កាលាមសូត្រក្នុងពិភពព័ត៌មានក្លែងក្លាយ៖ កុំអាលជឿ ១០ យ៉ាង - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, June 05, 2020

កាលាមសូត្រក្នុងពិភពព័ត៌មានក្លែងក្លាយ៖ កុំអាលជឿ ១០ យ៉ាង

វិធីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ៨ យ៉ាង និងកាលាមសូត្រ កុំអាលជឿ ១០ យ៉ាង ។

លោកវិទូ | ថ្ងៃ ៣᧯៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ មិថុនា ២០២០

សព្វថ្ងៃបច្ចេកវិទ្យានិងបណ្ដាញសារព័ត៌មាន មានភាពរីកចម្រើនខ្លាំង ដែលបានផ្ដល់ទាំងភាពវិជ្ជមាននិងអវិជ្ជមាន ដល់អ្នកប្រើសប្រាស់ ។ ការទទួលបានព័ត៌មាន ក៏មានលក្ខណៈឆាប់រហ័ស និងសម្បូរបែបជាងមុន ។ ស្របពេលជាមួយគ្នានេះដែរ ព័ត៌មានក្លែងក្លាយបានក្លាយជាវិបត្តិមួយ ក្នុងសង្គមជាតិ​ និងពិភពលោកទាំងមូល ដែលបង្កើតឡើងដោយភ្នាក់ងាររដ្ឋនិងភ្នាក់ងារឯកជន ។ តើទ្រឹស្តីព្រះពុទ្ធសាសនា អាចផ្ដល់នូវដំណោះស្រាយអ្វីខ្លះក្នុងបញ្ហានេះ ដើម្បីធ្វើជាមូលដ្ឋានពិចារណាកុំឲ្យធ្លាក់ក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយ?

អ្វីទៅជាព័ត៌មានក្លែងក្លាយ?

ដំបូងយើងគប្បីស្គាល់អំពីលក្ខណៈរបស់ព័ត៌មានក្លែងក្លាយសិន និងគោលបំណងអ្នកដែលប្រើប្រាស់វា ។ ព័ត៌មានក្លែងក្លាយ (Fake News or Hoax News)​ ជាទម្រង់ព័ត៌មានមួយដែលមានការក្លែងបន្លំដំណឹងឬព័ត៌មាន ដោយចេតនា ឬការកុហក ដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានបែបបុរាណ (ចុះផ្សាយតាមកាសែត ឬតាមរលកធាតុអាកាស) និងសារព័ត៌មានសង្គមអនឡាញ មានបណ្ដាញសង្គមហ្វេសប៊ុកជាដើម ។ សារព័ត៌មានឌីជីថលបាននាំមកវិញនិងបង្កើនការប្រើប្រាស់ព័ត៌មានក្លែងក្លាយដែលគេឲ្យឈ្មោះថា វិជ្ជាជីវសារព័ត៌មានពណ៌លឿង (yellow journalism) ។ បន្ទាប់មកជាញឹកញាប់ ព័ត៌មាននេះត្រូវបានចែកចាយជាដំណឹងខុស​លើបណ្ដាញសង្គម មិនតែប៉ុណ្ណោះម្ដងម្កាល ព័ត៌មាននេះក៏បានផ្សព្វផ្សាយនៅលើសារព័ត៌មានល្បីៗផងដែរ ។

តាមធម្មតា គេសរសេរឬចុះផ្សាយព័ត៌មានក្លែងក្លាយ ដោយមានចេតនានាំឲ្យយល់ខុស​ ដើម្បីធ្វើឲ្យខូចឈ្មោះភ្នាក់ងារ អង្គភាព ឬបុគ្គលណាម្នាក់ និងដើម្បីកេញចំណេញខាងហិរញ្ញវត្ថុ ឬខាងនយោបាយ តាមរយៈការប្រើប្រាស់ភាសាមនោសញ្ចេតនារម្មណ៍ ភាពមិនស្មោះត្រង់ ឬចំណងជើងក្ដៅៗបែបទាក់ទាញ ដើម្បីឲ្យមានអ្នកចូលអានច្រើន ។ ស្រដៀងគ្នានេះដែរ រឿងរ៉ាវបន្លំឲ្យគេចុចមើល និងចំណងជើងឲ្យអ្នកចុចមើលច្រើន គឺដើម្បីរកលុយតាមរយៈការបង្ហាញពាណិជ្ជកម្មផ្សេងៗ ដែលកំពុងពេញនិយមខ្លាំង ជាពិសេសនៅប្រទេសកម្ពុជា ។ សូមបើករង្វង់ក្រចកត្រង់នេះបន្តិចថា អ្នករកលុយតាមអនឡាញ បើមានអ្នកចុចមើល ១០០០ ដង គេអាចនឹងទទួលបានលុយពី ៤ ទៅ ១០ ដុល្លារ អាស្រ័យលើប្រភពអ្នកមើល (អ្នកមើលពីសហរដ្ឋអាម៉េរិក ឬអឺរ៉ុបផ្ដល់ប្រាក់កម្រៃច្រើនជាងគេ) ដោយការបង្ហាញរូបពាណិជ្ជកម្មអន្តរជាតិដូចជា ពាណិជ្ជកម្មហ្គូហ្គល (Google Ads) និងពាណិជ្ជកម្មហ្វេសប៊ុក (Facebook Ads: Instant Articles/Ads Break) ឬពាណិជ្ជកម្មក្នុងស្រុកមានក្រុមហ៊ុនស្រាបៀរជាដើម ។

នាពេលបច្ចុប្បន្ន ព័ត៌មានក្លែងក្លាយបានកើនឡើង នៅក្នុងសម័យដែលគេឲ្យឈ្មោះថា នយោបាយបុរេសច្ចៈ (post-truth politics) ។ ដូចបានបញ្ជាក់ខាងលើអ៊ីចឹង សម្រាប់ប្រព័ន្ធសារព័ត៌មាន សមត្ថភាពទាក់ទាញអ្នកមើល នៅលើគេហទំព័ររបស់ខ្លួនគឺចាំបាច់ណាស់ ដើម្បីរកប្រាក់កម្រៃតាមរយៈការផ្សាយឬបង្ហាញពាណិជ្ជកម្មអនឡាញ ។ ការចុះផ្សាយរឿងដែលមានមាតិកាក្លែងក្លាយ ដែលទាក់ទាញអ្នកប្រើប្រាស់ បានផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយពាណិជ្ជកម្ម និងធ្វើឲ្យប្រសើរឡើងនូវកម្រិតគុណភាព (បានផ្កាយ/ស្តារខ្ពស់ ឧ. ៤/៥ ឬ ៥/៥ ជាដើម) ។ ភាពងាយស្រួលក្នុងការរកប្រាក់កម្រៃតាមរយៈពាណិជ្ជកម្មអនឡាញ អក្ខោសានកម្មនយោបាយដែលកើនឡើង និងភាពពេញនិយមនៃបណ្ដាញសង្គមមានជាអាទិ៍ហ្វេសប៊ុក ទាំងអស់នេះបានជាប់ទាក់ទងនឹងការរីករាលដាលព័ត៌មានក្លែងក្លាយ ដែលកំពុងតែប្រកួតប្រជែងនឹងរឿងព័ត៌មានពិត ។ អង្គភាពរដ្ឋអមិត្ត ក៏បានជាប់ទាក់ទងនឹងការបង្កើតព័ត៌មានក្លែងក្លាយ និងការឃោសនាព័ត៌មានក្លែងក្លាយផងដែរ ជាពិសេសក្នុងកំឡុងពេលឃោសនាបោះឆ្នោត ។

ជាទូទៅគេអាចកំណត់លក្ខណៈព័ត៌មានក្លែងក្លាយបាន តាមរយៈចំណុចចំនួន ៧ យ៉ាងគឺ

  • ការដៀលត្មះ ឬការត្រាប់កំប្លែងដើម្បីរិះគន់ (satire or parody)៖ ភាគច្រើនជារូបត្លុក គ្មានចេតនាបង្កឲ្យខូចប្រយោជន៍នរណាម្នាក់ទេ ប៉ុន្តែមានសក្ដានុភាពធ្វើឲ្យយល់ច្រឡំបាន ។
  • តួសេចក្តីក្លែងក្លាយ (false connection)៖ នៅពេលដែលចំណងជើង រូបភាពបង្ហាញ ឬក៏ សេចក្តីពន្យល់សង្ខេប មិនគាំទ្រខ្លឹមសារអត្ថបទ ។
  • មាតិកានាំឲ្យយល់ខុសការពិត (misleading content)៖ ការប្រើប្រាស់ព័ត៌មានធ្វើឲ្យយល់ខុស ដើម្បីទម្លាក់កំហុសទៅលើបញ្ហាអ្វីមួយ ឬបុគ្គលណាម្នាក់ ។
  • ខុសបរិបទ (false context)៖ នៅពេលដែលមាតិកាព័ត៌មាន ត្រូវបានចែករំលែក មានព័ត៌មានខុសបរិបទ ។
  • មាតិកាបំប្លែង (impostor content)៖ នៅពេលដែលប្រភពពិតត្រូវបានប្រើប្រាស់ដើម្បីក្លែងធ្វើជាបុគ្គលណាម្នាក់ ដោយមានប្រភពក្លែងក្លាយប្រឌិតឡើង ។
  • មាតិកាបញ្ចេញបញ្ចូលថែម (manipulated content)៖ នៅពេលដែលព័ត៌មានឬរូបភាពពិត ត្រូវបានបញ្ចេញបញ្ចូលបន្ថែម ដើម្បីបោកប្រាស់ ដូចជាមានដាក់រូបភាពកែឆ្នៃជាអាទិ៍ ។
  • ព័ត៌មានប្រឌិត (fabricated content)៖ មាតិកាព័ត៌មានគឺ ១០០% មិនពិត ដែលតាក់តែងឡើងដើម្បីបោកប្រាស់និងបង្កផលអាក្រក់ ។

តាមផ្លូវលោក (មើលរូបភាពខាងលើ) ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយយើងត្រូវ (១) ដឹងពីប្រភពព័ត៌មានដោយពិនិត្យមើលគេហទំព័របេសកកម្មនិងព័ត៌មានទំនាក់ទំនងរបស់ស្ថាប័នព័ត៌មាននោះ និងត្រូវស្គាល់ស្ថាប័នព័ត៌មានផ្លូវការនិងមិនផ្លូវការផងដែរ, (២) មើលកាលបរិច្ឆេទរបស់អត្ថបទព័ត៌មានផង ក្រែងវាមិនត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន, (៣) គិតដល់អគតិខ្លួនឯងផងថាតើវាអាចប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ខ្លួនដែរឬទេ, (៤) ស្គាល់អ្នកនិពន្ធឬអ្នកសរសេរព័ត៌មាន ថាតើគាត់មានឈ្មោះពិតប្រាកដដែរឬទេ មានកេរ្តិ៍ឈ្មោះល្អដែរឬទេ, (៥) កុំអានយកន័យតាមតែចំណងជើងព្រោះចំណងជើងខ្លះគ្រាន់តែធ្វើដើម្បីទាក់ទាញប៉ុណ្ណោះ មាតិកាអាចមានន័យផ្សេង, (៦) ពិនិត្យឯកសារយោងឬប្រភពគាំទ្រព័ត៌មានមានគ្រប់គ្រាន់ត្រឹមត្រូវដែរឬទេ, (៧) ពិនិត្យមើលក្រែងវាគ្រាន់តែជាព័ត៌មានលេងសើច ដោយស្រាវជ្រាវឲ្យដឹងពីគេហទំព័រនិងអ្នកនិពន្ធ, និង(៨) សាកសួរអ្នកជំនាញដូចជាបណ្ណារក្ស ឬគេហទំព័រត្រួតពិនិត្យការពិតជាដើម ។

គោលការណ៍កាលាមសូត្រដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ

ក្នុងព្រះពុទ្ធសាសនាវិញ យើងឃើញមានការសម្ដែងអំពីគោលនៃជំនឿ ដោយមិនចេះតែជឿផ្ដេសផ្ដាសដោយគ្រាន់តែឮឬឃើញនោះទេ ។ សមដូចពុទ្ធភាសិតមួយបានសម្ដែងថា «យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។» បកប្រែថា៖ «បុគ្គលណាភ្ញាក់ផ្អើលសំឡេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។ បុគ្គលដែលភ្ញាក់ផ្អើលសំឡេង ឈ្មោះថាជាអ្នកមានចិត្តស្រាល ពោលគឺ អ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯង ដោយខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ស្តូបកេសរិយា (កេសបុត្ត) កសាងឡើងដោយព្រះបាទធម្មាសោក ស.វ.ទី៣មុនគ.ស. បច្ចុប្បន្ននៅស្រុកចម្ប៉ារ័ណខាងកើត នៃរដ្ឋពិហារ ។ រូបភាព៖ វីគីភីឌា

កាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត (ព្រះត្រៃបិដកខ្មែរភាគ ៤១ ទំព័រ​ទី ២១៦ – ២២៩) គឺជាគោលការណ៍ទ្រឹស្តីសួររកហេតុផលដោយសេរី (theory of free inquiry) ដែលសាសនាដទៃកម្រនឹងមានណាស់ ពោលគឺសេរីភាពក្នុងការដេញដោលរកការពិត ដោយមិនចេះតែជឿឬមិនគួរជឿ ។ ព្រះសូត្រនេះព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះពួកកាលាមក្សត្រិយ៍ក្នុងកេសបុត្តនិគម (បច្ចុប្បន្ន ស្រុកចម្ប៉ារ័ណខាងកើត នៃរដ្ឋពិហារ) ដែលមានសេចក្តីសង្ស័យ ពេលមានពួកសមណព្រាហ្មណ៍ជាច្រើនក្រុមមកសម្ដែងនូវវាទៈរបស់ខ្លួនផ្សេងៗគ្នា មិនដឹងថានឹងត្រូវជឿកាន់យកនូវវាទៈមួយណាដែលជាការពិត ។

​ពួក​កាលាមក្សត្រិយ៍​ក៏​បាន​ក្រាបបង្គំ​ទូលព្រះ​ដ៏​ព្រះ​ភាគដូច្នេះថា «បពិត្រ​ព្រះអង្គដ៏​ចម្រើន មាន​សមណព្រាហ្មណ៍​មួយ​ពួក​មក​កាន់​កេស​បុត្តនិគម សមណព្រាហ្មណ៍​ទាំង​នោះ ​សម្ដែង​ប្រកាស​នូវ​វាទៈ​គឺ លទ្ធិ​របស់ខ្លួន​ឯង បៀត​បៀនមើល​ងាយ​បង្អាប់​បង្អោន​លើក​ទម្លាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ​បពិត្រ​ព្រះ​អង្គដ៏​ចម្រើន មាន​សមណ​ព្រាហ្មណ៍​ដទៃ ​មួយ​ពួក​ទៀត មក​កាន់​កេស​បុត្ត​និគម សមណព្រាហ្មណ៍​ទាំង​នោះ ក៏​សម្ដែង​ប្រកាស ​នូវ​វាទៈ​របស់​ខ្លួន​ឯង បៀតបៀន​មើល​ងាយបង្អាប់​បង្អោន លើក​ទម្លាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ដែរ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន យើង​ខ្ញុំ​ទាំង​នោះ ​មាន​សេចក្ដី​ងឿង​ឆ្ងល់​សង្ស័យពេកណាស់ ​ចុះ​បណ្ដា​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំង​នេះ អ្នក​ណា​និយាយ​ពិត អ្នក​ណា​និយាយ​កុហក» ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងអំពីលក្ខខណ្ឌ (The criterion for rejection) ក្នុងការបដិសេធវាទៈឬព័ត៌មាននោះដល់កាលាមក្សត្រិយ៍ គឺកុំអាលជឿ ១០ មានដូចតទៅនេះ៖

១. មា អនុស្សវេន : កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២. មា បរម្បរាយ : កុំអាលជឿព្រោះទំនៀមទម្លាប់ ។
៣. មា ឥតិកិរាយ : កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤. មា បិដកសម្បទានេន : កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥. មា តក្កហេតុ : កុំអាលជឿព្រោះតក្កវិជ្ជា ។
៦. មា នយហេតុ : កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន ។
៧. មា អាការបរិវិតកេ្កន : កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨. មា ទិដ្ឋិនិជ្ឈានក្ខន្តិយា : កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ ។
៩. មា ភព្វរូបតាយ : កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ ។
១០. មា សមណោ នោ គរូតិ : កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង ។

បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះដ៏មានព្រះភាគទ្រង់ឲ្យយើងពិចារណានិងវិនិច្ឆយទៅលើហេតុជាប្រយោជន៍និងមិនជាប្រយោជន៍ នៃជំនឿនិងព័ត៌មានដែលយើងទទួលបាន ដើម្បីជាការកំណត់លក្ខណៈពិតឬមិនពិត សច្ចៈឬអសច្ចៈ ដោយវិនិច្ឆយទៅលើអកុសលមូល ៣ យ៉ាងគឺលោភៈ ទោសៈ មោហៈ នៅក្នុងសន្ដានចិត្តរបស់បុគ្គលអ្នកផ្ដល់ព័ត៌មាននិងវាទៈនោះ ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សួរទៅកាលាមក្សត្រិយ៍ដោយសេចក្តីបំព្រួញយ៉ាងនេះថា៖

«ម្នាល​កាលាមក្សត្រិយ៍ អ្នកសម្គាល់នូវ​ហេតុ​នោះ​ដូចម្ដេច លោភៈកាល (greed) ទោសៈកាល (hate) មោហៈ​កាល (delusion) ​កើត​ឡើង ក៏​កើតឡើង​ក្នុង​សន្ដាន​របស់​បុរស ដើម្បី​ជា​ប្រយោជន៍​ឬ ដើម្បិ​មិន​ជាប្រយោជន៍ទេ ។ បពិត្រព្រះ​អង្គ​ដ៏​ចម្រើន ដើម្បី​មិន​ជាប្រយោជន៍​ទេ ។ »

«ម្នាលកាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ​ ជា​អ្នក​ល្មោភត្រូវ​សេចក្ដីលោភគ្របសង្កត់ មាន​ចិត្ត​ត្រូវ​សេចក្ដី​លោភរួបរឹត...ជា​អ្នក​ប្រទូស្ត​ត្រូវ​ទោសៈ​គ្របសង្កត់ ​មាន​ចិត្ត​ត្រូវ​ទោសៈ​រួបរឹត...ជាអ្នកវង្វេង​ត្រូវ​មោហៈ​គ្រប​សង្កត់​មាន​ចិត្ត​ត្រូវ​មោហៈរួបរឹត...រមែង​សម្លាប់​នូវ​សត្វ​មាន​ជីវិត​ខ្លះ កាន់​យក​នូវទ្រព្យ​ដែល​បុគ្គល​ដទៃ​មិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​អ្នក​ដទៃ​ខ្លះ និយាយ​កុហក​ខ្លះ ដឹក​នាំ​បុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ ​ហេតុ​នេះ​ប្រព្រឹត្តទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​ទុក្ខ​អស់​កាល​ដ៏​អង្វែង​ដល់​បុគ្គល​នោះ​ឬទេ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន យ៉ាង​ហ្នឹង​ហើយ ។ »

ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់ទៅកាលាមក្សត្រិយ៍ទៀតថា៖

«ម្នាល​កាលាមក្សត្រិយ៍ អ្នក​សម្គាល់ហេតុ​នោះ​ដូចម្ដេច ធម៌​នេះ​ជា​កុសល ឬ​ជា​អកុសល ។ ជា​អកុសល​ព្រះ​អង្គ ។ ជា​ធម៌​ប្រកប​ដោយ​ទោស​ឬ​មិនប្រកប​ដោយ​ទោស​ទេ ។ ជា​ធម៌​ប្រកប​ដោយ​ទោស​ព្រះ​អង្គ ។ ជា​ធម៌ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ​អ្នក​ប្រាជ្ញ​សរសើរ ។ ជា​ធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះដៀល ​ព្រះ​អង្គ ។ ធម៌ទាំង​នេះ ​ដែល​បុគ្គល​សមាទាន​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍​ដើម្បី​សេចក្ដី​ទុក្ខ​ឬ មិន​ប្រព្រឹត្ត​ទៅទេ ឬក៏​ក្នុង​ដំណើរ​នោះ​ដូច​ម្ដេច​ទៅ​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ធម៌​ទាំងនេះ ​ដែល​បុគ្គល​សមាទាន ​បរិបូណ៌​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ យើង​ខ្ញុំ​ក៏​យល់​ក្នុង​ដំណើរ​នោះ ​ដូច្នោះ​ដែរ ។»

និយាយឲ្យខ្លីទៅ លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាប្រយោជន៍ មិនមែនជាប្រយោជន៍ ជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ។ ស្ដាប់ទៅដូចរៀងឃ្លាតពីប្រធានបទព័ត៌មានក្លែងក្លាយបន្តិច ដោយសារទ្រឹស្តីក្នុងកាលាមសូត្រគឺជ្រាលជ្រៅហើយលម្អិតជាង ដើម្បីវិភាគលើលទ្ធិឬវាទៈរបស់សាសនាណាមួយ តាមរយៈការសិក្សាផ្លូវចិត្ត ។ ប៉ុន្តែមិនមែនមានន័យថាមិនពាក់ពន្ធនឹងការបញ្ឈប់ព័ត៌មានក្លែងក្លាយនោះទេ ។

កុំអាលជឿ ១០ យ៉ាងនេះពិតជានឹងអាចផ្តល់គោលការណ៍គ្រឹះសម្រាប់យើង ក្នុងការសិក្សាវិភាគសម្គាល់ព័ត៌មានដែលយើងទទួលបានពីប្រភពនានា ថាតើព័ត៌មាននោះគ្រាន់តែដើម្បីរកលុយ (លោភៈ) បង្កការស្អប់ខ្ពើមគ្នា (ទោសៈ) និងបំភ្លៃប្រាសចាកការពិត (មោហៈ) និងថាតើជាព័ត៌មានមានប្រយោជន៍ ឬគ្មានប្រយោជន៍ដល់សង្គមជាតិ ដែលគួរអានឬមិនគួរអាន ។ ដូច្នេះទាល់តែលទ្ធិមួយឬព័ត៌មានមួយ ដែលមិនប្រកបដោយលោភៈទោសៈមោហៈ ជាកុសលធម៌ មិនប្រកបដោយទោស អ្នកប្រាជ្ញសរសើរ បុគ្គល​សមាទាន​ពេញ​លេញ​ហើយរមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​​ជា​ប្រយោជន៍ រួចចាក់ទុក្ខ ទើបគួរជឿហើយប្រតិបត្តិតាម ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment