តម្លៃនៃស្នាមញញឹម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, February 17, 2020

តម្លៃនៃស្នាមញញឹម

រូបភាពគ្រាន់តែជាការដាក់បង្ហាញប៉ុណ្ណោះ ។

លោកវិទូ | ថ្ងៃ ២᧹៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ កុម្ភៈ ២០២០ ។

តម្លៃនៃស្នាមញញឹម
(បទបថ្យាវត្ត)

ញញឹមមានន័យថ្លៃពុំប្រមាណ      មិនបង់ធនធានបានចំណេញច្រើន
អ្នកផងចូលចិត្តមិត្រក៏ចម្រើន       អ្នកលក់ដាច់ច្រើនព្រោះញញឹមស្រស់ ។
ញញឹមមិនក្រដល់អ្នកបញ្ចេញ      ខាតបង់នោះម៉ិញក៏មិនមានសោះ
តែមានចំណេញដល់ស្រីប្រុស      អ្នកទទួលនោះពិតជារីករាយ ។
អ្នកញញឹមម្នាក់ស្រស់មួយរយៈខ្លី   ជួនក៏មានន័យមួយជីវិតប្លាយ
ញញឹមដំបូងជួបគូរួមកាយ           ផ្អែមល្ហែមស្រស់ស្រាយមិនងាយភ្លេចបាន។
សេដ្ឋីមានប្រាក់គ្មាននរណាផ្ទឹម      បើអត់ញញឹមក្នុងទីសព្វឋាន
ក៏នៅតែក្រហួសពីការស្មាន          សម្បូរធនធានជីវិតឥតន័យ ។
ចំណែកអ្នកក្រត្រដរខំរស់            អ័ព្ធអន់ស័ក្តិយសនៅតែប្រិមប្រីយ៍
ដោយស្នាមញញឹមសព្វទិនរាត្រី     ជាទុនទ្រព្យថ្លៃមិនចេះរីងស្ងួត ។
មានស្នាមញញឹមនៅក្នុងគ្រួសារ     ប្រៀបបាននឹងផ្កាចម្ប៉ាម្លិះរួត
កំពុងរីកស្រស់ក្នុងសួនបង្អួត         ភូមរាចោមព្រួតស្រង់ក្លិនបវរ ។
មនោសញ្ចេតនានាមជាមិត្តភ័ក្តិ      សម្គាល់បានជាក់ដោយចិត្តស្មោះស
ដោយស្នាមញញឹមរួសរាយសាទរ   មិត្តភាពបវរមិនសាបសូន្យឡើយ ។
ញញឹមអាចជាឱសថព្យាបាល        អាចជួយសម្រាលអ្នកហត់ឲ្យស្បើយ
ជួយអ្នកមានទុក្ខអស់សង្ឃឹមហើយ  ដូចខ្យល់រំភើយផាត់អស់ចំបែង ។
ពេលមានវិបត្តិកើតទុក្ខក្រៀមក្រំ     អង្គុយសម្ងំទូលភ្នំម្នាក់ឯង
បើគេញញឹមដាក់ហាក់ដូចលែង     សូវសោកសង្រេងក្នុងដួងចិន្តា ។
ញញឹមិនអាចលក់ទិញផ្លាស់ប្តូរ      ដូចកងម៉ូតូលក់ដូរនៅផ្សារ
ញញឹមពព្រាយរាយមន្តស្នេហា      ស្រពោនភ័ក្ត្រាអសារឥតន័យ ។
ដូច្នេះសូមផ្ដាំចំណាំទុកថា            បើឃើញញាតិណានឿយហត់ល្ហិតល្ហៃ
ញញឹមមិនកើតអ្នកត្រូវលកលៃ      ញញឹមទៅនៃដាក់គាត់មុនគេ ។
ព្រោះថានរណាមិនអាចផ្ដល់នូវ     ស្នាមញញឹមទៅអ្នកដទៃទេ
មានន័យថាគាត់ត្រូវការលើសគេ    ញញឹមមានស្នេហ៍ពីគេនោះណា ។
ញញឹមជាមន្ដស្នេហ៍ស័ក្ដិសិទ្ធិ        ដូចទឹកអម្រឹតប្រោសព្រំភ័ក្ត្រា
ឲ្យមានមន្ដស្នេហ៍សាយសព្វទិសា   ដូចដួងចន្ទ្រារះពេញបូណ៌មី ។
ស្នាមញញឹមជាគ្រឿងអលង្ការ       លម្អភ័ក្ត្រាដល់ជនប្រុសស្រី
បើនឹងតែងខ្លួនកុំភ្លេចឡើយនៃ       ញញឹមនោះអីត្រូវរៀបចំផង ។
បើតែងតែខ្លួនលាបប្រេងផាត់ម្សៅ   តើនរណាទៅគេប្រាថ្នាផ្សង
បើរូបស្រស់ស្រីក្រមូវមួហ្មង           ទោះកវីបងក៏សូមបាយ! បាយ! ។
សន្ដិភាពនិងមានដល់លោកិយ៍នេះ  ប្រសិនមនុស្សចេះញញឹមស្រស់ស្រាយ
រួមសុខរួមទុក្ខទោះនៅជិតឆ្ងាយ     ដោយចិត្តិរីករាយជាភាតរភាព ។
មិនប្រកាន់សាសន៍ត្រកូលមានក្រ    រួមរស់ដោយធម៌ទៅតាមសភាព
មនុស្សសិទ្ធិស្មើគ្នាខ្មៅសខ្ពស់ទាប    ញញឹមមានលាភនាំសន្តិភាពអើយ ៕

•ពារាណសី, ២៧ ឧសភា ២០០៨ សរសេរឡើងវិញ ញូវដែល្លី, ០៤មិថុនា ២០១៤ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment