌា ហើយជាភាសាស័ក្តិសិទ្ធិរបស់សាសនាហិណ្ឌូ ។ ប៉ុន្តែរដ្ឋធម្មនុញ្ញឥណ្ឌា មិនប្រកាន់សាសនាណាមួយជាសាសនារដ្ឋទេ និងមិនចាត់ទុកភាសាណាមួយជាភាសាជាតិឡើយ ព្រោះឥណ្ឌាជាប្រទេសមានវប្បធម៌ចម្រុះ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment