ការប្រមូលផ្តុំគ្នាបែបសាសនា ក្លាយជាចំណោទបញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, March 20, 2020

ការប្រមូលផ្តុំគ្នាបែបសាសនា ក្លាយជាចំណោទបញ្ហានៃការរាតត្បាតជំងឺកូវីដ១៩

មូស្លីមប្រមូលផ្ដុំគ្នាក្នុងពិធីសាសនាមួយ នៅខេត្តស៊ូឡាវេស៊ីខាងត្បូង ប្រទេសឥណ្ឌូនេស៊ី, ១៨ មីនា ២០២០ ។ រូបភាព៖ AFP

លោកវិទូ | ថ្ងៃ ៦᧼៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២០ មីនា ២០២០

យើងសង្កេតឃើញថា ជំនឿសាសនា ដែលជម្រុញឲ្យមានការប្រមូលផ្ដុំគ្នាច្រើន បង្កជាមូលហេតុនៃការរីករាលដាលនៃរីរុសកូវីដ១៩ យ៉ាងឆាប់រហ័សជាពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលនេះ ពិភពលោកទាំងមូលមានអ្នកផ្ទុកវីរុសកូវីដ១៩ បានកើនឡើងដល់ជាង ២៤ ម៉ឺននាក់ និងចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១ ម៉ឺននាក់ ។

ទន្ទឹមនឹងនេះ បរិស័ទសាសនាធំៗនៅក្នុងពិភពលោក មានពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាមសាសនា និងហិណ្ឌូសាសនា ដូចៗគ្នាតែងមានជំនឿថា ការសូត្រធម៌ ការបួងសួង អធិដ្ឋាន ការបូជា ដល់វត្ថុស័ក្តិសិទ្ធិ និងព្រះជាម្ចាស់ អាចនាំឲ្យខ្លួនរួចចាកគ្រោះភយន្តរាយនានា ដែលកើតពីភ័យ ៣ ប្រការគឺ ទុព្ភ​​ភ័យ អ​ម​នុស្ស​​ភ័យ និង​​រោគ​​ភ័យ​ ។ ម្យ៉ាងទៀត សាសនិកខ្លះ ភ័យខ្លាចព្រះជាម្ចាស់ ជាងវីរុសកូវីដ១៩ទៅទៀត ដោយត្រូវជម្នះធ្វើពិធីកម្មសាសនា តាមកាលកំណត់ ដោយមិនអាចខកខានបាន បើទោះជាត្រូវប្រឈមមុខនឹងរោគរាតត្បាតក៏ដោយ ។

ខណៈនេះពិភពលោកកំពុងចួប «រោគភ័យ» គឺភ័យអំពីវីរុសកូរ៉ូណា (កូវីដ១៩) ដែលអាចឆ្លងបានពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បានដោយងាយតាមរយៈការប៉ះពាល់វត្ថុរួមគ្នា និងប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់តាមផ្លូវកាយ និងបន្ទាប់មកចម្លងចូលទៅក្នុងខ្លួនមនុស្ស តាមផ្លូវមាត់ ច្រមុះ និងភ្នែកជាដើម ។

ព្រោះហេតុនេះ អ្នកជំនាញវេជ្ជសាស្ត្រ និងអង្គការសុខភាពពិភពលោក បានធ្វើការណែនាំឲ្យប្រជាជនការពារកុំឲ្យឆ្លងវិរុសប្រល័យជីវីតនេះ តាមរយៈការរក្សាអនាម័យជានិច្ច ដោយការលាងសម្អាតដៃនឹងសាប៊ូនិងអាកុល ការប្រើប្រាស់ម៉ាស់ពេលចេញទៅក្រៅផ្ទះ និងពិសេសបំផុតគឺនៅឲ្យឆ្ងាយពីទីប្រជុំជន ដែលគេហៅថា គម្លាតពីសង្គម ឬ 'social distancing' មានន័យថា មិនគួរចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន ដូចជា ពិធីជប់លៀង ពិធីមង្គលការ និងពិធីសាសនា ។ល។ ដែលអាចកាត់បន្ថយលទ្ធភាពដែលអាចឆ្លងបានកម្រិតខ្ពស់ ។

ដូច្នេះហើយ បានជាប្រទេសជាច្រើនដែលរងផលប៉ះពាល់ ពីការរាតត្បាតសកលនៃជំងឺកូវីដ១៩នេះ ត្រូវបង្ខំចិត្តបិទប្រទេសទាំងមូល ឬ 'lockdown' គឺការហាមឃាត់ការប្រមូលផ្ដុំគ្នា និងបម្រាមគោចរគឺការធ្វើដំណើរមិនចាំបាច់ជាដើម, ជាជម្រើសដ៏តឹងតែងមួយ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ ។

ប៉ុន្តែក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺផ្លូវដង្ហើមកូវីដ១៩ យើងសង្កេតឃើញថា ការប្រមូលផ្ដុំបែបសាសនាមួយចំនួន ក្នុងគោលបំណងធ្វើពិធីបួងសួងអធិដ្ឋាន ដើម្បីការពារបញ្ចៀសវីរុសកូវីដ១៩ តែបែរជាបានបង្កជាដើមហេតុចម្បងមួយ នៃការឆ្លងតៗគ្នាជាចង្កោមរាលដាលពាសពេញប្រទេសទៅវិញ ។
មេដឹកនាំវិហារគ្រិស្ដាសនាក្រាបសូមទោស ចំពោះការប្រមូលផ្ដុំនៅវិហាររបស់គាត់ បានបណ្ដាលឲ្យមានការឆ្លងវីរុសកូវីដ១៩, ទីក្រុងដែគូ, ២ មីនា ២០២០ ។ រូបភាព៖ Yonhap

ជាឧទាហរណ៍ ការឆ្លងវីរុសឧត្បាតកូវីដ១៩ជាចង្កោមឬគ្នាច្រើន បានកើតឡើងក្រោយពេលមានការចួបជុំសាសនាមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលជាកម្មវិធីចួបជុំនៅវិហារគ្រិស្ដសាសនា នៅទីក្រុងដែគូ (Daegu) ។ ជាលទ្ធផល វាបានបង្កឲ្យមានប្រជាជនឆ្លងជាច្រើននៅទីក្រុងដែគូ ជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងសរុប ៤០០០ នាក់នៅកូរ៉េខាងត្បូង គឺចេញពីទីក្រុងនេះ គិតត្រឹមថ្ងៃទី២ មីនា ។

ករណីមួយទៀតគឺ កម្មវីធីពុទ្ធសាសនានៅវត្តតូចមួយនៅទីក្រុងហុងកុង បាននាំឲ្យឆ្លងវីរុសកូវីដ១៩ដល់ប្រជាជនចំនួន ១៩ នាក់ (១២ មីនា) ។

ហើយករណីថ្មីៗមួយទៀតគឺ ការចួបជុំគ្នាក្នុងពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី ដែលមានសាសនិកចូលរួមចំនួន ១៦.០០០ នាក់ នៅថ្ងៃទី២៧ កុម្ភៈ ដល់ទី៣ មីនា ដែលបង្កឲ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសនោះ រហូតដល់ជាង ៩០០ នាក់ ហើយរដ្ឋាភិបាលម៉ាឡេបានដាក់ប្រទេសស្ថិតនៅក្នុងការបិទទាំងស្រុង; វិហារសាសនា និងសាលារៀនជាដើមត្រូវបានផ្អាក់ដំណើរការទាំងអស់ ។ ខ្មែរឥស្លាមចំនួន ៧៩ ក៏បានទៅចូលរួមក្នុងកម្មវិធីសាសនានោះដែរ ។ ក្រោយពីត្រលប់មកស្រុកវិញ គេពួកត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ហើយលទ្ធផលជាបន្តបន្ទាប់ឃើញថា មានវិជ្ជមានចំនួន ២៣ នាក់ និងមួយចំនួនទៀតកំពុងកោះហៅឲ្យមកធ្វើតេស្ត ។ មិនតែប៉ុណ្ណោះ វាក៏បានឆ្លងទៅដល់ប្រទេសសិង្ហបុរី និងព្រូណេផងដែរ តាមរយៈមូស្លីមដែលមកពីទីនោះ ។

ករណីដែលគួរសោកស្ដាយមួយទៀតបានកើតឡើង នៅប្រទេសកូរ៉េដែរ ។ កាលពីថ្ងៃទី ១៦ មីនា មានវិហារគ្រិស្ដសាសនាមួយ នៅខេត្តក្យាំងគី (Gyeonggi) បានបាញ់ទឹកអំបិលទៅក្នុងមាត់បរិស័ទរបស់ខ្លួន ដែលទៅធ្វើអធិដ្ឋាននៅទីនោះ ដោយមានជំនឿថា វាអាចការពារមិនឲ្យឆ្លងជំងឺឧត្បាតនេះបាន ។ ប៉ុន្តែជាលទ្ធផល មនុស្សចំនួន ៤៦ នាក់ បានឆ្លងវីរុសកូវីដ១៩ពីគ្នាទៅវិញទៅមក ។ ឥឡូវនេះ ប្រទេសកូរ៉េជាប្រទេសដែលរងប៉ះពាល់ខ្លាំងមួយ ដែលមានអ្នកឆ្លងវីរុសកូវីដ១៩ចំនួនជាង ៨.៥០០ នាក់ ។

នៅមជ្ឈិមបូព៌ាប្រទេសឯណោះវិញ ក៏មានការប្រមូលផ្ដុំបែបសាសនាស្រដៀងគ្នានេះដែរ ។ មេដឹកនាំសាសនាឥស្លាមកំពូលម្នាក់នៃប្រទេសអ៊ីរ៉ង់ បានស្លាប់ពីរថ្ងៃក្រោយ ធ្វើតេស្តរកឃើញវីរុសកូវីដ១៩ ។ អ៊ីរ៉ង់រងគ្រោះខ្លាំងមែនទែន មានអ្នកជំងឺកូវីដ១៩ចំនួនជាង ១៨.០០០ នាក់ និងអ្នកស្លាប់ចំនួនជាង ១.០០០ នាក់ ។ ជនជាតិប៉ាគីស្ថានដែលធ្វើសាសនយាត្រាទៅកាន់ប្រទេសអ៊ីរ៉ង់ ពេលត្រលប់មកវិញក៏បានឆ្លងវីរុសឧត្បាតនេះដែរ មួយចំនួនច្រើនដែរ ។

ថ្មីៗនេះទៀតសោត យើងឃើញមានការប្រមូលផ្ដុំសាសនា ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ ដូចជានៅប្រទេសឥណ្ឌូនេស៊ី (៩.០០០នាក់) ប្រទេសបង់ក្លាដែស (២៥.០០០–៣០.០០០នាក់) ដើម្បីបួងសួងឲ្យប្រទេសរបស់ខ្លួនរួចចាកពីគ្រោះភ័យ កើតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។ ប៉ុន្តែការចួបជុំដែលមិនស្ដាប់ការហារប្រាមរបស់អាជ្ញាធរនេះ ធ្វើឲ្យមានមតិរិះគន់ជាខ្លាំងពីសម្នាក់មហាជន ខណៈដែលជំងឺកូវិដ១៩កំពុងតែរាតត្បាតខ្លាំងឡើង ។

ទោះជាយ៉ាង អាជ្ញាធររដ្ឋមានការលំបាកក្នុងការអនុវត្តការណែនាំ ក្នុងការបិទផ្អាកកម្មវិធីសាសនា និងបម្រាមគោចរ ដោយសារមេដឹកនាំសាសនា មានឥទ្ធិពលនិងមានបរិស័ទច្រើន ដែលជាហេតុឲ្យពួកគេអាចប្រឆាំងនឹងការណែនាំរបស់រដ្ឋបាន ។
ព្រះសង្ឃស្រីលង្កាសូត្រពុទ្ធមន្ត ដើម្បីរំដោះគ្រោះអន្តរាយកើតពីជំងឺកូរីដ១៩ នៅចេតិយព្រះចង្កូមកែវ ទីក្រុងឃែនឌី, ១៩ មីនា ២០២០ ។ រូបភាព៖ AFP

នេះជាមេរៀនជាក់ស្ដែងមួយ ដែលថ្នាក់ដឹកនាំពុទ្ធសាសនាខ្មែរត្រូវពិចារណា មុនពេលប្រារព្ធពិធីចួបជុំណាមួយ ដែលមានមនុស្សចូលរួមច្រើន ប្រឆាំនឹងការណែនាំពីអាជ្ញាធររដ្ឋ ។ ក្នុងកាលៈទេសៈជាក់ស្ដែងនៅប្រទេសកម្ពុជា ការប្រមូលផ្ដុំគ្នាតូចៗល្មម នៅក្នុងវត្តក្នុងចំណោមព្រះសង្ឃផងគ្នា ប្រហែលអាចធ្វើទៅបាន ដែលជាកិច្ចវត្តព្រឹកល្ងាច ឬជាការសូត្រធម៌ផ្សាយមេត្តានិងរតនសូត្រ ដើម្បីកម្ចាត់បង់ឧបទ្រពឧត្បាតចង្រៃ តាមលំនាំសម័យពុទ្ធកាល ពេលដែលក្រុងវេសាលី (ប្រទេសឥណ្ឌា) ចួបភ័យបីប្រការដូចរៀបរាប់ខាងលើស្រាប់ ។ ពិធីនេះអាចផ្សាយផ្ទាល់តាមហ្វេសប៊ុក ឬយូធូបបាន ដោយមិនចាំបាច់ឲ្យពុទ្ធបរិស័ទ ទៅប្រមូលផ្ដុំគ្នាច្រើនឡើយ ដូចអ្វីដែលព្រះសង្ឃស្រីលង្កាកំពុងធ្វើជាគំរូ ។

មានការរិះគន់មួយចំនួន ពីការសូត្រធម៌និងការទូងស្គរអីជាដើម ថាបុរាណពេក ឬថាជាជំនឿគ្មានហេតុផល ។ ប៉ុន្តែនេះជាការរួមចំណែកផ្នែកស្មារតី បង្ហាញពីការចូលរួមខ្វល់ខ្វាយពេលប្រទេសជាតិមានវិបត្តិធ្ងន់ធ្ងរ និងបង្ហាញពីមេត្តាចិត្តសុទ្ធសាធដែលគ្មានទាស់ខុសអ្វីឡើយ ។ វិទ្យាសាស្ត្រត្រូវការសាសនា រីឯជំនឿសាសនាក៏មិនអាចចោលវិទ្យាសាស្ត្របានឡើយ ។

សរុបសេចក្តីទៅ នៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩នេះ ម្នាក់ៗត្រូវការពារខ្លួនឯងដោយខ្លួនឯង ដោយអនុវត្តការណែនាំផ្សេងៗ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ។ អនាម័យនិងការនៅដោយឡែកពីទីប្រជុំជន ជាគោលអនុវត្តន៍ចម្បង ។ មានសតិស្មារតីរឹងមាំកុំស្លន់ស្លោ មានមេត្តាចិត្តចំពោះគ្នាទៅវិញទៅមក កុំរើសអើងគ្នា និងសហការគ្នាទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ១៩ តាមលទ្ធភាពដែលអាចធ្វើបាន ។ ការរក្សាការពារខ្លួនមិនឲ្យឆ្លងវីរុសនេះ ឈ្មោះថាជាការរួមចំណែកមួយដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ ដែលយើងមិនអាចដឹងបានថា វានឹងអូសបន្លាយរយៈពេលយូរប៉ុណ្ណានោះទេ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment