ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកបានចែកអំណោយមនុស្សធម៌ដល់ប្រជាជនក្រីក្រ៥០គ្រួសារនៅខេត្តកំពង់ធំ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, June 06, 2020

ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកបានចែកអំណោយមនុស្សធម៌ដល់ប្រជាជនក្រីក្រ៥០គ្រួសារនៅខេត្តកំពង់ធំ

កម្មវិធី សង្គហធម៌ និង មនុស្សធម៌ របស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក, ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ៥ មិថុនា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧱៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៦ មិថុនា ២០២០

ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក តាមរយៈព្រះសង្ឃតំណាង បានចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រនិងប្រគេនបច្ច័យបួនដល់ព្រះសង្ឃគង់នៅវត្តចំនួនពីរនៅខេត្តកំពង់ធំ ។

នៅថ្ងៃទី៤ មិថុនា ២០២០ ព្រះតេជគុណ ស ស៊ុម ព្រះតេជគុណ សៀង ឆេន និងព្រះភិក្ខុ ពិសិដ្ឋ តំណាងពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បាននាំយកអំណោយចែកដល់ប្រជារាស្រ្តខ្មែរក្រីក្រចំនួន ៥០គ្រួសារ នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន៤មុឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ស្ករស២គីឡូក្រាម និងអំបិល២គីឡូក្រាម ។ 

ការចំណាយក្នុងពិធីចែកអំណោយដល់ប្រជារាស្រ្ត ៥០គ្រួសារ និងប្រគេនដល់ព្រះសង្ឃពីរវត្តគឺវត្តត្បែង និងវត្តបាគង ចំនួន ២៦ អង្គ រួមទាំងដឹកជញ្ជូនផងសារុបអស់ចំនួន $2,309.00 ស្មើនឹង ៩.៤៨៩.៩៩០ រៀល ។ បច្ច័យទាំងនេះបានមកសប្បុរសជន នៅសហរដ្ឋអាមេរិក ធ្វើវិភាគទាន តាមរយៈកម្មវិធីសង្គហធម៌ និងមនុស្សធម៌របស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ។ 

នេះជាផ្នែកមួយគម្រោងសកម្មភាពរបស់ពុទ្ធិកសមាគម តាមរយៈកម្មវិធី សង្គហធម៌ និង មនុស្សធម៌ ។ យោងតាមការចុះផ្សាយនៅបណ្ដាញសង្គមហ្វេសប៊ុក កាលពីខែឧសភាថ្មីៗកន្លងទៅនេះ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរក៏បានបរិច្ចាគប្រាក់សប្បុរសធម៌ចំនួន ៨ លានរៀលផងដែរ ចំពោះមូលនិធិមន្ទីរពេទ្យគន្ទបុប្ផា រាជធានីភ្នំពេញ ។

ពុទ្ធិកសមាគមព្រះសង្ឃខ្មែរបានធ្វើប្រារព្ធមហាសន្និបាតសង្ឃលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅវត្តមុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក ដែលព្រះសង្ឃនិមន្តមកពីវត្ត​ចំនួន១៤០វត្ត ​និង​ពុទ្ធបរិស័ទ​ជាច្រើន​មកពី​រដ្ឋនានា​ពាសពេញ​សហរដ្ឋអាមេរិក បានចូលរួមយ៉ាងច្រើនកុះករ ។

ព្រះសង្ឃខ្មែរយើងដែលគង់ជាអចិន្ត្រៃយ៍ នៅទូទាំងសហរដ្ឋអាមេរិកក៏បានសហការគ្នាបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរនេះឡើង «ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយនិងស្តារនូវកិត្តិនាមព្រះសង្ឃខ្មែរ និងការពង្រឹងសាមគ្គីភាព វិសាលភាពឡើងវិញ» ក៏ដូចជាដេីម្បី​រកវិធី​លេីក​ស្ទួយ​ពុទ្ធ​សាសនាខ្មែរនៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ន ព្រះតេជព្រះគុណ ព្រះឥទ្ធិមុនី ម៉ឹង សាង (ញាណសារោ) ព្រះគ្រូចៅ​អធិការវត្ត​មុនីសូតារាម ជាប្រធានគណៈកម្មការប្រតិបត្តិ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment